កិច្ចការ 19:1-16

កិច្ចការ 19:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​អ័ប៉ុ‌ឡូស​កំពុង​នៅ​ក្រុង​កូរិន‌ថូស លោក​ប៉ុល​បានធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប រហូត​មក​ដល់​ក្រុង​អេភេ‌សូរ ហើយ​លោក​បាន​ជួប​សិស្ស​ខ្លះ​នៅ​ទីនោះ។ លោក​សួរ​គេ​ថា៖ «ចាប់​តាំងពី​អ្នក​រាល់​គ្នា​បាន​ជឿ​មក តើ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ?» គេ​ឆ្លើយ​ថា៖ «ទេ យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮថា​មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង»។ លោក​សួរ​ទៀត​ថា៖ «ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​បែប​ណា?» គេ​ឆ្លើយ​ថា៖ «ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន»។ លោក​ប៉ុល​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ខាង​ឯ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ប្រជាជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ជឿដល់​ព្រះ‌យេស៊ូវ»។ កាល​បាន​ឮ​ដូច្នោះ​ហើយ គេ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ។ កាល​លោក​ប៉ុល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​ចាប់​ផ្ដើម​និយាយ​ភាសា​ដទៃ និងថ្លែង​ទំនាយ។ អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់​ពីរ​នាក់។ លោក​ប៉ុល​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​មាន​ប្រសាសន៍​ដោយ​ក្លា‌ហាន អស់​រយៈ​ពេល​បី​ខែ ដោយ​ជជែក​ពន្យល់ ព្រម​ទាំង​ខិត​ខំ​ណែ​នាំ​គេ​ឲ្យ​ជឿ​អំពី​ព្រះរាជ្យ​របស់​ព្រះ។ ប៉ុន្ដែ កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​រូស ហើយ​នៅ​តែ​មិន​ព្រម​ជឿ ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ​នៅ​មុខ​ក្រុម​ជំនុំ លោក​ក៏​ថយ​ចេញ​ពី​ពួក​គេ ដោយ​នាំ​ពួក​សិស្ស​ទៅ​ជាមួយ រួច​លោក​ជជែក​ពន្យល់​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​ទីរ៉ា‌នុស។ លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។ ព្រះ​បាន​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​ចម្លែកៗ តាម​រយៈ​ដៃ​របស់​លោក​ប៉ុល ដែល​សូម្បី​តែ​គេ​យក​កន្សែង ឬ​ក្រមាដែល​នៅ​ជាប់​នឹង​ខ្លួន​លោក ទៅ​ដាក់​លើ​អ្នក​ជំងឺ នោះ​ជំងឺ​ក៏​បាត់​ទៅ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពីគេ​ដែរ។ ពេល​នោះ មាន​សាសន៍​យូដា​ខ្លះជា​គ្រូ​មន្ត​អាគម ដែល​ដើរ​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ បាន​ព្យាយាម​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទៅ​លើ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ថា៖ «យើង​បញ្ជា​ឯង ដោយ​ព្រះ‌យេស៊ូវ ដែល​លោក​ប៉ុល​ប្រកាស»។ កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​សម្ដេច​សង្ឃសាសន៍​យូដា​ម្នាក់ ឈ្មោះ​ស្កេវ៉ា ក៏​ធ្វើ​ដូច្នេះ​ដែរ។ ប៉ុន្ដែ វិញ្ញាណ​អាក្រក់​តប​ទៅ​គេ​ថា៖ «យើង​ស្គាល់​ព្រះ‌យេស៊ូវ ហើយលោក​ប៉ុល​ក៏​យើង​ទទួល​ស្គាល់ ចុះ​ឯង​រាល់​គ្នាវិញ តើ​ឯង​ជា​អ្នក​ណា?» អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ក៏​ស្ទុះ​ទៅ​សង្គ្រុប​លើ​គេ ហើយ​ឈ្នះគេ រហូត​ទាល់​តែ​អ្នក​ទាំង​នោះរត់​ចេញ​ពី​ផ្ទះ​នោះ​ទៅ​ទាំង​អាក្រាត និង​មាន​របួស​ទៀត​ផង។

ចែក​រំលែក
អាន កិច្ចការ 19

កិច្ចការ 19:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ដែល​លោក​អប៉ូ‌ឡូស​នៅ​ក្រុង​កូរិនថូស លោក​ប៉ូល​បាន​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប ធ្វើ​ដំណើរ​មក​ដល់​ក្រុង​អេភេសូ។ លោក​បាន​ជួប​សិស្ស*​ខ្លះ ហើយ​សួរ​ថា៖ «កាល​បងប្អូន​ចាប់​ផ្ដើម​ជឿ​នោះ តើ​បងប្អូន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​ហើយ​ឬ​នៅ?»។ គេ​តប​មក​លោក​វិញ​ថា៖ «យើង​ខ្ញុំ​មិន​ដែល​ទាំង​ឮ​ថា​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ផង!»។ លោក​សួរ​គេ​ទៀត​ថា៖ «ដូច្នេះ តើ​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ណា?»។ គេ​តប​ថា៖ «ពិធី​ជ្រមុជ​ទឹក​របស់​លោក​យ៉ូហាន»។ លោក​ប៉ូល​ក៏​មាន​ប្រសាសន៍​ថា៖ «លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អស់​អ្នក​ដែល​កែ​ប្រែ​ចិត្ត​គំនិត ទាំង​មាន​ប្រសាសន៍​ប្រាប់​ប្រជា‌ជន​ឲ្យ​ជឿ​លើ​ព្រះអង្គ ដែល​យាង​មក​ក្រោយ​លោក គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ»។ ក្រោយ​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នោះ ពួក​សិស្ស​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ។ លោក​ប៉ូល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* និង​ថ្លែង​ព្រះ‌បន្ទូល​ផង។ អ្នក​ទាំង​នោះ​មាន​គ្នា​ទាំង​អស់​ប្រមាណ​ដប់‌ពីរ​នាក់។ លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់‌អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់ និង​ខិត‌ខំ​ណែ‌នាំ​ពួក​គេ​ឲ្យ​ជឿ។ ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះ‌អម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស លោក​បាន​បង្រៀន​គេ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ គឺ​រហូត​ទាល់​តែ​អ្នក​ស្រុក​អាស៊ី​ទាំង​អស់ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ពេល​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​អស្ចារ្យ​ដ៏​ធំៗ​ជា​ច្រើន តាម​រយៈ​លោក​ប៉ូល គឺ​បើ​គេ​គ្រាន់​តែ​យក​ក្រណាត់ ឬ​កន្សែង​ដែល​បាន​ប៉ះ​លោក​ប៉ូល មក​ដាក់​ពី​លើ​អ្នក​ជំងឺ អ្នក​ជំងឺ​នឹង​បាន​ជា ហើយ​វិញ្ញាណ​អាក្រក់​ក៏​នឹង​ចេញ​ពី​គេ​ទៅ​ដែរ។ មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស ដោយ​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។ កូន​ប្រុស​ទាំង​ប្រាំ‌ពីរ​របស់​លោក​ស្កេវ៉ា ដែល​ជា​នាយក​បូជា‌ចារ្យ*​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។ វិញ្ញាណ​អាក្រក់​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះ‌យេស៊ូ ហើយ​ក៏​ដឹង​ថា លោក​ប៉ូល​ជា​នរណា​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ ឯង​ជា​នរណា?»។ អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។

ចែក​រំលែក
អាន កិច្ចការ 19

កិច្ចការ 19:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កំពុង​ដែល​អ័ប៉ុឡូស​នៅ​ក្រុង​កូរិន‌ថូស នោះ​ប៉ុល​បាន​ដើរ​កាត់​អស់​ទាំង​ស្រុក​ខាង​លើ រហូត​ដល់​ក្រុង​អេភេសូរ កាល​គាត់​រក​ឃើញ​សិស្ស​ខ្លះ នោះ​ក៏​សួរ​ថា ចាប់​តាំង​ពី​អ្នក​រាល់​គ្នា​ជឿ​មក តើ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ហើយ​ឬ​នៅ គេ​ឆ្លើយ​ថា យើង​ខ្ញុំ​មិន​បាន​ទាំង​ឮ​និយាយ​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង គាត់​សួរ​គេ​ទៀត​ថា ដូច្នេះ តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ដោយ​នូវ​អ្វី គេ​ឆ្លើយ​ថា គឺ​ដោយ​នូវ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ទេ រួច​ប៉ុល​និយាយ​ថា លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក ពី​ដំណើរ​ការ​ប្រែ​ចិត្ត ទាំង​ប្រាប់​ពួក​ជន​ឲ្យ​ជឿ​ដល់​ព្រះ‌អង្គ ដែល​យាង​មក​ក្រោយ​លោក​វិញ គឺ​ដល់​ព្រះ‌យេស៊ូវ​គ្រីស្ទ កាល​បាន​ឮ​ដូច្នោះ​ហើយ នោះ​គេ​ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ​វិញ រួច​ប៉ុល​ដាក់​ដៃ​លើ​គេ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​គេ នោះ​គេ​ចាប់​តាំង​និយាយ​ភាសា​ដទៃ ហើយ​អធិប្បាយ​ផង ពួក​អ្នក​ទាំង​នោះ​មាន​គ្នា​ប្រហែល​ជា​១២​នាក់។ ប៉ុល​ក៏​ចូល​ទៅ​អធិប្បាយ ក្នុង​សាលា​ប្រជុំ ដោយ​ក្លាហាន ហើយ​ក្នុង​រវាង​៣​ខែ គាត់​ចេះ​តែ​ជជែក​ពន្យល់ ព្រម​ទាំង​បញ្ចុះ​បញ្ចូល​គេ ឲ្យ​ជឿ​តាម​អស់​ទាំង​សេចក្ដី​ពី​នគរ​ព្រះ លុះ​កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង‌ទទឹង ហើយ​ចចេស ព្រម​ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ នៅ​មុខ​ប្រជា‌ជន នោះ​គាត់​ក៏​ថយ​ចេញ​ពី​គេ​ទៅ ញែក​យក​ទាំង​ពួក​សិស្ស​ទៅ​ផង រួច​គាត់​ជជែក​ពន្យល់​ក្នុង​សាលា​បង្រៀន​របស់​ទីរ៉ា‌នុស​ជា​រាល់​ថ្ងៃ គាត់​ធ្វើ​ដូច្នោះ អស់​២​ឆ្នាំ ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង ហើយ​ព្រះ‌ទ្រង់​ធ្វើ​ការ​ឫទ្ធិ‌បារមី​យ៉ាង​ប្លែកៗ ដោយ‌សារ​ដៃ​ប៉ុល ដល់​ម៉្លេះ​បាន​ជា​គេ​គ្រាន់​តែ​យក​កន្សែង ឬ​ក្រមា ពី​ខ្លួន​គាត់ ទៅ​ដាក់​លើ​មនុស្ស​មាន​ជំងឺ នោះ​គេ​ក៏​បាន​ជា ហើយ​មាន​អារក្ស‌អសោចិ៍​ចេញ​ពី​មនុស្ស​ដែរ។ រីឯ​មាន​មនុស្ស​សាសន៍​យូដា​ខ្លះ ជា​គ្រូ​មន្ត‌អាគម ដែល​ដើរ​ចុះ​ឡើង គេ​ក៏​ចាប់​តាំង​អំពាវ‌នាវ ដល់​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូវ ពី​លើ​មនុស្ស​ដែល​មាន​អារក្ស‌អសោចិ៍​ចូល​ថា អញ​បង្គាប់​ឯង ដោយ​នូវ​ព្រះ‌យេស៊ូវ ដែល​ប៉ុល​ប្រកាស​ប្រាប់​នោះ ក្នុង​ពួក​មនុស្ស​ដែល​ធ្វើ​ដូច្នោះ មាន​៧​នាក់ ជា​កូន​នៃ​សាសន៍​យូដា​ម្នាក់ ដែល​ធ្វើ​ជា​សង្គ្រាជ​ឈ្មោះ​ស្កេវ៉ា តែ​អារក្ស‌អសោចិ៍​ឆ្លើយ​ទៅ​គេ​ថា យើង​ស្គាល់​ព្រះ‌យេស៊ូវ​ហើយ ក៏​ស្គាល់​ប៉ុល​បន្តិច‌បន្តួច​ដែរ តែ​ឯ​ឯង​រាល់​គ្នា តើ​ជា​អ្នក​ណា​វិញ រួច​មនុស្ស​ដែល​មាន​អារក្ស‌អសោចិ៍​ចូល​ក៏​ស្ទុះ​ទៅ​លើ​គេ ទាំង​បង្គ្រប ហើយ​ឈ្នះ​គេ ដល់​ម៉្លេះ​បាន​ជា​គេ​រត់​ចេញ​ពី​ផ្ទះ​នោះ​ទាំង​អាក្រាត ហើយ​មាន​របួស​ផង

ចែក​រំលែក
អាន កិច្ចការ 19