កិច្ចការ 16:11-16
កិច្ចការ 16:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ យើងបានចុះសំពៅចេញពីក្រុងទ្រអាស តម្រង់ទៅកោះសាម៉ូត្រាស ហើយស្អែកឡើងបានមកដល់ក្រុងនាប៉ូល ហើយចេញពីក្រុងនោះ មកដល់ក្រុងភីលីព ជាទីក្រុងលេខមួយក្នុងស្រុកម៉ាសេដូន និងជាក្រុងចំណុះរបស់រ៉ូម។ យើងបានស្នាក់នៅទីនេះជាច្រើនថ្ងៃ។ នៅថ្ងៃសប្ប័ទ យើងចេញទៅខាងក្រៅទ្វារក្រុង ទៅឯមាត់ទន្លេ ដោយយើងនឹកគិតថា នឹងមានកន្លែងអធិស្ឋាន។ យើងក៏អង្គុយចុះ ហើយនិយាយទៅកាន់ពួកស្ត្រីដែលជួបជុំគ្នានៅទីនោះ។ មានស្ត្រីម្នាក់ ឈ្មោះលីឌា ពីស្រុកធាទេរ៉ា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយ នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្តីដែលលោកប៉ុលមានប្រសាសន៍។ កាលនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងក៏អញ្ជើញយើងថា៖ «បើអស់លោកយល់ឃើញថា នាងខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅផ្ទះនាងខ្ញុំទៅ»។ នាងក៏ទទូចរហូតដល់យើងយល់ព្រម។ មានថ្ងៃមួយ ពេលយើងកំពុងធ្វើដំណើរទៅកន្លែងអធិស្ឋាន យើងបានជួបស្រីបម្រើម្នាក់ដែលមានអារក្សភីថង់ចូល ហើយធ្វើឲ្យពួកម្ចាស់របស់នាងរកកម្រៃបានយ៉ាងច្រើន ដោយការទាយ។
កិច្ចការ 16:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងត្រូអាស យើងបានចុះសំពៅ ធ្វើដំណើរតម្រង់ឆ្ពោះទៅកោះសាម៉ូត្រាសតែម្ដង។ ស្អែកឡើង យើងបានទៅដល់ក្រុងនាប៉ូល រួចយើងចេញដំណើរពីក្រុងនោះឆ្ពោះទៅក្រុងភីលីព ជាក្រុងធំជាងគេក្នុងស្រុកម៉ាសេដូន ហើយជាក្រុងដែលមានឯកសិទ្ធិពិសេសនៅក្នុងចក្រភពរ៉ូម៉ាំង។ យើងបានស្នាក់នៅក្រុងនោះជាច្រើនថ្ងៃ។ នៅថ្ងៃសប្ប័ទ* យើងបានចេញទៅខាងក្រៅទ្វារក្រុង សំដៅទៅមាត់ស្ទឹងមួយ ដោយនឹកគិតថានឹងមានកន្លែងអធិស្ឋាន*។ យើងក៏នាំគ្នាអង្គុយ ហើយនិយាយជាមួយពួកស្ត្រីដែលមកជួបជុំគ្នានៅទីនោះ។ មានស្ត្រីម្នាក់ដែលគោរពកោតខ្លាចព្រះជាម្ចាស់ឈ្មោះលីឌា ជាអ្នកស្រុកធាទេរ៉ា និងជាឈ្មួញក្រណាត់ពណ៌ក្រហមដ៏មានតម្លៃ។ ពេលនោះ នាងផ្ទៀងត្រចៀកស្ដាប់ ព្រះអម្ចាស់ក៏បានបំភ្លឺចិត្តគំនិតនាង ឲ្យយកចិត្តទុកដាក់នឹងសេចក្ដីដែលលោកប៉ូលមានប្រសាសន៍។ បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាង ដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើព្រះអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។ មានថ្ងៃមួយ ពេលយើងធ្វើដំណើរទៅកន្លែងអធិស្ឋាន* មានស្រីបម្រើគេម្នាក់មកជួបយើង នាងមានអារក្សភីថង់ចូល នាំឲ្យនាងចេះទាយ ធ្វើឲ្យពួកម្ចាស់របស់នាងបានទទួលកម្រៃយ៉ាងច្រើន។
កិច្ចការ 16:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលបានចុះសំពៅចេញពីទ្រអាសទៅ នោះក៏ដំរង់ទៅឯកោះសាម៉ូត្រាស ហើយថ្ងៃក្រោយបានដល់នាប៉ូល ពីទីនោះ យើងក៏ទៅដល់ក្រុងភីលីព ជាទីក្រុងលេខ១ក្នុងដែនខេត្តម៉ាសេដូន ដែលជាស្រុកចំណុះ ហើយយើងសំចតនៅទីនោះបានបួនដប់ថ្ងៃ។ ដល់ថ្ងៃឈប់សំរាក យើងដើរចេញពីទីក្រុង ទៅឯមាត់ទន្លេ ជាកន្លែងដែលគេធ្លាប់អធិស្ឋាន ក៏អង្គុយនិយាយនឹងពួកស្រីៗដែលប្រជុំគ្នា នោះមានស្ត្រីម្នាក់ ជាអ្នកជំនួញល័ខពណ៌ស្វាយ ឈ្មោះលីឌា ពីក្រុងធាទេរ៉ា ជាអ្នកដែលថ្វាយបង្គំព្រះ នាងប្រុងស្តាប់ ហើយព្រះអម្ចាស់ទ្រង់បើកចិត្តនាង ឲ្យយកចិត្តទុកដាក់តាមសេចក្ដី ដែលប៉ុលអធិប្បាយ កាលនាងបានទទួលបុណ្យជ្រមុជទឹក ព្រមទាំងពួកគ្រួនាងរួចហើយ នោះក៏អញ្ជើញយើងថា បើអស់លោកយល់ឃើញថា ខ្ញុំស្មោះត្រង់ចំពោះព្រះអម្ចាស់ពិត នោះសូមលោកអញ្ជើញទៅនៅឯផ្ទះខ្ញុំកុំខាន នាងក៏បង្ខំដល់យើង។ រួចកាលយើងកំពុងតែទៅឯទីអធិស្ឋាន នោះមានបាវស្រីម្នាក់មកជួបនឹងយើង នាងនោះមានអារក្សភីថង់ចូល ក៏បានចំរើនឲ្យចៅហ្វាយនាងជាច្រើន ដោយការទាយ