កិច្ចការ 17:22-32
កិច្ចការ 17:22-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ លោកប៉ុលឈរនៅកណ្តាលទីអើរីយ៉ូស មានប្រសាសន៍ថា៖ «អស់លោកអ្នកក្រុងអាថែនអើយ ខ្ញុំយល់ឃើញថា គ្រប់ផ្លូវទាំងអស់ អស់លោកខ្នះខ្នែងកាន់សាសនាខ្លាំងណាស់។ ដ្បិត ពេលខ្ញុំដើរកាត់ ខ្ញុំសង្កេតឃើញគ្រឿងសក្ការៈដែលអស់លោកគោរពបូជា ហើយខ្ញុំក៏ឃើញអាសនាមួយ ដែលមានចារឹកអក្សរថា "ព្រះដែលមិនស្គាល់"។ ដូច្នេះ ខ្ញុំនឹងប្រាប់អស់លោកពីព្រះ ដែលអស់លោកគោរពបូជា ដោយមិនស្គាល់ហ្នឹងហើយ។ ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។ ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ ដើម្បីឲ្យគេស្វែងរកព្រះ ហើយបើគេស្វែងរកព្រះអង្គមែននោះ គេមុខជានឹងរកព្រះអង្គឃើញមិនខាន។ តាមពិត ព្រះអង្គមិនគង់ឆ្ងាយពីយើងម្នាក់ៗទេ។ ដ្បិត "នៅក្នុងព្រះអង្គ យើងរស់នៅ មានចលនា ហើយមានជីវិតជាមនុស្ស" ដូចកវីខ្លះរបស់អស់លោក បានពោលថា៖ "ដ្បិតយើងក៏ជាពូជរបស់ព្រះអង្គដែរ"។ ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។ ពីមុន ព្រះបានទតរំលងគ្រាខ្លៅល្ងង់នោះមែន តែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងឲ្យប្រែចិត្តវិញ ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។ កាលគេបានឮអំពីមនុស្សស្លាប់រស់ឡើងវិញ មានខ្លះចំអកឲ្យ ហើយខ្លះទៀតពោលថា៖ «យើងនឹងស្ដាប់អំពីរឿងនេះម្តងទៀត»។
កិច្ចការ 17:22-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំ នៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់ ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយ ដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។ ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ ហើយព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ ព្រះអង្គប្រទានឲ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ គេប្រហែលជានឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។ ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។ ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្តគំនិត ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត* ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។ កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
កិច្ចការ 17:22-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សំដែងថា ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង ដ្បិតព្រះដែលបង្កើតលោកីយ នឹងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថា «មនុស្សយើងជាពូជព្រះដែរ» ដូច្នេះ បើយើងរាល់គ្នាជាពូជព្រះហើយ នោះមិនត្រូវឲ្យយើងស្មានថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះទេ ពីដើម ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ ហើយខ្លះនិយាយថា យើងនឹងស្តាប់អ្នកពីដំណើរនេះម្តងទៀត