កិច្ចការ 18:1-17
កិច្ចការ 18:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រោយហេតុការណ៍នេះមក លោកប៉ុលបានចេញពីក្រុងអាថែន ធ្វើដំណើរទៅក្រុងកូរិនថូស។ នៅទីនោះ លោកជួបសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ជាអ្នកស្រុកប៉ុនតុស ដែលទើបនឹងមកពីស្រុកអ៊ីតាលី ជាមួយនាងព្រីស៊ីលជាប្រពន្ធ ព្រោះព្រះចៅក្លូឌាស បានបង្គាប់ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់។ លោកប៉ុលបានទៅជួបអ្នកទាំងពីរ ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។ លោកជជែកវែកញែកនៅក្នុងសាលាប្រជុំរាល់ថ្ងៃសប្ប័ទ ហើយព្យាយាមណែនាំសាសន៍យូដា និងសាសន៍ក្រិកឲ្យជឿ។ កាលលោកស៊ីឡាស និងលោកធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ុលក៏ចំណាយពេលទាំងអស់ដើម្បីផ្សាយព្រះបន្ទូល ទាំងធ្វើបន្ទាល់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិតមែន ។ តែដោយព្រោះសាសន៍យូដាចេះតែទាស់ទទឹង ហើយជេរប្រមាថលោកផងនោះ លោកក៏រលាស់អាវខ្លួន ហើយមានប្រសាសន៍ថា៖ «ចូរឲ្យឈាមអ្នករាល់គ្នា ធ្លាក់លើក្បាលអ្នករាល់គ្នាចុះ ខ្ញុំគ្មានទោសទេ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ លោកក៏ចេញពីទីនោះ ចូលទៅក្នុងផ្ទះបុរសម្នាក់ ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះ ដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ។ ឯលោកគ្រីសប៉ុស ជាមេសាលាប្រជុំ បានជឿដល់ព្រះអម្ចាស់ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងអស់។ មានអ្នកក្រុងកូរិនថូសជាច្រើនបានស្តាប់ ហើយជឿ រួចបានទទួលពិធីជ្រមុជទឹក។ យប់មួយ ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកប៉ុលក្នុងនិមិត្តថា៖ «កុំខ្លាចអី ចូរនិយាយទៅ កុំនៅស្ងៀមឡើយ ដ្បិតយើងនៅជាមួយអ្នកហើយ គ្មានអ្នកណាហ៊ានតតាំងធ្វើបាបអ្នកបានទេ ដ្បិតមនុស្សជាច្រើននៅក្នុងទីក្រុងនេះ ជាប្រជារាស្រ្តរបស់យើង»។ លោកស្នាក់នៅទីនោះរយៈពេលមួយឆ្នាំប្រាំមួយខែ ទាំងបង្រៀនព្រះបន្ទូលរបស់ព្រះក្នុងចំណោមពួកគេ។ ប៉ុន្តែ ពេលលោកកាលីយ៉ូធ្វើជាអភិបាលជាតិរ៉ូមនៅស្រុកអាខៃ ពួកសាសន៍យូដាព្រួតគ្នាទាស់នឹងលោកប៉ុល ហើយនាំលោកទៅសាលាក្តី ទាំងចោទថា៖ «អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះផ្ទុយនឹងច្បាប់»។ ប៉ុន្ដែ កាលលោកប៉ុលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ពួកសាសន៍យូដាថា៖ «ពួកសាសន៍យូដាអើយ ប្រសិនបើជាបទល្មើស ឬបទឧក្រិដ្ឋណាមួយ ខ្ញុំសមនឹងទទួលស្តាប់អ្នករាល់គ្នា ប៉ុន្តែ ដោយសារករណីនេះជារឿងពាក្យសម្ដី រឿងឈ្មោះ និងរឿងក្រឹត្យវិន័យរបស់អ្នករាល់គ្នា សូមដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនធ្វើចៅក្រមជំនុំជម្រះរឿងដូច្នេះឡើយ»។ លោកក៏ដេញគេចេញពីសាលាក្តីទៅ។ ពេលនោះ ពួកគេទាំងប៉ុន្មានក៏ចាប់លោកសូស្ថេន ជាមេសាលាប្រជុំ ហើយវាយលោកនៅមុខសាលាក្តី តែលោកកាលីយ៉ូមិនខ្វល់ពីរឿងនេះឡើយ។
កិច្ចការ 18:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រោយមក លោកប៉ូលបានចាកចេញពីក្រុងអាថែន ធ្វើដំណើរឆ្ពោះទៅក្រុងកូរិនថូស។ នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូឌាសបានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។ រៀងរាល់ថ្ងៃសប្ប័ទ* លោកតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ* និងខិតខំណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។ កាលលោកស៊ីឡាស និងលោកធីម៉ូថេ ធ្វើដំណើរពីស្រុកម៉ាសេដូនមកដល់ហើយ លោកប៉ូលក៏ចំណាយពេលទាំងអស់របស់លោក ដើម្បីប្រកាសព្រះបន្ទូល។ លោកបានបញ្ជាក់ប្រាប់សាសន៍យូដាថា ព្រះយេស៊ូពិតជាព្រះគ្រិស្ត។ ប៉ុន្តែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងលោក ហើយជេរប្រមាថលោកទៀតផងនោះ លោកក៏រលាស់ធូលីដីពីអាវរបស់លោក ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេ ចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ លោកក៏ចាកចេញពីទីនោះឆ្ពោះទៅផ្ទះបុរសម្នាក់ឈ្មោះ យូស្ទូស ជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយផ្ទះគាត់នៅជាប់នឹងសាលាប្រជុំ*។ រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់លោកវិញ ក៏ជឿលើព្រះអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀតបានស្ដាប់លោកប៉ូល ហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹក*ផង។ យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី ត្រូវនិយាយតទៅទៀត កុំនៅស្ងៀមឡើយ ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ ពុំមាននរណាអាចធ្វើបាបអ្នកបានទេ ព្រោះនៅក្រុងនេះ មានមនុស្សជាច្រើនជាប្រជារាស្ត្ររបស់យើង»។ លោកប៉ូលស្នាក់នៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។ នៅគ្រាដែលលោកកាលីយ៉ូកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូម៉ាំង នៅស្រុកអាខៃ សាសន៍យូដាបានសមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់ក្ដី ទាំងចោទថា៖ «ជននេះបញ្ចុះបញ្ចូលមនុស្សម្នាឲ្យគោរពថ្វាយបង្គំព្រះជាម្ចាស់ តាមរបៀបមួយខុសច្បាប់»។ ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោកកាលីយ៉ូមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ ប្រសិនបើរឿងនេះទាក់ទងនឹងបទឧក្រិដ្ឋ ឬបទល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្ដាប់អ្នករាល់គ្នាមិនខាន។ ប៉ុន្តែ បើជារឿងជជែកវែកញែកស្ដីអំពីពាក្យពេចន៍ អំពីឈ្មោះ ឬអំពីធម៌វិន័យ*របស់អ្នករាល់គ្នាទេនោះ ចូរដោះស្រាយខ្លួនឯងទៅ ខ្ញុំមិនព្រមកាត់ក្ដីឲ្យអ្នករាល់គ្នាអំពីរឿងនេះឡើយ»។ លោកក៏ដេញពួកគេចេញពីសាលាកាត់ក្ដី។ ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្តែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ* មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
កិច្ចការ 18:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ក្រោយនោះមក ប៉ុលចេញពីក្រុងអាថែន ទៅឯកូរិនថូស នៅទីនោះ គាត់ជួបនឹងសាសន៍យូដាម្នាក់ឈ្មោះអ័គីឡា ដែលកើតនៅស្រុកប៉ុនតុស ជាអ្នកទើបនឹងមកពីស្រុកអ៊ីតាលី ព្រមទាំងព្រីស៊ីល ជាប្រពន្ធគាត់ផង ពីព្រោះមហារាជក្លូឌាស ទ្រង់បានបង្គាប់ ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់ទៅ គាត់ក៏ទៅឯអ្នកទាំង២នោះ រួចគាត់ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ ពីព្រោះមានរបររកស៊ីធ្វើជាងត្រសាលដូចគ្នា គាត់ក៏អធិប្បាយនៅក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក ព្រមទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា នឹងសាសន៍ក្រេកឲ្យជឿផង។ កាលស៊ីឡាស នឹងធីម៉ូថេ បានចុះពីស្រុកម៉ាសេដូនមកដល់ហើយ នោះប៉ុលមានសេចក្ដីបង្ខំក្នុងចិត្ត ឲ្យផ្សាយព្រះបន្ទូល ក៏ធ្វើបន្ទាល់អស់ពីចិត្តដល់សាសន៍យូដាថា ព្រះយេស៊ូវជាព្រះគ្រីស្ទពិត តែដោយព្រោះគេតាំងខ្លួនទាស់ទទឹង ហើយក៏ជេរប្រមាថផង បានជាប៉ុលរលាស់អាវខ្លួន និយាយថា ចូរឲ្យឈាមអ្នករាល់គ្នាធ្លាក់លើក្បាលអ្នករាល់គ្នាវិញចុះ ឯខ្ញុំៗបរិសុទ្ធទេ អំណឹះទៅមុខ ខ្ញុំនឹងទៅឯសាសន៍ដទៃហើយ គាត់ក៏ចេញពីទីនោះ ចូលទៅក្នុងផ្ទះម្នាក់ ឈ្មោះយូស្ទុស ជាអ្នកថ្វាយបង្គំព្រះ ដែលមានផ្ទះនៅជាប់នឹងសាលាប្រជុំ ឯគ្រីសប៉ុស ជាមេសាលាប្រជុំ គាត់ជឿដល់ព្រះអម្ចាស់ ព្រមទាំងពួកគ្រួគាត់ទាំងអស់ដែរ ក៏មានពួកក្រុងកូរិនថូសបានស្តាប់ ហើយជឿជាច្រើន ទាំងទទួលបុណ្យជ្រមុជទឹកផង វេលាយប់នោះ ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅប៉ុលក្នុងការជាក់ស្តែងថា កុំខ្លាចអ្វី ចូរសំដែងទៅ កុំនៅស្ងៀមឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នកហើយ គ្មានអ្នកណានឹងប្រទូស្តដល់អ្នកបានទេ ខ្ញុំក៏មានមនុស្សជាច្រើននៅក្នុងទីក្រុងនេះដែរ គាត់ក៏នៅទីនោះអស់១ឆ្នាំ៦ខែ ព្រមទាំងបង្រៀនព្រះបន្ទូលនៅក្នុងពួកគេ។ កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះខុសច្បាប់ តែកាលប៉ុលរៀបនឹងបើកមាត់ដោះសាខ្លួន នោះលោកកាលីយ៉ូនិយាយទៅពួកសាសន៍យូដាថា នែ ពួកសាសន៍យូដាអើយ បើសិនណាជាមានការទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសំដី ឬពីនាមឈ្មោះ ឬពីក្រិត្យវិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជំរះចំពោះការយ៉ាងនោះទេ លោកក៏បណ្តេញគេចេញពីសាលាជំនុំជំរះទៅ នោះគេក៏ចាប់សូស្ថេន ជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។