កិច្ចការ 17:24-30

កិច្ចការ 17:24-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ​ដែល​បង្កើត​ពិភព‌លោក និង​អ្វីៗ​សព្វ​សារពើ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។ ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ហើយ​បើ​គេ​ស្វែង​រក​ព្រះ‌អង្គ​មែន​នោះ គេ​មុខ​ជា​នឹង​រក​ព្រះ‌អង្គ​ឃើញ​មិន​ខាន។ តាម​ពិត ព្រះ‌អង្គ​មិន​គង់​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ។ ដ្បិត "នៅ​ក្នុង​ព្រះ‌អង្គ យើង​រស់នៅ មាន​ចលនា ហើយ​មាន​ជីវិត​ជា​មនុស្ស" ដូច​កវី​ខ្លះ​របស់​អស់​លោក បាន​ពោល​ថា៖ "ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ"។ ដូច្នេះ ប្រសិន‌បើ​យើងជា​ពូជ​របស់​ព្រះ​មែន យើង​មិន​គួរ​គិត​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ឡើយ។ ពី​មុន ព្រះបាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់នោះ​មែន តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បង្គាប់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែ​ចិត្ត​វិញ

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:24-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ព្រះ‌អម្ចាស់​នៃ​ផែនដី ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ‌រក្សា​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។ ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។ ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះអង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះអង្គ​មែន​នោះ គេ​ប្រហែល​ជា​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះអង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។ ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះ‌ជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា​ព្រះអង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើង តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្ស​លោក ក្នុង​គ្រា​ដែល​គេ​មិន​ទាន់​ស្គាល់​ព្រះអង្គ​នៅ​សម័យ​មុនៗ​នោះ​ទេ តែ​ឥឡូវ​នេះ ព្រះអង្គ​ប្រទាន​ដំណឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​គ្រប់​ទី​កន្លែង ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:24-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ នឹង​របស់​សព្វ​សារពើ ព្រះ‌អង្គ​នោះ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់‌ផ្គង់​ដោយ​ព្រះ‌អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ​ក៏​ដោយ ដ្បិត​គឺ​ដោយ‌សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ» ដូច្នេះ បើ​យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ ពី​ដើម ព្រះ‌ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ

ចែក​រំលែក
អាន កិច្ចការ 17