កិច្ចការ 20:1-6
កិច្ចការ 20:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយពីចលាចលនោះបានស្ងប់ទៅ លោកប៉ុលហៅពួកសិស្សមកលើកទឹកចិត្ត រួចលោកក៏ជម្រាបលាពួកគេ ចេញទៅស្រុកម៉ាសេដូន។ កាលលោកបានធ្វើដំណើរកាត់ស្រុកទាំងនោះ ហើយបានលើកទឹកចិត្តពួកសិស្សជាច្រើនមក លោកក៏បានមកដល់ស្រុកក្រិក។ លោកស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ តែកាលលោករៀបនឹងចុះសំពៅទៅស្រុកស៊ីរី ពួកសាសន៍យូដាមានគំនិតអាក្រក់ទាស់នឹងលោក ដូច្នេះ លោកក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។ អ្នកដែលរួមដំណើរជាមួយលោក មានលោកសូប៉ាត្រុស ជាកូនលោកពីរុស ពីក្រុងបេរា លោកអើរីស្តាក និងលោកសេគុនដុស ពីក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ពីក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ពីស្រុកអាស៊ី។ អ្នកទាំងនោះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងទ្រអាស ប៉ុន្តែ ចំណែកយើងវិញ យើងចុះសំពៅចេញពីក្រុងភីលីព ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ ហើយរយៈពេលប្រាំថ្ងៃ យើងបានមកជួបពួកគេនៅក្រុងទ្រអាស រួចយើងស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
កិច្ចការ 20:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចជម្រាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។ លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្តអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក ហើយស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។ អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុស ជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។ បងប្អូនទាំងនេះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងត្រូអាស ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំប៉័ងឥតមេ* យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
កិច្ចការ 20:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះក្រោយដែលការចលាចលនោះ បានស្ងប់ស្ងាត់ហើយ នោះប៉ុលហៅពួកសិស្សមក រួចលាគេ ចេញទៅឯស្រុកម៉ាសេដូនវិញ កាលគាត់បានដើរកាត់ដែនស្រុកទាំងនោះ ហើយអធិប្បាយទូន្មានជាច្រើន ដល់ពួកសិស្ស នោះគាត់បានដល់ទៅស្រុកក្រេក ក៏នៅស្រុកនោះអស់៣ខែ តែកាលគាត់រៀបនឹងចុះសំពៅទៅឯស្រុកស៊ីរី នោះពួកសាសន៍យូដា គេគិតល្បិចទាស់នឹងគាត់ បានជាគាត់សំរេចនឹងទៅតាមស្រុកម៉ាសេដូនវិញ មានសូប៉ាត្រុស ដែលនៅក្រុងបេរា អើរីស្តាក នឹងសេគុនដុស ពីពួកថែស្សាឡូនីច កៃយុស នឹងធីម៉ូថេ ពីក្រុងឌើបេ ហើយទីឃីកុស នឹងទ្រភីម ពីស្រុកអាស៊ី គេជូនដំណើរទៅត្រឹមស្រុកអាស៊ី អ្នកទាំងនោះចេញទៅមុន ក៏ចាំយើងរាល់គ្នានៅត្រង់ក្រុងទ្រអាស ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ នោះយើងក៏ចុះសំពៅ ចេញពីក្រុងភីលីពទៅ៥ថ្ងៃ ទើបបានដល់ទៅគេនៅទ្រអាស រួចយើងស្នាក់នៅទីនោះអស់៧ថ្ងៃ