កិច្ចការ 2:40-47
កិច្ចការ 2:40-47 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកបានធ្វើបន្ទាល់ដោយពាក្យជាច្រើន ហើយបានបន្ដដាស់តឿនពួកគេទៀតថា៖ «សូមអ្នករាល់គ្នាសង្គ្រោះខ្លួនចេញពីតំណមនុស្សវៀចនេះទៅ»។ ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។ ពួកគេព្យាយាមនៅជាប់ក្នុងសេចក្តីបង្រៀនរបស់ពួកសាវក ក្នុងការប្រកបគ្នា ធ្វើពិធីកាច់នំបុ័ង និងការអធិស្ឋាន។ គ្រប់គ្នាមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ និងទីសម្គាល់ជាច្រើនកើតឡើងដោយសារពួកសាវក។ អស់អ្នកដែលបានជឿ គេនៅមូលជាមួយគ្នា ហើយគេយករបស់ទាំងប៉ុន្មានមកដាក់រួមគ្នា។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗដែលជារបស់ខ្លួន មកចែកគ្នាតាមសេចក្ដីត្រូវការរបស់គេម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេព្យាយាមនៅក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀង ហើយធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់ ទាំងសរសើរតម្កើងព្រះ ហើយប្រជាជនទាំងអស់ក៏គោរពរាប់អានគេ។ ព្រះអម្ចាស់បានបន្ថែមចំនួនអ្នកដែលកំពុងតែបានសង្គ្រោះ មកក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃ។
កិច្ចការ 2:40-47 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសិស្ស*។ សិស្សទាំងនោះព្យាយាមស្ដាប់សេចក្ដីបង្រៀនរបស់ក្រុមសាវ័ក* រួមរស់ជាមួយគ្នាជាបងប្អូន ធ្វើពិធីកាច់នំប៉័ង* និងព្យាយាមអធិស្ឋាន។ មនុស្សម្នាកោតស្ញប់ស្ញែងគ្រប់ៗគ្នា ដ្បិតក្រុមសាវ័កបានសម្តែងឫទ្ធិបាដិហារិយ៍ និងធ្វើទីសម្គាល់ផ្សេងៗជាច្រើន។ អស់អ្នកដែលបានជឿលើព្រះអម្ចាស់ មានចិត្តគំនិតតែមួយ ហើយយករបស់របរដែលខ្លួនមាន មកដាក់រួមគ្នាទាំងអស់។ គេលក់ទ្រព្យសម្បត្តិ និងអ្វីៗជារបស់ខ្លួន យកប្រាក់មកចែកគ្នាតាមសេចក្ដីត្រូវការរបស់ពួកគេម្នាក់ៗ។ ជារៀងរាល់ថ្ងៃ គេរួមចិត្តគំនិតគ្នាព្យាយាមចូលព្រះវិហារ* ធ្វើពិធីកាច់នំប៉័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារជាមួយគ្នាយ៉ាងសប្បាយរីករាយ និងដោយចិត្តស្មោះសរផង។ គេនាំគ្នាសរសើរតម្កើងព្រះជាម្ចាស់ ហើយប្រជាជនទាំងមូលគោរពរាប់អានពួកគេទាំងអស់គ្នា។ ព្រះអម្ចាស់បន្ថែមចំនួនអ្នកដែលព្រះអង្គបានសង្គ្រោះ មកក្នុងក្រុមរបស់គេជារៀងរាល់ថ្ងៃ។
កិច្ចការ 2:40-47 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គាត់ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។ អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវក ហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង នឹងសេចក្ដីអធិស្ឋានផង គ្រប់គ្នាកើតមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ នឹងទីសំគាល់ជាច្រើនកើតមក ដោយសារពួកសាវកដែរ ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា គេក៏លក់ទ្រព្យសម្បត្តិ នឹងរបស់គេទាំងប៉ុន្មាន ចែកដល់គ្នាតាមដែលគ្រប់គ្នាត្រូវការ រាល់តែថ្ងៃ គេនៅតែព្យាយាមក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀងគ្នា ឯកាលនៅផ្ទះ ក៏កាច់នំបុ័ង ហើយបរិភោគអាហារ ដោយអំណរ នឹងចិត្តស្មោះត្រង់ ព្រមទាំងសរសើរដល់ព្រះ ហើយបណ្តាជនទាំងអស់គ្នាក៏រាប់អានគេ ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត។