កិច្ចការ 19:1-7
កិច្ចការ 19:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកអ័ប៉ុឡូសកំពុងនៅក្រុងកូរិនថូស លោកប៉ុលបានធ្វើដំណើរឆ្លងកាត់តំបន់ខ្ពង់រាប រហូតមកដល់ក្រុងអេភេសូរ ហើយលោកបានជួបសិស្សខ្លះនៅទីនោះ។ លោកសួរគេថា៖ «ចាប់តាំងពីអ្នករាល់គ្នាបានជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ?» គេឆ្លើយថា៖ «ទេ យើងខ្ញុំមិនដែលទាំងឮថាមានព្រះវិញ្ញាណបរិសុទ្ធផង»។ លោកសួរទៀតថា៖ «ដូច្នេះ តើអ្នករាល់គ្នាបានទទួលពិធីជ្រមុជបែបណា?» គេឆ្លើយថា៖ «ពិធីជ្រមុជរបស់លោកយ៉ូហាន»។ លោកប៉ុលមានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជខាងឯការប្រែចិត្ត ទាំងប្រាប់ប្រជាជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោក គឺជឿដល់ព្រះយេស៊ូវ»។ កាលបានឮដូច្នោះហើយ គេក៏ទទួលពិធីជ្រមុជទឹក ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ។ កាលលោកប៉ុលបានដាក់ដៃលើគេ ព្រះវិញ្ញាណបរិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេចាប់ផ្ដើមនិយាយភាសាដទៃ និងថ្លែងទំនាយ។ អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
កិច្ចការ 19:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលដែលលោកអប៉ូឡូសនៅក្រុងកូរិនថូស លោកប៉ូលបានឆ្លងកាត់តំបន់ខ្ពង់រាប ធ្វើដំណើរមកដល់ក្រុងអេភេសូ។ លោកបានជួបសិស្ស*ខ្លះ ហើយសួរថា៖ «កាលបងប្អូនចាប់ផ្ដើមជឿនោះ តើបងប្អូនទទួលព្រះវិញ្ញាណដ៏វិសុទ្ធ*ហើយឬនៅ?»។ គេតបមកលោកវិញថា៖ «យើងខ្ញុំមិនដែលទាំងឮថាមានព្រះវិញ្ញាណដ៏វិសុទ្ធផង!»។ លោកសួរគេទៀតថា៖ «ដូច្នេះ តើបងប្អូនបានទទួលពិធីជ្រមុជទឹក*ណា?»។ គេតបថា៖ «ពិធីជ្រមុជទឹករបស់លោកយ៉ូហាន»។ លោកប៉ូលក៏មានប្រសាសន៍ថា៖ «លោកយ៉ូហានបានធ្វើពិធីជ្រមុជទឹកឲ្យអស់អ្នកដែលកែប្រែចិត្តគំនិត ទាំងមានប្រសាសន៍ប្រាប់ប្រជាជនឲ្យជឿលើព្រះអង្គ ដែលយាងមកក្រោយលោក គឺព្រះយេស៊ូនេះហើយ»។ ក្រោយបានឮលោកប៉ូលមានប្រសាសន៍ដូច្នោះ ពួកសិស្សក៏ទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ។ លោកប៉ូលបានដាក់ដៃលើគេ ព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកសណ្ឋិតលើគេ ហើយគេនាំគ្នានិយាយភាសាចម្លែកអស្ចារ្យ* និងថ្លែងព្រះបន្ទូលផង។ អ្នកទាំងនោះមានគ្នាទាំងអស់ប្រមាណដប់ពីរនាក់។
កិច្ចការ 19:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលអ័ប៉ុឡូសនៅក្រុងកូរិនថូស នោះប៉ុលបានដើរកាត់អស់ទាំងស្រុកខាងលើ រហូតដល់ក្រុងអេភេសូរ កាលគាត់រកឃើញសិស្សខ្លះ នោះក៏សួរថា ចាប់តាំងពីអ្នករាល់គ្នាជឿមក តើបានទទួលព្រះវិញ្ញាណបរិសុទ្ធហើយឬនៅ គេឆ្លើយថា យើងខ្ញុំមិនបានទាំងឮនិយាយពីព្រះវិញ្ញាណបរិសុទ្ធផង គាត់សួរគេទៀតថា ដូច្នេះ តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជទឹកដោយនូវអ្វី គេឆ្លើយថា គឺដោយនូវបុណ្យជ្រមុជរបស់លោកយ៉ូហានទេ រួចប៉ុលនិយាយថា លោកយ៉ូហានបានធ្វើបុណ្យជ្រមុជទឹក ពីដំណើរការប្រែចិត្ត ទាំងប្រាប់ពួកជនឲ្យជឿដល់ព្រះអង្គ ដែលយាងមកក្រោយលោកវិញ គឺដល់ព្រះយេស៊ូវគ្រីស្ទ កាលបានឮដូច្នោះហើយ នោះគេក៏ទទួលបុណ្យជ្រមុជទឹក ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវវិញ រួចប៉ុលដាក់ដៃលើគេ ហើយព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើគេ នោះគេចាប់តាំងនិយាយភាសាដទៃ ហើយអធិប្បាយផង ពួកអ្នកទាំងនោះមានគ្នាប្រហែលជា១២នាក់។