កិច្ចការ 16:6-15

កិច្ចការ 16:6-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ឃាត់​មិន​ឲ្យ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី ពួកលោក​ក៏​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និងស្រុក​កា‌ឡា‌ទី។ ពេល​ពួក​លោក​បាន​មក​ដល់​ស្រុក​មីស៊ា លោក​បម្រុង​ចូល​ទៅ​ក្នុង​ស្រុក​ប៊ី‌ធូនា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ។ ដូច្នេះ ពួក​លោកក៏​ឆ្លង​កាត់​ស្រុក​មីស៊ា ចុះ​ទៅ​ក្រុង​ទ្រអាស។ នៅ​យប់​នោះ លោក​ប៉ុល​មាន​និមិត្ត​មួយ គឺ​ឃើញ​បុរស​ម្នាក់​ពី​ស្រុក​ម៉ា‌សេ‌ដូន ឈរ​អង្វរ​លោក​ថា៖ «សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ា‌សេ‌ដូន​នេះ​ផង!»។ ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​នោះ​ហើយ យើង ក៏​រក​ឱកាស​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ​បាន​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។ ដូច្នេះ យើង​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ទ្រអាស តម្រង់​ទៅ​កោះ​សាម៉ូ‌ត្រាស ហើយ​ស្អែក​ឡើង​បាន​មក​ដល់​ក្រុង​នាប៉ូល ហើយ​ចេញ​ពី​ក្រុង​នោះ មក​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​មួយ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ជា​ក្រុង​ចំណុះ​របស់​រ៉ូម។ យើង​បាន​ស្នាក់​នៅ​ទីនេះ​ជា​ច្រើន​ថ្ងៃ។ នៅ​ថ្ងៃ​សប្ប័ទ យើង​ចេញ​ទៅខាង​ក្រៅ​ទ្វារ​ក្រុង ទៅ​ឯមាត់​ទន្លេ ដោយ​យើង​នឹក​គិត​ថា នឹង​មាន​កន្លែង​អធិស្ឋាន។ យើង​ក៏​អង្គុយ​ចុះ ហើយ​និយាយ​ទៅ​កាន់​ពួកស្ត្រី​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។ មាន​ស្ត្រី​ម្នាក់ ឈ្មោះ​លីឌា ពី​ស្រុក​ធា‌ទេ‌រ៉ា ជា​អ្នក​ជំនួញ​ក្រណាត់​ពណ៌​ស្វាយ នាង​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ។ ព្រះ‌អម្ចាស់​បាន​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី​ដែល​លោក​ប៉ុល​មាន​ប្រសាសន៍។ កាល​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជាមួយ​ក្រុម​គ្រួ​សារ​របស់​នាង​រួច​ហើយ នាង​ក៏​អញ្ជើញ​យើង​ថា៖ «បើ​អស់​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ​ទៅ»។ នាង​ក៏​ទទូច​រហូត​ដល់​យើង​យល់​ព្រម។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:6-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ឃាត់​ពួក​លោក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡាទី។ ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ា លោក​មាន​បំណង​ទៅ​ស្រុក​ប៊ីធូ‌នា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។ ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ា​ទៅ​ដល់​ក្រុង​ត្រូអាស។ នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេ‌ដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេ‌ដូន ជួយ​យើង​ខ្ញុំ​ផង!»។ ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​ក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។ នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅ ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូ‌ត្រាស​តែ​ម្ដង។ ស្អែក​ឡើង យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល រួច​យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​ភីលីព ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ស្រុក​ម៉ាសេ‌ដូន ហើយ​ជា​ក្រុង​ដែល​មាន​ឯក‌សិទ្ធិ​ពិសេស​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង។ យើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជា​ច្រើន​ថ្ងៃ។ នៅ​ថ្ងៃ​សប្ប័ទ* យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ ដោយ​នឹក​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន*។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី​ដែល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។ មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់​ឈ្មោះ​លីឌា ជា​អ្នក​ស្រុក​ធាទេ‌រ៉ា និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ពេល​នោះ នាង​ផ្ទៀង​ត្រចៀក​ស្ដាប់ ព្រះ‌អម្ចាស់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។ បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:6-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា នឹង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ បាន​ជា​នាំ​គ្នា​ចុះ​ទៅ​ឯ​ស្រុក​មីស៊ា​វិញ ហើយ​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ប៊ីធូនា ប៉ុន្តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ រួច​គេ​ដើរ​ហួស​ពី​ស្រុក​មីស៊ា ចុះ​ទៅ​ឯ​ទ្រអាស​វិញ នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើង​ក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​ដំរង់​ទៅ​ឯ​កោះ​សាម៉ូ‌ត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល ពី​ទី​នោះ យើង​ក៏​ទៅ​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​១​ក្នុង​ដែន​ខេត្ត​ម៉ាសេដូន ដែល​ជា​ស្រុក​ចំណុះ ហើយ​យើង​សំចត​នៅ​ទី​នោះ​បាន​បួន​ដប់​ថ្ងៃ។ ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ​ដែល​ប្រជុំ​គ្នា នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។

ចែក​រំលែក
អាន កិច្ចការ 16