កិច្ចការ 2:14-36
កិច្ចការ 2:14-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកពេត្រុសក៏ឈរឡើងជាមួយពួកអ្នកទាំងដប់មួយ ហើយបន្លឺសំឡេងទៅគេថា៖ «ឱពួកសាសន៍យូដា និងអស់អ្នកនៅក្រុងយេរូសាឡិមអើយ សូមអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ។ ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ។ នេះជាសេចក្តីទំនាយរបស់ហោរាយ៉ូអែល ដែលថ្លែងទុកមកថា "ព្រះទ្រង់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើគ្រប់មនុស្ស នោះកូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងទំនាយ ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ហើយពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។ នៅគ្រានោះ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើបាវបម្រើរបស់យើងទាំងប្រុសទាំងស្រី ហើយគេនឹងថ្លែងទំនាយ។ យើងនឹងសម្តែងការអស្ចារ្យនៅលើមេឃ ទីសម្គាល់នៅផែនដី គឺជាឈាម ភ្លើង និងកំសួលផ្សែង។ ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះច័ន្ទនឹងទៅជាឈាម មុនថ្ងៃដ៏ធំឧត្តមរបស់ព្រះអម្ចាស់មកដល់។ ពេលនោះ អស់អ្នកណាដែលអំពាវនាវរក ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ" ។ ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នា ដោយឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះបានធ្វើនៅកណ្តាលអ្នករាល់គ្នា តាមរយៈព្រះអង្គ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ។ តាមរយៈគម្រោងការដែលបានកំណត់ទុក និងបុព្វញាណរបស់ព្រះ ព្រះអង្គនោះត្រូវបញ្ជូនមកអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានឆ្កាង និងធ្វើគុតព្រះអង្គ ដោយសារដៃមនុស្សទទឹងច្បាប់។ ប៉ុន្តែ ព្រះបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ដោយដោះលែងព្រះអង្គចេញពីសេចក្តីស្លាប់ ព្រោះសេចក្តីស្លាប់គ្មានអំណាចនឹងឃុំព្រះអង្គទុកបានឡើយ។ ដ្បិតព្រះបាទដាវីឌមានរាជឱង្ការអំពីព្រះអង្គថា៖ "ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ។ ហេតុនោះបានជាចិត្តទូលបង្គំរីករាយ ហើយអណ្តាតទូលបង្គំក៏ថ្លែងដោយអំណរ មួយទៀត រូបកាយទូលបង្គំ ក៏នឹងរស់នៅដោយសង្ឃឹមដែរ។ ដ្បិតព្រះអង្គនឹងមិនទុកឲ្យព្រលឹងទូលបង្គំ ជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញភាពពុករលួយដែរ។ ព្រះអង្គបានឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត ព្រះអង្គនឹងធ្វើឲ្យទូលបង្គំមានអំណរយ៉ាងពោពេញ ដោយព្រះវត្តមានព្រះអង្គ" ។ ឱបងប្អូនរាល់គ្នាអើយ ខ្ញុំសូមជម្រាបអ្នករាល់គ្នាទាំងមានទំនុកចិត្តអំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងថា លោកបានសុគត ហើយគេបានបញ្ចុះសពលោក ឯផ្នូររបស់លោកក៏នៅជាមួយយើងរហូតដល់សព្វថ្ងៃនេះដែរ។ ដូច្នេះ ដោយព្រោះព្រះបាទដាវីឌជាហោរា ហើយជ្រាបថា ព្រះបានស្បថសន្យាជាមួយលោកថា ព្រះអង្គនឹងប្រទានម្នាក់ពីពូជរបស់លោក ឲ្យបានគង់លើបល្ល័ង្ករបស់លោក។ ដោយព្រោះព្រះបាទដាវីឌបានឃើញជាមុន បានជាលោកសម្តែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រះមិនទុកព្រះអង្គចោលនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ហើយសពព្រះអង្គក៏មិនត្រូវពុករលួយដែរ។ ព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់ស្រាប់។ ដូច្នេះ ដែលព្រះបានតម្កើងព្រះយេស៊ូវឡើង ឲ្យគង់នៅខាងស្តាំព្រះហស្តនៃព្រះ ហើយបានទទួលសេចក្តីសន្យា ជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះព្រះអង្គបានចាក់សេចក្តីនេះមក ដែលអ្នករាល់គ្នាបានឃើញ និងឮស្រាប់។ ដ្បិតព្រះបាទដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ តែលោកបានថ្លែងថា "ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នក ធ្វើជាកំណល់កល់ជើងអ្នក" ។ ដូច្នេះ ចូរឲ្យវង្សអ៊ីស្រាអែលទាំងអស់ដឹងប្រាកដថា ព្រះបានតាំងព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យធ្វើជាព្រះអម្ចាស់ និងជាព្រះគ្រីស្ទ»។
កិច្ចការ 2:14-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។ អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ!។ ហេតុការណ៍នេះកើតមានស្របតាមសេចក្ដី ដែលព្យាការី*យ៉ូអែលបានថ្លែងទុកមកថា៖ “ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ត។ នៅគ្រានោះ យើងពិតជាយកវិញ្ញាណយើង មកចាក់បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងព្រះបន្ទូល។ យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ សម្តែងទីសម្គាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកម្សួលផ្សែង។ ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃព្រះអម្ចាស់យាងមក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” »។ បងប្អូនអ៊ីស្រាអែលអើយ សូមស្ដាប់ពាក្យនេះចុះ! ព្រះជាម្ចាស់បានរ៉ាប់រងទទួលលោកយេស៊ូ ជាអ្នកភូមិណាសារ៉ែត នៅមុខបងប្អូនទាំងអស់គ្នា ដោយព្រះអង្គបានសម្តែងការអស្ចារ្យ ឫទ្ធិបាដិហារិយ៍ និងទីសម្គាល់ផ្សេងៗ នៅកណ្ដាលចំណោមបងប្អូន តាមរយៈលោកដូចបងប្អូនជ្រាបស្រាប់ហើយ។ បងប្អូនបានចាប់បញ្ជូនលោកយេស៊ូនេះទៅឲ្យពួកជនពាល ឥតសាសនា ឆ្កាងលោក ដូចព្រះជាម្ចាស់បានកំណត់ទុក ដោយព្រះអង្គទ្រង់ញាណជាមុន។ ព្រះជាម្ចាស់បានប្រោសលោកឲ្យរស់ឡើងវិញ ព្រះអង្គដោះលែងលោកឲ្យរួចពីទុក្ខលំបាកនៃសេចក្ដីស្លាប់ ព្រោះសេចក្ដីស្លាប់មិនអាចឃុំលោកទុកឡើយ។ ព្រះបាទដាវីឌមានរាជឱង្ការអំពីលោកយេស៊ូនេះថា៖ «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្ដាំទូលបង្គំ មិនឲ្យទូលបង្គំត្រូវញាប់ញ័រឡើយ។ ហេតុនេះហើយបានជាចិត្តទូលបង្គំរីករាយ ទូលបង្គំពោលពាក្យដោយអំណរដ៏លើសលុប ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏នឹងសម្រាកដោយសេចក្ដីសង្ឃឹមដែរ ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយឲ្យ សពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។ ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ» ។ «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ ដោយព្រះបាទដាវីឌជាព្យាការីមួយរូប ទ្រង់ជ្រាបថា ព្រះជាម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយស្ដេចថា នឹងប្រទានឲ្យព្រះរាជវង្សរបស់ស្ដេចមួយអង្គឡើងស្នងរាជ្យ។ ព្រះបាទដាវីឌបានឈ្វេងយល់ជាមុនថា ព្រះគ្រិស្ត*មានព្រះជន្មរស់ឡើងវិញ គឺស្ដេចមានរាជឱង្ការថា ព្រះជាម្ចាស់ពុំទុកព្រះគ្រិស្តចោលនៅក្នុងស្ថានមនុស្សស្លាប់ទេ ហើយក៏មិនទុកឲ្យសពព្រះអង្គត្រូវរលួយដែរ។ ព្រះជាម្ចាស់បានប្រោសលោកយេស៊ូនេះឲ្យរស់ឡើងវិញ យើងខ្ញុំទាំងអស់គ្នាជាសាក្សី។ ព្រះជាម្ចាស់បានលើកលោកយេស៊ូឡើង ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ លោកយេស៊ូបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធពីព្រះបិតាតាមព្រះបន្ទូលសន្យា ហើយចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងខ្ញុំ ដូចបងប្អូនបានឃើញ បានឮស្រាប់។ ព្រះបាទដាវីឌមិនបានយាងឡើងទៅស្ថានបរមសុខ*ទេ តែព្រះអង្គមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ ហេតុនេះ សូមឲ្យជនជាតិអ៊ីស្រាអែលទាំងមូលដឹងជាក់ច្បាស់ថា លោកយេស៊ូនេះ ដែលបងប្អូនបានឆ្កាង ព្រះជាម្ចាស់បានតែងតាំងលោកឡើងជាព្រះអម្ចាស់ និងជាព្រះគ្រិស្ត*ហើយ»។
កិច្ចការ 2:14-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពេត្រុសក៏ឈរឡើង ជាមួយនឹងពួក១១នាក់ ក៏បន្លឺសំឡេងនិយាយទៅគេថា ឱពួកសាសន៍យូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាអើយ សូមឲ្យអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោង៩ព្រឹកនៅឡើយ នេះគឺជាសេចក្ដីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា «ព្រះទ្រង់មានបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗរបស់ឯងរាល់គ្នានឹងយល់សប្តិ នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ នឹងទីសំគាល់នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់ នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ» ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសំដែងបង្ហាញមកអ្នករាល់គ្នា ដោយការឫទ្ធិបារមី ការអស្ចារ្យ នឹងទីសំគាល់ ដែលព្រះទ្រង់បានធ្វើ នៅកណ្តាលអ្នករាល់គ្នា ដោយសារទ្រង់ ដូចជាអ្នករាល់គ្នាដឹងស្រាប់ហើយ ព្រះអង្គនោះទ្រង់ត្រូវបញ្ជូនទៅ តាមការសំរេច នឹងបព្វញាណនៃព្រះ ហើយអ្នករាល់គ្នាបានចាប់ទ្រង់ ដោយសារដៃមនុស្សទទឹងច្បាប់ ព្រមទាំងឆ្កាងសំឡាប់ទ្រង់ផង ប៉ុន្តែ ព្រះបានប្រោសទ្រង់ ឲ្យមានព្រះជន្មរស់ឡើងវិញ ដោយបានស្រាយចំណងនៃសេចក្ដីស្លាប់ចេញ ពីព្រោះសេចក្ដីស្លាប់ គ្មានអំណាចនឹងឃុំឃាំងទ្រង់ទុកបានឡើយ ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា «ទូលបង្គំបានឃើញព្រះអម្ចាស់ នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឲ្យទូលបង្គំត្រូវរង្គើឡើយ ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្ដីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែង ដោយសេចក្ដីត្រេកអរ ១ទៀត រូបសាច់ទូលបង្គំនឹងស្នាក់នៅ ដោយសេចក្ដីសង្ឃឹមដែរ ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្ដីពុករលួយដែរ ទ្រង់បានឲ្យទូលបង្គំស្គាល់អស់ទាំងផ្លូវនៃជីវិត ក៏នឹងឲ្យទូលបង្គំបានពេញជាសេចក្ដីអំណរ ដោយភាពនៃព្រះភក្ត្រទ្រង់» ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ដោយព្រោះលោកជាហោរា ហើយក៏ជ្រាបថា ព្រះបានស្បថសន្យានឹងលោកថា ទ្រង់នឹងបង្កើតព្រះគ្រីស្ទ ពីពូជរបស់លោកខាងសាច់ឈាម ឲ្យបានគង់លើបល្ល័ង្ករបស់លោក គឺដោយព្រោះលោកបានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្ដីពុករលួយឡើយ ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា ដូច្នេះ ដែលទ្រង់បានដំកើងឡើង ដោយសារព្រះហស្តស្តាំនៃព្រះ ហើយបានទទួលសេចក្ដីសន្យា គឺជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះទ្រង់បានចាក់សេចក្ដីនេះមក ដែលអ្នករាល់គ្នាកំពុងតែមើលហើយស្តាប់ ដ្បិតហ្លួងដាវីឌមិនបានឡើងទៅស្ថានសួគ៌ទេ ប៉ុន្តែលោកបាននិយាយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលនឹងព្រះអម្ចាស់នៃទូលបង្គំថា ចូរឯងអង្គុយខាងស្តាំអញ ដរាបដល់អញយកពួកខ្មាំងសត្រូវឯង ដាក់ធ្វើជាកំណល់កល់ជើងឯង» ដូច្នេះ ចូរឲ្យពួកវង្សអ៊ីស្រាអែលទាំងអស់ដឹងជាប្រាកដថា ព្រះទ្រង់បានលើកព្រះយេស៊ូវនេះ ដែលអ្នករាល់គ្នាបានឆ្កាង ឲ្យទ្រង់ធ្វើជាព្រះអម្ចាស់ ហើយជាព្រះគ្រីស្ទផង។