កិច្ចការ 16:6-10

កិច្ចការ 16:6-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ឃាត់​មិន​ឲ្យ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី ពួកលោក​ក៏​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និងស្រុក​កា‌ឡា‌ទី។ ពេល​ពួក​លោក​បាន​មក​ដល់​ស្រុក​មីស៊ា លោក​បម្រុង​ចូល​ទៅ​ក្នុង​ស្រុក​ប៊ី‌ធូនា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ។ ដូច្នេះ ពួក​លោកក៏​ឆ្លង​កាត់​ស្រុក​មីស៊ា ចុះ​ទៅ​ក្រុង​ទ្រអាស។ នៅ​យប់​នោះ លោក​ប៉ុល​មាន​និមិត្ត​មួយ គឺ​ឃើញ​បុរស​ម្នាក់​ពី​ស្រុក​ម៉ា‌សេ‌ដូន ឈរ​អង្វរ​លោក​ថា៖ «សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ា‌សេ‌ដូន​នេះ​ផង!»។ ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​នោះ​ហើយ យើង ក៏​រក​ឱកាស​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ​បាន​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:6-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ឃាត់​ពួក​លោក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡាទី។ ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ា លោក​មាន​បំណង​ទៅ​ស្រុក​ប៊ីធូ‌នា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។ ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ា​ទៅ​ដល់​ក្រុង​ត្រូអាស។ នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេ‌ដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេ‌ដូន ជួយ​យើង​ខ្ញុំ​ផង!»។ ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​ក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:6-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា នឹង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ បាន​ជា​នាំ​គ្នា​ចុះ​ទៅ​ឯ​ស្រុក​មីស៊ា​វិញ ហើយ​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ប៊ីធូនា ប៉ុន្តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ រួច​គេ​ដើរ​ហួស​ពី​ស្រុក​មីស៊ា ចុះ​ទៅ​ឯ​ទ្រអាស​វិញ នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើង​ក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ

ចែក​រំលែក
អាន កិច្ចការ 16