កិច្ចការ 16:1-13

កិច្ចការ 16:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​ប៉ុល​បាន​ទៅ​ដល់​ក្រុង​ឌើបេ និងក្រុង​លីស្ត្រា ហើយ​នៅ​ទី​នោះ មាន​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​ជា​អ្នក​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រិក។ គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​ចំណោម​ពួក​បង‌ប្អូន​នៅ​ក្រុង​លីស្ត្រា និងក្រុង​អ៊ីកូ‌នាម។ លោក​ប៉ុល​ចង់ឲ្យ​ធីម៉ូថេ​រួម​ដំណើរ​ជា‌មួយ​លោក ហើយ​លោក​បាន​នាំ​គាត់​ទៅ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​យោគ​យល់​ដល់​សាសន៍​យូដា​ដែល​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រិក។ ពេលពួក​លោក​ធ្វើ​ដំណើរ​កាត់​ក្រុង​ទាំង​នោះ ពួក​លោក​ប្រគល់​សេចក្ដី​សម្រេច​របស់​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិមដល់​គេ ដើម្បី​ឲ្យ​គេ​អនុវត្ត​តាម។ ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​មាន​ជំនឿ​កាន់​តែ​រឹងមាំ ហើយ​ចំនួន​ពួក​សិស្ស​ចេះ​តែ​ចម្រើន​ឡើង​រាល់​ថ្ងៃ។ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ឃាត់​មិន​ឲ្យ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី ពួកលោក​ក៏​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និងស្រុក​កា‌ឡា‌ទី។ ពេល​ពួក​លោក​បាន​មក​ដល់​ស្រុក​មីស៊ា លោក​បម្រុង​ចូល​ទៅ​ក្នុង​ស្រុក​ប៊ី‌ធូនា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ។ ដូច្នេះ ពួក​លោកក៏​ឆ្លង​កាត់​ស្រុក​មីស៊ា ចុះ​ទៅ​ក្រុង​ទ្រអាស។ នៅ​យប់​នោះ លោក​ប៉ុល​មាន​និមិត្ត​មួយ គឺ​ឃើញ​បុរស​ម្នាក់​ពី​ស្រុក​ម៉ា‌សេ‌ដូន ឈរ​អង្វរ​លោក​ថា៖ «សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ា‌សេ‌ដូន​នេះ​ផង!»។ ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​នោះ​ហើយ យើង ក៏​រក​ឱកាស​នឹង​ទៅ​ស្រុក​ម៉ា‌សេ‌ដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ​បាន​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។ ដូច្នេះ យើង​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ទ្រអាស តម្រង់​ទៅ​កោះ​សាម៉ូ‌ត្រាស ហើយ​ស្អែក​ឡើង​បាន​មក​ដល់​ក្រុង​នាប៉ូល ហើយ​ចេញ​ពី​ក្រុង​នោះ មក​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​មួយ​ក្នុង​ស្រុក​ម៉ា‌សេ‌ដូន និង​ជា​ក្រុង​ចំណុះ​របស់​រ៉ូម។ យើង​បាន​ស្នាក់​នៅ​ទីនេះ​ជា​ច្រើន​ថ្ងៃ។ នៅ​ថ្ងៃ​សប្ប័ទ យើង​ចេញ​ទៅខាង​ក្រៅ​ទ្វារ​ក្រុង ទៅ​ឯមាត់​ទន្លេ ដោយ​យើង​នឹក​គិត​ថា នឹង​មាន​កន្លែង​អធិស្ឋាន។ យើង​ក៏​អង្គុយ​ចុះ ហើយ​និយាយ​ទៅ​កាន់​ពួកស្ត្រី​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ឌើបេ រួច​ទៅ​ដល់​ក្រុង​លីស្ដ្រា។ នៅ​ក្រុង​លីស្ដ្រា​នោះ មាន​សិស្ស*​មួយ​រូប​ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់​ជា​អ្នក​ជឿ ឪពុក​គាត់​ជា​សាសន៍​ក្រិក គាត់​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ​ក្នុង​ចំណោម​បងប្អូន​នៅ​ក្រុង​លីស្ដ្រា និង​បងប្អូន​នៅ​ក្រុង​អ៊ីកូ‌នាម។ លោក​ប៉ូល​មាន​បំណង​នាំ​គាត់​រួម​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​ក៏​យក​គាត់​មក​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ ព្រោះ​យោគ‌យល់​ដល់​សាសន៍​យូដា​នៅ​ស្រុក​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា​ឪពុក​គាត់​ជា​សាសន៍​ក្រិក។ នៅ​តាម​ក្រុង​នានា ដែល​ពួក​លោក​ប៉ូល​ធ្វើ​ដំណើរ​កាត់ លោក​បាន​ប្រាប់​អ្នក​ជឿ​ឲ្យ​ដឹង​អំពី​សេចក្ដី​សម្រេច​របស់​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ* នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​សុំ​ឲ្យ​គេ​អនុវត្ត​តាម។ ក្រុម‌ជំនុំ​នានា​ក៏​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​បាន​ឃាត់​ពួក​លោក​ប៉ូល មិន​ឲ្យ​ទៅ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និង​ដែន​ដី​កាឡាទី។ ពេល​ទៅ​ដល់​ជិត​ស្រុក​មីស៊ា លោក​មាន​បំណង​ទៅ​ស្រុក​ប៊ីធូ‌នា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូ​ពុំ​អនុញ្ញាត​ឲ្យ​ទៅ​ទេ។ ដូច្នេះ លោក​ក៏​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​មីស៊ា​ទៅ​ដល់​ក្រុង​ត្រូអាស។ នៅ​ពេល​យប់ លោក​ប៉ូល​បាន​និមិត្ត​ឃើញ​អ្នក​ស្រុក​ម៉ាសេ‌ដូន​ម្នាក់ ឈរ​អង្វរ​លោក​ថា៖ «សូម​លោក​ឆ្លង​មក​ស្រុក​ម៉ាសេ‌ដូន ជួយ​យើង​ខ្ញុំ​ផង!»។ ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ​នេះ​ហើយ យើង​ក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេ‌ដូន ព្រោះ​យើង​ជឿ​ជាក់​ថា ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។ នៅ​ក្រុង​ត្រូអាស យើង​បាន​ចុះ​សំពៅ ធ្វើ​ដំណើរ​តម្រង់​ឆ្ពោះ​ទៅ​កោះ​សាម៉ូ‌ត្រាស​តែ​ម្ដង។ ស្អែក​ឡើង យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល រួច​យើង​ចេញ​ដំណើរ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​ភីលីព ជា​ក្រុង​ធំ​ជាង​គេ​ក្នុង​ស្រុក​ម៉ាសេ‌ដូន ហើយ​ជា​ក្រុង​ដែល​មាន​ឯក‌សិទ្ធិ​ពិសេស​នៅ​ក្នុង​ចក្រភព​រ៉ូម៉ាំង។ យើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជា​ច្រើន​ថ្ងៃ។ នៅ​ថ្ងៃ​សប្ប័ទ* យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង សំដៅ​ទៅ​មាត់​ស្ទឹង​មួយ ដោយ​នឹក​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន*។ យើង​ក៏​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ជា​មួយ​ពួក​ស្ត្រី​ដែល​មក​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ប៉ុល បាន​ទៅ​ដល់​ក្រុង​ឌើបេ នឹង​លីស្ត្រា ហើយ​នៅ​ទី​នោះ ក៏​ប្រទះ​ឃើញ​សិស្ស​ម្នាក់ ឈ្មោះ​ធីម៉ូថេ ជា​កូន​របស់​ស្ត្រី​សាសន៍​យូដា​ម្នាក់ ដែល​បាន​ជឿ តែ​ឪពុក​ជា​សាសន៍​ក្រេក គាត់​ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ពួក​ជំនុំ​នៅ​លីស្ត្រា នឹង​អ៊ីកូនាម ឯ​ប៉ុល ចង់​ឲ្យ​អ្នក​នោះ​ទៅ​ជា​មួយ​ផង បាន​ជា​គាត់​នាំ​យក​ទៅ​កាត់​ស្បែក​ឲ្យ ដោយ​ព្រោះ​ពួក​សាសន៍​យូដា​ដែល​នៅ​ស្រុក​ទាំង​នោះ ដ្បិត​គេ​ដឹង​គ្រប់​គ្នា​ថា ឪពុក​គាត់​ជា​សាសន៍​ក្រេក កំពុង​ដែល​ដើរ​កាត់​អស់​ទាំង​ទី​ក្រុង នោះ​ក៏​ប្រគល់​សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដល់​គេ ជា​សេចក្ដី​ដែល​ពួក​សាវក នឹង​ពួក​ចាស់‌ទុំ ដែល​នៅ​ក្រុង​យេរូ‌សាឡិម បាន​ជំនុំ​សំរេច​គេ​ឲ្យ​កាន់​តាម យ៉ាង​នោះ ពួក​ជំនុំ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ជំនឿ រឹត‌តែ​ខ្លាំង ហើយ​ចំនួន​នៃ​ពួក​សិស្ស ចេះ​តែ​ចំរើន​កើន​ឡើង​ជា​រាល់​ថ្ងៃ។ កាល​បាន​ដើរ​កាត់​ស្រុក​ព្រីគា នឹង​ដែន​ខេត្ត​កាឡាទី នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ទ្រង់​ឃាត់ មិន​ឲ្យ​ផ្សាយ​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី​ទេ បាន​ជា​នាំ​គ្នា​ចុះ​ទៅ​ឯ​ស្រុក​មីស៊ា​វិញ ហើយ​ខំ​ចូល​ទៅ​ក្នុង​ស្រុក​ប៊ីធូនា ប៉ុន្តែ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ រួច​គេ​ដើរ​ហួស​ពី​ស្រុក​មីស៊ា ចុះ​ទៅ​ឯ​ទ្រអាស​វិញ នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើង​ក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​ដំរង់​ទៅ​ឯ​កោះ​សាម៉ូ‌ត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល ពី​ទី​នោះ យើង​ក៏​ទៅ​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​១​ក្នុង​ដែន​ខេត្ត​ម៉ាសេដូន ដែល​ជា​ស្រុក​ចំណុះ ហើយ​យើង​សំចត​នៅ​ទី​នោះ​បាន​បួន​ដប់​ថ្ងៃ។ ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ​ដែល​ប្រជុំ​គ្នា

ចែក​រំលែក
អាន កិច្ចការ 16