កិច្ចការ 20:7-16
កិច្ចការ 20:7-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ ពេលយើងជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង លោកប៉ុលក៏មានប្រសាសន៍ទៅកាន់ពួកគេ ដោយបម្រុងនឹងចេញដំណើរនៅថ្ងៃស្អែក ហើយលោកអធិប្បាយរហូតដល់ពាក់កណ្តាលអធ្រាត្រ។ នៅបន្ទប់ខាងលើ ជាកន្លែងដែលគេជួបជុំគ្នា មានចង្កៀងជាច្រើន។ ពេលនោះ មានយុវជនម្នាក់ឈ្មោះអើទីកុស អង្គុយនៅមាត់បង្អួច ហើយពេលលោកប៉ុលអធិប្បាយយ៉ាងយូរ គាត់ក៏បានលង់លក់ រួចងោកធ្លាក់ចុះពីជាន់ទីបី។ ពេលគេលើកគាត់ឡើង គាត់បានស្លាប់ផុតទៅហើយ។ ប៉ុន្ដែ លោកប៉ុលចុះទៅក្រោម ហើយឱនពីលើគាត់ លើកត្រកងគាត់ឡើង រួចនិយាយថា៖ «កុំយំស្រែកអី ដ្បិតគាត់នៅមានជីវិតទេ!»។ កាលលោកប៉ុលបានឡើងទៅលើវិញ ហើយបានធ្វើពិធីកាច់នំបុ័ង និងបរិភោគរួចហើយ លោកបន្តមានប្រសាសន៍ជាមួយពួកគេយ៉ាងយូរ រហូតដល់ភ្លឺ ទើបចេញដំណើរទៅ។ គេក៏នាំយុវជននោះទៅវិញទាំងនៅមានជីវិត ហើយគេបានក្សាន្តចិត្តជាខ្លាំង។ ឯយើងវិញ យើងបានចុះសំពៅទៅមុន ទៅដល់ក្រុងអាសុស ចាំទទួលលោកប៉ុលនៅទីនោះ ដ្បិតលោកបានផ្តាំដូច្នោះ ព្រោះលោកចង់ធ្វើដំណើរតាមផ្លូវគោក។ ពេលលោកបានជួបយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូលេន។ ក្រោយពីបានចុះសំពៅចេញពីទីនោះ យើងបានមកដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ ថ្ងៃបន្ទាប់មកទៀត យើងមកដល់កោះសាម៉ូស ហើយមួយថ្ងៃបន្ទាប់មកទៀត យើងមកដល់ក្រុងមីលេត។ ដ្បិតលោកប៉ុលបានសម្រេចចិត្តបង្ហួសទៅក្រុងអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅស្រុកអាស៊ី ព្រោះលោកប្រញាប់ទៅក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
កិច្ចការ 20:7-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ យើងបានជួបជុំគ្នា ដើម្បីធ្វើពិធីកាច់នំប៉័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។ ពេលលោកប៉ូលកំពុងតែមានប្រសាសន៍យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុស អង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។ លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើង ទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។ កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំប៉័ង និងបរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។ គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្តឥតឧបមា។ រីឯយើងវិញ យើងបានចុះសំពៅទៅមុន ធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។ កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។ យើងបានចេញពីទីនោះ បន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបី យើងក៏បានទៅដល់ក្រុងមីលេត។ លោកប៉ូលសម្រេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំឲ្យយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម ឲ្យទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
កិច្ចការ 20:7-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះថ្ងៃដំបូងក្នុងអាទិត្យនោះ កាលពួកសិស្សបានប្រជុំគ្នា ដើម្បីកាច់នំបុ័ង នោះប៉ុលក៏អធិប្បាយឲ្យគេស្តាប់ ដោយព្រោះគាត់រៀបនឹងចេញដំណើរទៅ នៅថ្ងៃស្អែក ក៏សំដែងដរាបដល់ពេលកណ្តាលអធ្រាត្រ រីឯនៅបន្ទប់ខាងលើ ជាកន្លែងដែលគេប្រជុំ នោះមានចង្កៀងជាច្រើន គ្រានោះ មានក្មេងជំទង់ម្នាក់ ឈ្មោះអើទីកុស វាអង្គុយនៅបង្អួច ក៏យន់ជាខ្លាំងពេក ក្នុងពេលដែលប៉ុលអធិប្បាយជាយូរទៅទៀត រួចងោកធ្លាក់ចុះពីជាន់ទី៣ទៅខាងក្រោម នោះគេលើកវាឡើងបានស្លាប់ហើយ តែប៉ុលចុះទៅទ្រោបពីលើវាឱបត្រកង រួចនិយាយថា កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ កាលបានឡើងទៅលើវិញ ហើយបានកាច់នំបុ័ងបរិភោគទៅ នោះក៏និយាយគ្នាជាយូរទៅទៀត ដរាបដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ គេក៏នាំក្មេងជំទង់នោះមកវិញទាំងរស់ ហើយគេបានក្សាន្តចិត្តជាខ្លាំង។ ឯយើងរាល់គ្នា ក៏ចុះសំពៅជាមុន បើកទៅដល់អាសុស ចាំទទួលប៉ុលនៅទីនោះ ដ្បិតគាត់បានផ្តាំដូច្នោះ ព្រោះគាត់ចង់ដើរវិញ កាលគាត់មកដល់យើងនៅត្រង់អាសុស នោះយើងទទួលគាត់ចុះសំពៅទៅឯមីទូលេន ក៏ចេញពីទីនោះ រួចស្អែកឡើងបានទៅដល់ទន្ទឹមនឹងកោះឃីយ៉ូស ហើយដល់ថ្ងៃក្រោយទៀត យើងបានដល់ទៅសាម៉ុស រួចចូលចតនៅក្រុងទ្រគីលាម លុះថ្ងៃក្រោយទៀត ទើបបានដល់ទៅក្រុងមីលេត ដ្បិតប៉ុលបានសំរេចនឹងទៅបង្ហួសក្រុងអេភេសូរ ដើម្បីមិនឲ្យខាតពេលនៅស្រុកអាស៊ី ដោយគាត់ប្រញាប់នឹងទៅឯក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃ៥០ បើសិនជាបាន។