កិច្ចការ 21:1-23

កិច្ចការ 21:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​យើង​បាន​លា​ពួក​គេ​ចេញ​ទៅ យើង​បាន​ចេញ​សំពៅ​តម្រង់​ទៅ​កោះ​កូស ហើយ​នៅ​ថ្ងៃ​បន្ទាប់ យើង​មក​ដល់​កោះ​រូដូស រួច​ចេញ​ពី​ទី​នោះ ទៅ​ក្រុង​ប៉ា‌តារ៉ា។ កាល​បាន​ឃើញ​សំពៅ​មួយ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ ពេល​យើង​មក​ជិត​ដល់​កោះ​គីប្រុស យើង​ក៏​ធ្វើ​ដំណើរ​វាង​ទៅ​ខាង​ស្ដាំ ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី រួច​ចូល​ចត​នៅ​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​រើ​ទំនិញ​ចេញ​នៅ​ទី​នោះ។ យើង​បាន​ជួប​ពួក​សិស្ស​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជាមួយ​ពួក​គេ​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ តាម​រយៈ​ព្រះ‌វិញ្ញាណ គេ​បាន​ឃាត់​លោក​ប៉ុលមិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ឡើយ។ លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​គេ​ទាំង​អស់គ្នា ព្រម​ទាំង​ប្រពន្ធ និង​កូន​របស់​គេ​ផង បាន​ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី​ក្រុង។ យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ ហើយ​ជម្រាប​លា​គ្នា​ទៅ​វិញ​ទៅ​មក។ បន្ទាប់​មក យើង​ក៏​ចុះ​សំពៅ រី​ឯ​ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។ យើង​បាន​បញ្ចប់​ដំណើរ​តាម​សំពៅ​ពី​ក្រុង​ទីរ៉ុស នៅ​ពេល​យើង​បាន​មក​ដល់​ក្រុង​ផ្ទលេ‌មេ។ យើង​បាន​ជម្រាប​សួរ​ពួក​បង‌ប្អូន ហើយ​បាន​ស្នាក់​នៅ​ជា‌មួយ​គេ​អស់​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ចេញ​ទៅ​ដល់​ក្រុង​សេ‌សារា ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព ជា​អ្នក​ប្រកាស​ដំណឹង​ល្អ ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំពីរ ហើយ​យើង​ក៏​ស្នាក់​នៅ​ជាមួយ​គាត់។ លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ។ កាល​យើង​កំពុង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ មាន​ហោរា​ម្នាក់​ឈ្មោះ​អ័ក្កា‌បុស ចុះ​មក​ពី​ស្រុក​យូដា។ គាត់​បាន​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​របស់​លោក​ប៉ុល​មកចង​ជើង​ចង​ដៃ​របស់​ខ្លួន រួច​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "ពួក​សាសន៍​យូដា​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​យ៉ាងដូច្នេះ ហើយ​បញ្ជូន​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​សាសន៍​ដទៃ"» កាល​យើង​ឮដូច្នេះ នោះ​ទាំង​យើង ទាំង​ប្រជាជនដែល​នៅ​ទី​នោះ ក៏​អង្វរ​លោក​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌ឡិម​ឡើយ។ ពេល​នោះ លោក​ប៉ុល​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ធ្វើ​អ្វី? ដ្បិត​ខ្ញុំ​បាន​ប្រុង​ប្រៀប​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត​ផង ដើម្បី​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ»។ ដោយ​លោក​មិន​យល់​ព្រម​តាម​ពាក្យ​អង្វរ​របស់​យើង យើង​ក៏​នៅ​ស្ងៀម ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អម្ចាស់​ចុះ»។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក យើង​រៀប​ចំ​ខ្លួន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។ មាន​សិស្ស​ខ្លះ​ពី​ក្រុង​សេ‌សារា​បាន​រួម​ដំណើរ​ជា‌មួយ​យើង ហើយ​នាំ​យើង​ទៅ​ផ្ទះ​របស់​លោក​ម៉្នាសុន ជា​អ្នកកោះ​គីប្រុស និង​ជា​សិស្ស​ចាស់ ដែល​យើង​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់។ ពេល​យើង​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម ពួក​បង‌ប្អូនបាន​ទទួល​យើង​ដោយ​អំណរ។ នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ុល​បានទៅ​ផ្ទះ​របស់​លោក​យ៉ាកុប​ជា‌មួយ​យើង ឯ​ពួក​ចាស់​ទុំ​ទាំង​អស់​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។ កាល​បាន​ជម្រាប​សួរ​អ្នក​ទាំង​នោះ​រួច​ហើយ លោក​ប៉ុល​ក៏​បាន​រៀប​រាប់​ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ម្ដង​មួយៗ តាម​រយៈ​ការ​ងារ​របស់​លោក។ កាល​បាន​ឮដូច្នេះ គេ​ក៏​លើក​តម្កើង​ព្រះ ហើយពោល​មកកាន់​លោក​ថា៖ «បង​អើយ បង​ឃើញស្រាប់​ហើយ ក្នុង​ចំណោម​សាសន៍​យូដា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​គេ​សុទ្ធ​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ក្រឹត្យ‌វិន័យគ្រប់​គ្នា។ គេ​បាន​ឮ​ដំណឹង​ពី​បង​ថា បង​បង្រៀន​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា‌មួយ​សាសន៍​ដទៃ ឲ្យ​គេ​បោះ​បង់​ចោល​លោក​ម៉ូសេ ព្រម​ទាំង​ហាម​ប្រាម​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក​កូនចៅ ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ផ្សេងៗ​ឡើយ។ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច? គេ​ច្បាស់​ជា​នឹង​ឮ​ថា បងបាន​មក​ដល់ទី​នេះ​មិន​ខាន។ ដូច្នេះ សូម​បង​ធ្វើ​តាម​ពាក្យ​ដែល​យើង​បាន​ប្រាប់​ចុះ ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​ដែល​នៅ​ជាប់​បំណន់។

ចែក​រំលែក
អាន កិច្ចការ 21

កិច្ចការ 21:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះ‌អាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស​ទៅ​ដល់​ក្រុង​ប៉ាតា‌រ៉ា។ មាន​សំពៅ​មួយ​ត្រូវ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ ពេល​មក​ជិត​ដល់​កោះ​គីប្រុស យើង​វាង​តាម​ខាង​ត្បូង បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី។ យើង​បាន​ចូល​ចត​កំពង់‌ផែ​ក្រុង​ទីរ៉ុស ដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។ យើង​បាន​ជួប​ពួក​សិស្ស*​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ ដោយ​ព្រះ‌វិញ្ញាណ​សម្តែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ លុះ​ប្រាំ‌ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បងប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។ បន្ទាប់​មក យើង​បាន​ជម្រាប​លា​គ្នា រួច​ចុះ​សំពៅ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។ យើង​បាន​បន្ត​ដំណើរ​ពី​ក្រុង​ទីរ៉ុស​ទៅ​ដល់​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ជម្រាប​សួរ​ពួក​បងប្អូន​នៅ​ក្រុង​ផ្ទោឡេ‌ម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ត​ដំណើរ​ដល់​ក្រុង​សេសារា។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង‌ល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំ‌ពីរ​រូប ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។ លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់ ដែល​ថ្លែង​ព្រះ‌បន្ទូល*​របស់​ព្រះ‌ជាម្ចាស់។ យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ។ ពេល​នោះ មាន​ព្យាការី​មួយ​រូប​ឈ្មោះ​អកា‌ប៊ូស ធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។ គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន ទាំង​ពោល​ថា៖ «ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​លោក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។ កាល​បាន​ឮ​ពាក្យ​នេះ​ទាំង​យើង ទាំង​បងប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ ប៉ុន្តែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បងប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូ​ទៀត​ផង»។ ដោយ​យើង​ពុំ​អាច​ឃាត់​លោក​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​លោក ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់​ចុះ»។ ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្តិច​មក យើង​រៀបចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​សិស្ស*​នៅ​ក្រុង​សេសារា​ខ្លះ​បាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស*​តាំង​ដើម​ដំបូង​មក។ ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ពួក​បងប្អូន​បាន​ទទួល​យើង​យ៉ាង​រាក់‌ទាក់។ នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកុប​ជា​មួយ​យើង រីឯ​ពួក​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក៏​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ ក្រោយ​ពី​បាន​ជម្រាប​សួរ​ពួក​បងប្អូន​រួច​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិត‌ល្អន់​អំពី​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ការ‌ងារ​របស់​លោក។ កាល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​មក​កាន់​លោក​ថា៖ «បង​អើយ បង​ឃើញ​ទេ មាន​ជន‌ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​បងប្អូន​ទាំង​នោះ​ជាប់​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ*​ខ្លាំង​ណាស់។ ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន‌ជាតិ​យូដា​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្តិ​តាម​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ*​ទេ គឺ​ឮ​ថា​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​កាត់​ស្បែក*​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀម‌ទម្លាប់​ផ្សេងៗ​ឡើយ។ បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។ សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់

ចែក​រំលែក
អាន កិច្ចការ 21

កិច្ចការ 21:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​យើង​បាន​ឃ្លាត​ចេញ​ផុត​ពី​គេ​ទៅ​ហើយ នោះ​ក៏​បើក​ក្តោង​ដំរង់​ទៅ​ឯ​កោះ​កូស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​កោះ​រ៉ូដូស រួច​ពី​នោះ​ទៅ​ដល់​ក្រុង​ប៉ាតារ៉ា កាល​ឃើញ​សំពៅ​១ មាន​ដំណើរ​ទៅ​ឯ​ស្រុក​ភេនីស នោះ​យើង​ក៏​ចុះ​តាម​សំពៅ​នោះ​ចេញ​ទៅ​ទៀត ដល់​បាន​ឃើញ​កោះ​គីប្រុស​ហើយ នោះ​បាន​បើក​បង្ហួស​ទៅ​ខាង​ឆ្វេង រួច​ទៅ​ដល់​ស្រុក​ស៊ីរី ចូល​ចត​នៅ​ត្រង់​ក្រុង​ទីរ៉ុស ដ្បិត​សំពៅ​ត្រូវ​រើ​ទំនិញ​នៅ​ទី​នោះ លុះ​កាល​រក​ឃើញ​ពួក​សិស្ស​ហើយ នោះ​ក៏​ស្នាក់​នៅ​ទី​នោះ​៧​ថ្ងៃ ហើយ​គេ​ឃាត់​ប៉ុល​ដោយ​នូវ​ព្រះ‌វិញ្ញាណ មិន​ឲ្យ​គាត់​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ឡើយ ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង កាល​បាន​លា​គ្នា​រួច​ជា​ស្រេច នោះ​យើង​ក៏​ចុះ​សំពៅ​ទៅ ហើយ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​សំរេច​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ផ្ទលេមេ​ហើយ នោះ​ក៏​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ ហើយ​បាន​សំចត​នៅ​ជា​មួយ​នឹង​គេ​អស់​១​ថ្ងៃ ដល់​ថ្ងៃ​ស្អែក​ឡើង ប៉ុល នឹង​ពួក​គាត់​បាន​ចេញ​ទៅ​ឯ​សេសារា ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ម្នាក់​ក្នុង​ពួក​ទាំង​៧​នាក់​នោះ ហើយ​ស្នាក់​នៅ​នឹង​គាត់ អ្នក​នោះ​មាន​កូន​ក្រមុំ​៤​នាក់​ដែល​ចេះ​ទាយ​ទំនាយ លុះ​យើង​បាន​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ នោះ​មាន​ហោរា​ម្នាក់ ឈ្មោះ​អ័ក្កា‌បុស គាត់​ចុះ​ពី​ស្រុក​យូដា​មក លុះ​មក​ដល់​យើង​ហើយ គាត់​ក៏​យក​ខ្សែ​ក្រវាត់​របស់​ប៉ុល​មក ចង​ជើង​ចង​ដៃ​ខ្លួន ប្រាប់​ថា ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​បន្ទូល​ដូច្នេះ​ថា ពួក​សាសន៍​យូដា​នឹង​ចាប់​ចង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​បែប​យ៉ាង​នេះ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នឹង​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សាសន៍​ដទៃ កាល​ឮ​ដូច្នោះ នោះ​យើង នឹង​ពួក​អ្នក​នៅ​ទី​នោះ ក៏​អង្វរ​ប៉ុល មិន​ឲ្យ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ឡើយ តែ​គាត់​ឆ្លើយ​ថា ហេតុ​អ្វី​បាន​ជា​យំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​យ៉ាង​ដូច្នេះ ពី​ព្រោះ​ខ្ញុំ​ព្រម​ស្រេច​ហើយ នឹង​ឲ្យ​គេ​ចាប់​ចង​ខ្ញុំ​ចុះ មិន​តែ​ប៉ុណ្ណោះ​សោត ថែម​ទាំង​សុខ​ចិត្ត​ស្លាប់​ផង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ទៀត គឺ​ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ នោះ​យើង​ក៏​ឈប់​និយាយ ដោយ​ថា សូម​តាម​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ចុះ ពី​ព្រោះ​គាត់​មិន​យល់​ព្រម​តាម​យើង​ទេ។ លុះ​ផុត​ថ្ងៃ​ទាំង​នោះ​មក កាល​យើង​បាន​រៀប​អីវ៉ាន់​ស្រេច​ហើយ នោះ​ក៏​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ក៏​មាន​សិស្ស​ខ្លះ​ពី​សេសារា​ទៅ​ជា​មួយ​នឹង​យើង​ដែរ បាន​នាំ​ទាំង​មនុស្ស​ម្នាក់ ឈ្មោះ​ម៉្នាសុន ជា​សិស្ស​ចាស់ ពី​កោះ​គីប្រុស ដែល​យើង​រាល់​គ្នា​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​គាត់​ទៅ​ផង គ្រា​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​ពួក​ជំនុំ​ក៏​ទទួល​យើង​ដោយ​អំណរ ថ្ងៃ​ស្អែក​ឡើង​ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ កាល​គាត់​បាន​ជំរាប​សួរ​ដល់​គេ​រួច​ហើយ នោះ​គាត់​ថ្លែង​ប្រាប់ ពី​អស់​ទាំង​ការ​និមួយៗ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​គាត់ គេ​ឮ​ដូច្នោះ ក៏​សរសើរ​ដំកើង​ដល់​ព្រះ រួច​និយាយ​ទៅ​ប៉ុល​ថា បង​អើយ បង​ដឹង​ថា មាន​សាសន៍​យូដា​ប៉ុន្មាន​ម៉ឺន​បាន​ជឿ​ហើយ គេ​សុទ្ធ​តែ​មាន​សេចក្ដី​ឧស្សាហ៍​ខ្មី‌ឃ្មាត​កាន់​តាម​ក្រិត្យ‌វិន័យ​ទាំង​អស់​គ្នា ក៏​បាន​ឮ​និយាយ​ពី​បង​ថា បង​បង្រៀន​ដល់​សាសន៍​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​សាសន៍​ដទៃ ឲ្យ​គេ​លះ​ចោល​លោក​ម៉ូសេ​ចេញ ព្រម​ទាំង​ហាម‌ប្រាម​គេ កុំ​ឲ្យ​កាត់​ស្បែក​កូន ឬ​ប្រតិ‌បត្តិ​តាម​ទំលាប់​ពី​បុរាណ​ផង ដូច្នេះ តើ​ដូច​ម្តេច មុខ​ជា​នឹង​មាន​គេ​ប្រជុំ​គ្នា​ទាំង​ហ្វូង​ជា​មិន​ខាន ដ្បិត​គេ​នឹង​ឮ​ថា បង​មក​ដល់​ហើយ ដូច្នេះ ចូរ​បង​ធ្វើ​តាម​ពាក្យ​យើង​វិញ ដ្បិត​មាន​មនុស្ស​៤​នាក់​ក្នុង​ពួក​យើង នៅ​ជាប់​ក្នុង​បំណន់​នៅ​ឡើយ

ចែក​រំលែក
អាន កិច្ចការ 21