កិច្ចការ 19:18-28

កិច្ចការ 19:18-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​អ្នក​ជឿ​ជា​ច្រើន​នាក់បាន​ចូល​មក​លន់​តួ ហើយ​លាត​ត្រដាង​ពីអំពើ​ដែល​ខ្លួនបាន​ប្រព្រឹត្ត ហើយ​ក៏​មាន​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មន្ត​អាគម​ជា​ច្រើន បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ គេ​បាន​គិត​តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​មើល ឃើញ​មាន​តម្លៃ​ជា​សាច់​ប្រាក់​ប្រាំម៉ឺន​កាក់។ ដូច្នេះ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​រីក​ចម្រើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។ ក្រោយ​ហេតុ‌ការណ៍​ទាំង​នេះ​មក ព្រះ‌វិញ្ញាណ​បាន​ជម្រុញ​ឲ្យ​លោក​ប៉ុល​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន ស្រុក​អាខៃ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​យេរូ‌សាឡិម។ លោក​មាន​ប្រសាសន៍​ថា៖ «ក្រោយ​ពីខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ»។ លោក​បាន​ចាត់​អ្នក​ជំនួយ​របស់​លោក​ពីរ​នាក់ គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ា‌សេដូន តែ​ឯ​លោក​វិញ លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។ នៅ​គ្រា​នោះ មាន​ការ​ច្រួល​ច្របល់កើត​ឡើងយ៉ាង​ខ្លាំង​អំពី​ផ្លូវ​នោះ។ មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ចម្លាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ពួក​ជាង​ទាំង​ប៉ុន្មានឲ្យ​បាន​កម្រៃ​ជា​ច្រើន។ គាត់​បាន​ប្រមូល​កូន​ជាង​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​ដែល​មានមុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​មាន​ទ្រព្យ​សម្បត្តិ​ដោយ​សារ​មុខ​របរ​នេះ អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។ ដូច្នេះ មិន​ត្រឹម​តែ​អន្តរាយ​ដល់​មុខ​របរ​របស់​យើង ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ​ទេ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិបត្តិ​ដល់​ព្រះ‌វិហារ​របស់​ព្រះ‌នាង​ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី​ល្អ​នៃ​ព្រះ​របស់​យើង ដែល​អ្នក​ស្រុក​អាស៊ីទាំង​អស់ និង​ពិភព​លោក​ទាំង​មូល​ថ្វាយ​បង្គំ ក៏​នឹង​ត្រូវ​សាប​សូន្យ​ដែរ»។ ពេល​គេ​ឮដូច្នេះ គេ​ខឹង​យ៉ាង​ខ្លាំង ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេ‌សូរ ទ្រង់​ធំ​វិសេស!»។

ចែក​រំលែក
អាន កិច្ចការ 19

កិច្ចការ 19:18-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​អ្នក​ជឿ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​មក​ទទួល​សារ‌ភាព​ជា​សាធារណៈ នូវ​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កាល​ពី​មុន ហើយ​ក៏​មាន​អស់​អ្នក​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​អាប‌ធ្មប់ បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ផង។ គេ​បាន​គិត‌គូរ​របស់​ទាំង​នោះ ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​ដួង*។ មក​ពី​ព្រះ‌អម្ចាស់​បាន​សម្តែង​ព្រះ‌ចេស្ដា​ដូច្នេះ​ហើយ បាន​ជា​ព្រះ‌បន្ទូល​រីក​ចម្រើន និង​មាន​ប្រសិទ្ធ‌ភាព​កាន់​តែ​ខ្លាំង​ឡើងៗ។ ក្រោយ​ពី​ព្រឹត្តិ‌ការណ៍​នោះ​មក ព្រះ‌វិញ្ញាណ​ណែ‌នាំ​លោក​ប៉ូល​ឲ្យ​សម្រេច​ចិត្ត​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ម៉ាសេ‌ដូន និង​ស្រុក​អាខៃ។ លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​ទៅ​ដល់​ស្រុក​នោះ ខ្ញុំ​ត្រូវ​តែ​ទៅ​ក្រុង​រ៉ូម​ទៀត»។ លោក​បាន​ចាត់​សហការី​របស់​លោក​ពីរ​រូប គឺ​លោក​ធីម៉ូថេ និង​លោក​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេ‌ដូន​មុន រីឯ​លោក លោក​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយ​រយៈ​ពេល​សិន។ នៅ​គ្រា​នោះ មាន​កើត​ការ​បះ‌បោរ​មួយ​យ៉ាង​ខ្លាំង ព្រោះ​តែ​មាគ៌ា​របស់​ព្រះ‌អម្ចាស់។ មាន​ជាង​ចម្លាក់​ម្នាក់​ឈ្មោះ ដេមេ‌ទ្រាស ដែល​បាន​ធ្វើ​រូប​វិហារ​របស់​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ ហើយ​គាត់​បាន​ផ្ដល់​កម្រៃ​ជា​ច្រើន​ដល់​ពួក​កូន​ជាង។ គាត់​បាន​ប្រមូល​កូន​ជាង​របស់​គាត់ និង​អស់​អ្នក​ដែល​មាន​មុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «បងប្អូន​អើយ បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​រស់​ស្រួល ក៏​ដោយ‌សារ​តែ​មុខ​របរ​នេះ ហើយ​បងប្អូន​ក៏​បាន​ឃើញ​បាន​ឮ​ដែរ​ថា ឈ្មោះ​ប៉ូល​នោះ​បញ្ចុះ‌បញ្ចូល​នាំ​មហា‌ជន​ឲ្យ​ទៅ​តាម​គាត់ មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូ​នេះ​ប៉ុណ្ណោះ​ទេ គឺ​សឹង​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល​ថែម​ទៀត​ផង ដោយ​ពោល​ថា រូប​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស មិន​មែន​ជា​ព្រះ​ឡើយ។ ការ​នេះ​មិន​ត្រឹម​តែ​បន្ថោក​បន្ទាប​មុខ​របរ​របស់​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​ព្រះ‌វិហារ​នៃ​ព្រះ‌នាង​ឌីអាន​ដ៏​ប្រសើរ​ឧត្ដម​របស់​យើង​ត្រូវ​រលាយ ហើយ​កិត្តិនាម​របស់​ព្រះ‌នាង ដែល​អ្នក​ស្រុក​អាស៊ី និង​សកល​លោក​ទាំង​មូល​ធ្លាប់​ថ្វាយ‌បង្គំ មុខ​ជា​ត្រូវ​ធ្លាក់​ចុះ​អន់‌ថយ​ទៀត​ផង»។ កាល​បាន​ឮ​ពាក្យ​នេះ​ហើយ គេ​ខឹង​យ៉ាង​ខ្លាំង ក៏​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។

ចែក​រំលែក
អាន កិច្ចការ 19

កិច្ចការ 19:18-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ជឿ គេ​មក​លន់‌តួ ព្រម​ទាំង​សំដែង​ប្រាប់​ពី​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ផង ឯ​មនុស្ស​ដែល​ប្រព្រឹត្ត​វិជ្ជា​ប្លែកៗ​នោះ ក៏​មាន​ច្រើន​នាក់​បាន​យក​ក្បួន​ដំរា​របស់​ខ្លួន មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​គ្នា គេ​បាន​គិត​ថ្លៃ​ក្បួន​ទាំង​នោះ​មើល ឃើញ​មាន​ដំឡៃ​អស់​៥​ម៉ឺន​រៀល គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​បាន​ចំរើន​កើន​ឡើង ហើយ​បាន​ឈ្នះ​ដោយ​អំណាច។ ក្រោយ​ការ​ទាំង​នោះ​មក ប៉ុល​គិត​សំរេច​ក្នុង​ចិត្ត​ថា​កាល​ណា​បាន​ដើរ​កាត់​ស្រុក​ម៉ាសេដូន នឹង​ស្រុក​អាខៃ​ហើយ នោះ​គាត់​នឹង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ក៏​និយាយ​ថា ក្រោយ​ដែល​ខ្ញុំ​បាន​ទៅ​ឯ​ណោះ​ហើយ នោះ​ត្រូវ​ឲ្យ​ខ្ញុំ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ គាត់​ចាត់​អ្នក​ជំនួយ​គាត់​២​នាក់ គឺ​ធីម៉ូថេ នឹង​អេរ៉ា‌ស្ទុស ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន តែ​ខ្លួន​គាត់​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​បន្តិច​ទៀត។ នៅ​គ្រា​នោះ កើត​មាន​វឹកវរ​ជា​ធំ ពី​ដំណើរ​ផ្លូវ​នោះ ដ្បិត​មាន​មនុស្ស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ប្រាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ដល់​ពួក​ជាង​ទាំង​ប៉ុន្មាន ឲ្យ​បាន​កំរៃ​ជា​ច្រើន កាល​គាត់​បាន​ប្រមូល​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​មាន​របរ​ដូច​គ្នា​ទាំង​ប៉ុន្មាន​មក នោះ​គាត់​និយាយ​ថា អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​បាន​ផល​ចំណេញ​ពី​របរ​នេះ​មក អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​សន្ធឹក​ទៅ​ហើយ មិន​ត្រឹម​តែ​នៅ​អេភេសូរ​ប៉ុណ្ណេះ គឺ​ស្ទើរ​តែ​នឹង​គ្រប់​សព្វ​នៅ​ស្រុក​អាស៊ី​ផង ដោយ​ពាក្យ​ថា​អស់​ទាំង​ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ នោះ​មិន​មែន​ជា​ព្រះ​ទេ ដូច្នេះ មាន​អន្តរាយ​កើត​ដល់​យើង មិន​ត្រឹម​តែ​សមាគម​នេះ ដោយ​គេ​លែង​រាប់​អាន​ប៉ុណ្ណោះ គឺ​ក្រែង​គេ​លែង​ទាំង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌វិហារ​របស់​ព្រះ‌ឌីអាន​ដ៏​ធំ​ថែម​ទៀត​ផង រួច​សិរី‌ល្អ​នៃ​ព្រះ​របស់​យើង ដែល​គ្រប់​ស្រុក​អាស៊ី នឹង​លោកីយ​ទាំង​មូល​ក៏​ថ្វាយ‌បង្គំ នឹង​ត្រូវ​សាប‌សូន្យ​ទៅ កាល​គេ​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​កំហឹង ហើយ​ស្រែក​ប្រកាស​ថា ព្រះ‌ឌីអាន​នៃ​ពួក​ក្រុង​អេភេសូរ​យើង ទ្រង់​ធំ​វិសេស

ចែក​រំលែក
អាន កិច្ចការ 19