កិច្ចការ 2:37-41
កិច្ចការ 2:37-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេបានឮ នោះគេមានការចាក់ចុចក្នុងចិត្ត ហើយសួរលោកពេត្រុស និងពួកសាវកឯទៀតថា៖ «បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច?» លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។ ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ លោកបានធ្វើបន្ទាល់ដោយពាក្យជាច្រើន ហើយបានបន្ដដាស់តឿនពួកគេទៀតថា៖ «សូមអ្នករាល់គ្នាសង្គ្រោះខ្លួនចេញពីតំណមនុស្សវៀចនេះទៅ»។ ដូច្នេះ អស់អ្នកដែលទទួលពាក្យរបស់លោក ក៏បានទទួលពិធីជ្រមុជទឹក ហើយនៅថ្ងៃនោះ មានប្រមាណជាបីពាន់នាក់កើនឡើងថែមទៀត។
កិច្ចការ 2:37-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។ លោកពេត្រុសមានប្រសាសន៍ទៅគេថា៖ «សូមបងប្អូនកែប្រែចិត្តគំនិត ហើយម្នាក់ៗត្រូវទទួលពិធីជ្រមុជទឹក* ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត*ទៅ ដើម្បីព្រះជាម្ចាស់លើកលែងទោសបងប្អូនឲ្យរួចពីបាប* ហើយបងប្អូននឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ដែលជាអំណោយទានរបស់ព្រះជាម្ចាស់ ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។ លោកពេត្រុសបានពន្យល់បញ្ជាក់ និងដាស់តឿនពួកគេ ដោយពាក្យពេចន៍ជាច្រើនទៀត គឺលោកមានប្រសាសន៍ថា៖ «សូមបងប្អូនទទួលការសង្គ្រោះ ឲ្យរួចផុតពីមនុស្សអាក្រក់សម័យនេះ»។ អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសិស្ស*។
កិច្ចការ 2:37-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគេបានឮ នោះគេមានសេចក្ដីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស នឹងពួកសាវកឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ដ្បិតសេចក្ដីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា នឹងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ គាត់ក៏ធ្វើបន្ទាល់អស់ពីចិត្ត ហើយទូន្មានដោយពាក្យជាច្រើនទៀតថា ចូរឲ្យអ្នករាល់គ្នាបានសង្គ្រោះ រួចពីពូជដំណវៀចនេះ នោះពួកអ្នកដែលទទួលពាក្យរបស់គាត់ដោយអំណរ ក៏បានទទួលបុណ្យជ្រមុជទឹក ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត។