កិច្ចការ 2:14-21
កិច្ចការ 2:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកពេត្រុសក៏ឈរឡើងជាមួយពួកអ្នកទាំងដប់មួយ ហើយបន្លឺសំឡេងទៅគេថា៖ «ឱពួកសាសន៍យូដា និងអស់អ្នកនៅក្រុងយេរូសាឡិមអើយ សូមអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ។ ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ។ នេះជាសេចក្តីទំនាយរបស់ហោរាយ៉ូអែល ដែលថ្លែងទុកមកថា "ព្រះទ្រង់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើគ្រប់មនុស្ស នោះកូនប្រុសកូនស្រីរបស់អ្នករាល់គ្នានឹងថ្លែងទំនាយ ពួកយុវជនរបស់អ្នករាល់គ្នានឹងឃើញនិមិត្ត ហើយពួកចាស់ៗរបស់អ្នករាល់គ្នានឹងយល់សប្តិ។ នៅគ្រានោះ យើងនឹងចាក់ព្រះវិញ្ញាណយើង ទៅលើបាវបម្រើរបស់យើងទាំងប្រុសទាំងស្រី ហើយគេនឹងថ្លែងទំនាយ។ យើងនឹងសម្តែងការអស្ចារ្យនៅលើមេឃ ទីសម្គាល់នៅផែនដី គឺជាឈាម ភ្លើង និងកំសួលផ្សែង។ ព្រះអាទិត្យនឹងប្រែទៅជាងងឹត ហើយព្រះច័ន្ទនឹងទៅជាឈាម មុនថ្ងៃដ៏ធំឧត្តមរបស់ព្រះអម្ចាស់មកដល់។ ពេលនោះ អស់អ្នកណាដែលអំពាវនាវរក ព្រះនាមព្រះអម្ចាស់ នោះនឹងបានសង្គ្រោះ" ។
កិច្ចការ 2:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកពេត្រុសក៏ក្រោកឈរឡើងជាមួយសាវ័កដប់មួយរូបទៀត ហើយមានប្រសាសន៍ទៅកាន់បណ្ដាជនថា៖ «បងប្អូនយូដា និងបងប្អូនទាំងអស់ដែលស្នាក់នៅក្រុងយេរូសាឡឹមអើយ! សូមបងប្អូនជ្រាប ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យរបស់ខ្ញុំ។ អ្នកទាំងនេះមិនមែនស្រវឹងស្រាដូចបងប្អូនស្មាននោះទេ ព្រោះទើបតែម៉ោងប្រាំបួនព្រឹកប៉ុណ្ណោះ!។ ហេតុការណ៍នេះកើតមានស្របតាមសេចក្ដី ដែលព្យាការី*យ៉ូអែលបានថ្លែងទុកមកថា៖ “ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅគ្រាចុងក្រោយបង្អស់ យើងនឹងយកវិញ្ញាណយើងមកចាក់បង្ហូរ លើមនុស្សលោកផងទាំងពួង។ កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា នឹងថ្លែងព្រះបន្ទូល ពួកយុវជននឹងនិមិត្តឃើញការអស្ចារ្យ ហើយពួកចាស់ទុំរបស់អ្នករាល់គ្នា នឹងយល់សុបិននិមិត្ត។ នៅគ្រានោះ យើងពិតជាយកវិញ្ញាណយើង មកចាក់បង្ហូរលើអ្នកបម្រើទាំងប្រុសទាំងស្រី របស់យើង ហើយគេនឹងថ្លែងព្រះបន្ទូល។ យើងនឹងសម្តែងឫទ្ធិបាដិហារិយ៍នៅលើមេឃ សម្តែងទីសម្គាល់ផ្សេងៗនៅលើផែនដី គឺមានឈាម មានភ្លើង និងមានកម្សួលផ្សែង។ ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម នៅមុនថ្ងៃព្រះអម្ចាស់យាងមក គឺជាថ្ងៃដ៏រុងរឿងឧត្ដុង្គឧត្ដម ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្គ្រោះ” »។
កិច្ចការ 2:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពេត្រុសក៏ឈរឡើង ជាមួយនឹងពួក១១នាក់ ក៏បន្លឺសំឡេងនិយាយទៅគេថា ឱពួកសាសន៍យូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាអើយ សូមឲ្យអ្នករាល់គ្នាដឹងសេចក្ដីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ ដ្បិតអ្នកទាំងនេះមិនមែនស្រវឹង ដូចជាអ្នករាល់គ្នាគិតស្មាននោះទេ ព្រោះទើបនឹងម៉ោង៩ព្រឹកនៅឡើយ នេះគឺជាសេចក្ដីទំនាយរបស់ហោរាយ៉ូអែលវិញ ដែលលោកទាយទុកមកថា «ព្រះទ្រង់មានបន្ទូលថា ដល់ថ្ងៃជាន់ក្រោយបង្អស់ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសកូនស្រីឯងរាល់គ្នានឹងទាយទំនាយ ពួកកំឡោះឯងរាល់គ្នា នឹងឃើញការជាក់ស្តែង ហើយពួកចាស់ៗរបស់ឯងរាល់គ្នានឹងយល់សប្តិ នៅគ្រានោះ អញនឹងចាក់ព្រះវិញ្ញាណអញ ទៅលើទាំងពួកអ្នកបំរើប្រុសស្រីផង ហើយគេនឹងទាយទំនាយដែរ អញនឹងសំដែងការអស្ចារ្យ នៅលើមេឃ នឹងទីសំគាល់នៅផែនដី គឺជាឈាម ភ្លើង ហើយនឹងកំសួលផ្សែង ថ្ងៃនឹងប្រែទៅជាងងឹត ហើយខែនឹងទៅជាឈាម មុនដែលថ្ងៃធំឧត្តមរបស់ព្រះអម្ចាស់មកដល់ នោះអស់អ្នកណាដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់ គេនឹងបានសង្គ្រោះ»