កិច្ចការ 17:1-34

កិច្ចការ 17:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​លោក​ប៉ុល និង​លោក​ស៊ីឡាស​បាន​ធ្វើ​ដំណើរ​ឆ្លង​ផុត​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អ័ប៉ុ‌ឡូនា​ហើយ ពួក​លោក​បាន​មក​ដល់​ក្រុង​ថែស្សា‌ឡូនីច ដែលនៅ​ទីនោះ មាន​សាលា​ប្រជុំ​មួយ​របស់​សាសន៍​យូដា។ លោក​ប៉ុល​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ តាម​ទម្លាប់​របស់​លោក ហើយ​ជជែក​វែក​ញែក​អំពី​បទ​គម្ពីរ​ជាមួយ​ពួកគេ អស់​រយៈ​ពេល​បី​ថ្ងៃ​សប្ប័ទ ទាំង​ពន្យល់​បញ្ជាក់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌យេស៊ូវ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ»។ អ្នក​ទាំង​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​រួម​ជាមួយ​លោក​ប៉ុល និង​លោក​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រិក​ជា​ច្រើន ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ស្រ្ដី​ៗ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ក៏​ចូល​រួម​ដែរ។ ប៉ុន្ដែ ពួក​សាសន៍​យូដា​មាន​ចិត្ត​ច្រណែន ហើយ​នាំ​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​គ្នា​មួយ​ក្រុម ឲ្យ​បង្កើត​ចលាចលក្នុង​ទី​ក្រុង គេ​សម្រុក​ចូល​ផ្ទះលោក​យ៉ាសុន រក​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស យក​មក​ឲ្យ​ប្រជាជន​កាត់​ទោស។ ពេល​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសុន និង​ពួក​បង‌ប្អូន​ខ្លះ កន្ត្រាក់​នាំ​ទៅ​យក​ជូន​អាជ្ញា​ធរ​ក្រុង ដោយ​ស្រែក​ថា៖ «ពួក​អ្នក​ដែល​នាំ​ឲ្យ​ពិភព​លោក​ក្រឡាប់​ចាក់ បាន​មក​ដល់​ទី​នេះ​ហើយ យ៉ាសុន​បាន​ទទួល​គេ​ឲ្យ​ស្នាក់​នៅ ហើយ​ប្រព្រឹត្ត​សុទ្ធ​តែ​ប្រឆាំង​នឹង​រាជក្រឹត្យ​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​មួយ​ទៀត ឈ្មោះ​យេស៊ូវ»។ មនុស្ស​ទាំង​អស់ និង​ពួក​អាជ្ញាធរ​ក្រុង​មាន​ការ​ព្រួយ​បារម្ភ ពេល​ឮ​ដូច្នេះ។ កាល​គេ​បាន​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន និង​អ្នក​ឯ​ទៀត​រួច​ហើយ គេ​ក៏ដោះ​លែង​ឲ្យ​ទៅវិញ។ ពួក​បង‌ប្អូន​ក៏​ឲ្យ​លោក​ប៉ុល និង​លោក​ស៊ីឡាស ចេញ​ទៅ​ក្រុង​បេរា​ទាំង​យប់​ភ្លាម ហើយ​ពេល​ទៅ​ដល់ ពួក​លោក​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា។ សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច ដ្បិត​គេ​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​សង្វាត ទាំង​ពិចារណា​មើល​គម្ពីរ​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ទាំង​នេះត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ។ ដូច្នេះ ក្នុង​ចំណោម​ពួក​គេ មានមនុស្ស​ជា​ច្រើន​បាន​ជឿ មាន​ទាំង​ស្ត្រី​ទាំង​បុរស​អ្ន​ក​មុខ​អ្នក​ការ​សាសន៍​ក្រិក​ជា​ច្រើនបាន​ជឿ​ដែរ។ ប៉ុន្ដែ ពេល​ពួក​សាសន៍​យូដា​នៅ​ក្រុង​ថែស្សា‌ឡូនីច​បាន​ដឹង​ថា លោក​ប៉ុល​បាន​ប្រកាស​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​នាំគ្នា​មក​ញុះ‌ញង់​នៅ​ទី​នោះ​ទៀត។ ពេល​នោះ ពួក​បង‌ប្អូន​ក៏​នាំ​លោក​ប៉ុល​ចេញ​ទៅ​ឯ​មាត់​សមុទ្រ​ភ្លាម តែ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ស្នាក់​នៅ​ទី​នោះ​ដដែល។ ពួក​អ្នក​ដែល​ជូន​ដំណើរ​លោក​ប៉ុល បាន​មកជាមួយ​លោក​ត្រឹម​ក្រុង​អាថែន ហើយ​ក្រោយ​ពី​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើពីលោក​ប៉ុល ដែល​ផ្តាំ​ទៅ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​ជួប​លោក​ជា​ប្រញាប់​រួច​ហើយ គេ​ក៏​ត្រឡប់​ទៅ​វិញ។ កាល​លោក​ប៉ុលកំពុងរង់​ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន វិញ្ញាណ​របស់​លោក​ពុះ​កញ្ជ្រោល​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ។ ដូច្នេះ លោក​ក៏​ជជែកវែក​ញែក​នៅ​ក្នុង​សាលា​ប្រជុំជាមួយ​សាសន៍​យូដា និង​ពួក​អ្នក​ដែល​គោរព​កោត​ខ្លាចព្រះ ហើយ​រាល់​ថ្ងៃនៅ​ទី​ផ្សារ​ជា‌មួយ​អស់​អ្នក​ដែល​ជួប​ជាមួយ​លោក។ មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្តូអ៊ីក ក៏​បាន​សន្ទនា​ជាមួយ​លោក ខ្លះ​ពោល​ថា៖ «តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ចង់​និយាយ​ពី​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «មើល​ទៅ​ដូច​ជា​គាត់​ប្រកាស​ពី​ព្រះ​ពួក​បរទេស»។ ដ្បិត​លោក​កំពុង​ប្រកាស​អំពី​ព្រះ‌យេស៊ូវ និង​អំ‌ពី​ការ​រស់​ពី​ស្លាប់។ គេ​ក៏​នាំ​លោក​ទៅ​ភ្នំ​អើរី‌យ៉ូស សួរ​ថា៖ «តើ​យើង​អាច​ដឹង​ពី​សេចក្ដី​បង្រៀន​ថ្មី ដែល​លោក​ប្រកាស​នេះ​បាន​ឬ​ទេ? ដ្បិត​យើង​បាន​ឮលោក​ប្រកាស​យ៉ាង​ចម្លែក ដូច្នេះ យើង​ចង់​ដឹង​សេចក្តី​ទាំង​នេះ​មាន​ន័យ​ដូចម្ដេច»។ ពួក​អ្នក​នៅ​ក្រុង​អាថែន និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅក្រុង​នោះ​ទាំង​ប៉ុន្មាន មិន​ចំណាយ​ពេល​ធ្វើ​អ្វី​ក្រៅ​តែ​ពី​និយាយ ឬ​ស្តាប់​រឿង​ថ្មី​ប៉ុណ្ណោះ​ឡើយ។ ដូច្នេះ លោក​ប៉ុល​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស មាន​ប្រសាសន៍​ថា៖ «អស់​លោក​អ្នក​ក្រុង​អាថែន​អើយ ខ្ញុំ​យល់​ឃើញ​ថា គ្រប់​ផ្លូវទាំង​អស់ អស់​លោកខ្នះ​ខ្នែង​កាន់​សាសនា​ខ្លាំង​ណាស់។ ដ្បិត ពេល​ខ្ញុំ​ដើរ​កាត់ ខ្ញុំ​សង្កេត​ឃើញ​គ្រឿង​សក្ការៈ​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​ឃើញ​អាសនា​មួយ ដែល​មាន​ចារឹកអក្សរ​ថា "ព្រះដែល​មិន​ស្គាល់"។ ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​ពី​ព្រះ ដែល​អស់​លោក​គោរព​បូជា ដោយ​មិន​ស្គាល់​ហ្នឹង​ហើយ។ ព្រះ​ដែល​បង្កើត​ពិភព‌លោក និង​អ្វីៗ​សព្វ​សារពើ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។ ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ហើយ​បើ​គេ​ស្វែង​រក​ព្រះ‌អង្គ​មែន​នោះ គេ​មុខ​ជា​នឹង​រក​ព្រះ‌អង្គ​ឃើញ​មិន​ខាន។ តាម​ពិត ព្រះ‌អង្គ​មិន​គង់​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ។ ដ្បិត "នៅ​ក្នុង​ព្រះ‌អង្គ យើង​រស់នៅ មាន​ចលនា ហើយ​មាន​ជីវិត​ជា​មនុស្ស" ដូច​កវី​ខ្លះ​របស់​អស់​លោក បាន​ពោល​ថា៖ "ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ"។ ដូច្នេះ ប្រសិន‌បើ​យើងជា​ពូជ​របស់​ព្រះ​មែន យើង​មិន​គួរ​គិត​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ឡើយ។ ពី​មុន ព្រះបាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់នោះ​មែន តែ​ឥឡូវ​នេះ ព្រះ‌អង្គ​បង្គាប់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រែ​ចិត្ត​វិញ ព្រោះ​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃមួយ​ទុក ដែល​នឹង​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដោយ​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង ហើយ​ដើម្បី​ជា​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ប្រោស​មនុស្ស​នោះឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។ កាល​គេ​បាន​ឮ​អំពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​ទៀត​ពោល​ថា៖ «យើង​នឹង​ស្ដាប់​អំពី​រឿង​នេះ​ម្តង​ទៀត»។ ដូច្នេះ លោក​ប៉ុល​ក៏​ចេញ​ពី​ចំណោម​គេ​ទៅ។ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​ចូល​រួម​ជាមួយ​លោក ហើយ​បាន​ជឿ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវនីស ជា​ចៅ​ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ព្រម​ទាំង​អ្នកឯ​ទៀត​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល និង​លោក​ស៊ីឡាស ធ្វើ​ដំណើរ​កាត់​ក្រុង​អាំភី‌ប៉ូលី និង​ក្រុង​អប៉ុ‌ឡូនា ហើយ​ទៅ​ដល់​ក្រុង​ថេស្សា‌ឡូនិក។ នៅ​ក្រុង​នោះ មាន​សាលា​ប្រជុំ*​មួយ​របស់​សាសន៍​យូដា។ លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​លោក ព្រម​ទាំង​វែក‌ញែក​គម្ពីរ​ជា​មួយ​ពួក​គេ​រាល់​ថ្ងៃ​សប្ប័ទ* ក្នុង​អំឡុង​បី​សប្ដាហ៍។ លោក​បរិយាយ​ពន្យល់​ប្រាប់​គេ​ថា ព្រះ‌គ្រិស្ត​ត្រូវ​តែ​រង​ទុក្ខ​វេទនា និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ លោក​មាន​ប្រសាសន៍​ថា៖ «ព្រះ‌គ្រិស្ត គឺ​ព្រះ‌យេស៊ូ​ដែល​ខ្ញុំ​បាន​ជម្រាប​បងប្អូន​នេះ​ហើយ»។ ជន‌ជាតិ​យូដា​ខ្លះ​យល់​ស្រប​តាម ហើយ​ចូល​មក​រួប‌រួម​ជា​មួយ​លោក​ប៉ូល និង​លោក​ស៊ីឡាស។ មាន​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លុប ដែល​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ និង​មាន​ស្ត្រីៗ​ជា​ច្រើន ក្នុង​ចំណោម​អ្នក​ធំ​ក៏​ចូល​មក​រួប‌រួម​ដែរ។ រីឯ​ជន‌ជាតិ​យូដា​វិញ គេ​មាន​ចិត្ត​ច្រណែន ហើយ​ប្រមូល​ពួក​ពាល​ដែល​នៅ​តាម​ផ្លូវ មក​បំបះ‌បំបោរ​ប្រជា‌ជន ឲ្យ​កើត​ចលាចល​ក្នុង​ក្រុង។ គេ​បាន​ទៅ​ផ្ទះ​លោក​យ៉ាសូន ក្នុង​គោល​បំណង​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស យក​ទៅ​ឲ្យ​ប្រជា‌ជន​កាត់​ទោស តែ​ដោយ​គេ​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសូន និង​បងប្អូន​ខ្លះ​ទៀត អូស​យក​ទៅ​ជូន​លោក​អភិបាល​ក្រុង ទាំង​ស្រែក​ឡើង​ថា៖ «ពួក​ដែល​បង្ក​ឲ្យ​ជ្រួល‌ច្របល់​ពេញ​ពិភព​លោក​ទាំង​មូល បាន​មក​ដល់​ទី​នេះ​ហើយ!។ យ៉ាសូន​បាន​ទទួល​ពួក​គេ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​គាត់! អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌រាជ‌ក្រឹត្យ​របស់​ព្រះចៅ​អធិ‌រាជ ដ្បិត​ពួក​គេ​ប្រកាស​ថា មាន​ស្ដេច​មួយ​អង្គ​ទៀត នាម​យេស៊ូ»។ ពាក្យ​នេះ​បាន​ធ្វើ​ឲ្យ​បណ្ដា‌ជន និង​លោក​អភិបាល​ក្រុង​ខ្វល់​ចិត្ត។ គេ​បាន​សុំ​ឲ្យ​លោក​យ៉ាសូន និង​អ្នក​ឯ​ទៀតៗ​បង់​ប្រាក់​ធានា ទើប​គេ​សុខ​ចិត្ត​ដោះ​លែង​ឲ្យ​ទៅ​វិញ។ ពួក​បងប្អូន​បាន​បណ្ដោះ​លោក​ប៉ូល និង​លោក​ស៊ីឡាស ឲ្យ​ចេញ​ដំណើរ​ទៅ​ក្រុង​បេរា នៅ​យប់​នោះ​ភ្លាម។ លុះ​ទៅ​ដល់​ហើយ លោក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​សាសន៍​យូដា។ សាសន៍​យូដា​នៅ​ក្រុង​នេះ មាន​សន្ដាន​ចិត្ត​ល្អ​ជាង​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក គឺ​គេ​បាន​ទទួល​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ស្មោះ​សរ ហើយ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ដឹង​ថា សេចក្ដី​ដែល​លោក​ប៉ូល និង​លោក​ស៊ីឡាស​មាន​ប្រសាសន៍​ប្រាប់​គេ ពិត​ជា​ត្រឹម​ត្រូវ​មែន ឬ​យ៉ាង​ណា។ ក្នុង​ចំណោម​ពួក​គេ មាន​ច្រើន​នាក់​បាន​ជឿ ហើយ​មាន​ស្ត្រីៗ​អ្នក​មុខ​អ្នក​ការ​ជាតិ​ក្រិក និង​មាន​បុរស​ជា​ច្រើន​បាន​ជឿ​ដែរ។ ប៉ុន្តែ កាល​សាសន៍​យូដា​នៅ​ក្រុង​ថេស្សា‌ឡូនិក​ដឹង​ថា លោក​ប៉ូល​ផ្សព្វ‌ផ្សាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ គេ​ក៏​នាំ​គ្នា​មក​បំបះ‌បំបោរ​មហា‌ជន​ឲ្យ​ជ្រួល‌ច្របល់​ឡើង។ ឃើញ​ដូច្នោះ ពួក​បងប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។ ពួក​អ្នក​ជូន​ដំណើរ​លោក​ប៉ូល​បាន​មក​ជា​មួយ​លោក រហូត​ដល់​ក្រុង​អាថែន ទើប​ត្រឡប់​ទៅ​វិញ ទាំង​នាំ​ពាក្យ​ផ្ដែ‌ផ្ដាំ​ពី​លោក​ប៉ូល ទៅ​ជម្រាប​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​តាម​លោក​យ៉ាង​ប្រញាប់​បំផុត។ ពេល​លោក​ប៉ូល​រង់‌ចាំ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ នៅ​ក្រុង​អាថែន លោក​តឹង​ទ្រូង​ជា​ខ្លាំង​ដោយ​ឃើញ​មាន​រូប​សំណាក​ពាស‌ពេញ​ក្នុង​ក្រុង​នេះ។ លោក​បាន​ជជែក​សន្ទនា​ជា​មួយ​សាសន៍​យូដា និង​ជា​មួយ​អ្នក​ដែល​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​សាលា​ប្រជុំ* ហើយ​រៀង​រាល់​ថ្ងៃ លោក​សន្ទនា​ជា​មួយ​អស់​អ្នក​ដែល​លោក​ជួប​នៅ​តាម​ទី‌លាន​សាធារណៈ​ក្នុង​ក្រុង។ មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោក‌ប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «គាត់​ប្រហែល​ជា​អ្នក​ឃោស‌នា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌យេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ។ គេ​ក៏​នាំ​លោក​យក​ទៅ​មុខ​សភា​ក្រុង នៅ​ទួល​អើរី‌យ៉ូស ហើយ​ពោល​មក​លោក​ថា៖ «តើ​លោក​អាច​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​លទ្ធិ​ថ្មី ដែល​លោក​បង្រៀន​នោះ​បាន​ឬ​ទេ? ដ្បិត​យើង​បាន​ឮ​លោក​ថ្លែង​រឿង​ចម្លែកៗ យើង​ចង់​ដឹង​អត្ថ‌ន័យ​ណាស់»។ អ្នក​ក្រុង​អាថែន និង​ជន​បរទេស​ឯ​ទៀតៗ ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ មិន​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​និយាយ ឬ​ស្ដាប់​រឿង​ថ្មីៗ​នោះ​ឡើយ។ លោក​ប៉ូល​ក្រោក​ឈរ​នៅ​កណ្ដាល​អង្គ​ប្រជុំ នៅ​ទួល​អើរី‌យ៉ូស ហើយ​មាន​ប្រសាសន៍​ថា៖ «អស់​លោក​ជា​អ្នក​ក្រុង​អាថែន​អើយ! ខ្ញុំ​សង្កេត​ឃើញ​ថា​អស់​លោក​និយម​សាសនា​ខ្លាំង​ណាស់ ពេល​ខ្ញុំ​ដើរ​ទៅ​មក​ក្នុង​ទីក្រុង ខ្ញុំ​ឃើញ​មាន​បូជនីយ‌ដ្ឋាន​ទាំង​ប៉ុន្មាន​ដែល​អស់​លោក​គោរព​បូជា ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​អាសនៈ​មួយ ដែល​មាន​ចារឹក​អក្សរ​ថា “សូម​ឧទ្ទិស​ដល់​ព្រះ​ដែល​យើង​ពុំ​ស្គាល់”។ ខ្ញុំ​នាំ​ដំណឹង​មក​ប្រាប់​អស់​លោក​អំពី​ព្រះ​ដែល​អស់​លោក​ថ្វាយ‌បង្គំ ទាំង​ពុំ​ស្គាល់​ហ្នឹង​ហើយ។ ព្រះ‌ជាម្ចាស់​ដែល​បាន​បង្កើត​ពិភព​លោក និង​បង្កើត​អ្វីៗ​សព្វ​សារពើ​នៅ​ក្នុង​ពិភព​លោក​នេះ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន​បរម‌សុខ* និង​ព្រះ‌អម្ចាស់​នៃ​ផែនដី ព្រះអង្គ​មិន​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដែល​មនុស្ស​សង់​នោះ​ឡើយ ហើយ​ព្រះអង្គ​ក៏​មិន​ត្រូវ​ការ​ឲ្យ​មនុស្ស​បី​បាច់​ថែ‌រក្សា​ព្រះអង្គ​ដែរ ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​បាន​ប្រទាន​ជីវិត ប្រទាន​ដង្ហើម និង​ប្រទាន​របស់​សព្វ​គ្រប់​ទាំង​អស់​មក​មនុស្ស។ ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។ ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះអង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះអង្គ​មែន​នោះ គេ​ប្រហែល​ជា​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះអង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។ ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះ‌ជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា​ព្រះអង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើង តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។ ព្រះ‌ជាម្ចាស់​មិន​ប្រកាន់​ទោស​មនុស្ស​លោក ក្នុង​គ្រា​ដែល​គេ​មិន​ទាន់​ស្គាល់​ព្រះអង្គ​នៅ​សម័យ​មុនៗ​នោះ​ទេ តែ​ឥឡូវ​នេះ ព្រះអង្គ​ប្រទាន​ដំណឹង​ដល់​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​គ្រប់​ទី​កន្លែង ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដ្បិត​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ទុក ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស តាម​សេចក្ដី​សុចរិត* ដោយ‌សារ​បុរស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែង‌តាំង។ ព្រះអង្គ​បាន​ប្រោស​បុរស​នោះ​ឲ្យ​រស់​ឡើង​វិញ ទុក​ជា​ភស្ដុតាង​សម្រាប់​មនុស្ស​ទាំង​អស់»។ កាល​ពួក​គេ​បាន​ឮ​សូរ​ពាក្យ “រស់​ឡើង​វិញ” ដូច្នេះ អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ចាំ​លើក​ក្រោយ យើង​នឹង​ស្ដាប់​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ​ទៀត»។ លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួក​គេ។ ប៉ុន្តែ មាន​អ្នក​ខ្លះ​បាន​មក​ចូល​រួម​ជា​មួយ​លោក ហើយ​ជឿ។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវ‌នីស ជា​សមាជិក​សភា​ក្រុង នៅ​ទួល​អើរី‌យ៉ូស និង​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​ដាម៉ា‌រីស ព្រម​ទាំង​អ្នក​ឯ​ទៀតៗ​ផង។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​កាល​បាន​ដើរ​កាត់​ក្រុង​អាំភី‌ប៉ូលី នឹង​ក្រុង​អ័ប៉ុឡូនា នោះ​គេ​ទៅ​ដល់​ក្រុង​ថែស្សា‌ឡូនីច ជា​កន្លែង​ដែល​មាន​សាលា​ប្រជុំ​របស់​សាសន៍​យូដា ប៉ុល​ក៏​ចូល​ទៅ​ឯ​គេ​តាម​ទំលាប់​គាត់ ហើយ​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ ក្នុង​៣​ថ្ងៃ​ឈប់​សំរាក ក៏​បើក​សំដែង​យ៉ាង​ច្បាស់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គាត់​ក៏​និយាយ​ថា ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ខ្ញុំ​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ‌គ្រីស្ទ​នោះ​ហើយ ពួក​អ្នក​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​ខាង​ប៉ុល នឹង​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រេក​សន្ធឹក ដែល​តែង‌តែ​ថ្វាយ‌បង្គំ​ព្រះ នឹង​ពួក​ស្រី​អ្នក​មុខ​ជា​ក្រែល​ដែរ តែ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​មាន​ចិត្ត​ឈ្នានីស ក៏​នាំ​យក​មនុស្ស​ពាល​អនាថា​ខ្លះ​មក រួច​ប្រមូល​បាន​មនុស្ស​យ៉ាង​សន្ធឹក ទៅ​បង្កើត​វឹកវរ​ក្នុង​ទី​ក្រុង ហើយ​នាំ​គ្នា​ទៅ​ចោម​ព័ទ្ធ​ផ្ទះ​យ៉ាសុន រក​ចាប់​ប៉ុល នឹង​ស៊ីឡាស នាំ​ចេញ​មក​ឯ​បណ្តាជន លុះ​រក​មិន​ឃើញ ក៏​ចាប់​យ៉ាសុន នឹង​ពួក​ជំនុំ​ខ្លះ កន្ត្រាក់​ដឹក‌នាំ​ទៅ​ដាក់​នៅ​មុខ​ចៅហ្វាយ​ទី​ក្រុង ដោយ​ស្រែក​ថា ពួក​ដែល​នាំ​ឲ្យ​ក្រឡាប់​ផែនដី​នោះ បាន​មក​ទី​នេះ​ហើយ ឯ​យ៉ាសុន​នេះ ជា​អ្នក​បាន​ទទួល​គេ ពួក​នោះ​ប្រព្រឹត្ត​សុទ្ធ​តែ​ខុស​នឹង​បញ្ញត្ត​របស់​សេ‌សារ ដោយ​និយាយ​ថា មាន​ស្តេច​១​ទៀត ឈ្មោះ​យេស៊ូវ មនុស្ស​ទាំង​នោះ​ក៏​នាំ​ឲ្យ​អស់​បណ្តាជន នឹង​ចៅហ្វាយ​នៃ​ទី​ក្រុង​កើត​បារម្ភ​ព្រួយ ដោយ​ឮ​សេចក្ដី​នោះ រួច​កាល​បាន​យក​ប្រាក់​ធានា​ពី​យ៉ាសុន នឹង​អ្នក​ឯ​ទៀត​ហើយ នោះ​ក៏​លែង​គេ​ចេញ​ទៅ។ ពួក​ជំនុំ​ក៏​ឲ្យ​ប៉ុល នឹង​ស៊ីឡាស ចេញ​ទៅ​ឯ​ក្រុង​បេរា ទាំង​យប់​ភ្លាម កាល​ទៅ​ដល់ នោះ​គេ​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា រីឯ​ពួក​អ្នក​ស្រុក​នោះ មាន​ចិត្ត​ល្អ​ជាង​ពួក​អ្នក​នៅ​ថែស្សា‌ឡូនីច គេ​ប្រុង​ប្រៀប​សព្វ​គ្រប់​នឹង​ទទួល​ព្រះ‌បន្ទូល ក៏​ពិចារណា​មើល​គម្ពីរ​រាល់​តែ​ថ្ងៃ ឲ្យ​បាន​ដឹង​ជា​សេចក្ដី​ទាំង​នោះ​ត្រូវ​ឬ​មិន​ត្រូវ ដូច្នេះ មាន​ពួក​គេ នឹង​ពួក​ស្រី​សាសន៍​ក្រេក ជា​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ជឿ ក៏​មាន​ប្រុសៗ​ក្រែល​ដែរ តែ​កាល​ពួក​សាសន៍​យូដា​នៅ​ថែស្សា‌ឡូនីច​បាន​ដឹង​ថា ប៉ុល​បាន​ផ្សាយ​ព្រះ‌បន្ទូល​ក្នុង​ក្រុង​បេរា​ដែរ នោះ​គេ​ក៏​មក​ញុះ‌ញង់​បណ្តាជន​នៅ​ទី​នោះ​ទៀត ដូច្នេះ ពួក​ជំនុំ​ឲ្យ​ប៉ុល​ចេញ​ទៅ​ភ្លាម ធ្វើ​ដូច​ជា​នឹង​ទៅ​ឯ​សមុទ្រ តែ​ស៊ីឡាស នឹង​ធីម៉ូថេ នៅ​ទី​នោះ​ត​ទៅ ឯ​ពួក​អ្នក​ដែល​ជូន​ប៉ុល​ទៅ គេ​នាំ​ទៅ​ឯ​ក្រុង​អាថែន​វិញ រួច​កាល​គេ​ទទួល​ពាក្យ ដែល​គាត់​ផ្តាំ​ទៅ​ស៊ីឡាស នឹង​ធីម៉ូថេ ឲ្យ​គេ​មក​ជួប​នឹង​គាត់​ជា​ប្រញាប់ នោះ​គេ​នាំ​គ្នា​ត្រឡប់​វិល​ទៅ​វិញ។ កំពុង​ដែល​ប៉ុល​ចាំ​គេ​នៅ​ក្រុង​អាថែន នោះ​គាត់​មាន​សេចក្ដី​រំជួល​ក្នុង​ចិត្ត​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ ដូច្នេះ គាត់​ក៏​ជជែក​ពន្យល់​ដល់​សាសន៍​យូដា នឹង​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ​ក្នុង​សាលា​ប្រជុំ​គេ ហើយ​នៅ​ទី​ផ្សារ ជា​មួយ​នឹង​អស់​អ្នក​ដែល​មក​ចួប​នឹង​គាត់​រាល់​តែ​ថ្ងៃ​ដែរ តែ​មាន​ពួក​អេពីគួរ នឹង​ពួក​ស្ទអ៊ីក​ខ្លះ ជា​អ្នក​ប្រាជ្ញ​បរមត្ថ គេ​មក​ជួប​នឹង​គាត់ ខ្លះ​សួរ​ថា តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​នេះ​ចង់​ថា​ដូច​ម្តេច ខ្លះ​ទៀត​ថា មើល​ទៅ​ដូច​ជា​គាត់​សំដែង​ពី​ព្រះ​ដទៃ​ទេ ដ្បិត​ឮ​គាត់​ប្រាប់​គេ​ពី​ព្រះ‌យេស៊ូវ ហើយ​ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ គេ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ភ្នំ​អើរី‌យ៉ូស​សួរ​ថា តើ​យើង​អាច​នឹង​ដឹង​ជា​សេចក្ដី​បង្រៀន​ថ្មី ដែល​អ្នក​អធិប្បាយ​នេះ​ជា​យ៉ាង​ណា​បាន​ឬ​ទេ ដ្បិត​យើង​បាន​ឮ​អ្នក​អធិប្បាយ​យ៉ាង​ប្លែក​ណាស់ ដូច្នេះ យើង​ចង់​ដឹង​ន័យ​សេចក្ដី​ទាំង​នេះ​ដែរ រីឯ​ពួក​អ្នក​នៅ​ក្រុង​អាថែន នឹង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​មក​ស្នាក់​នៅ​ទាំង​ប៉ុន្មាន គេ​មិន​ដែល​បង់​ពេល​ទំនេរ​នឹង​ធ្វើ​អ្វី​ទៀត​ទេ គេ​គិត​តែ​ពី​ប្រាប់ ឬ​ស្តាប់​សេចក្ដី​ថ្មី​ប៉ុណ្ណោះ។ ឯ​ប៉ុល គាត់​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស សំដែង​ថា ឱ​ពួក​អ្នក​នៅ​ក្រុង​អាថែន​អើយ ក្នុង​ការ​ទាំង​អស់​ខ្ញុំ​យល់​ឃើញ​ថា អ្នក​រាល់​គ្នា​ឧស្សាហ៍​ខ្នះ‌ខ្នែង​កាន់​សាសនា​ណាស់ ដ្បិត​កំពុង​ដែល​ខ្ញុំ​ដើរ​ចុះ​ឡើង មើល​ប្រដាប់​ប្រដា ដែល​អ្នក​រាល់​គ្នា​គោរព​បូជា នោះ​ខ្ញុំ​ឃើញ​មាន​អាសនា​១ ដែល​មាន​ចារិក​ថា «ព្រះ​ដ៏​ពុំ​ស្គាល់» ដូច្នេះ ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ពី​ព្រះ ដែល​អ្នក​រាល់​គ្នា​គោរព​បូជា ដោយ​ឥត​ស្គាល់​នោះ​ឯង ដ្បិត​ព្រះ​ដែល​បង្កើត​លោកីយ នឹង​របស់​សព្វ​សារពើ ព្រះ‌អង្គ​នោះ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ នឹង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទេ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បំរើ​ទ្រង់ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ផង​ដែរ ដ្បិត​គឺ​ទ្រង់​ដែល​ផ្គត់‌ផ្គង់​ដោយ​ព្រះ‌អង្គ​ទ្រង់ ឲ្យ​គ្រប់​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម​គ្រប់​ជំពូក ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ​ក៏​ដោយ ដ្បិត​គឺ​ដោយ‌សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ» ដូច្នេះ បើ​យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ ពី​ដើម ព្រះ‌ទ្រង់​បាន​ទត​រំលង​គ្រា​ខ្លៅ​ល្ងង់​មែន តែ​ឥឡូវ​នេះ ទ្រង់​ត្រាស់​បង្គាប់​ដល់​មនុស្ស​ទាំង​អស់ នៅ​គ្រប់​អន្លើ​ឲ្យ​ប្រែ​ចិត្ត​វិញ ពី​ព្រោះ​ទ្រង់​បាន​ដាក់​កំណត់​ថ្ងៃ ដែល​ទ្រង់​នឹង​ជំនុំ‌ជំរះ​លោកីយ​ដោយ​យុត្តិ‌ធម៌ ដោយ‌សារ​មនុស្ស​ម្នាក់ ដែល​ទ្រង់​បាន​ដំរូវ​រួច​ហើយ ព្រម​ទាំង​ដាក់​ភស្តុ‌តាង​សំញែង​យ៉ាង​ជាក់​លាក់ ដល់​មនុស្ស​ទាំង‌ឡាយ ដោយ​ទ្រង់​ប្រោស​មនុស្ស​នោះ ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ កាល​គេ​បាន​ឮ​និយាយ​ពី​មនុស្ស​ស្លាប់​រស់​ឡើង​វិញ នោះ​មាន​ខ្លះ​ចំអក​ឲ្យ ហើយ​ខ្លះ​និយាយ​ថា យើង​នឹង​ស្តាប់​អ្នក​ពី​ដំណើរ​នេះ​ម្តង​ទៀត ដូច្នេះ ប៉ុល​ក៏​ចេញ​ពី​ចំណោម​គេ​ទៅ តែ​មាន​មនុស្ស​ខ្លះ​ត្រូវ​ចិត្ត​ជាប់​នឹង​គាត់ ព្រម​ទាំង​ជឿ​ផង ក្នុង​ពួក​នោះ​មាន​ឈ្មោះ​ឌេវនីស ជា​ចៅ‌ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ហើយ​នឹង​អ្នក​ខ្លះ​ទៀត​ដែរ។

ចែក​រំលែក
អាន កិច្ចការ 17