កិច្ចការ 16:22-34
កិច្ចការ 16:22-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បណ្ដាជនក៏រួមគ្នាទាស់នឹងពួកលោក ហើយពួកតម្រួតក៏កន្ត្រាក់សម្លៀកបំពាក់របស់ពួកលោកចេញ ហើយបង្គាប់ឲ្យគេវាយពួកលោកនឹងរំពាត់។ ក្រោយពីបានវាយឲ្យមានស្នាមជាច្រើនហើយ គេក៏យកពួកលោកទៅដាក់គុក ទាំងបង្គាប់ឆ្មាំគុកឲ្យការពារដោយប្រយ័ត្នប្រយែង។ ក្រោយពីបានទទួលបញ្ជានេះហើយ គេក៏នាំយកពួកលោកទៅដាក់ក្នុងគុកជ្រៅ ហើយដាក់ខ្នោះភ្ជាប់នៅជើង។ លុះប្រមាណជាពាក់កណ្តាលអធ្រាត្រ លោកប៉ុល និងលោកស៊ីឡាស បានអធិស្ឋាន ហើយច្រៀងទំនុកសរសើរតម្កើងព្រះ ពួកអ្នកទោសក៏ស្តាប់ពួកលោក។ រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីជាខ្លាំង ធ្វើឲ្យគ្រឹះគុករញ្ជួយឡើង ហើយទ្វារទាំងប៉ុន្មានក៏របើកឡើងភ្លាម ឯច្រវ៉ាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយស្មានថា អ្នកទោសរត់បាត់អស់ហើយ។ ប៉ុន្តែ លោកប៉ុលបានស្រែកឡើងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនអី ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!»។ ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក ហើយក្រាបចុះនៅទៀបជើងលោកប៉ុល និងលោកស៊ីឡាស ទាំងញាប់ញ័រ។ ពេលនោះ គាត់នាំលោកទាំងពីរចេញមកក្រៅ សួរថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើដូចម្តេចដើម្បីឲ្យបានសង្គ្រោះ?» លោកមានប្រសាសន៍ថា៖ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះលោកនឹងបានសង្គ្រោះ រួមទាំងក្រុមគ្រួសារលោកផងដែរ»។ ពួកលោកក៏ប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និងដល់មនុស្សទាំងប៉ុន្មានដែលនៅក្នុងផ្ទះរបស់គាត់។ នៅវេលាយប់នោះឯង គាត់បានយកលោកទាំងពីរទៅលាងស្នាមរបួសចេញ ហើយគាត់ និងក្រុមគ្រួសារគាត់ទាំងអស់ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ គាត់បាននាំលោកទាំងពីរចូលទៅក្នុងផ្ទះ ហើយរៀបចំម្ហូបអាហារជូន។ គាត់មានចិត្តអរសប្បាយ រួមជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ដោយព្រោះគាត់បានជឿដល់ព្រះ។
កិច្ចការ 16:22-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បណ្ដាជនក៏លើកគ្នាមកប្រឆាំងនឹងលោកទាំងពីរដែរ។ ពួកអាជ្ញាធរបានបញ្ជាឲ្យគេដោះសម្លៀកបំពាក់លោកប៉ូល និងលោកស៊ីឡាសចេញ រួចបញ្ជាឲ្យវាយនឹងរំពាត់។ ក្រោយពីបានវាយលោកទាំងពីរច្រើនរំពាត់ហើយ គេក៏យកលោកទៅដាក់ក្នុងទីឃុំឃាំង ទាំងបញ្ជាឲ្យយាមយ៉ាងមធ្យ័តផង។ ឆ្មាំគុកក៏យកលោកទាំងពីរទៅឃុំក្នុងគុកងងឹត និងដាក់ខ្នោះជើង តាមបញ្ជាដែលគាត់បានទទួល។ ប្រមាណជាពាក់កណ្ដាលអធ្រាត្រ លោកប៉ូល និងលោកស៊ីឡាស នាំគ្នាអធិស្ឋាន និងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកទោសឯទៀតៗស្ដាប់លោកទាំងពីរ។ រំពេចនោះ ស្រាប់តែមានរញ្ជួយផែនដីយ៉ាងខ្លាំង បណ្ដាលឲ្យកក្រើកដល់គ្រឹះទីឃុំឃាំង ទ្វារគុកទាំងប៉ុន្មានក៏របើកឡើងភ្លាម រីឯច្រវាក់ដែលគេដាក់អ្នកទោសក៏របូតចេញអស់ដែរ។ ពេលនោះ ឆ្មាំគុកភ្ញាក់ឡើង លុះគាត់ឃើញទ្វារគុករបើកដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ព្រោះនឹកស្មានថាអ្នកទោសរត់បាត់អស់ហើយ។ ប៉ុន្តែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។ ឆ្មាំគុកសុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក។ គាត់ក្រាបចុះនៅមុខលោកប៉ូល និងលោកស៊ីឡាស ទាំងញាប់ញ័រ។ គាត់នាំលោកទាំងពីរចេញមកក្រៅ ពោលថា៖ «លោកម្ចាស់! តើខ្ញុំប្របាទត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានទទួលការសង្គ្រោះ?»។ លោកតបទៅគាត់វិញថា៖ «សូមជឿលើព្រះអម្ចាស់យេស៊ូទៅ នោះព្រះជាម្ចាស់នឹងសង្គ្រោះលោក ព្រមទាំងសង្គ្រោះក្រុមគ្រួសាររបស់លោកផងដែរ»។ បន្ទាប់មក លោកទាំងពីរបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ប្រាប់គាត់ និងប្រាប់អ្នកទាំងប៉ុន្មានដែលនៅក្នុងផ្ទះគាត់។ ពេលនោះ ឆ្មាំគុកនាំលោកទាំងពីរមកលាងស្នាមរបួសទាំងយប់ ហើយគាត់ និងក្រុមគ្រួសាររបស់គាត់ ក៏បានទទួលពិធីជ្រមុជទឹកភ្លាម។ គាត់បាននាំលោកទាំងពីរឡើងទៅផ្ទះគាត់ រៀបចំម្ហូបអាហារជូន។ គាត់ និងក្រុមគ្រួសាររបស់គាត់មានអំណរសប្បាយ ដោយបានជឿលើព្រះជាម្ចាស់។
កិច្ចការ 16:22-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុល ហើយនឹងស៊ីឡាសដែរ រួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញ ហើយបង្គាប់ឲ្យវាយនឹងរំពាត់ ក្រោយដែលវាយ មានស្នាមជាច្រើនហើយ នោះក៏យកទៅដាក់គុក បង្គាប់មេភូឃុំ ឲ្យរក្សាដោយប្រយ័តប្រយែង មេភូឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយ ក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅ ព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផង លុះពេលប្រហែលជាកណ្តាលអធ្រាត្រ ប៉ុល នឹងស៊ីឡាស កំពុងតែអធិស្ឋាន ហើយច្រៀងសរសើរដល់ព្រះ ឯពួកអ្នកទោសក៏ស្តាប់ដែរ នោះស្រាប់តែកើតមានកក្រើកដីជាខ្លាំង ដល់ម៉្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផង ហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាម ខ្នោះក៏រហើបចេញទាំងអស់ទៅ កាលមេភូឃុំភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នោះ ក៏ហូតដាវបំរុងនឹងសំឡាប់ខ្លួនចោល ដោយស្មានថា អ្នកទោសបានរត់រួចអស់ហើយ ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ មេភូឃុំក៏ឲ្យគេយកភ្លើងមក រួចម្នីម្នាស្ទុះចូលទៅក្នុងគុក ផ្តួលខ្លួននៅទៀបជើងប៉ុល នឹងស៊ីឡាស ទាំងញាប់ញ័រ គាត់នាំគេចេញទៅក្រៅសួរថា លោកម្ចាស់អើយ តើត្រូវឲ្យខ្ញុំធ្វើដូចម្តេចឲ្យបានសង្គ្រោះផង គេក៏ប្រាប់គាត់ថា ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ ព្រមទាំងពួកគ្រួសារលោកផង គេក៏ផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ដល់គាត់ នឹងពួកគ្រួគាត់ទាំងអស់ដែរ នៅវេលាយប់នោះឯង គាត់យកគេទៅលាងស្នាមរំពាត់ចេញ រួចខ្លួនគាត់ នឹងពួកគាត់ទាំងអស់ ក៏ទទួលបុណ្យជ្រមុជទឹកភ្លាម នោះគាត់នាំគេចូលទៅក្នុងផ្ទះរៀបតុឲ្យបរិភោគ ដោយមានចិត្តរីករាយសាទរ ព្រមទាំងពួកគ្រួគាត់ផង ដោយព្រោះបានជឿដល់ព្រះហើយ។