កិច្ចការ 17:24-28
កិច្ចការ 17:24-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។ ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ ដើម្បីឲ្យគេស្វែងរកព្រះ ហើយបើគេស្វែងរកព្រះអង្គមែននោះ គេមុខជានឹងរកព្រះអង្គឃើញមិនខាន។ តាមពិត ព្រះអង្គមិនគង់ឆ្ងាយពីយើងម្នាក់ៗទេ។ ដ្បិត "នៅក្នុងព្រះអង្គ យើងរស់នៅ មានចលនា ហើយមានជីវិតជាមនុស្ស" ដូចកវីខ្លះរបស់អស់លោក បានពោលថា៖ "ដ្បិតយើងក៏ជាពូជរបស់ព្រះអង្គដែរ"។
កិច្ចការ 17:24-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ ហើយព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ ព្រះអង្គប្រទានឲ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ គេប្រហែលជានឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។
កិច្ចការ 17:24-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតព្រះដែលបង្កើតលោកីយ នឹងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថា «មនុស្សយើងជាពូជព្រះដែរ»