កិច្ចការ 2:4-11
កិច្ចការ 2:4-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេទាំងអស់គ្នាបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយចាប់ផ្តើមនិយាយភាសាដទៃផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ នៅពេលនោះ មានសាសន៍យូដាដែលគោរពកោតខ្លាចព្រះ មកពីគ្រប់ប្រទេសនៅក្រោមមេឃ ស្នាក់នៅក្រុងយេរូសាឡិម។ កាលសូរសព្ទពីការនោះបានឮសុសសាយទៅ មហាជននាំគ្នាចូលមក ហើយភ្ញាក់ផ្អើលជាខ្លាំង ព្រោះម្នាក់ៗឮគេនិយាយភាសាកំណើតរបស់ខ្លួន។ គេមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នា ដោយឆ្ងល់ថា៖ «តើអ្នកទាំងអស់គ្នាដែលនិយាយនេះ មិនមែនសុទ្ធតែជាអ្នកស្រុកកាលីឡេទេឬ? ចុះម្តេចបានជាយើងឮគេនិយាយភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ? គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីគា និងស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ និងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ពួកអ្នកស្រុករ៉ូមដែលស្នាក់នៅទីនេះ ទាំងសាសន៍យូដា និងអ្នកចូលសាសន៍ សាសន៍ក្រេត និងសាសន៍អារ៉ាប់ដែរ យើងឮគេនិយាយពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងផ្ទាល់»។
កិច្ចការ 2:4-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកទាំងនោះបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ* ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗពីគ្នា តាមព្រះវិញ្ញាណប្រោសប្រទានឲ្យ។ ពេលនោះ មានជនជាតិយូដា ជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ មកពីប្រទេសនានា ក្នុងពិភពលោកទាំងមូល ស្នាក់នៅក្រុងយេរូសាឡឹមដែរ។ ពេលស្នូរសន្ធឹកលាន់ឮយ៉ាងខ្លាំងដូច្នោះ មហាជននាំគ្នារត់មកមើល ហើយភ្ញាក់ផ្អើលក្រៃលែង ព្រោះម្នាក់ៗបានឮពួកសិស្សនិយាយភាសារបស់ខ្លួន។ អ្នកទាំងនោះងឿងឆ្ងល់ខ្លាំងណាស់ គេស្ងើចសរសើរ ទាំងពោលថា៖ «អ្នកដែលកំពុងនិយាយនេះសុទ្ធតែជាអ្នកស្រុកកាលីឡេទេតើ។ ចុះហេតុដូចម្ដេចបានជាយើងឮគេនិយាយភាសារបស់យើងរៀងៗខ្លួនទៅវិញដូច្នេះ? គឺទាំងអ្នកស្រុកផារថុស ស្រុកមេឌី ស្រុកអេឡាំ ទាំងអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីប ស្រុកលីប៊ីដែលនៅក្បែរស្រុកគីរេន និងអស់អ្នកមកពីក្រុងរ៉ូម ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។
កិច្ចការ 2:4-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់ ក៏តាំងនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យ។ រីឯនៅក្រុងយេរូសាឡិម មានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះ ដែលមកពីគ្រប់នគរនៅក្រោមមេឃ កាលសូរសព្ទពីការនោះបានឮសុសសាយទៅ នោះបណ្តាមនុស្សក៏ប្រជុំគ្នា ហើយគេមានសេចក្ដីស្រឡាំងកាំង ដោយគ្រប់គ្នាឮភាសាជាតិរបស់ខ្លួន ដែលពួកសាវកកំពុងតែអធិប្បាយ គេមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាទៅវិញទៅមក ដោយឆ្ងល់ថា អ្នកទាំងនេះដែលអធិប្បាយ តើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ គឺជាសាសន៍ផារថុស មេឌី អេឡាំ នឹងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី ព្រមទាំងស្រុកព្រីគា ស្រុកប៉ាមភីលា ស្រុកអេស៊ីព្ទ នឹងដែនស្រុកលីប៊ី ដែលនៅជុំវិញស្រុកគីរេន ហើយពួកអ្នកស្រុករ៉ូម ដែលស្នាក់នៅទីនេះ ទោះទាំងសាសន៍យូដា នឹងអ្នកចូលសាសន៍ផង ហើយសាសន៍ក្រេត នឹងសាសន៍អារ៉ាប់ដែរ យើងទាំងអស់គ្នាឮគេនិយាយ ពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងរៀងខ្លួន