កិច្ចការ 2:29-34
កិច្ចការ 2:29-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱបងប្អូនរាល់គ្នាអើយ ខ្ញុំសូមជម្រាបអ្នករាល់គ្នាទាំងមានទំនុកចិត្តអំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងថា លោកបានសុគត ហើយគេបានបញ្ចុះសពលោក ឯផ្នូររបស់លោកក៏នៅជាមួយយើងរហូតដល់សព្វថ្ងៃនេះដែរ។ ដូច្នេះ ដោយព្រោះព្រះបាទដាវីឌជាហោរា ហើយជ្រាបថា ព្រះបានស្បថសន្យាជាមួយលោកថា ព្រះអង្គនឹងប្រទានម្នាក់ពីពូជរបស់លោក ឲ្យបានគង់លើបល្ល័ង្ករបស់លោក។ ដោយព្រោះព្រះបាទដាវីឌបានឃើញជាមុន បានជាលោកសម្តែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រះមិនទុកព្រះអង្គចោលនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ហើយសពព្រះអង្គក៏មិនត្រូវពុករលួយដែរ។ ព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់ស្រាប់។ ដូច្នេះ ដែលព្រះបានតម្កើងព្រះយេស៊ូវឡើង ឲ្យគង់នៅខាងស្តាំព្រះហស្តនៃព្រះ ហើយបានទទួលសេចក្តីសន្យា ជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះព្រះអង្គបានចាក់សេចក្តីនេះមក ដែលអ្នករាល់គ្នាបានឃើញ និងឮស្រាប់។ ដ្បិតព្រះបាទដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ តែលោកបានថ្លែងថា "ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង
កិច្ចការ 2:29-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ ដោយព្រះបាទដាវីឌជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយស្ដេចថា នឹងប្រទានឲ្យព្រះរាជវង្សរបស់ស្ដេចមួយអង្គឡើងស្នងរាជ្យ។ ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ត*មានព្រះជន្មរស់ឡើងវិញ គឺស្ដេចមានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្តចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យសពព្រះអង្គត្រូវរលួយដែរ។ ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញ បានឮស្រាប់។ ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ*ទេ តែព្រះអង្គមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង
កិច្ចការ 2:29-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទ ពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់ ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ ប៉ុន្តែលោកបាននិយាយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គំថា ចូរឯងអង្គុយខាងស្តាំអញ