កិច្ចការ 2:41-45
កិច្ចការ 2:41-45 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។ ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។ គ្រប់គ្នាមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ និងទីសម្គាល់ជាច្រើនកើតឡើងដោយសារពួកសាវក។ អស់អ្នកដែលបានជឿ គេនៅមូលជាមួយគ្នា ហើយគេយករបស់ទាំងប៉ុន្មានមកដាក់រួមគ្នា។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។
កិច្ចការ 2:41-45 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសិស្ស*។ សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក* រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំប៉័ង* និងព្យាយាមអធិស្ឋាន។ មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។ អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។
កិច្ចការ 2:41-45 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។ អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង នឹងសេចក្ដីអធិស្ឋានផង គ្រប់គ្នាកើតមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ នឹងទីសំគាល់ជាច្រើនកើតមក ដោយសារពួកសាវកដែរ ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា គេក៏លក់ទ្រព្យសម្បត្តិ នឹងរបស់គេទាំងប៉ុន្មាន ចែកដល់គ្នាតាមដែលគ្រប់គ្នាត្រូវការ