កិច្ចការ 16:1-5

កិច្ចការ 16:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ប៉ុល​បាន​ទៅ​ដល់​ក្រុង​ឌើបេ និងក្រុង​លីស្ត្រា ហើយ​នៅ​ទី​នោះ មាន​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​ជា​អ្នក​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រិក។ គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​ពួក​បង‌ប្អូន​នៅ​ក្រុង​លីស្ត្រា និងក្រុង​អ៊ីកូ‌នាម។ លោក​ប៉ុល​ចង់ឲ្យ​ធីម៉ូថេ​រួម​ដំណើរ​ជា‌មួយ​លោក ហើយ​លោក​បាន​នាំ​គាត់​ទៅ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​យោគ​យល់​ដល់​សាសន៍​យូដា​ដែល​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រិក។ ពេលពួក​លោក​ធ្វើ​ដំណើរ​កាត់​ក្រុង​ទាំង​នោះ ពួក​លោក​ប្រគល់​សេចក្ដី​សម្រេច​របស់​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិមដល់​គេ ដើម្បី​ឲ្យ​គេ​អនុវត្ត​តាម។ ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​មាន​ជំនឿ​កាន់​តែ​រឹងមាំ ហើយ​ចំនួន​ពួក​សិស្ស​ចេះ​តែ​ចម្រើន​ឡើង​រាល់​ថ្ងៃ។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្ស*​មួយ​រូប​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ក្នុង​ចំណោម​បងប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បងប្អូន​នៅ​ក្រុង​អ៊ីកូ‌នាម។ លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ ព្រោះ​យោគ‌យល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។ នៅ​តាម​ក្រុង​នានា ដែល​ពួក​លោក​ប៉ូល​ធ្វើ​ដំណើរ​កាត់ លោក​បាន​ប្រាប់​អ្នក​ជឿ​ឲ្យ​ដឹង​អំពី​សេចក្ដី​សម្រេច​របស់​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សុំ​ឲ្យ​គេ​អនុវត្ត​តាម។ ក្រុម‌ជំនុំ​នានា​ក៏​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ប៉ុល បាន​ទៅ​ដល់​ក្រុង​ឌើបេ នឹង​លីស្ត្រា ហើយ​នៅ​ទី​នោះ ក៏​ប្រទះ​ឃើញ​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​បាន​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រេក គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ត្រា នឹង​អ៊ីកូនាម ឯ​ប៉ុល ចង់​ឲ្យ​អ្នក​នោះ​ទៅ​ជា​មួយ​ផង បាន​ជា​គាត់​នាំ​យក​ទៅ​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​ពួក​សាសន៍​យូដា​ដែល​នៅ​ស្រុក​ទាំង​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រេក កំពុង​ដែល​ដើរ​កាត់​អស់​ទាំង​ទី​ក្រុង នោះ​ក៏​ប្រគល់​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្ដី​ដែល​ពួក​សាវក នឹង​ពួក​ចាស់‌ទុំ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជំនុំ​សំរេច​គេ​ឲ្យ​កាន់​តាម យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ រឹត‌តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ។

ចែក​រំលែក
អាន កិច្ចការ 16