កិច្ចការ 20:7-12
កិច្ចការ 20:7-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ ពេលយើងជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង លោកប៉ុលក៏មានប្រសាសន៍ទៅកាន់ពួកគេ ដោយបម្រុងនឹងចេញដំណើរនៅថ្ងៃស្អែក ហើយលោកអធិប្បាយរហូតដល់ពាក់កណ្តាលអធ្រាត្រ។ នៅបន្ទប់ខាងលើ ជាកន្លែងដែលគេជួបជុំគ្នា មានចង្កៀងជាច្រើន។ ពេលនោះ មានយុវជនម្នាក់ឈ្មោះអើទីកុស អង្គុយនៅមាត់បង្អួច ហើយពេលលោកប៉ុលអធិប្បាយយ៉ាងយូរ គាត់ក៏បានលង់លក់ រួចងោកធ្លាក់ចុះពីជាន់ទីបី។ ពេលគេលើកគាត់ឡើង គាត់បានស្លាប់ផុតទៅហើយ។ ប៉ុន្ដែ លោកប៉ុលចុះទៅក្រោម ហើយឱនពីលើគាត់ លើកត្រកងគាត់ឡើង រួចនិយាយថា៖ «កុំយំស្រែកអី ដ្បិតគាត់នៅមានជីវិតទេ!»។ កាលលោកប៉ុលបានឡើងទៅលើវិញ ហើយបានធ្វើពិធីកាច់នំបុ័ង និងបរិភោគរួចហើយ លោកបន្តមានប្រសាសន៍ជាមួយពួកគេយ៉ាងយូរ រហូតដល់ភ្លឺ ទើបចេញដំណើរទៅ។ គេក៏នាំយុវជននោះទៅវិញទាំងនៅមានជីវិត ហើយគេបានក្សាន្តចិត្តជាខ្លាំង។
កិច្ចការ 20:7-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ យើងបានជួបជុំគ្នា ដើម្បីធ្វើពិធីកាច់នំប៉័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។ ពេលលោកប៉ូលកំពុងតែមានប្រសាសន៍យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុស អង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។ លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើង ទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភឲ្យសោះ គាត់នៅរស់ទេ!»។ កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំប៉័ង និងបរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។ គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្តឥតឧបមា។
កិច្ចការ 20:7-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះថ្ងៃដំបូងក្នុងអាទិត្យនោះ កាលពួកសិស្សបានប្រជុំគ្នា ដើម្បីកាច់នំបុ័ង នោះប៉ុលក៏អធិប្បាយឲ្យគេស្តាប់ ដោយព្រោះគាត់រៀបនឹងចេញដំណើរទៅ នៅថ្ងៃស្អែក ក៏សំដែងដរាបដល់ពេលកណ្តាលអធ្រាត្រ រីឯនៅបន្ទប់ខាងលើ ជាកន្លែងដែលគេប្រជុំ នោះមានចង្កៀងជាច្រើន គ្រានោះ មានក្មេងជំទង់ម្នាក់ ឈ្មោះអើទីកុស វាអង្គុយនៅបង្អួច ក៏យន់ជាខ្លាំងពេក ក្នុងពេលដែលប៉ុលអធិប្បាយជាយូរទៅទៀត រួចងោកធ្លាក់ចុះពីជាន់ទី៣ទៅខាងក្រោម នោះគេលើកវាឡើងបានស្លាប់ហើយ តែប៉ុលចុះទៅទ្រោបពីលើវាឱបត្រកង រួចនិយាយថា កុំយំស្រែកអ្វីឡើយ ដ្បិតវាមានជីវិតទេ កាលបានឡើងទៅលើវិញ ហើយបានកាច់នំបុ័ងបរិភោគទៅ នោះក៏និយាយគ្នាជាយូរទៅទៀត ដរាបដល់ភ្លឺ ទើបគាត់ចេញដំណើរទៅ គេក៏នាំក្មេងជំទង់នោះមកវិញទាំងរស់ ហើយគេបានក្សាន្តចិត្តជាខ្លាំង។