កិច្ចការ 2:22-36

កិច្ចការ 2:22-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ពួក​សាសន៍​អ៊ីស្រា‌អែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សម្តែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ និង​ទី​សម្គាល់ ដែល​ព្រះ​បាន​ធ្វើ​នៅ​កណ្តាល​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌អង្គ ដូច​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ។ តាម​រយៈ​គម្រោង‌ការ​ដែល​បាន​កំណត់​ទុក និង​បុព្វ‌ញាណ​របស់​ព្រះ ព្រះ‌អង្គ​នោះ​ត្រូវ​បញ្ជូន​មក​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ឆ្កាង និង​ធ្វើ​គុត​ព្រះ‌អង្គ ដោយ​សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ព្រះ‌អង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​ដោះ​លែង​ព្រះ‌អង្គ​ចេញ​ពី​សេចក្តី​ស្លាប់ ព្រោះ​សេចក្តី​ស្លាប់​គ្មាន​អំណាច​នឹង​ឃុំ​ព្រះ‌អង្គ​ទុក​បាន​ឡើយ។ ដ្បិត​ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​ព្រះ‌អង្គ​ថា៖ "ទូល​បង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូល​បង្គំ​ជានិច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល​បង្គំ ដើម្បី​មិន​ឲ្យ​ទូល​បង្គំ​ត្រូវ​រង្គើ​ឡើយ។ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូល​បង្គំ​រីករាយ ហើយ​អណ្តាត​ទូល​បង្គំ​ក៏​ថ្លែង​ដោយ​អំណរ មួយ​ទៀត រូប​កាយ​ទូល​បង្គំ ក៏​នឹង​រស់​នៅ​ដោយ​សង្ឃឹម​ដែរ។ ដ្បិត​ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​ព្រលឹង​ទូល​បង្គំ ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​ភាព​ពុក​រលួយ​ដែរ។ ព្រះ‌អង្គ​បាន​ឲ្យ​ទូល​បង្គំ​ស្គាល់​ផ្លូវ​នៃ​ជីវិត ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ទូល​បង្គំ​មាន​អំណរ​យ៉ាង​ពោ​ពេញ ដោយ​ព្រះវត្ត​មាន​ព្រះ‌អង្គ" ។ ឱ​បង‌ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​សូម​ជម្រាប​អ្នក​រាល់​គ្នា​ទាំង​មាន​ទំនុក​ចិត្ត​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង​ថា លោក​បាន​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក ឯ​ផ្នូរ​របស់​លោក​ក៏​នៅ​ជា‌មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។ ដូច្នេះ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​ជា​ហោរា ហើយ​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​ជាមួយ​លោក​ថា ព្រះ‌អង្គ​នឹង​ប្រទាន​ម្នាក់​ពី​ពូជ​របស់​លោក ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក។ ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​បាន​ឃើញ​ជា​មុន បាន​ជា​លោក​សម្តែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រះ​មិន​ទុក​ព្រះ‌អង្គ​ចោល​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ហើយ​សព​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ពុក​រលួយ​ដែរ។ ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​យើង​ទាំង‌អស់​គ្នា​ជា​បន្ទាល់​ស្រាប់។ ដូច្នេះ ដែល​ព្រះ​បាន​តម្កើង​ព្រះ‌យេស៊ូវ​ឡើង ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្តី​សន្យា ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ‌វរបិតា នោះ​ព្រះ‌អង្គ​បាន​ចាក់​សេចក្តី​នេះ​មក ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ និង​ឮ​ស្រាប់។ ដ្បិត​ព្រះ‌បាទ​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ តែ​លោក​បាន​ថ្លែង​ថា "ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា ចូរ​អង្គុយ​ខាង​ស្តាំ​យើង រហូត​ដល់​យើង​ដាក់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក ធ្វើ​ជា​កំណល់​កល់​ជើង​អ្នក" ។ ដូច្នេះ ចូរ​ឲ្យ​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ប្រាកដ​ថា ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ធ្វើ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រីស្ទ»។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:22-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! ព្រះ‌ជាម្ចាស់​បាន​រ៉ាប់​រង​ទទួល​លោក​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត នៅ​មុខ​បងប្អូន​ទាំង​អស់​គ្នា ដោយ​ព្រះអង្គ​បាន​សម្តែង​ការ​អស្ចារ្យ ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បងប្អូន តាម​រយៈ​លោក​ដូច​បងប្អូន​ជ្រាប​ស្រាប់​ហើយ។ បងប្អូន​បាន​ចាប់​បញ្ជូន​លោក​យេស៊ូ​នេះ​ទៅ​ឲ្យ​ពួក​ជន​ពាល ឥត​សាសនា ឆ្កាង​លោក ដូច​ព្រះ‌ជាម្ចាស់​បាន​កំណត់​ទុក ដោយ​ព្រះអង្គ​ទ្រង់​ញាណ​ជា​មុន។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ ព្រះអង្គ​ដោះ​លែង​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​នៃ​សេចក្ដី​ស្លាប់ ព្រោះ​សេចក្ដី​ស្លាប់​មិន​អាច​ឃុំ​លោក​ទុក​ឡើយ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​អំពី​លោក​យេស៊ូ​នេះ​ថា៖ «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ទូលបង្គំ មិន​ឲ្យ​ទូលបង្គំ​ត្រូវ​ញាប់‌ញ័រ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​ទូលបង្គំ​រីក‌រាយ ទូលបង្គំ​ពោល​ពាក្យ​ដោយ​អំណរ​ដ៏​លើស‌លុប ហើយ​សូម្បី​តែ​រូប​កាយ​របស់​ទូលបង្គំ ក៏​នឹង​សម្រាក​ដោយ​សេចក្ដី​សង្ឃឹម​ដែរ ដ្បិត​ព្រះអង្គ​នឹង​មិន​បោះ​បង់​ព្រលឹង​ទូលបង្គំ ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​បណ្ដោយ​ឲ្យ សព​អ្នក​បម្រើ​របស់​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ទូលបង្គំ​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ជីវិត ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​សុភមង្គល​ដ៏​ពេញ‌លេញ ដោយ​ព្រះអង្គ​គង់​ជា​មួយ​ទូលបង្គំ» ។ «បងប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បងប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះ‌សព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ ដោយ​ព្រះ‌បាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប ទ្រង់​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ស្ដេច​ថា នឹង​ប្រទាន​ឲ្យ​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​មួយ​អង្គ​ឡើង​ស្នង​រាជ្យ។ ព្រះ‌បាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា ព្រះ‌ជាម្ចាស់​ពុំ​ទុក​ព្រះ‌គ្រិស្ត​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​ឲ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមីរបស់​ព្រះអង្គ។ លោក​យេស៊ូ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះ‌បិតា​តាម​ព្រះ‌បន្ទូល​សន្យា ហើយ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បងប្អូន​បាន​ឃើញ បាន​ឮ​ស្រាប់។ ព្រះ‌បាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ*​ទេ តែ​ព្រះអង្គ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បងប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រិស្ត*​ហើយ»។

ចែក​រំលែក
អាន កិច្ចការ 2

កិច្ចការ 2:22-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ពួក​សាសន៍​អ៊ីស្រាអែល​អើយ សូម​ស្តាប់​ពាក្យ​នេះ​ចុះ ព្រះ‌យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​ព្រះ​បាន​សំដែង​បង្ហាញ​មក​អ្នក​រាល់​គ្នា ដោយ​ការ​ឫទ្ធិ‌បារមី ការ​អស្ចារ្យ នឹង​ទី​សំគាល់ ដែល​ព្រះ‌ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​អ្នក​រាល់​គ្នា ដោយ‌សារ​ទ្រង់ ដូច​ជា​អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ ព្រះ‌អង្គ​នោះ​ទ្រង់​ត្រូវ​បញ្ជូន​ទៅ តាម​ការ​សំរេច នឹង​បព្វ‌ញាណ​នៃ​ព្រះ ហើយ​អ្នក​រាល់​គ្នា​បាន​ចាប់​ទ្រង់ ដោយ‌សារ​ដៃ​មនុស្ស​ទទឹង​ច្បាប់ ព្រម​ទាំង​ឆ្កាង​សំឡាប់​ទ្រង់​ផង ប៉ុន្តែ ព្រះ​បាន​ប្រោស​ទ្រង់ ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដោយ​បាន​ស្រាយ​ចំណង​នៃ​សេចក្ដី​ស្លាប់​ចេញ ពី​ព្រោះ​សេចក្ដី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំ‌ឃាំង​ទ្រង់​ទុក​បាន​ឡើយ ដ្បិត​ហ្លួង​ដាវីឌ​មាន​បន្ទូល​ពី​ទ្រង់​ថា «ទូលបង្គំ​បាន​ឃើញ​ព្រះ‌អម្ចាស់ នៅ​មុខ​ទូលបង្គំ​ជានិច្ច ពី​ព្រោះ​ទ្រង់​សណ្ឋិត​នៅ​ខាង​ដៃ​ស្តាំ​ទូលបង្គំ ដើម្បី​មិន​ឲ្យ​ទូលបង្គំ​ត្រូវ​រង្គើ​ឡើយ ហេតុ​នោះ​បាន​ជា​ចិត្ត​ទូលបង្គំ​មាន​សេចក្ដី​អំណរ ហើយ​អណ្តាត​ទូលបង្គំ​ក៏​ថ្លែង ដោយ​សេចក្ដី​ត្រេក‌អរ ១​ទៀត រូប​សាច់​ទូលបង្គំ​នឹង​ស្នាក់​នៅ ដោយ​សេចក្ដី​សង្ឃឹម​ដែរ ដ្បិត​ទ្រង់​នឹង​មិន​ទុក​ព្រលឹង​ទូលបង្គំ ឲ្យ​ជាប់​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ក៏​មិន​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ទ្រង់​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ស្គាល់​អស់​ទាំង​ផ្លូវ​នៃ​ជីវិត ក៏​នឹង​ឲ្យ​ទូលបង្គំ​បាន​ពេញ​ជា​សេចក្ដី​អំណរ ដោយ​ភាព​នៃ​ព្រះ‌ភក្ត្រ​ទ្រង់» ឱ​បង​ប្អូន​រាល់​គ្នា​អើយ ខ្ញុំ​មាន​ច្បាប់​នឹង​ថ្លែង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ ពី​ហ្លួង​ដាវីឌ ជា​ឰយុកោ​ថា លោក​បាន​ទាំង​សុគត ហើយ​គេ​បាន​បញ្ចុះ​សព​លោក​ដែរ ផ្នូរ​លោក​ក៏​នៅ​ជា​មួយ​នឹង​យើង​រាល់​គ្នា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ដោយ​ព្រោះ​លោក​ជា​ហោរា ហើយ​ក៏​ជ្រាប​ថា ព្រះ​បាន​ស្បថ​សន្យា​នឹង​លោក​ថា ទ្រង់​នឹង​បង្កើត​ព្រះ‌គ្រីស្ទ ពី​ពូជ​របស់​លោក​ខាង​សាច់​ឈាម ឲ្យ​បាន​គង់​លើ​បល្ល័ង្ក​របស់​លោក គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ ឯ​ព្រះ‌យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំង​អស់​គ្នា ដូច្នេះ ដែល​ទ្រង់​បាន​ដំកើង​ឡើង ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ ហើយ​បាន​ទទួល​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរ‌បិតា នោះ​ទ្រង់​បាន​ចាក់​សេចក្ដី​នេះ​មក ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​មើល​ហើយ​ស្តាប់ ដ្បិត​ហ្លួង​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថាន‌សួគ៌​ទេ ប៉ុន្តែ​លោក​បាន​និយាយ​ថា «ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​នឹង​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​ថា ចូរ​ឯង​អង្គុយ​ខាង​ស្តាំ​អញ ដរាប​ដល់​អញ​យក​ពួក​ខ្មាំង​សត្រូវ​ឯង ដាក់​ធ្វើ​ជា​កំណល់​កល់​ជើង​ឯង» ដូច្នេះ ចូរ​ឲ្យ​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ជា​ប្រាកដ​ថា ព្រះ‌ទ្រង់​បាន​លើក​ព្រះ‌យេស៊ូវ​នេះ ដែល​អ្នក​រាល់​គ្នា​បាន​ឆ្កាង ឲ្យ​ទ្រង់​ធ្វើ​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​ព្រះ‌គ្រីស្ទ​ផង។

ចែក​រំលែក
អាន កិច្ចការ 2