កិច្ចការ 2:22-32
កិច្ចការ 2:22-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នា ដោយឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះបានធ្វើនៅកណ្តាលអ្នករាល់គ្នា តាមរយៈព្រះអង្គ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ។ តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។ ប៉ុន្តែ ព្រះបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដោយដោះលែងព្រះអង្គចេញពីសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំព្រះអង្គទុកបានឡើយ។ ដ្បិតព្រះបាទដាវីឌមានរាជឱង្ការអំពីព្រះអង្គថា៖ "ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ។ ហេតុនោះបានជាចិត្តទូលបង្គំរីករាយ ហើយអណ្តាតទូលបង្គំក៏ថ្លែងដោយអំណរ មួយទៀត រូបកាយទូលបង្គំ ក៏នឹងរស់នៅដោយសង្ឃឹមដែរ។ ដ្បិតព្រះអង្គនឹងមិនទុកឲ្យព្រលឹងទូលបង្គំ ជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញភាពពុករលួយដែរ។ ព្រះអង្គបានឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត ព្រះអង្គនឹងធ្វើឲ្យទូលបង្គំមានអំណរយ៉ាងពោពេញ ដោយព្រះវត្តមានព្រះអង្គ" ។ ឱបងប្អូនរាល់គ្នាអើយ ខ្ញុំសូមជម្រាបអ្នករាល់គ្នាទាំងមានទំនុកចិត្តអំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងថា លោកបានសុគត ហើយគេបានបញ្ចុះសពលោក ឯផ្នូររបស់លោកក៏នៅជាមួយយើងរហូតដល់សព្វថ្ងៃនេះដែរ។ ដូច្នេះ ដោយព្រោះព្រះបាទដាវីឌជាហោរា ហើយជ្រាបថា ព្រះបានស្បថសន្យាជាមួយលោកថា ព្រះអង្គនឹងប្រទានម្នាក់ពីពូជរបស់លោក ឲ្យបានគង់លើបល្ល័ង្ករបស់លោក។ ដោយព្រោះព្រះបាទដាវីឌបានឃើញជាមុន បានជាលោកសម្តែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រះមិនទុកព្រះអង្គចោលនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ហើយសពព្រះអង្គក៏មិនត្រូវពុករលួយដែរ។ ព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់ស្រាប់។
កិច្ចការ 2:22-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។ បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។ ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកឡើយ។ ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។ ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលុប ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយឲ្យ សពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។ ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ» ។ «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ ដោយព្រះបាទដាវីឌជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយស្ដេចថា នឹងប្រទានឲ្យព្រះរាជវង្សរបស់ស្ដេចមួយអង្គឡើងស្នងរាជ្យ។ ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ត*មានព្រះជន្មរស់ឡើងវិញ គឺស្ដេចមានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្តចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យសពព្រះអង្គត្រូវរលួយដែរ។ ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។
កិច្ចការ 2:22-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសំដែងបង្ហាញមកអ្នករាល់គ្នា ដោយការឫទ្ធិបារមី ការអស្ចារ្យ នឹងទីសំគាល់ ដែលព្រះទ្រង់បានធ្វើ នៅកណ្តាលអ្នករាល់គ្នា ដោយសារទ្រង់ ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច នឹងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបានស្រាយចំណងនៃសេចក្ដីស្លាប់ចេញ ពីព្រោះសេចក្ដីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្ដីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែង ដោយសេចក្ដីត្រេកអរ ១ទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅ ដោយសេចក្ដីសង្ឃឹមដែរ ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ ទ្រង់បានឲ្យទូលបង្គំស្គាល់អស់ទាំងផ្លូវនៃជីវិត ក៏នឹងឲ្យទូលបង្គំបានពេញជាសេចក្ដីអំណរ ដោយភាពនៃព្រះភក្ត្រទ្រង់» ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទ ពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា