កិច្ចការ 17:1-32
កិច្ចការ 17:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកប៉ុល និងលោកស៊ីឡាសបានធ្វើដំណើរឆ្លងផុតក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនាហើយ ពួកលោកបានមកដល់ក្រុងថែស្សាឡូនីច ដែលនៅទីនោះ មានសាលាប្រជុំមួយរបស់សាសន៍យូដា។ លោកប៉ុលក៏ចូលទៅក្នុងសាលាប្រជុំ តាមទម្លាប់របស់លោក ហើយជជែកវែកញែកអំពីបទគម្ពីរជាមួយពួកគេ អស់រយៈពេលបីថ្ងៃសប្ប័ទ ទាំងពន្យល់បញ្ជាក់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយមានប្រសាសន៍ថា៖ «ព្រះយេស៊ូវដែលខ្ញុំប្រកាសប្រាប់អ្នករាល់គ្នានេះហើយជាព្រះគ្រីស្ទ»។ អ្នកទាំងនោះខ្លះក៏យល់ព្រម ហើយបានចូលរួមជាមួយលោកប៉ុល និងលោកស៊ីឡាស ព្រមទាំងពួកសាសន៍ក្រិកជាច្រើន ដែលគោរពកោតខ្លាចព្រះ និងស្រ្ដីៗអ្នកមុខអ្នកការជាច្រើនក៏ចូលរួមដែរ។ ប៉ុន្ដែ ពួកសាសន៍យូដាមានចិត្តច្រណែន ហើយនាំមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានគ្នាមួយក្រុម ឲ្យបង្កើតចលាចលក្នុងទីក្រុង គេសម្រុកចូលផ្ទះលោកយ៉ាសុន រកចាប់លោកប៉ុល និងលោកស៊ីឡាស យកមកឲ្យប្រជាជនកាត់ទោស។ ពេលរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសុន និងពួកបងប្អូនខ្លះ កន្ត្រាក់នាំទៅយកជូនអាជ្ញាធរក្រុង ដោយស្រែកថា៖ «ពួកអ្នកដែលនាំឲ្យពិភពលោកក្រឡាប់ចាក់ បានមកដល់ទីនេះហើយ យ៉ាសុនបានទទួលគេឲ្យស្នាក់នៅ ហើយប្រព្រឹត្តសុទ្ធតែប្រឆាំងនឹងរាជក្រឹត្យរបស់សេសារ ដោយនិយាយថា មានស្តេចមួយទៀត ឈ្មោះយេស៊ូវ»។ មនុស្សទាំងអស់ និងពួកអាជ្ញាធរក្រុងមានការព្រួយបារម្ភ ពេលឮដូច្នេះ។ កាលគេបានយកប្រាក់ធានាពីលោកយ៉ាសុន និងអ្នកឯទៀតរួចហើយ គេក៏ដោះលែងឲ្យទៅវិញ។ ពួកបងប្អូនក៏ឲ្យលោកប៉ុល និងលោកស៊ីឡាស ចេញទៅក្រុងបេរាទាំងយប់ភ្លាម ហើយពេលទៅដល់ ពួកលោកក៏ចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា។ សាសន៍យូដានៅក្រុងនេះ មានចិត្តល្អជាងសាសន៍យូដានៅក្រុងថែស្សាឡូនីច ដ្បិតគេទទួលព្រះបន្ទូលដោយចិត្តសង្វាត ទាំងពិចារណាមើលគម្ពីររាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ ដូច្នេះ ក្នុងចំណោមពួកគេ មានមនុស្សជាច្រើនបានជឿ មានទាំងស្ត្រីទាំងបុរសអ្នកមុខអ្នកការសាសន៍ក្រិកជាច្រើនបានជឿដែរ។ ប៉ុន្ដែ ពេលពួកសាសន៍យូដានៅក្រុងថែស្សាឡូនីចបានដឹងថា លោកប៉ុលបានប្រកាសព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេនាំគ្នាមកញុះញង់នៅទីនោះទៀត។ ពេលនោះ ពួកបងប្អូនក៏នាំលោកប៉ុលចេញទៅឯមាត់សមុទ្រភ្លាម តែលោកស៊ីឡាស និងលោកធីម៉ូថេ ស្នាក់នៅទីនោះដដែល។ ពួកអ្នកដែលជូនដំណើរលោកប៉ុល បានមកជាមួយលោកត្រឹមក្រុងអាថែន ហើយក្រោយពីបានទទួលពាក្យផ្ដាំផ្ញើពីលោកប៉ុល ដែលផ្តាំទៅលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកជួបលោកជាប្រញាប់រួចហើយ គេក៏ត្រឡប់ទៅវិញ។ កាលលោកប៉ុលកំពុងរង់ចាំអ្នកទាំងពីរនៅក្រុងអាថែន វិញ្ញាណរបស់លោកពុះកញ្ជ្រោលជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ។ ដូច្នេះ លោកក៏ជជែកវែកញែកនៅក្នុងសាលាប្រជុំជាមួយសាសន៍យូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ ហើយរាល់ថ្ងៃនៅទីផ្សារជាមួយអស់អ្នកដែលជួបជាមួយលោក។ មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្តូអ៊ីក ក៏បានសន្ទនាជាមួយលោក ខ្លះពោលថា៖ «តើអ្នកដែលនិយាយប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយពីអ្វី?» ខ្លះទៀតពោលថា៖ «មើលទៅដូចជាគាត់ប្រកាសពីព្រះពួកបរទេស»។ ដ្បិតលោកកំពុងប្រកាសអំពីព្រះយេស៊ូវ និងអំពីការរស់ពីស្លាប់។ គេក៏នាំលោកទៅភ្នំអើរីយ៉ូស សួរថា៖ «តើយើងអាចដឹងពីសេចក្ដីបង្រៀនថ្មី ដែលលោកប្រកាសនេះបានឬទេ? ដ្បិតយើងបានឮលោកប្រកាសយ៉ាងចម្លែក ដូច្នេះ យើងចង់ដឹងសេចក្តីទាំងនេះមានន័យដូចម្ដេច»។ ពួកអ្នកនៅក្រុងអាថែន និងពួកអ្នកប្រទេសក្រៅដែលរស់នៅក្រុងនោះទាំងប៉ុន្មាន មិនចំណាយពេលធ្វើអ្វីក្រៅតែពីនិយាយ ឬស្តាប់រឿងថ្មីប៉ុណ្ណោះឡើយ។ ដូច្នេះ លោកប៉ុលឈរនៅកណ្តាលទីអើរីយ៉ូស មានប្រសាសន៍ថា៖ «អស់លោកអ្នកក្រុងអាថែនអើយ ខ្ញុំយល់ឃើញថា គ្រប់ផ្លូវទាំងអស់ អស់លោកខ្នះខ្នែងកាន់សាសនាខ្លាំងណាស់។ ដ្បិត ពេលខ្ញុំដើរកាត់ ខ្ញុំសង្កេតឃើញគ្រឿងសក្ការៈដែលអស់លោកគោរពបូជា ហើយខ្ញុំក៏ឃើញអាសនាមួយ ដែលមានចារឹកអក្សរថា "ព្រះដែលមិនស្គាល់"។ ដូច្នេះ ខ្ញុំនឹងប្រាប់អស់លោកពីព្រះ ដែលអស់លោកគោរពបូជា ដោយមិនស្គាល់ហ្នឹងហើយ។ ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។ ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ ដើម្បីឲ្យគេស្វែងរកព្រះ ហើយបើគេស្វែងរកព្រះអង្គមែននោះ គេមុខជានឹងរកព្រះអង្គឃើញមិនខាន។ តាមពិត ព្រះអង្គមិនគង់ឆ្ងាយពីយើងម្នាក់ៗទេ។ ដ្បិត "នៅក្នុងព្រះអង្គ យើងរស់នៅ មានចលនា ហើយមានជីវិតជាមនុស្ស" ដូចកវីខ្លះរបស់អស់លោក បានពោលថា៖ "ដ្បិតយើងក៏ជាពូជរបស់ព្រះអង្គដែរ"។ ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។ ពីមុន ព្រះបានទតរំលងគ្រាខ្លៅល្ងង់នោះមែន តែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងឲ្យប្រែចិត្តវិញ ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយទុក ដែលនឹងជំនុំជម្រះមនុស្សលោកដោយសុចរិត ដោយសារមនុស្សម្នាក់ ដែលព្រះអង្គបានតែងតាំង ហើយដើម្បីជាភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ព្រះអង្គប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»។ កាលគេបានឮអំពីមនុស្សស្លាប់រស់ឡើងវិញ មានខ្លះចំអកឲ្យ ហើយខ្លះទៀតពោលថា៖ «យើងនឹងស្ដាប់អំពីរឿងនេះម្តងទៀត»។
កិច្ចការ 17:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូល និងលោកស៊ីឡាស ធ្វើដំណើរកាត់ក្រុងអាំភីប៉ូលី និងក្រុងអប៉ុឡូនា ហើយទៅដល់ក្រុងថេស្សាឡូនិក។ នៅក្រុងនោះ មានសាលាប្រជុំ*មួយរបស់សាសន៍យូដា។ លោកប៉ូលបានចូលទៅសាលាប្រជុំតាមទម្លាប់របស់លោក ព្រមទាំងវែកញែកគម្ពីរជាមួយពួកគេរាល់ថ្ងៃសប្ប័ទ* ក្នុងអំឡុងបីសប្ដាហ៍។ លោកបរិយាយពន្យល់ប្រាប់គេថា ព្រះគ្រិស្តត្រូវតែរងទុក្ខវេទនា និងមានព្រះជន្មរស់ឡើងវិញ។ លោកមានប្រសាសន៍ថា៖ «ព្រះគ្រិស្ត គឺព្រះយេស៊ូដែលខ្ញុំបានជម្រាបបងប្អូននេះហើយ»។ ជនជាតិយូដាខ្លះយល់ស្របតាម ហើយចូលមករួបរួមជាមួយលោកប៉ូល និងលោកស៊ីឡាស។ មានជនជាតិក្រិកដ៏ច្រើនលើសលុប ដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងមានស្ត្រីៗជាច្រើន ក្នុងចំណោមអ្នកធំក៏ចូលមករួបរួមដែរ។ រីឯជនជាតិយូដាវិញ គេមានចិត្តច្រណែន ហើយប្រមូលពួកពាលដែលនៅតាមផ្លូវ មកបំបះបំបោរប្រជាជន ឲ្យកើតចលាចលក្នុងក្រុង។ គេបានទៅផ្ទះលោកយ៉ាសូន ក្នុងគោលបំណងចាប់លោកប៉ូល និងលោកស៊ីឡាស យកទៅឲ្យប្រជាជនកាត់ទោស តែដោយគេរកលោកទាំងពីរមិនឃើញ គេក៏ចាប់លោកយ៉ាសូន និងបងប្អូនខ្លះទៀត អូសយកទៅជូនលោកអភិបាលក្រុង ទាំងស្រែកឡើងថា៖ «ពួកដែលបង្កឲ្យជ្រួលច្របល់ពេញពិភពលោកទាំងមូល បានមកដល់ទីនេះហើយ!។ យ៉ាសូនបានទទួលពួកគេឲ្យស្នាក់នៅផ្ទះគាត់! អ្នកទាំងនោះបានប្រព្រឹត្តខុសនឹងព្រះរាជក្រឹត្យរបស់ព្រះចៅអធិរាជ ដ្បិតពួកគេប្រកាសថា មានស្ដេចមួយអង្គទៀត នាមយេស៊ូ»។ ពាក្យនេះបានធ្វើឲ្យបណ្ដាជន និងលោកអភិបាលក្រុងខ្វល់ចិត្ត។ គេបានសុំឲ្យលោកយ៉ាសូន និងអ្នកឯទៀតៗបង់ប្រាក់ធានា ទើបគេសុខចិត្តដោះលែងឲ្យទៅវិញ។ ពួកបងប្អូនបានបណ្ដោះលោកប៉ូល និងលោកស៊ីឡាស ឲ្យចេញដំណើរទៅក្រុងបេរា នៅយប់នោះភ្លាម។ លុះទៅដល់ហើយ លោកទាំងពីរក៏ចូលទៅក្នុងសាលាប្រជុំ*របស់សាសន៍យូដា។ សាសន៍យូដានៅក្រុងនេះ មានសន្ដានចិត្តល្អជាងសាសន៍យូដានៅក្រុងថេស្សាឡូនិក គឺគេបានទទួលព្រះបន្ទូលដោយចិត្តស្មោះសរ ហើយពិនិត្យពិច័យមើលគម្ពីរជារៀងរាល់ថ្ងៃ ដើម្បីឲ្យដឹងថា សេចក្ដីដែលលោកប៉ូល និងលោកស៊ីឡាសមានប្រសាសន៍ប្រាប់គេ ពិតជាត្រឹមត្រូវមែន ឬយ៉ាងណា។ ក្នុងចំណោមពួកគេ មានច្រើននាក់បានជឿ ហើយមានស្ត្រីៗអ្នកមុខអ្នកការជាតិក្រិក និងមានបុរសជាច្រើនបានជឿដែរ។ ប៉ុន្តែ កាលសាសន៍យូដានៅក្រុងថេស្សាឡូនិកដឹងថា លោកប៉ូលផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្រុងបេរាដែរនោះ គេក៏នាំគ្នាមកបំបះបំបោរមហាជនឲ្យជ្រួលច្របល់ឡើង។ ឃើញដូច្នោះ ពួកបងប្អូនបាននាំលោកប៉ូលឆ្ពោះទៅមាត់សមុទ្រភ្លាម រីឯលោកស៊ីឡាស និងលោកធីម៉ូថេវិញ ស្នាក់នៅទីនោះដដែល។ ពួកអ្នកជូនដំណើរលោកប៉ូលបានមកជាមួយលោក រហូតដល់ក្រុងអាថែន ទើបត្រឡប់ទៅវិញ ទាំងនាំពាក្យផ្ដែផ្ដាំពីលោកប៉ូល ទៅជម្រាបលោកស៊ីឡាស និងលោកធីម៉ូថេ ឲ្យមកតាមលោកយ៉ាងប្រញាប់បំផុត។ ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។ លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ* ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។ មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «គាត់ប្រហែលជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ*ស្ដីអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ។ គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់ឲ្យយើងដឹងអំពីលទ្ធិថ្មី ដែលលោកបង្រៀននោះបានឬទេ? ដ្បិតយើងបានឮលោកថ្លែងរឿងចម្លែកៗ យើងចង់ដឹងអត្ថន័យណាស់»។ អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។ លោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំ នៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់ ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយ ដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។ ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ ហើយព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។ ព្រះអង្គប្រទានឲ្យប្រជាជាតិនានាកើតចេញមកពីមនុស្សតែម្នាក់ ហើយឲ្យគេរស់នៅពាសពេញលើផែនដីទាំងមូល។ ព្រះអង្គបានកំណត់រដូវកាល និងកំណត់ព្រំដែនឲ្យមនុស្សរស់នៅ។ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ គេប្រហែលជានឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ដ្បិតយើងមានជីវិត មានចលនា និងមានភាវៈជាមនុស្ស ដោយសារព្រះអង្គ។ អ្នកកវីខ្លះរបស់អស់លោកតែងពោលថា៖ “យើងក៏ជាពូជរបស់ព្រះអង្គដែរ”។ ហេតុនេះ ប្រសិនបើយើងពិតជាពូជរបស់ព្រះជាម្ចាស់មែន យើងមិនត្រូវគិតថាព្រះអង្គមានសណ្ឋានដូចរូបសំណាក ធ្វើពីមាស ប្រាក់ ឬថ្មដែលជាក្បាច់រចនាកើតឡើង តាមការនឹកឃើញរបស់មនុស្សនោះឡើយ។ ព្រះជាម្ចាស់មិនប្រកាន់ទោសមនុស្សលោក ក្នុងគ្រាដែលគេមិនទាន់ស្គាល់ព្រះអង្គនៅសម័យមុនៗនោះទេ តែឥឡូវនេះ ព្រះអង្គប្រទានដំណឹងដល់មនុស្សទាំងអស់ដែលរស់នៅគ្រប់ទីកន្លែង ឲ្យគេកែប្រែចិត្តគំនិត ដ្បិតព្រះអង្គបានកំណត់ថ្ងៃមួយទុក ដើម្បីវិនិច្ឆ័យទោសមនុស្ស តាមសេចក្ដីសុចរិត* ដោយសារបុរសម្នាក់ដែលព្រះអង្គបានតែងតាំង។ ព្រះអង្គបានប្រោសបុរសនោះឲ្យរស់ឡើងវិញ ទុកជាភស្ដុតាងសម្រាប់មនុស្សទាំងអស់»។ កាលពួកគេបានឮសូរពាក្យ “រស់ឡើងវិញ” ដូច្នេះ អ្នកខ្លះក៏ចំអកឲ្យ អ្នកខ្លះទៀតពោលថា៖ «ចាំលើកក្រោយ យើងនឹងស្ដាប់លោកមានប្រសាសន៍អំពីរឿងនេះទៀត»។
កិច្ចការ 17:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលី នឹងក្រុងអ័ប៉ុឡូនា នោះគេទៅដល់ក្រុងថែស្សាឡូនីច ជាកន្លែងដែលមានសាលាប្រជុំរបស់សាសន៍យូដា ប៉ុលក៏ចូលទៅឯគេតាមទំលាប់គាត់ ហើយជជែកពន្យល់ដល់គេតាមគម្ពីរ ក្នុង៣ថ្ងៃឈប់សំរាក ក៏បើកសំដែងយ៉ាងច្បាស់ថា ព្រះគ្រីស្ទត្រូវតែរងទុក្ខ រួចមានព្រះជន្មរស់ពីស្លាប់ឡើងវិញ គាត់ក៏និយាយថា ព្រះយេស៊ូវនេះឯង ដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នា ទ្រង់ជាព្រះគ្រីស្ទនោះហើយ ពួកអ្នកនោះខ្លះក៏យល់ព្រម ហើយបានចូលខាងប៉ុល នឹងស៊ីឡាស ព្រមទាំងពួកសាសន៍ក្រេកសន្ធឹក ដែលតែងតែថ្វាយបង្គំព្រះ នឹងពួកស្រីអ្នកមុខជាក្រែលដែរ តែពួកសាសន៍យូដាដែលមិនព្រមជឿ គេមានចិត្តឈ្នានីស ក៏នាំយកមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានមនុស្សយ៉ាងសន្ធឹក ទៅបង្កើតវឹកវរក្នុងទីក្រុង ហើយនាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុន រកចាប់ប៉ុល នឹងស៊ីឡាស នាំចេញមកឯបណ្តាជន លុះរកមិនឃើញ ក៏ចាប់យ៉ាសុន នឹងពួកជំនុំខ្លះ កន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុង ដោយស្រែកថា ពួកដែលនាំឲ្យក្រឡាប់ផែនដីនោះ បានមកទីនេះហើយ ឯយ៉ាសុននេះ ជាអ្នកបានទទួលគេ ពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តរបស់សេសារ ដោយនិយាយថា មានស្តេច១ទៀត ឈ្មោះយេស៊ូវ មនុស្សទាំងនោះក៏នាំឲ្យអស់បណ្តាជន នឹងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយ ដោយឮសេចក្ដីនោះ រួចកាលបានយកប្រាក់ធានាពីយ៉ាសុន នឹងអ្នកឯទៀតហើយ នោះក៏លែងគេចេញទៅ។ ពួកជំនុំក៏ឲ្យប៉ុល នឹងស៊ីឡាស ចេញទៅឯក្រុងបេរា ទាំងយប់ភ្លាម កាលទៅដល់ នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសន៍យូដា រីឯពួកអ្នកស្រុកនោះ មានចិត្តល្អជាងពួកអ្នកនៅថែស្សាឡូនីច គេប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្ដីទាំងនោះត្រូវឬមិនត្រូវ ដូច្នេះ មានពួកគេ នឹងពួកស្រីសាសន៍ក្រេក ជាអ្នកមុខអ្នកការជាច្រើនជឿ ក៏មានប្រុសៗក្រែលដែរ តែកាលពួកសាសន៍យូដានៅថែស្សាឡូនីចបានដឹងថា ប៉ុលបានផ្សាយព្រះបន្ទូលក្នុងក្រុងបេរាដែរ នោះគេក៏មកញុះញង់បណ្តាជននៅទីនោះទៀត ដូច្នេះ ពួកជំនុំឲ្យប៉ុលចេញទៅភ្លាម ធ្វើដូចជានឹងទៅឯសមុទ្រ តែស៊ីឡាស នឹងធីម៉ូថេ នៅទីនោះតទៅ ឯពួកអ្នកដែលជូនប៉ុលទៅ គេនាំទៅឯក្រុងអាថែនវិញ រួចកាលគេទទួលពាក្យ ដែលគាត់ផ្តាំទៅស៊ីឡាស នឹងធីម៉ូថេ ឲ្យគេមកជួបនឹងគាត់ជាប្រញាប់ នោះគេនាំគ្នាត្រឡប់វិលទៅវិញ។ កំពុងដែលប៉ុលចាំគេនៅក្រុងអាថែន នោះគាត់មានសេចក្ដីរំជួលក្នុងចិត្តជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ ដូច្នេះ គាត់ក៏ជជែកពន្យល់ដល់សាសន៍យូដា នឹងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេ ហើយនៅទីផ្សារ ជាមួយនឹងអស់អ្នកដែលមកចួបនឹងគាត់រាល់តែថ្ងៃដែរ តែមានពួកអេពីគួរ នឹងពួកស្ទអ៊ីកខ្លះ ជាអ្នកប្រាជ្ញបរមត្ថ គេមកជួបនឹងគាត់ ខ្លះសួរថា តើអ្នកដែលនិយាយប៉ប៉ាច់នេះចង់ថាដូចម្តេច ខ្លះទៀតថា មើលទៅដូចជាគាត់សំដែងពីព្រះដទៃទេ ដ្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវ ហើយពីសេចក្ដីរស់ពីស្លាប់ឡើងវិញ គេក៏នាំយកគាត់ទៅឯភ្នំអើរីយ៉ូសសួរថា តើយើងអាចនឹងដឹងជាសេចក្ដីបង្រៀនថ្មី ដែលអ្នកអធិប្បាយនេះជាយ៉ាងណាបានឬទេ ដ្បិតយើងបានឮអ្នកអធិប្បាយយ៉ាងប្លែកណាស់ ដូច្នេះ យើងចង់ដឹងន័យសេចក្ដីទាំងនេះដែរ រីឯពួកអ្នកនៅក្រុងអាថែន នឹងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្តាប់សេចក្ដីថ្មីប៉ុណ្ណោះ។ ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សំដែងថា ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង ដ្បិតព្រះដែលបង្កើតលោកីយ នឹងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន នឹងព្រំទីលំនៅរបស់គេគ្រប់គ្នា ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថា «មនុស្សយើងជាពូជព្រះដែរ» ដូច្នេះ បើយើងរាល់គ្នាជាពូជព្រះហើយ នោះមិនត្រូវឲ្យយើងស្មានថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះទេ ពីដើម ព្រះទ្រង់បានទតរំលងគ្រាខ្លៅល្ងង់មែន តែឥឡូវនេះ ទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់ នៅគ្រប់អន្លើឲ្យប្រែចិត្តវិញ ពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃ ដែលទ្រង់នឹងជំនុំជំរះលោកីយដោយយុត្តិធម៌ ដោយសារមនុស្សម្នាក់ ដែលទ្រង់បានដំរូវរួចហើយ ព្រមទាំងដាក់ភស្តុតាងសំញែងយ៉ាងជាក់លាក់ ដល់មនុស្សទាំងឡាយ ដោយទ្រង់ប្រោសមនុស្សនោះ ឲ្យរស់ពីស្លាប់ឡើងវិញ កាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញ នោះមានខ្លះចំអកឲ្យ ហើយខ្លះនិយាយថា យើងនឹងស្តាប់អ្នកពីដំណើរនេះម្តងទៀត