កិច្ចការ 15:5-20
កិច្ចការ 15:5-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ មានពួកអ្នកខ្លះក្នុងពួកផារិស៊ីដែលបានជឿ ក្រោកឡើងពោលថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ឲ្យកាន់តាមក្រិតវិន័យរបស់លោកម៉ូសេដែរ»។ ពួកសាវក និងពួកចាស់ទុំ ក៏ជួបជុំគ្នាដើម្បីពិចារណារឿងនេះ។ ក្រោយពីមានការជជែកវែកញែកគ្នាជាច្រើនមក លោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាជ្រាបស្រាប់ហើយថា នៅថ្ងៃដំបូង ព្រះបានរើសខ្ញុំ ក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយបានជឿ។ ព្រះដែលជ្រាបចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចព្រះអង្គបានប្រទានដល់យើងដែរ ព្រះអង្គមិនបានរាប់ពួកយើង និងពួកគេ ខុសពីគ្នាទេ គឺបានសម្អាតចិត្តគេឲ្យបានស្អាតដោយសារជំនឿ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាសាកល្បងព្រះ ដោយដាក់នឹមនៅកពួកសិស្សដូច្នេះ? សូម្បីតែបុព្វបុរសរបស់យើង ឬយើងផ្ទាល់ក៏ពុំអាចនឹងទ្រាំទ្របានផង ប៉ុន្ដែ យើងជឿថា យើងបានសង្គ្រោះ តាមរយៈព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ»។ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀម ហើយស្តាប់លោកបាណាបាស និងលោកប៉ុល ពេលពួកលោករៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈពួកលោក។ កាលពួកលោកមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏ឆ្លើយឡើងថា៖ «បងប្អូនអ្នករាល់គ្នាអើយ សូមស្តាប់ខ្ញុំសិន លោកស៊ីម៉ូនបានរៀបរាប់អំពីរបៀបដែលព្រះប្រោសពួកសាសន៍ដទៃពីដំបូង ដើម្បីរើសយកប្រជារាស្ត្រមួយពីចំណោមពួកគេ ទុកសម្រាប់ព្រះនាមព្រះអង្គ ហើយទំនាយរបស់ពួកហោរាក៏ត្រូវនឹងដំណើរនោះដែរ ដូចមានសេចក្តីចែងទុកមកថា៖ "ក្រោយការនោះមក យើងនឹងត្រឡប់មកវិញ ហើយយើងនឹងសង់លំនៅរបស់ដាវីឌដែលរលំនោះឡើងវិញ យើងនឹងសង់កន្លែងខូចបង់ ហើយយើងនឹងតាំងឡើងវិញ ដើម្បីឲ្យមនុស្សដែលនៅសល់បានស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើងដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលធ្វើការទាំងនេះ ទ្រង់បានជ្រាបតាំងពីអស់កល្បរៀងមក" ។ ដូច្នេះ ខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យពួកសាសន៍ដទៃ ដែលងាកបែរមករកព្រះវិញនោះ មានចិត្តខ្វល់ឡើយ គឺយើងគួរសរសេរទៅប្រាប់គេ ឲ្យចៀសវាងត្រឹមតែម្ហូបអាហារដែលសែនបានដល់រូបព្រះ ដែលនាំឲ្យស្មោកគ្រោក អំពើសហាយស្មន់ សត្វដែលសម្លាប់ដោយច្របាច់ក និងឈាមប៉ុណ្ណោះបានហើយ
កិច្ចការ 15:5-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។ ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។ ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។ ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។ ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺព្រះអង្គបានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។ ឥឡូវនេះ ហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ! ទេ មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែង នៅក្នុងចំណោមសាសន៍ដទៃតាមរយៈលោក។ លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ «បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។ រីឯព្រះបន្ទូលដែលពួកព្យាការី*បានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖ លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទី ឡើងវិញ ពេលនោះ មនុស្សម្នាដែលនៅសល់ នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ត្រ របស់យើង ក៏នឹងស្វែងរកយើងដែរ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល សម្តែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្តវិលមករកព្រះជាម្ចាស់វិញនោះឡើយ ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នាដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់-ក និងកុំឲ្យបរិភោគឈាម
កិច្ចការ 15:5-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះមានអ្នកខ្លះក្នុងពួកផារិស៊ីដែលជឿ គេឈរឡើងនិយាយថា ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃនោះ ហើយបង្គាប់ឲ្យកាន់តាមក្រិត្យវិន័យរបស់លោកម៉ូសេដែរ។ ពួកសាវក នឹងពួកចាស់ទុំ ក៏ប្រជុំគ្នាប្រឹក្សាពីដំណើរនោះ លុះបានជជែកគ្នាជាយូរទៅ នោះពេត្រុសក្រោកឡើងនិយាយថា បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា កាលពីដើម ព្រះបានរើសក្នុងពួកយើងរាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយឲ្យបានជឿដោយសារមាត់ខ្ញុំ នោះព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចជាដល់យើងរាល់គ្នាដែរ ទ្រង់មិនបានរាប់ពួកយើង នឹងពួកគេខុសពីគ្នាទេ គឺបានសំអាតចិត្តគេ ដោយសារសេចក្ដីជំនឿជឿដែរ ចុះហេតុអ្វីបានជាល្បងព្រះ ដោយបំពាក់នឹមនៅកពួកសិស្សដូច្នេះ ដែលទោះទាំងពួកឰយុកោយើង ឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រទ្រាំបានផង យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ ឯពួកជំនុំទាំងអស់គ្នា ក៏នៅស្ងៀមស្តាប់បាណាបាស នឹងប៉ុល ដែលគេរ៉ាយរឿងប្រាប់ពីទីសំគាល់ នឹងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារខ្លួន កាលឈប់អធិប្បាយហើយ នោះយ៉ាកុបឆ្លើយឡើងថា អ្នករាល់គ្នាជាបងប្អូនអើយ សូមស្តាប់ខ្ញុំសិន ស៊ីម៉ូនបានថ្លែងប្រាប់ពីបែបយ៉ាងណា ដែលព្រះទ្រង់ប្រោសដល់ពួកសាសន៍ដទៃជាមុនដំបូង ដើម្បីរើសយករាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់ ហើយសេចក្ដីទំនាយរបស់ពួកហោរា ក៏ត្រូវនឹងដំណើរនោះដែរ ដូចជាមានសេចក្ដីចែងទុកមកថា «ក្រោយនោះ អញនឹងត្រឡប់មក លើកទីលំនៅរបស់ហ្លួងដាវីឌ ដែលរលំនោះឡើង អញនឹងសង់ត្រង់កន្លែងបាក់បែក ហើយដំឡើងឲ្យត្រង់ឡើងវិញ ដើម្បីឲ្យសំណល់មនុស្ស បានស្វះស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះអញនោះផង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះដែលធ្វើការទាំងនោះ» គ្រប់ការដែលព្រះទ្រង់ធ្វើ នោះទ្រង់បានជ្រាប តាំងពីអស់កល្បរៀងមក ដូច្នេះ បើតាមគំនិតខ្ញុំ នោះមិនត្រូវធ្វើឲ្យពួកសាសន៍ដទៃ ដែលងាកបែរមកឯព្រះវិញ មានចិត្តខ្វល់ឡើយ គឺត្រូវសរសេរផ្ញើទៅ ឲ្យគេគ្រាន់តែចៀសវាងចេញពីរូបព្រះ ដែលនាំឲ្យស្មោកគ្រោក១ ពីសេចក្ដីកំផិត១ ពីសត្វដែលសំឡាប់ដោយច្របាច់ក១ ហើយពីឈាម១ប៉ុណ្ណោះ