កិច្ចការ 17:1-6
កិច្ចការ 17:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកប៉ុល និងលោកស៊ីឡាសបានធ្វើដំណើរឆ្លងផុតក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនាហើយ ពួកលោកបានមកដល់ក្រុងថែស្សាឡូនីច ដែលនៅទីនោះ មានសាលាប្រជុំមួយរបស់សាសន៍យូដា។ លោកប៉ុលក៏ចូលទៅក្នុងសាលាប្រជុំ តាមទម្លាប់របស់លោក ហើយជជែកវែកញែកអំពីបទគម្ពីរជាមួយពួកគេ អស់រយៈពេលបីថ្ងៃសប្ប័ទ ទាំងពន្យល់បញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយមានប្រសាសន៍ថា៖ «ព្រះយេស៊ូវដែលខ្ញុំប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រីស្ទ»។ អ្នកទាំងនោះខ្លះក៏យល់ព្រម ហើយបានចូលរួមជាមួយលោកប៉ុល និងលោកស៊ីឡាស ព្រមទាំងពួកសាសន៍ក្រិកជាច្រើន ដែលគោរពកោតខ្លាចព្រះ និងស្រ្ដីៗអ្នកមុខអ្នកការជាច្រើនក៏ចូលរួមដែរ។ ប៉ុន្ដែ ពួកសាសន៍យូដាមានចិត្តច្រណែន ហើយនាំមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានគ្នាមួយក្រុម ឲ្យបង្កើតចលាចលក្នុងទីក្រុង គេសម្រុកចូលផ្ទះលោកយ៉ាសុន រកចាប់លោកប៉ុល និងលោកស៊ីឡាស យកមកឲ្យប្រជាជនកាត់ទោស។ ពេលរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសុន និងពួកបងប្អូនខ្លះ កន្ត្រាក់នាំទៅយកជូនអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកដែលនាំឲ្យពិភពលោកក្រឡាប់ចាក់ បានមកដល់ទីនេះហើយ
កិច្ចការ 17:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូល និងលោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ*មួយរបស់សាសន៍យូដា។ លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទ* ក្នុងអំឡុងបីសប្ដាហ៍។ លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្តត្រូវតែរងទុក្ខវេទនា និងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ត គឺព្រះយេស៊ូដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលុប ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងមានស្ត្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។ រីឯជនជាតិយូដាវិញ គេមានចិត្តច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។
កិច្ចការ 17:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលី នឹងក្រុងអ័ប៉ុឡូនា នោះគេទៅដល់ក្រុងថែស្សាឡូនីច ជាកន្លែងដែលមានសាលាប្រជុំរបស់សាសន៍យូដា ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ តែពួកសាសន៍យូដាដែលមិនព្រមជឿ គេមានចិត្តឈ្នានីស ក៏នាំយកមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានមនុស្សយ៉ាងសន្ធឹក ទៅបង្កើតវឹកវរក្នុងទីក្រុង ហើយនាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុន រកចាប់ប៉ុល នឹងស៊ីឡាស នាំចេញមកឯបណ្តាជន លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ