កិច្ចការ 20:17-32
កិច្ចការ 20:17-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកប៉ុលបានចាត់គេពីក្រុងមីលេត ឲ្យទៅក្រុងអេភេសូរ ដើម្បីហៅពួកចាស់ទុំនៃក្រុមជំនុំនោះមកជួបលោក។ ពេលពួកគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបស្រាប់ហើយពីកិរិយារបស់ខ្ញុំ គ្រប់ពេលវេលាដែលខ្ញុំបានរស់នៅជាមួយអ្នករាល់គ្នា តាំងពីថ្ងៃដំបូងដែលខ្ញុំបានឈានជើងចូលដល់ស្រុកអាស៊ីម៉្លេះ ខ្ញុំបានបម្រើព្រះអម្ចាស់ ទាំងបន្ទាបខ្លួន ទាំងស្រក់ទឹកភ្នែក ទាំងលំបាកគ្រប់បែបយ៉ាងដែលកើតឡើងដល់ខ្ញុំ ដោយសារបំណងអាក្រក់របស់ពួកសាសន៍យូដា ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីណាដែលមានប្រយោជន៍ដល់អ្នករាល់គ្នាឡើយ គឺបានបង្រៀនអ្នករាល់គ្នានៅកណ្តាលជំនុំ និងពីផ្ទះមួយទៅផ្ទះមួយ ខ្ញុំបានធ្វើបន្ទាល់ប្រាប់ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក អំពីការប្រែចិត្តទៅរកព្រះ និងអំពីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ឥឡូវនេះ មើល៍ ព្រះវិញ្ញាណជំរុញចិត្តខ្ញុំឲ្យទៅក្រុងយេរូសាឡិម ដោយមិនដឹងថាមានអ្វីកើតឡើងដល់ខ្ញុំនៅទីនោះទេ គ្រាន់តែដឹងថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ទីក្រុងថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។ ប៉ុន្តែ ខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃវិសេសដល់ខ្ញុំឡើយ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរ ព្រមទាំងការងារ ដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។ ឥឡូវនេះ មើល៍ ខ្ញុំដឹងថា ក្នុងចំណោមអ្នករាល់គ្នាដែលខ្ញុំបានដើរទៅមក ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ គ្មានអ្នកណាម្នាក់នឹងឃើញមុខខ្ញុំទៀតឡើយ។ ហេតុនេះហើយបានជាខ្ញុំធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំគ្មានទោសចំពោះឈាមអ្នកទាំងអស់គ្នាឡើយ ដ្បិតខ្ញុំមិនបានខាននឹងប្រកាសប្រាប់អ្នករាល់គ្នា ពីបំណងទាំងមូលរបស់ព្រះឡើយ។ ចូរអ្នករាល់គ្នារក្សាខ្លួន ហើយរក្សាហ្វូងចៀម ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យមើលខុសត្រូវ ដើម្បីថែរក្សាក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានទិញដោយព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់។ ខ្ញុំដឹងថា ក្រោយពីខ្ញុំចេញទៅ នោះនឹងមានឆ្កែព្រៃដ៏សាហាវចូលមកក្នុងចំណោមអ្នករាល់គ្នា ដែលមិនប្រណីដល់ហ្វូងចៀមឡើយ ហើយក្នុងចំណោមអ្នករាល់គ្នា នឹងមានអ្នកនិយាយបង្ខូច ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមពួកគេ។ ដូច្នេះ ចូរចាំយាម ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំតែងទូន្មានអ្នករាល់គ្នាទាំងទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ ឥឡូវនេះ ខ្ញុំសូមផ្ញើអ្នករាល់គ្នាទុកនឹងព្រះ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដែលអាចនឹងស្អាងចិត្ត ហើយឲ្យអ្នករាល់គ្នាមានមត៌កក្នុងចំណោមអស់អ្នកដែលបានញែកជាបរិសុទ្ធ។
កិច្ចការ 20:17-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃក្រុមជំនុំ*នៅក្រុងអេភេសូមក។ លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ គឺខ្ញុំបានបម្រើព្រះអម្ចាស់ ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ខ្ញុំបានជម្រាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ ខ្ញុំបានធ្វើជាបន្ទាល់ឲ្យទាំងសាសន៍យូដា ទាំងសាសន៍ក្រិក កែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។ ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំឲ្យធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថានឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ គឺខ្ញុំគ្រាន់តែដឹងតាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ ប៉ុន្តែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាពអំពីដំណឹងល្អ*នៃព្រះគុណរបស់ព្រះជាម្ចាស់។ ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នា ទាំងប្រកាសដំណឹងល្អ*អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះ ខ្ញុំដឹងថាបងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។ ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពឲ្យបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ ដ្បិតខ្ញុំបានជម្រាបបងប្អូនអំពីគម្រោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់ឲ្យបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីឲ្យបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមគេទៀតផង។ ហេតុនេះ សូមបងប្អូនប្រុងស្មារតីឲ្យមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូបទាំងទឹកភ្នែក ក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។ ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេដែលអាចកសាងបងប្អូនឡើងជាក្រុមជំនុំ* ព្រមទាំងឲ្យបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏វិសុទ្ធ។
កិច្ចការ 20:17-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុលក៏ចាត់គេ ពីមីលេតទៅឯក្រុងអេភេសូរ ដើម្បីនឹងហៅពួកចាស់ទុំក្នុងពួកជំនុំនោះមក លុះមកដល់ហើយ គាត់និយាយទៅគេថា ឯកិរិយារបស់ខ្ញុំ គ្រប់ពេលគ្រប់វេលា ដែលនៅជាមួយនឹងអ្នករាល់គ្នា តាំងពីថ្ងៃដែលខ្ញុំចូលទៅស្រុកអាស៊ីមុនដំបូង គឺដែលខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពគ្រប់ជំពូក ហើយស្រក់ទឹកភ្នែកជាច្រើន ទាំងត្រូវសេចក្ដីល្បង ដោយកិច្ចកលរបស់ពួកសាសន៍យូដាបែបយ៉ាងណា នោះអ្នករាល់គ្នាដឹងស្រាប់ហើយ ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីអ្វី ដែលមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ គឺបានបង្រៀនដល់អ្នករាល់គ្នានៅកណ្តាលជំនុំវិញ ហើយពីផ្ទះ១ទៅផ្ទះ១ផង ក៏ធ្វើបន្ទាល់អស់ពីចិត្ត ដល់ទាំងពួកសាសន៍យូដា នឹងពួកសាសន៍ក្រេកផង គឺពីការប្រែចិត្តទៅឯព្រះ ហើយពីសេចក្ដីជំនឿជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា ឥឡូវនេះ មើល ខ្ញុំមានសេចក្ដីបណ្តាលក្នុងចិត្ត ចង់ទៅឯក្រុងយេរូសាឡិម ឥតដឹងការអ្វី ដែលនឹងកើតដល់ខ្ញុំនៅទីនោះទេ ដឹងតែប៉ុណ្ណេះថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ដល់ខ្ញុំ នៅគ្រប់ទីក្រុងថា មានចំណង នឹងសេចក្ដីវេទនា នៅរង់ចាំខ្ញុំ ប៉ុន្តែនោះមិនអំពល់អ្វីដល់ខ្ញុំទេ ខ្ញុំក៏មិនរាប់ជីវិតនេះ ទុកជារបស់វិសេសដល់ខ្ញុំដែរ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរចុះ ព្រមទាំងការងារ ដែលខ្ញុំបានទទួលអំពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ ពីដំណឹងល្អនៃព្រះគុណព្រះវិញ ឥឡូវនេះ មើល ខ្ញុំដឹងហើយថា ក្នុងពួកអ្នករាល់គ្នា ដែលខ្ញុំបានដើរទៅមកជាមួយ ដោយភប់ប្រសព្វគ្នា ទាំងប្រកាសប្រាប់ពីនគរនៃព្រះ នោះគ្មានអ្នកណាមួយនឹងឃើញមុខខ្ញុំទៀតឡើយ ដូច្នេះ ខ្ញុំធ្វើបន្ទាល់ដល់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្លួនខ្ញុំបរិសុទ្ធពីឈាមអ្នករាល់គ្នាទាំងអស់ ព្រោះខ្ញុំមិនបានខាននឹងប្រាប់អ្នករាល់គ្នា ពីគ្រប់ទាំងគំនិតរបស់ព្រះទេ ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្ស ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេ ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ ដ្បិតខ្ញុំដឹងថា ក្រោយដែលខ្ញុំទៅបាត់ នោះនឹងមានឆ្កែព្រៃដ៏សាហាវ ដែលមិនចេះប្រណីដល់ហ្វូង វានឹងចូលមកក្នុងពួកអ្នករាល់គ្នា ហើយក្នុងចំណោមអ្នករាល់គ្នា ក៏នឹងកើតមានមនុស្ស ដែលនឹងអធិប្បាយសេចក្ដីទំនាស់ខុសដែរ ដើម្បីនឹងទាញនាំពួកសិស្សទៅតាមគេវិញ ដូច្នេះ ឲ្យចាំយាមចុះ ចូរនឹកចាំថា ក្នុងរវាង៣ឆ្នាំ ខ្ញុំចេះតែប្រដៅទូន្មានដល់អ្នករាល់គ្នានិមួយៗ ដោយទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ឥឡូវនេះ ខ្ញុំផ្ញើអ្នករាល់គ្នាទុកនឹងព្រះ ហើយនឹងព្រះបន្ទូលនៃព្រះគុណទ្រង់ ដែលអាចនឹងស្អាងចិត្ត ហើយនឹងឲ្យអ្នករាល់គ្នាមានកេរ្ដិ៍អាករនៅក្នុងពួកនៃអស់អ្នកដែលបានញែកជាបរិសុទ្ធ