កិច្ចការ 16:1-10
កិច្ចការ 16:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកប៉ុលបានទៅដល់ក្រុងឌើបេ និងក្រុងលីស្ត្រា ហើយនៅទីនោះ មានសិស្សម្នាក់ ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលជាអ្នកជឿ តែឪពុកជាសាសន៍ក្រិក។ គាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមពួកបងប្អូននៅក្រុងលីស្ត្រា និងក្រុងអ៊ីកូនាម។ លោកប៉ុលចង់ឲ្យធីម៉ូថេរួមដំណើរជាមួយលោក ហើយលោកបាននាំគាត់ទៅធ្វើពិធីកាត់ស្បែកឲ្យ ដោយព្រោះយោគយល់ដល់សាសន៍យូដាដែលនៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រិក។ ពេលពួកលោកធ្វើដំណើរកាត់ក្រុងទាំងនោះ ពួកលោកប្រគល់សេចក្ដីសម្រេចរបស់ពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិមដល់គេ ដើម្បីឲ្យគេអនុវត្តតាម។ ដូច្នេះ ក្រុមជំនុំទាំងប៉ុន្មានមានជំនឿកាន់តែរឹងមាំ ហើយចំនួនពួកសិស្សចេះតែចម្រើនឡើងរាល់ថ្ងៃ។ ដោយព្រះវិញ្ញាណបរិសុទ្ធបានឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅស្រុកអាស៊ី ពួកលោកក៏ធ្វើដំណើរកាត់ស្រុកព្រីគា និងស្រុកកាឡាទី។ ពេលពួកលោកបានមកដល់ស្រុកមីស៊ា លោកបម្រុងចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ។ ដូច្នេះ ពួកលោកក៏ឆ្លងកាត់ស្រុកមីស៊ា ចុះទៅក្រុងទ្រអាស។ នៅយប់នោះ លោកប៉ុលមាននិមិត្តមួយ គឺឃើញបុរសម្នាក់ពីស្រុកម៉ាសេដូន ឈរអង្វរលោកថា៖ «សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង!»។ ក្រោយពេលលោកបានឃើញនិមិត្តនោះហើយ យើង ក៏រកឱកាសនឹងទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
កិច្ចការ 16:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលធ្វើដំណើរទៅដល់ក្រុងឌើបេ រួចទៅដល់ក្រុងលីស្ដ្រា។ នៅក្រុងលីស្ដ្រានោះ មានសិស្ស*មួយរូបឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ជាអ្នកជឿ ឪពុកគាត់ជាសាសន៍ក្រិក គាត់មានកេរ្តិ៍ឈ្មោះល្អក្នុងចំណោមបងប្អូននៅក្រុងលីស្ដ្រា និងបងប្អូននៅក្រុងអ៊ីកូនាម។ លោកប៉ូលមានបំណងនាំគាត់រួមដំណើរទៅជាមួយដែរ។ លោកក៏យកគាត់មកធ្វើពិធីកាត់ស្បែក*ឲ្យ ព្រោះយោគយល់ដល់សាសន៍យូដានៅស្រុកនោះ ដ្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសន៍ក្រិក។ នៅតាមក្រុងនានា ដែលពួកលោកប៉ូលធ្វើដំណើរកាត់ លោកបានប្រាប់អ្នកជឿឲ្យដឹងអំពីសេចក្ដីសម្រេចរបស់ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ* នៅក្រុងយេរូសាឡឹម ហើយសុំឲ្យគេអនុវត្តតាម។ ក្រុមជំនុំនានាក៏មានជំនឿកាន់តែមាំមួនរៀងរាល់ថ្ងៃ ហើយមានគ្នាកាន់តែច្រើនជាលំដាប់។ ព្រះវិញ្ញាណដ៏វិសុទ្ធ*បានឃាត់ពួកលោកប៉ូល មិនឲ្យទៅប្រកាសព្រះបន្ទូលនៅស្រុកអាស៊ីទេ ហេតុនេះហើយបានជាលោកនាំគ្នាធ្វើដំណើរកាត់ស្រុកព្រីគា និងដែនដីកាឡាទី។ ពេលទៅដល់ជិតស្រុកមីស៊ា លោកមានបំណងទៅស្រុកប៊ីធូនា ប៉ុន្តែ ព្រះវិញ្ញាណរបស់ព្រះយេស៊ូពុំអនុញ្ញាតឲ្យទៅទេ។ ដូច្នេះ លោកក៏នាំគ្នាឆ្លងកាត់ស្រុកមីស៊ាទៅដល់ក្រុងត្រូអាស។ នៅពេលយប់ លោកប៉ូលបាននិមិត្តឃើញអ្នកស្រុកម៉ាសេដូនម្នាក់ ឈរអង្វរលោកថា៖ «សូមលោកឆ្លងមកស្រុកម៉ាសេដូន ជួយយើងខ្ញុំផង!»។ ក្រោយពេលលោកបានឃើញនិមិត្តហេតុអស្ចារ្យនេះហើយ យើងក៏រូតរះចេញដំណើរទៅស្រុកម៉ាសេដូន ព្រោះយើងជឿជាក់ថា ព្រះជាម្ចាស់ត្រាស់ហៅយើងឲ្យទៅផ្សព្វផ្សាយដំណឹងល្អដល់អ្នកស្រុកនោះ។
កិច្ចការ 16:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯប៉ុល បានទៅដល់ក្រុងឌើបេ នឹងលីស្ត្រា ហើយនៅទីនោះ ក៏ប្រទះឃើញសិស្សម្នាក់ ឈ្មោះធីម៉ូថេ ជាកូនរបស់ស្ត្រីសាសន៍យូដាម្នាក់ ដែលបានជឿ តែឪពុកជាសាសន៍ក្រេក គាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងពួកជំនុំនៅលីស្ត្រា នឹងអ៊ីកូនាម ឯប៉ុល ចង់ឲ្យអ្នកនោះទៅជាមួយផង បានជាគាត់នាំយកទៅកាត់ស្បែកឲ្យ ដោយព្រោះពួកសាសន៍យូដាដែលនៅស្រុកទាំងនោះ ដ្បិតគេដឹងគ្រប់គ្នាថា ឪពុកគាត់ជាសាសន៍ក្រេក កំពុងដែលដើរកាត់អស់ទាំងទីក្រុង នោះក៏ប្រគល់សេចក្ដីបញ្ញត្តទាំងប៉ុន្មានដល់គេ ជាសេចក្ដីដែលពួកសាវក នឹងពួកចាស់ទុំ ដែលនៅក្រុងយេរូសាឡិម បានជំនុំសំរេចគេឲ្យកាន់តាម យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មាន មានសេចក្ដីជំនឿ រឹតតែខ្លាំង ហើយចំនួននៃពួកសិស្ស ចេះតែចំរើនកើនឡើងជារាល់ថ្ងៃ។ កាលបានដើរកាត់ស្រុកព្រីគា នឹងដែនខេត្តកាឡាទី នោះព្រះវិញ្ញាណបរិសុទ្ធ ទ្រង់ឃាត់ មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេ បានជានាំគ្នាចុះទៅឯស្រុកមីស៊ាវិញ ហើយខំចូលទៅក្នុងស្រុកប៊ីធូនា ប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេ រួចគេដើរហួសពីស្រុកមីស៊ា ចុះទៅឯទ្រអាសវិញ នៅយប់នោះ ប៉ុលបានឃើញក្នុងការជាក់ស្តែង ជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ឈរអង្វរគាត់ថា សូមអញ្ជើញឆ្លងមកជួយយើងខ្ញុំ ដែលនៅស្រុកម៉ាសេដូននេះផង លុះគាត់បានឃើញការជាក់ស្តែងនោះរួចហើយ នោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះអម្ចាស់ទ្រង់ហៅយើង ឲ្យទៅផ្សាយដំណឹងល្អដល់គេ