កិច្ចការ 16:14-22

កិច្ចការ 16:14-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ស្ត្រី​ម្នាក់ ឈ្មោះ​លីឌា ពី​ស្រុក​ធា‌ទេ‌រ៉ា ជា​អ្នក​ជំនួញ​ក្រណាត់​ពណ៌​ស្វាយ នាង​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះ។ ព្រះ‌អម្ចាស់​បាន​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី​ដែល​លោក​ប៉ុល​មាន​ប្រសាសន៍។ កាល​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជាមួយ​ក្រុម​គ្រួ​សារ​របស់​នាង​រួច​ហើយ នាង​ក៏​អញ្ជើញ​យើង​ថា៖ «បើ​អស់​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង​ខ្ញុំ​ទៅ»។ នាង​ក៏​ទទូច​រហូត​ដល់​យើង​យល់​ព្រម។ មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។ នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។ នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។ ប៉ុន្តែ កាល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា គេ​អស់​សង្ឃឹម​នឹង​រក​កម្រៃ​បាន គេ​ក៏​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស អូសចូល​ទៅក្នុង​ទៅ​ទី​ផ្សារ នៅ​ចំពោះ​មុខពួក​អាជ្ញា​ធរ។ កាល​គេ​បាន​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​តម្រួត​ហើយ គេ​ជម្រាប​ថា៖ «បុរសទាំង​នេះ​ជា​សាន៍​យូដា ហើយ​គេ​បង្ក​ចលាចល​នៅ​ក្នុង​ទី​ក្រុង​របស់​យើង។ គេ​ប្រកាស​ប្រាប់​ពី​ទំនៀម​ទម្លាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​នឹង​ទទួល ឬ​កាន់​តាម​ឡើយ»។ បណ្ដាជន​ក៏​រួម​គ្នា​ទាស់​នឹង​ពួក​លោក ហើយ​ពួក​តម្រួត​ក៏​កន្ត្រាក់​សម្លៀក​បំពាក់​របស់​ពួក​លោក​ចេញ ហើយ​បង្គាប់​ឲ្យ​គេ​វាយ​ពួក​លោក​នឹង​រំពាត់។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:14-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ស្ត្រី​ម្នាក់​ដែល​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់​ឈ្មោះ​លីឌា ជា​អ្នក​ស្រុក​ធាទេ‌រ៉ា និង​ជា​ឈ្មួញ​ក្រណាត់​ពណ៌​ក្រហម​ដ៏​មាន​តម្លៃ។ ពេល​នោះ នាង​ផ្ទៀង​ត្រចៀក​ស្ដាប់ ព្រះ‌អម្ចាស់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍។ បន្ទាប់​ពី​នាង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ជា​មួយ​ក្រុម​គ្រួសារ​របស់​នាង​រួច​ហើយ នាង​បាន​អញ្ជើញ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​នាង ដោយ​ពោល​ថា៖ «បើ​លោក​យល់​ឃើញ​ថា នាង​ខ្ញុំ​ពិត​ជា​ជឿ​លើ​ព្រះ‌អម្ចាស់​មែន សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ឯ​ផ្ទះ​របស់​នាង​ខ្ញុំ​ទៅ!»។ នាង​បាន​ទទូច​សុំ​ឲ្យ​យើង​យល់​ព្រម តាម​សេចក្ដី​អញ្ជើញ​របស់​នាង។ មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន* មាន​ស្រី​បម្រើ​គេ​ម្នាក់​មក​ជួប​យើង នាង​មាន​អារក្ស​ភីថង់​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កម្រៃ​យ៉ាង​ច្រើន។ នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។ នាង​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​វិញ្ញាណ​អាក្រក់​ថា៖ «ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ចូរ​ចេញ​ពី​នាង​ទៅ!»។ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពី​នាង​ភ្លាម។ កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថា​លែង​មាន​សង្ឃឹម​នឹង​បាន​កម្រៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅ‌ក្រម​នៅ​ទីលាន​សាធារណៈ ក្នុង​ទីក្រុង។ ចៅ‌ក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញា‌ធរ ពោល​ថា៖ «ជន‌ជាតិ​យូដា​ទាំង​នេះ​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ក្រុង​យើង។ គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង ជន‌ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​ឡើយ»។ បណ្ដា‌ជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញា‌ធរ​បាន​បញ្ជា​ឲ្យ​គេ​ដោះ​សម្លៀក‌បំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:14-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។ រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ នាង​ដើរ​តាម​ប៉ុល នឹង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្ដី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង កាល​ពួក​ចៅហ្វាយ​របស់​នាង​ឃើញ​ថា ទី​សង្ឃឹម​ដែល​នឹង​បាន​កំរៃ បាន​បាត់​អស់​ទៅ​ហើយ នោះ​គេ​ក៏​ចាប់​ប៉ុល​នឹង​ស៊ីឡាស ដោយ​កន្ត្រាក់‌កន្ត្រែង​នាំ​ទៅ​ឯ​ទី​ផ្សារ នៅ​ចំពោះ​មុខ​មេ​នគរ‌បាល រួច​កាល​នាំ​ទៅ​ដល់​នាយក​ដំរួត​នគរ‌បាល គេ​ជំរាប​ថា ពួក​សាសន៍​យូដា​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង កើត​វឹកវរ​ជា​ខ្លាំង​ណាស់ គេ​ប្រកាស​ប្រាប់​ពី​ទំនៀម‌ទំលាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​នឹង​ស៊ីឡាស​ដែរ រួច​មេ​នគរ‌បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់

ចែក​រំលែក
អាន កិច្ចការ 16