កិច្ចការ 19:8-20
កិច្ចការ 19:8-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកប៉ុលបានចូលទៅក្នុងសាលាប្រជុំ ហើយមានប្រសាសន៍ដោយក្លាហាន អស់រយៈពេលបីខែ ដោយជជែកពន្យល់ ព្រមទាំងខិតខំណែនាំគេឲ្យជឿអំពីព្រះរាជ្យរបស់ព្រះ។ ប៉ុន្ដែ កាលអ្នកខ្លះកើតមានចិត្តរឹងរូស ហើយនៅតែមិនព្រមជឿ ទាំងនិយាយអាក្រក់ពីផ្លូវនោះនៅមុខក្រុមជំនុំ លោកក៏ថយចេញពីពួកគេ ដោយនាំពួកសិស្សទៅជាមួយ រួចលោកជជែកពន្យល់រាល់ថ្ងៃនៅក្នុងសាលារបស់ទីរ៉ានុស។ លោកធ្វើដូច្នេះអស់រយៈពេលពីរឆ្នាំ រហូតដល់អស់អ្នកដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់ ទាំងសាសន៍យូដា និងសាសន៍ក្រិក។ ព្រះបានធ្វើការអស្ចារ្យយ៉ាងចម្លែកៗ តាមរយៈដៃរបស់លោកប៉ុល ដែលសូម្បីតែគេយកកន្សែង ឬក្រមាដែលនៅជាប់នឹងខ្លួនលោក ទៅដាក់លើអ្នកជំងឺ នោះជំងឺក៏បាត់ទៅ ហើយវិញ្ញាណអាក្រក់ក៏ចេញពីគេដែរ។ ពេលនោះ មានសាសន៍យូដាខ្លះជាគ្រូមន្តអាគម ដែលដើរពីកន្លែងមួយទៅកន្លែងមួយ បានព្យាយាមប្រើព្រះនាមព្រះអម្ចាស់យេស៊ូវ ទៅលើមនុស្សដែលមានវិញ្ញាណអាក្រក់ចូលថា៖ «យើងបញ្ជាឯង ដោយព្រះយេស៊ូវ ដែលលោកប៉ុលប្រកាស»។ កូនប្រុសទាំងប្រាំពីររបស់សម្ដេចសង្ឃសាសន៍យូដាម្នាក់ ឈ្មោះស្កេវ៉ា ក៏ធ្វើដូច្នេះដែរ។ ប៉ុន្ដែ វិញ្ញាណអាក្រក់តបទៅគេថា៖ «យើងស្គាល់ព្រះយេស៊ូវ ហើយលោកប៉ុលក៏យើងទទួលស្គាល់ ចុះឯងរាល់គ្នាវិញ តើឯងជាអ្នកណា?» អ្នកដែលមានវិញ្ញាណអាក្រក់ក៏ស្ទុះទៅសង្គ្រុបលើគេ ហើយឈ្នះគេ រហូតទាល់តែអ្នកទាំងនោះរត់ចេញពីផ្ទះនោះទៅទាំងអាក្រាត និងមានរបួសទៀតផង។ មនុស្សទាំងអស់នៅក្រុងអេភេសូរ ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែបានដឹងរឿងនេះ។ គេមានចិត្តកោតខ្លាចគ្រប់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏ត្រូវបានគេលើកតម្កើង។ មានអ្នកជឿជាច្រើននាក់បានចូលមកលន់តួ ហើយលាតត្រដាងពីអំពើដែលខ្លួនបានប្រព្រឹត្ត ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។ ដូច្នេះ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានរីកចម្រើនឡើង ហើយបានឈ្នះដោយអំណាច។
កិច្ចការ 19:8-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលបានចូលទៅសាលាប្រជុំ* ហើយមានប្រសាសន៍ដោយចិត្តអង់អាច ក្នុងអំឡុងពេលបីខែ។ លោកបានសន្ទនាជាមួយពួកគេអំពីព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងខិតខំណែនាំពួកគេឲ្យជឿ។ ប៉ុន្តែ ដោយអ្នកខ្លះនៅតែមានចិត្តមានះមិនព្រមជឿ ថែមទាំងប្រមាថមាគ៌ារបស់ព្រះអម្ចាស់នៅមុខប្រជុំជនផងនោះ លោកក៏ចាកចេញពីពួកគេ នាំសិស្សទៅដាច់ឡែក ហើយបង្រៀនគេជារៀងរាល់ថ្ងៃនៅក្នុងសាលាទីរ៉ាណុស លោកបានបង្រៀនគេអស់រយៈពេលពីរឆ្នាំ គឺរហូតទាល់តែអ្នកស្រុកអាស៊ីទាំងអស់ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានឮព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនោះ ព្រះអម្ចាស់បានធ្វើការអស្ចារ្យដ៏ធំៗជាច្រើន តាមរយៈលោកប៉ូល គឺបើគេគ្រាន់តែយកក្រណាត់ ឬកន្សែងដែលបានប៉ះលោកប៉ូល មកដាក់ពីលើអ្នកជំងឺ អ្នកជំងឺនឹងបានជា ហើយវិញ្ញាណអាក្រក់ក៏នឹងចេញពីគេទៅដែរ។ មានគ្រូដេញវិញ្ញាណអាក្រក់ជាតិយូដាខ្លះ តែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ចង់ដេញវិញ្ញាណអាក្រក់ចេញពីមនុស្ស ដោយប្រើព្រះនាមព្រះអម្ចាស់យេស៊ូ គឺគេនិយាយទៅវិញ្ញាណអាក្រក់ថា៖ «យើងបញ្ជាពួកឯង ក្នុងព្រះនាមព្រះយេស៊ូដែលលោកប៉ូលប្រកាស ចូរចេញទៅ!»។ កូនប្រុសទាំងប្រាំពីររបស់លោកស្កេវ៉ា ដែលជានាយកបូជាចារ្យ*របស់សាសន៍យូដា ក៏បានធ្វើដូច្នេះដែរ។ វិញ្ញាណអាក្រក់បានតបមកអ្នកទាំងនោះវិញថា៖ «យើងស្គាល់ព្រះយេស៊ូ ហើយក៏ដឹងថា លោកប៉ូលជានរណាដែរ ចុះឯងរាល់គ្នាវិញ ឯងជានរណា?»។ អ្នកដែលមានវិញ្ញាណអាក្រក់ចូលបានស្ទុះមកសង្កត់ពួកគេជាប់ ហើយវិញ្ញាណអាក្រក់មានកម្លាំងជាង រហូតទាល់តែធ្វើឲ្យអ្នកទាំងនោះរត់ចេញពីផ្ទះ របូតខោ របូតអាវ និងត្រូវរបួសទៀតផង។ មនុស្សម្នានៅក្រុងអេភេសូទាំងសាសន៍យូដា ទាំងសាសន៍ក្រិក បានដឹងរឿងនេះ ហើយកោតខ្លាចគ្រប់ៗគ្នា។ ពេលនោះ គេលើកតម្កើងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូ។ មានអ្នកជឿជាច្រើននាក់បាននាំគ្នាមកទទួលសារភាពជាសាធារណៈ នូវអំពើដែលខ្លួនធ្លាប់ប្រព្រឹត្តកាលពីមុន ហើយក៏មានអស់អ្នកដែលធ្លាប់ប្រព្រឹត្តអំពើអាបធ្មប់ បានយកក្បួនតម្រារបស់ខ្លួនមកដុតចោល នៅមុខគេឯងទាំងអស់គ្នាផង។ គេបានគិតគូររបស់ទាំងនោះ ឃើញថាមានតម្លៃប្រាំម៉ឺនដួង*។ មកពីព្រះអម្ចាស់បានសម្តែងព្រះចេស្ដាដូច្នេះហើយ បានជាព្រះបន្ទូលរីកចម្រើន និងមានប្រសិទ្ធភាពកាន់តែខ្លាំងឡើងៗ។
កិច្ចការ 19:8-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុលក៏ចូលទៅអធិប្បាយ ក្នុងសាលាប្រជុំ ដោយក្លាហាន ហើយក្នុងរវាង៣ខែ គាត់ចេះតែជជែកពន្យល់ ព្រមទាំងបញ្ចុះបញ្ចូលគេ ឲ្យជឿតាមអស់ទាំងសេចក្ដីពីនគរព្រះ លុះកាលអ្នកខ្លះកើតមានចិត្តរឹងទទឹង ហើយចចេស ព្រមទាំងនិយាយអាក្រក់ពីផ្លូវនោះ នៅមុខប្រជាជន នោះគាត់ក៏ថយចេញពីគេទៅ ញែកយកទាំងពួកសិស្សទៅផង រួចគាត់ជជែកពន្យល់ក្នុងសាលាបង្រៀនរបស់ទីរ៉ានុសជារាល់ថ្ងៃ គាត់ធ្វើដូច្នោះ អស់២ឆ្នាំ ដល់ម៉្លេះបានជាអស់អ្នក ដែលនៅស្រុកអាស៊ី បានឮព្រះបន្ទូលនៃព្រះអម្ចាស់ ទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង ហើយព្រះទ្រង់ធ្វើការឫទ្ធិបារមីយ៉ាងប្លែកៗ ដោយសារដៃប៉ុល ដល់ម៉្លេះបានជាគេគ្រាន់តែយកកន្សែង ឬក្រមា ពីខ្លួនគាត់ ទៅដាក់លើមនុស្សមានជំងឺ នោះគេក៏បានជា ហើយមានអារក្សអសោចិ៍ចេញពីមនុស្សដែរ។ រីឯមានមនុស្សសាសន៍យូដាខ្លះ ជាគ្រូមន្តអាគម ដែលដើរចុះឡើង គេក៏ចាប់តាំងអំពាវនាវ ដល់ព្រះនាមព្រះអម្ចាស់យេស៊ូវ ពីលើមនុស្សដែលមានអារក្សអសោចិ៍ចូលថា អញបង្គាប់ឯង ដោយនូវព្រះយេស៊ូវ ដែលប៉ុលប្រកាសប្រាប់នោះ ក្នុងពួកមនុស្សដែលធ្វើដូច្នោះ មាន៧នាក់ ជាកូននៃសាសន៍យូដាម្នាក់ ដែលធ្វើជាសង្គ្រាជឈ្មោះស្កេវ៉ា តែអារក្សអសោចិ៍ឆ្លើយទៅគេថា យើងស្គាល់ព្រះយេស៊ូវហើយ ក៏ស្គាល់ប៉ុលបន្តិចបន្តួចដែរ តែឯឯងរាល់គ្នា តើជាអ្នកណាវិញ រួចមនុស្សដែលមានអារក្សអសោចិ៍ចូលក៏ស្ទុះទៅលើគេ ទាំងបង្គ្រប ហើយឈ្នះគេ ដល់ម៉្លេះបានជាគេរត់ចេញពីផ្ទះនោះទាំងអាក្រាត ហើយមានរបួសផង ឯអស់មនុស្សនៅក្រុងអេភេសូរ ទាំងសាសន៍យូដា នឹងសាសន៍ក្រេកផង បានដឹងរឿងនោះ ក៏កើតមានចិត្តភ័យខ្លាចទាំងអស់គ្នា ហើយព្រះនាមព្រះអម្ចាស់យេស៊ូវក៏បានថ្កើងឡើង មានមនុស្សជាច្រើនដែលបានជឿ គេមកលន់តួ ព្រមទាំងសំដែងប្រាប់ពីការដែលខ្លួនបានប្រព្រឹត្តផង ឯមនុស្សដែលប្រព្រឹត្តវិជ្ជាប្លែកៗនោះ ក៏មានច្រើននាក់បានយកក្បួនដំរារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា គេបានគិតថ្លៃក្បួនទាំងនោះមើល ឃើញមានដំឡៃអស់៥ម៉ឺនរៀល គឺយ៉ាងដូច្នោះឯង ដែលព្រះបន្ទូលនៃព្រះអម្ចាស់បានចំរើនកើនឡើង ហើយបានឈ្នះដោយអំណាច។