កិច្ចការ 16:35-40
កិច្ចការ 16:35-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះភ្លឺឡើង ពួកតម្រួតបានចាត់នគរបាលមកប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!» ឆ្មាំគុកក៏នាំពាក្យនេះមកប្រាប់លោកប៉ុលថា៖ «ពួកតម្រួតបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមអញ្ជើញទៅឥឡូវនេះដោយសុខសាន្តចុះ»។ ប៉ុន្តែ លោកប៉ុលឆ្លើយទៅគេថា៖ «យើងជាជាតិរ៉ូម គេបានវាយយើងនឹងរំពាត់នៅកណ្តាលជំនុំ ដោយមិនបានកាត់ទោស ទាំងបានដាក់គុកយើងទៀត ហើយឥឡូវនេះ គេចង់បណ្ដេញយើងចេញដោយសម្ងាត់ដូច្នេះឬ? ទេ មិនបានទេ សុំឲ្យពួកលោកមកនាំយើងចេញដោយផ្ទាល់វិញ»។ នគរបាលក៏យកពាក្យនោះទៅជម្រាបពួកតម្រួត ហើយពួកតម្រួតក៏មានការភ័យខ្លាច ដោយឮថា អ្នកទាំងពីរជាជាតិរ៉ូម ដូច្នេះ គេក៏មកសូមទោសលោកទាំងពីរ ហើយនាំពួកលោកចេញ រួចអង្វរឲ្យពួកលោកចេញពីទីក្រុងនោះ។ ដូច្នេះ ពួកលោកក៏ចេញពីគុក ហើយទៅសួរសុខទុក្ខនាងលីឌា។ កាលបានឃើញពួកបងប្អូនហើយ ពួកលោកក៏លើកទឹកចិត្តគេ រួចចេញដំណើរទៅ។
កិច្ចការ 16:35-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះភ្លឺឡើង ពួកអាជ្ញាធរបានចាត់តម្រួតឲ្យទៅប្រាប់ឆ្មាំគុកថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ!»។ ឆ្មាំគុកបាននាំដំណឹងនេះទៅជម្រាបលោកប៉ូលថា៖ «ពួកអាជ្ញាធរបានចាត់គេមកប្រាប់ឲ្យដោះលែងលោកហើយ ដូច្នេះ សូមលោកចេញទៅឲ្យបានសុខសាន្តចុះ»។ ប៉ុន្តែ លោកប៉ូលមានប្រសាសន៍ទៅតម្រួតទាំងនោះថា៖ «យើងជាជនជាតិរ៉ូម៉ាំង គេបានវាយយើងនឹងរំពាត់នៅមុខប្រជុំជន ដោយពុំបានជំនុំជម្រះជាមុន ហើយក៏យកយើងមកដាក់គុកទៀត ឥឡូវនេះ គេចង់ដោះលែងយើងដោយស្ងាត់ៗ! ទេ មិនបានទេ! លោកទាំងនោះត្រូវតែមកដោះលែងយើងផ្ទាល់តែម្ដង ទើបបាន»។ ពួកតម្រួតនាំពាក្យនេះទៅជម្រាបពួកអាជ្ញាធរ។ កាលដឹងថាលោកទាំងពីរមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។ គេនាំគ្នាមកអង្វរករសុំទោសលោកទាំងពីរ រួចដោះលែងលោក និងអង្វរឲ្យលោកចាកចេញពីក្រុងនោះផង។ លោកទាំងពីរចេញពីទីឃុំឃាំង ចូលទៅផ្ទះរបស់នាងលីឌា ហើយបានជួបពួកបងប្អូន ព្រមទាំងបានលើកទឹកចិត្តគេទៀតផង រួចទើបលោកនាំគ្នាធ្វើដំណើរចេញទៅ។
កិច្ចការ 16:35-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដល់ភ្លឺឡើង នោះមេនគរបាលចាត់ពួកនាយ ឲ្យទៅប្រាប់ថា ចូរលែងអ្នកទាំង២នោះទៅ មេភូឃុំក៏ប្រាប់ដល់ប៉ុល តាមពាក្យនោះថា លោកនគរបាលបានចាត់គេមក ប្រាប់ឲ្យលែងលោកចេញទៅហើយ ដូច្នេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ តែប៉ុលឆ្លើយទៅគេថា ពួកមេនគរបាលវាយយើងនឹងរំពាត់ នៅកណ្តាលជំនុំ ឥតមានកាត់ទោស ហើយបានដាក់គុកយើងផង ដែលយើងជាជាតិរ៉ូមដូច្នេះ ឥឡូវនេះ លោកចង់គេចកែប្រែជាដេញយើងទៅដោយសំងាត់វិញឬ ធ្វើដូច្នេះពុំបានទេ ត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញ ពួកនាយក៏ទៅជំរាបតាមពាក្យនោះ រួចពួកមេនគរបាលមានសេចក្ដីភិតភ័យ ដោយឮថាជាជាតិរ៉ូម ក៏មកសូមអង្វរដល់គាត់ទាំង២នាក់ រួចនាំចេញពីក្នុងគុក ហើយសូមឲ្យចេញពីទីក្រុងគេទៅ កាលចេញពីគុកហើយ ទើបនាំគ្នាទៅឯនាងលីឌា លុះបានឃើញពួកជំនុំ នោះក៏ទូន្មានដល់គេ រួចចេញដំណើរទៅ។