កិច្ចការ 16:6-24
កិច្ចការ 16:6-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដោយព្រះវិញ្ញាណបរិសុទ្ធបានឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ពួកលោកក៏ធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី។ ពេលពួកលោកបានមកដល់ស្រុកមីស៊ា លោកបម្រុងចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ។ ដូច្នេះ ពួកលោកក៏ឆ្លងកាត់ស្រុកមីស៊ា ចុះទៅក្រុងទ្រអាស។ នៅយប់នោះ លោកប៉ុលមាននិមិត្តមួយ គឺឃើញបុរសម្នាក់ពីស្រុកម៉ាសេដូន ឈរអង្វរលោកថា៖ «សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង!»។ ក្រោយពេលលោកបានឃើញនិមិត្តនោះហើយ យើង ក៏រកឱកាសនឹងទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។ ដូច្នេះ យើងបានចុះសំពៅចេញពីក្រុងទ្រអាស តម្រង់ទៅកោះសាម៉ូត្រាស ហើយស្អែកឡើងបានមកដល់ក្រុងនាប៉ូល ហើយចេញពីក្រុងនោះ មកដល់ក្រុងភីលីព ជាទីក្រុងលេខមួយក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់រ៉ូម។ យើងបានស្នាក់នៅទីនេះជាច្រើនថ្ងៃ។ នៅថ្ងៃសប្ប័ទ យើងចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ដោយយើងនឹកគិតថា នឹងមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ត្រីដែលជួបជុំគ្នានៅទីនោះ។ មានស្ត្រីម្នាក់ ឈ្មោះលីឌា ពីស្រុកធាទេរ៉ា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយ នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្តីដែលលោកប៉ុលមានប្រសាសន៍។ កាលនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងក៏អញ្ជើញយើងថា៖ «បើអស់លោកយល់ឃើញថា នាងខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះនាងខ្ញុំទៅ»។ នាងក៏ទទូចរហូតដល់យើងយល់ព្រម។ មានថ្ងៃមួយ ពេលយើងកំពុងធ្វើដំណើរទៅកន្លែងអធិស្ឋាន យើងបានជួបស្រីបម្រើម្នាក់ដែលមានអារក្សភីថង់ចូល ហើយធ្វើឲ្យពួកម្ចាស់របស់នាងរកកម្រៃបានយ៉ាងច្រើន ដោយការទាយ។ នាងដើរតាមលោកប៉ុល និងយើង ទាំងស្រែកថា៖ «អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់យើងពីផ្លូវសង្គ្រោះ»។ នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ ទាល់តែលោកប៉ុលមានការរំខានចិត្ត ហើយបែរទៅបង្គាប់វិញ្ញាណនោះថា៖ «យើងបញ្ជាឯងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចូរចេញពីនាងនេះទៅ!» ហើយវាក៏ចេញនៅវេលានោះឯង។ ប៉ុន្តែ កាលពួកម្ចាស់របស់នាងឃើញថា គេអស់សង្ឃឹមនឹងរកកម្រៃបាន គេក៏ចាប់លោកប៉ុល និងលោកស៊ីឡាស អូសចូលទៅក្នុងទៅទីផ្សារ នៅចំពោះមុខពួកអាជ្ញាធរ។ កាលគេបាននាំលោកទាំងពីរទៅជួបពួកតម្រួតហើយ គេជម្រាបថា៖ «បុរសទាំងនេះជាសាន៍យូដា ហើយគេបង្កចលាចលនៅក្នុងទីក្រុងរបស់យើង។ គេប្រកាសប្រាប់ពីទំនៀមទម្លាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់នឹងទទួល ឬកាន់តាមឡើយ»។ បណ្ដាជនក៏រួមគ្នាទាស់នឹងពួកលោក ហើយពួកតម្រួតក៏កន្ត្រាក់សម្លៀកបំពាក់របស់ពួកលោកចេញ ហើយបង្គាប់ឲ្យគេវាយពួកលោកនឹងរំពាត់។ ក្រោយពីបានវាយឲ្យមានស្នាមជាច្រើនហើយ គេក៏យកពួកលោកទៅដាក់គុក ទាំងបង្គាប់ឆ្មាំគុកឲ្យការពារដោយប្រយ័ត្នប្រយែង។ ក្រោយពីបានទទួលបញ្ជានេះហើយ គេក៏នាំយកពួកលោកទៅដាក់ក្នុងគុកជ្រៅ ហើយដាក់ខ្នោះភ្ជាប់នៅជើង។
កិច្ចការ 16:6-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះវិញ្ញាណដ៏វិសុទ្ធ*បានឃាត់ពួកលោកប៉ូល មិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។ ពេលទៅដល់ជិតស្រុកមីស៊ា លោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឲ្យទៅទេ។ ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ាទៅដល់ក្រុងត្រូអាស។ នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។ ក្រោយពេលលោកបានឃើញនិមិត្តហេតុអស្ចារ្យនេះហើយ យើងក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងឲ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។ នៅក្រុងត្រូអាស យើងបានចុះសំពៅ ធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ ស្អែកឡើង យើងបានទៅដល់ក្រុងនាប៉ូល រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ នៅថ្ងៃសប្ប័ទ* យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន*។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ត្រីដែលមកជួបជុំគ្នានៅទីនោះ។ មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះ នាងផ្ទៀងត្រចៀកស្ដាប់ ព្រះអម្ចាស់ក៏បានបំភ្លឺចិត្តគំនិតនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។ បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាង ដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។ មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន* មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកម្រៃយ៉ាងច្រើន។ នាងដើរតាមក្រោយលោកប៉ូល និងយើង ទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។ នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្តជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាវិញ្ញាណអាក្រក់ថា៖ «ក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត* ចូរចេញពីនាងទៅ!»។ វិញ្ញាណអាក្រក់ក៏ចេញពីនាងភ្លាម។ កាលពួកម្ចាស់របស់ស្រីបម្រើនោះឃើញថាលែងមានសង្ឃឹមនឹងបានកម្រៃអ្វីទៀត គេក៏នាំគ្នាចាប់លោកប៉ូល និងលោកស៊ីឡាស អូសយកទៅជូនចៅក្រមនៅទីលានសាធារណៈ ក្នុងទីក្រុង។ ចៅក្រមនាំលោកទាំងពីរទៅជួបពួកអាជ្ញាធរ ពោលថា៖ «ជនជាតិយូដាទាំងនេះបង្កឲ្យមានចលាចលនៅក្នុងក្រុងយើង។ គេនាំទំនៀមទម្លាប់ផ្សេងៗមកផ្សាយប្រាប់យើង ជាទំនៀមទម្លាប់ដែលយើង ជនជាតិរ៉ូម៉ាំង គ្មានសិទ្ធិនឹងទទួល ឬអនុវត្តតាមឡើយ»។ បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញ រួចបញ្ជាឲ្យវាយនឹងរំពាត់។ ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាឲ្យយាមយ៉ាងមធ្យ័តផង។ ឆ្មាំគុកក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និងដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។
កិច្ចការ 16:6-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបានដើរកាត់ស្រុកព្រីគា នឹងដែនខេត្តកាឡាទី នោះព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់ មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេ បានជានាំគ្នាចុះទៅឯស្រុកមីស៊ាវិញ ហើយខំចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ រួចគេដើរហួសពីស្រុកមីស៊ា ចុះទៅឯទ្រអាសវិញ នៅយប់នោះ ប៉ុលបានឃើញក្នុងការជាក់ស្តែង ជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង លុះគាត់បានឃើញការជាក់ស្តែងនោះរួចហើយ នោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អដល់គេ កាលបានចុះសំពៅចេញពីទ្រអាសទៅ នោះក៏ដំរង់ទៅឯកោះសាម៉ូត្រាស ហើយថ្ងៃក្រោយបានដល់នាប៉ូល ពីទីនោះ យើងក៏ទៅដល់ក្រុងភីលីព ជាទីក្រុងលេខ១ក្នុងដែនខេត្តម៉ាសេដូន ដែលជាស្រុកចំណុះ ហើយយើងសំចតនៅទីនោះបានបួនដប់ថ្ងៃ។ ដល់ថ្ងៃឈប់សំរាក យើងដើរចេញពីទីក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិស្ឋាន ក៏អង្គុយនិយាយនឹងពួកស្រីៗដែលប្រជុំគ្នា នោះមានស្ត្រីម្នាក់ ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា ពីក្រុងធាទេរ៉ា ជាអ្នកដែលថ្វាយបង្គំព្រះ នាងប្រុងស្តាប់ ហើយព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដី ដែលប៉ុលអធិប្បាយ កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។ រួចកាលយើងកំពុងតែទៅឯទីអធិស្ឋាន នោះមានបាវស្រីម្នាក់មកជួបនឹងយើង នាងនោះមានអារក្សភីថង់ចូល ក៏បានចំរើនឲ្យចៅហ្វាយនាងជាច្រើន ដោយការទាយ នាងដើរតាមប៉ុល នឹងយើងខ្ញុំ ទាំងស្រែកថា អ្នកទាំងនេះជាអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ នាងក៏ធ្វើដូច្នោះជាយូរថ្ងៃ ទាល់តែប៉ុលមានសេចក្ដីរំខានចិត្ត ហើយបែរទៅនិយាយនឹងអារក្សនោះថា អញបង្គាប់ឯងដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ឲ្យឯងចេញពីនាងនេះទៅ វាក៏ចេញទៅនៅវេលានោះឯង កាលពួកចៅហ្វាយរបស់នាងឃើញថា ទីសង្ឃឹមដែលនឹងបានកំរៃ បានបាត់អស់ទៅហើយ នោះគេក៏ចាប់ប៉ុលនឹងស៊ីឡាស ដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារ នៅចំពោះមុខមេនគរបាល រួចកាលនាំទៅដល់នាយកដំរួតនគរបាល គេជំរាបថា ពួកសាសន៍យូដាទាំងនេះនាំឲ្យទីក្រុងយើង កើតវឹកវរជាខ្លាំងណាស់ គេប្រកាសប្រាប់ពីទំនៀមទំលាប់ ដែលយើងខ្ញុំជាសាសន៍រ៉ូម គ្មានច្បាប់ទទួល ឬកាន់តាមឡើយ ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុល ហើយនឹងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់ ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័តប្រយែង មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង