កិច្ចការ 21:1-17
កិច្ចការ 21:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលយើងបានលាពួកគេចេញទៅ យើងបានចេញសំពៅតម្រង់ទៅកោះកូស ហើយនៅថ្ងៃបន្ទាប់ យើងមកដល់កោះរូដូស រួចចេញពីទីនោះ ទៅក្រុងប៉ាតារ៉ា។ កាលបានឃើញសំពៅមួយទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ពេលយើងមកជិតដល់កោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងស្ដាំ ឆ្ពោះទៅស្រុកស៊ីរី រួចចូលចតនៅក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញចេញនៅទីនោះ។ យើងបានជួបពួកសិស្សនៅទីនោះ ហើយស្នាក់នៅជាមួយពួកគេរយៈពេលប្រាំពីរថ្ងៃ។ តាមរយៈព្រះវិញ្ញាណ គេបានឃាត់លោកប៉ុលមិនឲ្យឡើងទៅក្រុងយេរូសាឡិមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងក៏ចេញដំណើរទៅមុខទៀត ហើយគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនរបស់គេផង បានជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ ហើយជម្រាបលាគ្នាទៅវិញទៅមក។ បន្ទាប់មក យើងក៏ចុះសំពៅ រីឯពួកគេវិលត្រឡប់ទៅផ្ទះវិញ។ យើងបានបញ្ចប់ដំណើរតាមសំពៅពីក្រុងទីរ៉ុស នៅពេលយើងបានមកដល់ក្រុងផ្ទលេមេ។ យើងបានជម្រាបសួរពួកបងប្អូន ហើយបានស្នាក់នៅជាមួយគេអស់មួយថ្ងៃ។ នៅថ្ងៃបន្ទាប់ យើងបានចេញទៅដល់ក្រុងសេសារា ហើយចូលទៅក្នុងផ្ទះរបស់លោកភីលីព ជាអ្នកប្រកាសដំណឹងល្អ ជាម្នាក់ក្នុងចំណោមអ្នកទាំងប្រាំពីរ ហើយយើងក៏ស្នាក់នៅជាមួយគាត់។ លោកភីលីពមានកូនក្រមុំបួននាក់ ដែលមានអំណោយទានថ្លែងទំនាយ។ កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ មានហោរាម្នាក់ឈ្មោះអ័ក្កាបុស ចុះមកពីស្រុកយូដា។ គាត់បានមកជួបយើង ហើយយកខ្សែក្រវាត់របស់លោកប៉ុលមកចងជើងចងដៃរបស់ខ្លួន រួចពោលថា៖ «ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលដូច្នេះថា៖ "ពួកសាសន៍យូដានៅក្រុងយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយបញ្ជូនលោកទៅក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ដទៃ"» កាលយើងឮដូច្នេះ នោះទាំងយើង ទាំងប្រជាជនដែលនៅទីនោះ ក៏អង្វរលោកប៉ុល មិនឲ្យឡើងទៅក្រុងយេរូឡិមឡើយ។ ពេលនោះ លោកប៉ុលឆ្លើយថា៖ «អ្នករាល់គ្នាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តធ្វើអ្វី? ដ្បិតខ្ញុំបានប្រុងប្រៀបរួចស្រេចហើយ មិនត្រឹមតែឲ្យគេចាប់ចងខ្ញុំប៉ុណ្ណោះទេ តែថែមទាំងសុខចិត្តស្លាប់នៅក្នុងក្រុងយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ»។ ដោយលោកមិនយល់ព្រមតាមពាក្យអង្វររបស់យើង យើងក៏នៅស្ងៀម ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។ ប៉ុន្មានថ្ងៃក្រោយមក យើងរៀបចំខ្លួនឡើងទៅក្រុងយេរូសាឡិម។ មានសិស្សខ្លះពីក្រុងសេសារាបានរួមដំណើរជាមួយយើង ហើយនាំយើងទៅផ្ទះរបស់លោកម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្សចាស់ ដែលយើងត្រូវស្នាក់នៅផ្ទះរបស់គាត់។ ពេលយើងបានមកដល់ក្រុងយេរូសាឡិម ពួកបងប្អូនបានទទួលយើងដោយអំណរ។
កិច្ចការ 21:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយពីបានលាពួកគេទាំងអាឡោះអាល័យហើយ យើងចេញសំពៅតម្រង់ឆ្ពោះទៅកោះកូស។ នៅថ្ងៃបន្ទាប់ យើងបានទៅដល់កោះរ៉ូដូស ហើយចេញពីកោះរ៉ូដូសទៅដល់ក្រុងប៉ាតារ៉ា។ មានសំពៅមួយត្រូវទៅស្រុកភេនីស យើងក៏ចុះសំពៅនោះចេញដំណើរទៅមុខទៀត។ ពេលមកជិតដល់កោះគីប្រុស យើងវាងតាមខាងត្បូង បន្តដំណើរឆ្ពោះទៅស្រុកស៊ីរី។ យើងបានចូលចតកំពង់ផែក្រុងទីរ៉ុស ដើម្បីយកទំនិញចេញពីសំពៅ។ យើងបានជួបពួកសិស្ស*នៅទីនោះ ហើយស្នាក់នៅជាមួយពួកគេ អស់រយៈពេលប្រាំពីរថ្ងៃ។ ដោយព្រះវិញ្ញាណសម្តែងឲ្យគេដឹង គេបានឃាត់លោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ អធិស្ឋាននៅមាត់សមុទ្រ។ បន្ទាប់មក យើងបានជម្រាបលាគ្នា រួចចុះសំពៅ រីឯពួកគេវិញ ពួកគេវិលត្រឡប់ទៅផ្ទះរៀងៗខ្លួន។ យើងបានបន្តដំណើរពីក្រុងទីរ៉ុសទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ នៅថ្ងៃបន្ទាប់ យើងបន្តដំណើរដល់ក្រុងសេសារា។ យើងបានចូលផ្ទះលោកភីលីព ជាអ្នកផ្សាយដំណឹងល្អ និងជាម្នាក់នៅក្នុងចំណោមក្រុមប្រាំពីររូប ហើយយើងក៏ស្នាក់នៅផ្ទះគាត់។ លោកភីលីពមានកូនក្រមុំបួននាក់ ដែលថ្លែងព្រះបន្ទូល*របស់ព្រះជាម្ចាស់។ យើងស្នាក់នៅទីនោះជាច្រើនថ្ងៃ។ ពេលនោះ មានព្យាការីមួយរូបឈ្មោះអកាប៊ូស ធ្វើដំណើរមកពីស្រុកយូដា។ គាត់មកជួបយើង ហើយយកខ្សែក្រវាត់លោកប៉ូលមកចងជើងចងដៃរបស់ខ្លួន ទាំងពោលថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា នៅក្រុងយេរូសាឡឹម សាសន៍យូដានឹងចងដៃចងជើងម្ចាស់ខ្សែក្រវាត់នេះដូច្នេះដែរ ហើយថែមទាំងបញ្ជូនលោកទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃផង»។ កាលបានឮពាក្យនេះទាំងយើង ទាំងបងប្អូនដែលនៅក្រុងនោះ ក៏អង្វរលោកប៉ូលមិនឲ្យឡើងទៅក្រុងយេរូសាឡឹមឡើយ។ ប៉ុន្តែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្តដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់យេស៊ូទៀតផង»។ ដោយយើងពុំអាចឃាត់លោកបានទេនោះ យើងក៏ឈប់អង្វរលោក ហើយពោលថា៖ «សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអម្ចាស់ចុះ»។ ក្រោយពីបានស្នាក់នៅទីនោះយូរបន្តិចមក យើងរៀបចំខ្លួនទៅក្រុងយេរូសាឡឹម។ ពួកសិស្ស*នៅក្រុងសេសារាខ្លះបានរួមដំណើរជាមួយយើង ហើយនាំយើងទៅស្នាក់នៅផ្ទះបុរសម្នាក់ឈ្មោះ ម៉្នាសុន ជាអ្នកកោះគីប្រុស និងជាសិស្ស*តាំងដើមដំបូងមក។ ពេលទៅដល់ក្រុងយេរូសាឡឹម ពួកបងប្អូនបានទទួលយើងយ៉ាងរាក់ទាក់។
កិច្ចការ 21:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលយើងបានឃ្លាតចេញផុតពីគេទៅហើយ នោះក៏បើកក្តោងដំរង់ទៅឯកោះកូស ហើយថ្ងៃក្រោយបានដល់កោះរ៉ូដូស រួចពីនោះទៅដល់ក្រុងប៉ាតារ៉ា កាលឃើញសំពៅ១ មានដំណើរទៅឯស្រុកភេនីស នោះយើងក៏ចុះតាមសំពៅនោះចេញទៅទៀត ដល់បានឃើញកោះគីប្រុសហើយ នោះបានបើកបង្ហួសទៅខាងឆ្វេង រួចទៅដល់ស្រុកស៊ីរី ចូលចតនៅត្រង់ក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញនៅទីនោះ លុះកាលរកឃើញពួកសិស្សហើយ នោះក៏ស្នាក់នៅទីនោះ៧ថ្ងៃ ហើយគេឃាត់ប៉ុលដោយនូវព្រះវិញ្ញាណ មិនឲ្យគាត់ឡើងទៅឯក្រុងយេរូសាឡិមឡើយ ប៉ុន្តែ ដល់ផុតថ្ងៃទាំងនោះទៅ យើងក៏ចេញធ្វើដំណើរដើរទៀត ឯពួកគេទាំងអស់ ព្រមទាំងប្រពន្ធកូន បានជូនយើងខ្ញុំទៅខាងក្រៅទីក្រុង រួចយើងលុតជង្គង់អធិស្ឋាននៅមាត់ច្រាំង កាលបានលាគ្នារួចជាស្រេច នោះយើងក៏ចុះសំពៅទៅ ហើយពួកគេត្រឡប់ទៅផ្ទះវិញ លុះសំរេចដំណើរពីក្រុងទីរ៉ុស ទៅដល់ផ្ទលេមេហើយ នោះក៏ទៅជំរាបសួរដល់ពួកជំនុំ ហើយបានសំចតនៅជាមួយនឹងគេអស់១ថ្ងៃ ដល់ថ្ងៃស្អែកឡើង ប៉ុល នឹងពួកគាត់បានចេញទៅឯសេសារា ក៏ចូលទៅក្នុងផ្ទះរបស់ភីលីព ជាអ្នកផ្សាយដំណឹងល្អម្នាក់ក្នុងពួកទាំង៧នាក់នោះ ហើយស្នាក់នៅនឹងគាត់ អ្នកនោះមានកូនក្រមុំ៤នាក់ដែលចេះទាយទំនាយ លុះយើងបាននៅទីនោះជាយូរថ្ងៃ នោះមានហោរាម្នាក់ ឈ្មោះអ័ក្កាបុស គាត់ចុះពីស្រុកយូដាមក លុះមកដល់យើងហើយ គាត់ក៏យកខ្សែក្រវាត់របស់ប៉ុលមក ចងជើងចងដៃខ្លួន ប្រាប់ថា ព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលដូច្នេះថា ពួកសាសន៍យូដានឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះបែបយ៉ាងនេះ នៅក្រុងយេរូសាឡិម ហើយនឹងបញ្ជូនទៅក្នុងកណ្តាប់ដៃនៃពួកសាសន៍ដទៃ កាលឮដូច្នោះ នោះយើង នឹងពួកអ្នកនៅទីនោះ ក៏អង្វរប៉ុល មិនឲ្យឡើងទៅឯក្រុងយេរូសាឡិមឡើយ តែគាត់ឆ្លើយថា ហេតុអ្វីបានជាយំ ហើយធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងដូច្នេះ ពីព្រោះខ្ញុំព្រមស្រេចហើយ នឹងឲ្យគេចាប់ចងខ្ញុំចុះ មិនតែប៉ុណ្ណោះសោត ថែមទាំងសុខចិត្តស្លាប់ផង នៅក្នុងក្រុងយេរូសាឡិមទៀត គឺដោយយល់ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ នោះយើងក៏ឈប់និយាយ ដោយថា សូមតាមព្រះហឫទ័យព្រះអម្ចាស់ចុះ ពីព្រោះគាត់មិនយល់ព្រមតាមយើងទេ។ លុះផុតថ្ងៃទាំងនោះមក កាលយើងបានរៀបអីវ៉ាន់ស្រេចហើយ នោះក៏ឡើងទៅឯក្រុងយេរូសាឡិម ក៏មានសិស្សខ្លះពីសេសារាទៅជាមួយនឹងយើងដែរ បាននាំទាំងមនុស្សម្នាក់ ឈ្មោះម៉្នាសុន ជាសិស្សចាស់ ពីកោះគីប្រុស ដែលយើងរាល់គ្នាត្រូវស្នាក់នៅក្នុងផ្ទះគាត់ទៅផង គ្រាដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំក៏ទទួលយើងដោយអំណរ