កិច្ចការ 18:18-28

កិច្ចការ 18:18-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ‌ការណ៍​នេះ​មក លោក​ប៉ុល​បាន​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត បន្ទាប់​មក លោក​ជម្រាប​លាពួក​បង‌ប្អូន ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី មាន​ទាំងនាង​ព្រីស៊ីល និង​លោក​អ័គី‌ឡាទៅ​ជា‌មួយ​ដែរ។ លោក​បាន​កោរ​សក់​នៅ​ក្រុង​កេង‌គ្រា ព្រោះ​លោក​ត្រូវ​លា​បន់​បំណន់ ។ ពេលមក​ក្រុង​អេភេ‌សូរ លោក​ប៉ុល​ទុក​អ្នក​ទាំង​ពីរឲ្យ​នៅ​ទី​នោះ តែ​ឯ​លោក​វិញ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ជជែក​វែក​ញែក​ជាមួយ​សាសន៍​យូដា។ គេ​សុំ​ឲ្យលោកស្នាក់​នៅ​ជា‌មួយ​គេ​យូរ​បន្តិច​ទៀត តែ​លោក​មិន​ព្រម លោក​ជម្រាប​លា​គេ​ដោយ​ពាក្យ​ថា៖ «ខ្ញុំ​នឹង​ត្រឡប់​មករក​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ» រួច​លោក​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​អេភេ‌សូរ​ទៅ។ កាល​លោក​បាន​ចូល​ចត​នៅ​ក្រុង​សេ‌សារា​ហើយ លោក​ក៏​ឡើង​ទៅ​ជម្រាប​សួរ​ក្រុម​ជំនុំ បន្ទាប់​មក ចុះ​ទៅ​ក្រុង​អាន់‌ទីយ៉ូក។ ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្ដិច​មក លោក​ក៏​ចាក​ចេញ ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​កា‌ឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស​ទាំង​អស់​ឲ្យ​បាន​រឹង​មាំ។ នៅ​ទី​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុ‌ឡូស ជា​អ្នក​ស្រុក​អ័លេ‌ក្សានទ្រា បាន​មក​ដល់​ក្រុង​អេភេ‌សូរ។ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ចេះ​គម្ពីរ​យ៉ាងស្ទាត់​ជំនាញ។ គាត់​បាន​សិក្សា​តាម​ផ្លូវ​របស់​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ គាត់​អធិប្បាយ និង​បង្រៀន​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព្រះ‌យេស៊ូវ ទោះ​ជា​គាត់​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ។ គាត់​ចាប់​ផ្ដើម​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លា‌ហាន ប៉ុន្តែ ពេល​លោក​អ័គី‌ឡា និង​នាង​ព្រីស៊ីល បាន​ឮ អ្នក​ទាំង​ពីរ​ក៏​នាំ​គាត់​មក​ពន្យល់​ពី​ផ្លូវរបស់​ព្រះ ឲ្យ​រឹត​តែ​ច្បាស់​ថែម​ទៀត។ កាល​លោក​អ័ប៉ុ‌ឡូស​មាន​បំណង​ចង់​ទៅ​ស្រុក​អាខៃ ពួក​បង‌ប្អូន​ក៏​លើក​ទឹក​ចិត្ត​គាត់ ហើយ​សរសេរ​សំបុត្រ​ផ្ញើ​ទៅជម្រាប​ពួក​សិស្ស​នៅ​ទី​នោះ ឲ្យ​ទទួល​គាត់ដោយ​រាក់​ទាក់។ ពេល​ទៅ​ដល់ គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​ជឿ​នៅ​ទី​នោះ ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ។ ដ្បិត​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា​នៅ​កណ្តាល​ជំនុំ​យ៉ាង​ប៉ិន​ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន។

ចែក​រំលែក
អាន កិច្ចការ 18

កិច្ចការ 18:18-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បងប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់ នៅ​កំពង់‌ផែ​កេង‌គ្រា។ លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។ ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជម្រាប​លា​គេ ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​វិល​មក​រក​បងប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​ទៅ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម‌ជំនុំ* បន្ទាប់​មក លោក​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។ ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូក​យូរ​បន្តិច​មក លោក​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស*​ទាំង​អស់​ផង។ មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា បាន​មក​នៅ​ក្រុង​អេភេសូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គម្ពីរ​យ៉ាង​ល្អិត‌ល្អន់។ គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​ព្រះ‌អម្ចាស់ និង​មាន​ចិត្ត​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​ព្រះ‌បន្ទូល ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​ព្រះ‌យេស៊ូ​ផង។ ប៉ុន្តែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក*​របស់​លោក​យ៉ូហាន​ប៉ុណ្ណោះ។ គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់‌អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់​ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់​ថែម​ទៀត។ បន្ទាប់​មក ដោយ​លោក​អប៉ូ‌ឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បងប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ពួក​សិស្ស*​នៅ​ស្រុក​នោះ ឲ្យ​ទទួល​គាត់​ដោយ​រាក់‌ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះ‌ខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។ ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែក‌ញែក​គម្ពីរ បញ្ជាក់​ប្រាប់​គេ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត*​មែន។

ចែក​រំលែក
អាន កិច្ចការ 18

កិច្ចការ 18:18-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល នឹង​អ័គីឡា ទៅ​ជា​មួយ​ផង កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ រួច​គេ​សូម​ឲ្យ​គាត់​នៅ​ជា​មួយ​នឹង​គេ​ជា​យូរ​បន្តិច​ទៀត តែ​គាត់​មិន​ព្រម​ទេ គាត់​លា​គេ​ទៅ​ដោយ​ពាក្យ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ក្រោយ​នេះ នៅ​ក្រុង​យេរូ‌សាឡិម​ជា​មិន​ខាន តែ​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ រួច​គាត់​ចុះ​សំពៅ ចេញ​ពី​អេភេសូរ​ទៅ លុះ​ចូល​ចត​នៅ​ក្រុង​សេសារា​ហើយ ក៏​ឡើង​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ រួច​ចុះ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ គាត់​នៅ​ទី​នោះ​ជា​យូរ​ក្រែល រួច​ចេញ​ទៅ​ដើរ​កាត់​ស្រុក​កាឡាទី នឹង​ស្រុក​ព្រីគា​ដោយ​លំដាប់ ព្រម​ទាំង​តាំង​ឲ្យ​ពួក​សិស្ស​ទាំង​អស់​បាន​ខ្ជាប់‌ខ្ជួន​ឡើង។ នៅ​ក្នុង​គ្រា​នោះ មាន​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័ប៉ុឡូស ដែល​កើត​នៅ​ក្រុង​អ័លេ‌ក្សានទ្រា ជា​អ្នក​មាន​វោហារ ហើយ​ក៏​ចេះ​ស្ទាត់​ក្នុង​គម្ពីរ​ដែរ គាត់​មក​ដល់​ក្រុង​អេភេសូរ គាត់​បាន​សិក្សា​ខាង​ឯ​ផ្លូវ​ព្រះ‌អម្ចាស់ ហើយ​ដោយ​ព្រោះ​គាត់​មាន​ចិត្ត​ឧស្សាហ៍ បាន​ជា​គាត់​អធិប្បាយ ហើយ​បង្រៀន​យ៉ាង​ត្រឹម‌ត្រូវ ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​ព្រះ‌អម្ចាស់ ទោះ​បើ​ស្គាល់​តែ​បុណ្យ​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏​ដោយ ហើយ​គាត់​ចាប់​តាំង​អធិប្បាយ​ក្នុង​សាលា​ប្រជុំ​ដោយ​ក្លាហាន កាល​អ័គីឡា នឹង​ព្រីស៊ីល​បាន​ឮ នោះ​ក៏​នាំ​ទៅ​ពន្យល់​ពី​ផ្លូវ​ព្រះ ឲ្យ​រឹត‌តែ​ច្បាស់​ទៅ​ទៀត រួច​គាត់​គិត​នឹង​ទៅ​ឯ​ស្រុក​អាខៃ នោះ​ពួក​ជំនុំ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ទៅ ទូន្មាន​ពួក​សិស្ស​ឲ្យ​ទទួល​គាត់ លុះ​ដល់​ហើយ គាត់​ក៏​ជួយ​យ៉ាង​សន្ធឹក ដល់​ពួក​អ្នក​ដែល​ជឿ​ដោយ​ព្រះ‌គុណ ព្រោះ​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា នៅ​កណ្តាល​ជំនុំ ដោយ​ប៉ិន‌ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​មែន។

ចែក​រំលែក
អាន កិច្ចការ 18