កិច្ចការ 18:1-22

កិច្ចការ 18:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ហេតុ‌ការណ៍​នេះ​មក លោក​ប៉ុល​បាន​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ទៅ​ក្រុង​កូរិន‌ថូស។ នៅ​ទី​នោះ លោក​ជួប​សាសន៍​យូដា​ម្នាក់ ឈ្មោះ​អ័គី‌ឡា ជា​អ្នក​ស្រុក​ប៉ុន‌តុស ដែល​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ជាមួយ​នាង​ព្រីស៊ីល​ជា​ប្រពន្ធ ព្រោះ​ព្រះ​ចៅ​ក្លូឌាស បាន​បង្គាប់​ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់។ លោក​ប៉ុល​បាន​ទៅ​ជួប​អ្នក​ទាំង​ពីរ ហើយ​ដោយ​ព្រោះ​លោក​មានមុខ​របរ​ដូច​គ្នា លោក​ក៏​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា‌មួយ​គេ ដ្បិត​គេ​ជា​អ្នក​ធ្វើ​តង់។ លោក​ជជែក​វែកញែក​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​ថ្ងៃ​សប្ប័ទ ហើយ​ព្យាយាម​ណែនាំ​សាសន៍​យូដា និង​សាសន៍​ក្រិក​ឲ្យ​ជឿ។ កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ុល​ក៏​ចំណាយ​ពេល​ទាំង‌អស់ដើម្បី​ផ្សាយ​ព្រះ‌បន្ទូល ទាំង​ធ្វើ​បន្ទាល់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិតមែន ។ តែ​ដោយ​ព្រោះ​សាសន៍​យូដា​ចេះ​តែ​ទាស់​ទទឹង ហើយ​ជេរ​ប្រមាថ​លោក​ផងនោះ លោក​ក៏​រលាស់​អាវ​ខ្លួន ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​គ្មាន​ទោស​ទេ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ លោក​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ។ ឯ​លោក​គ្រីស‌ប៉ុស ជាមេ​សាលា​ប្រជុំ បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​អស់។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើនបាន​ស្តាប់ ហើយ​ជឿ រួច​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ យប់​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ប៉ុល​ក្នុង​និមិត្ត​ថា៖ «កុំ​ខ្លាច​អី ចូរ​និយាយ​ទៅ កុំ​នៅ​ស្ងៀម​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក​ហើយ គ្មាន​អ្នក​ណា​ហ៊ាន​តតាំង​ធ្វើ​បាប​អ្នក​បាន​ទេ ដ្បិត​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ ជាប្រជា​រាស្រ្ត​របស់​យើង»។ លោក​ស្នាក់​នៅ​ទី​នោះ​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ ទាំង​បង្រៀន​ព្រះ‌បន្ទូល​របស់​ព្រះ​ក្នុង​ចំណោម​ពួក​គេ។ ប៉ុន្តែ ពេល​លោក​កាលី‌យ៉ូ​ធ្វើ​ជា​អភិបាល​ជាតិ​រ៉ូម​នៅ​ស្រុក​អាខៃ ពួក​សាសន៍​យូដា​ព្រួត​គ្នា​ទាស់​នឹង​លោក​ប៉ុល ហើយ​នាំ​លោក​ទៅ​សាលាក្តី ទាំង​ចោទ​ថា៖ «អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ​បង្គំ​ព្រះ​ផ្ទុយ​នឹង​ច្បាប់»។ ប៉ុន្ដែ កាល​លោក​ប៉ុល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅកាន់​ពួក​សាសន៍​យូដា​ថា៖ «ពួក​សាសន៍​យូដា​អើយ ប្រសិន‌បើ​ជា​បទ​ល្មើស ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ ខ្ញុំ​សម​នឹងទទួល​ស្តាប់​អ្នក​រាល់​គ្នា ប៉ុន្តែ ដោយ​សារ​ករណី​នេះ​ជា​រឿង​ពាក្យ​សម្ដី រឿង​ឈ្មោះ និង​រឿង​ក្រឹត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា សូម​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ធ្វើ​ចៅ​ក្រម​ជំនុំ‌ជម្រះ​រឿង​ដូច្នេះ​ឡើយ»។ លោក​ក៏​ដេញ​គេចេញ​ពី​សាលា​ក្តីទៅ។ ពេល​នោះ ពួកគេ​ទាំង​ប៉ុន្មាន​ក៏​ចាប់​លោក​សូស្ថេន ជា​មេ​សាលា​ប្រជុំ ហើយ​វាយ​លោក​នៅ​មុខ​សាលា​ក្តី តែ​លោក​កាលី‌យ៉ូ​មិនខ្វល់​ពី​រឿង​នេះ​ឡើយ។ ក្រោយ​ហេតុ‌ការណ៍​នេះ​មក លោក​ប៉ុល​បាន​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត បន្ទាប់​មក លោក​ជម្រាប​លាពួក​បង‌ប្អូន ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី មាន​ទាំងនាង​ព្រីស៊ីល និង​លោក​អ័គី‌ឡាទៅ​ជា‌មួយ​ដែរ។ លោក​បាន​កោរ​សក់​នៅ​ក្រុង​កេង‌គ្រា ព្រោះ​លោក​ត្រូវ​លា​បន់​បំណន់ ។ ពេលមក​ក្រុង​អេភេ‌សូរ លោក​ប៉ុល​ទុក​អ្នក​ទាំង​ពីរឲ្យ​នៅ​ទី​នោះ តែ​ឯ​លោក​វិញ ចូល​ទៅ​ក្នុង​សាលា​ប្រជុំ ហើយ​ជជែក​វែក​ញែក​ជាមួយ​សាសន៍​យូដា។ គេ​សុំ​ឲ្យលោកស្នាក់​នៅ​ជា‌មួយ​គេ​យូរ​បន្តិច​ទៀត តែ​លោក​មិន​ព្រម លោក​ជម្រាប​លា​គេ​ដោយ​ពាក្យ​ថា៖ «ខ្ញុំ​នឹង​ត្រឡប់​មករក​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ» រួច​លោក​ក៏​ចុះ​សំពៅ ចេញ​ពី​ក្រុង​អេភេ‌សូរ​ទៅ។ កាល​លោក​បាន​ចូល​ចត​នៅ​ក្រុង​សេ‌សារា​ហើយ លោក​ក៏​ឡើង​ទៅ​ជម្រាប​សួរ​ក្រុម​ជំនុំ បន្ទាប់​មក ចុះ​ទៅ​ក្រុង​អាន់‌ទីយ៉ូក។

ចែក​រំលែក
អាន កិច្ចការ 18

កិច្ចការ 18:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិនថូស។ នៅ​ក្រុង​នោះ លោក​បាន​ជួប​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគី‌ឡា ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគី‌ឡា និង​នាង​ព្រីស៊ីល​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតា‌លី ព្រោះ​ព្រះចៅ​អធិ‌រាជ​ក្លូឌាស​បាន​ចេញ​បញ្ជា​ឲ្យ​ជន‌ជាតិ​យូដា​ទាំង​អស់ ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់ទង​នឹង​អ្នក​ទាំង​ពីរ ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​លោក​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សម្រាប់​បោះ​ជំរំ។ រៀង​រាល់​ថ្ងៃ​សប្ប័ទ* លោក​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ* និង​ខិត‌ខំ​ណែ‌នាំ​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។ កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេ‌ដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​ព្រះ‌បន្ទូល។ លោក​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រិស្ត។ ប៉ុន្តែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​លោក ហើយ​ជេរ​ប្រមាថ​លោក​ទៀត​ផង​នោះ លោក​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​លោក ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ លោក​ក៏​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ យូស្ទូស ជា​អ្នក​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ ហើយ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ*។ រីឯ​លោក​គ្រីស‌ប៉ុស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ ក៏​ជឿ​លើ​ព្រះ‌អម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ទៀត​បាន​ស្ដាប់​លោក​ប៉ូល ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក*​ផង។ យប់​មួយ លោក​ប៉ូល​និមិត្ត​ឃើញ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «កុំ​ខ្លាច​អី ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជា‌រាស្ត្រ​របស់​យើង»។ លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិនថូស អស់​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ លោក​បង្រៀន​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​អ្នក​ក្រុង​នោះ។ នៅ​គ្រា​ដែល​លោក​កាលី‌យ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិភូ​របស់​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​លោក​យក​ទៅ​សាលា​កាត់​ក្ដី ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​របៀប​មួយ​ខុស​ច្បាប់»។ ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «ជន‌ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់ទង​នឹង​បទ‌ឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ត​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។ ប៉ុន្តែ បើ​ជា​រឿង​ជជែក​វែក‌ញែក​ស្ដី​អំពី​ពាក្យ‌ពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ធម៌​វិន័យ*​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។ លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្ដី។ ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្តែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ* មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលី‌យ៉ូ​មិន​អើពើ​ទេ។ លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិនថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បងប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់ នៅ​កំពង់‌ផែ​កេង‌គ្រា។ លុះ​មក​ដល់​ក្រុង​អេភេសូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។ ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជម្រាប​លា​គេ ទាំង​ពោល​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ខ្ញុំ​នឹង​វិល​មក​រក​បងប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេសូ​ទៅ។ លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសារា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម‌ជំនុំ* បន្ទាប់​មក លោក​បន្ត​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។

ចែក​រំលែក
អាន កិច្ចការ 18

កិច្ចការ 18:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ប៉ុល​ចេញ​ពី​ក្រុង​អាថែន ទៅ​ឯ​កូរិន‌ថូស នៅ​ទី​នោះ គាត់​ជួប​នឹង​សាសន៍​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា ដែល​កើត​នៅ​ស្រុក​ប៉ុនតុស ជា​អ្នក​ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រម​ទាំង​ព្រីស៊ីល ជា​ប្រពន្ធ​គាត់​ផង ពី​ព្រោះ​មហា‌រាជ​ក្លូឌាស ទ្រង់​បាន​បង្គាប់ ឲ្យ​សាសន៍​យូដា​ចេញ​ពី​ក្រុង​រ៉ូម​ទាំង​អស់​ទៅ គាត់​ក៏​ទៅ​ឯ​អ្នក​ទាំង​២​នោះ រួច​គាត់​ស្នាក់​នៅ ហើយ​ធ្វើ​ការ​ជា​មួយ​នឹង​គេ ពី​ព្រោះ​មាន​របរ​រក​ស៊ី​ធ្វើ​ជាង​ត្រសាល​ដូច​គ្នា គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។ កាល​ស៊ីឡាស នឹង​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ នោះ​ប៉ុល​មាន​សេចក្ដី​បង្ខំ​ក្នុង​ចិត្ត ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល ក៏​ធ្វើ​បន្ទាល់​អស់​ពី​ចិត្ត​ដល់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត តែ​ដោយ​ព្រោះ​គេ​តាំង​ខ្លួន​ទាស់​ទទឹង ហើយ​ក៏​ជេរ​ប្រមាថ​ផង បាន​ជា​ប៉ុល​រលាស់​អាវ​ខ្លួន និយាយ​ថា ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា​ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ​ចុះ ឯ​ខ្ញុំៗ​បរិសុទ្ធ​ទេ អំណឹះ​ទៅ​មុខ ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​ហើយ គាត់​ក៏​ចេញ​ពី​ទី​នោះ ចូល​ទៅ​ក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ​យូស្ទុស ជា​អ្នក​ថ្វាយ‌បង្គំ​ព្រះ ដែល​មាន​ផ្ទះ​នៅ​ជាប់​នឹង​សាលា​ប្រជុំ ឯ​គ្រីស‌ប៉ុស ជា​មេ​សាលា​ប្រជុំ គាត់​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ ក៏​មាន​ពួក​ក្រុង​កូរិន‌ថូស​បាន​ស្តាប់ ហើយ​ជឿ​ជា​ច្រើន ទាំង​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ផង វេលា​យប់​នោះ ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​ប៉ុល​ក្នុង​ការ​ជាក់​ស្តែង​ថា កុំ​ខ្លាច​អ្វី ចូរ​សំដែង​ទៅ កុំ​នៅ​ស្ងៀម​ឡើយ ដ្បិត​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​ហើយ គ្មាន​អ្នក​ណា​នឹង​ប្រទូស្ត​ដល់​អ្នក​បាន​ទេ ខ្ញុំ​ក៏​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ដែរ គាត់​ក៏​នៅ​ទី​នោះ​អស់​១​ឆ្នាំ​៦​ខែ ព្រម​ទាំង​បង្រៀន​ព្រះ‌បន្ទូល​នៅ​ក្នុង​ពួក​គេ។ កាល​លោក​កាលី‌យ៉ូ ធ្វើ​ជា​អ្នក​ដំណាង​សាសន៍​រ៉ូម នៅ​ស្រុក​អាខៃ នោះ​ពួក​សាសន៍​យូដា​លើក​គ្នា ព្រួត​ទាស់​នឹង​ប៉ុល គេ​ចាប់​នាំ​គាត់​ទៅ​ឯ​ទី​ជំនុំ​ក្តី ចោទ​ថា អ្នក​នេះ​ជា​អ្នក​បញ្ចុះ​បញ្ចូល​មនុស្ស ឲ្យ​ថ្វាយ‌បង្គំ​ព្រះ​ខុស​ច្បាប់ តែ​កាល​ប៉ុល​រៀប​នឹង​បើក​មាត់​ដោះ‌សា​ខ្លួន នោះ​លោក​កាលី‌យ៉ូ​និយាយ​ទៅ​ពួក​សាសន៍​យូដា​ថា នែ ពួក​សាសន៍​យូដា​អើយ បើ​សិន​ណា​ជា​មាន​ការ​ទុច្ចរិត​ណា ឬ​ទោស​កំណាច​អ្វី​ដទៃ នោះ​តាម​ទំនង​ខ្ញុំ​ត្រូវ​តែ​ទទួល​ស្តាប់​អ្នក​រាល់​គ្នា ប៉ុន្តែ បើ​សិន​ជា​កើត​ក្តី​ពី​ដំណើរ​ពាក្យ​សំដី ឬ​ពី​នាម​ឈ្មោះ ឬ​ពី​ក្រិត្យ‌វិន័យ​របស់​អ្នក​រាល់​គ្នា​វិញ នោះ​ស្រេច​នឹង​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​មិន​ចូល​ចិត្ត​នឹង​ជំនុំ‌ជំរះ​ចំពោះ​ការ​យ៉ាង​នោះ​ទេ លោក​ក៏​បណ្តេញ​គេ​ចេញ​ពី​សាលា​ជំនុំ‌ជំរះ​ទៅ នោះ​គេ​ក៏​ចាប់​សូស្ថេន ជា​មេ​សាលា​ប្រជុំ មក​វាយ‌ផ្ចាល​នៅ​មុខ​សាលា​ជំនុំ តែ​លោក​កាលី‌យ៉ូ​មិន​រវល់​សោះ។ ឯ​ប៉ុល គាត់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ទៀត រួច​ក្រោយ​ដែល​គាត់​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ហើយ គឺ​ដោយ​ព្រោះ​គាត់​បាន​បន់​បំណន់ នោះ​ក៏​លា​ពួក​ជំនុំ ចុះ​សំពៅ​ទៅ​ឯ​ស្រុក​ស៊ីរី​វិញ មាន​ទាំង​ព្រីស៊ីល នឹង​អ័គីឡា ទៅ​ជា​មួយ​ផង កាល​ទៅ​ដល់​ក្រុង​អេភេសូរ​ហើយ នោះ​ប៉ុល​ទុក​គេ​នៅ​ទី​នោះ តែ​គាត់​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​ក៏​ជជែក​ពន្យល់​ដល់​គេ រួច​គេ​សូម​ឲ្យ​គាត់​នៅ​ជា​មួយ​នឹង​គេ​ជា​យូរ​បន្តិច​ទៀត តែ​គាត់​មិន​ព្រម​ទេ គាត់​លា​គេ​ទៅ​ដោយ​ពាក្យ​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើ​បុណ្យ​ក្រោយ​នេះ នៅ​ក្រុង​យេរូ‌សាឡិម​ជា​មិន​ខាន តែ​បើ​ព្រះ‌ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​ឯ​អ្នក​រាល់​គ្នា​វិញ រួច​គាត់​ចុះ​សំពៅ ចេញ​ពី​អេភេសូរ​ទៅ លុះ​ចូល​ចត​នៅ​ក្រុង​សេសារា​ហើយ ក៏​ឡើង​ទៅ​ជំរាប​សួរ​ដល់​ពួក​ជំនុំ រួច​ចុះ​ទៅ​ឯ​អាន់‌ទី‌យ៉ូក​វិញ

ចែក​រំលែក
អាន កិច្ចការ 18