កិច្ចការ 15:36-40
កិច្ចការ 15:36-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្មានថ្ងៃក្រោយមក លោកប៉ុលមានប្រសាសន៍ទៅកាន់លោកបាណាបាសថា៖ «ចូរយើងត្រឡប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមទីក្រុងទាំងប៉ុន្មាន ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីឲ្យដឹងថាគេមានសុខទុក្ខយ៉ាងណា»។ លោកបាណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយ។ ប៉ុន្ដែ លោកប៉ុលយល់ថា មិនគួរយកគាត់ទៅជាមួយទេ ព្រោះពេលមុន គាត់បានចាកចោលពួកលោក កាលពីនៅស្រុកប៉ាមភីលា មិនបានទៅធ្វើការជាមួយពួកលោកទេ ។ លោកទាំងពីរមានការខ្វែងគំនិតគ្នាជាខ្លាំង រហូតដល់ពួកលោកបែកផ្លូវគ្នា។ លោកបាណាបាសយកលោកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅកោះគីប្រុស តែលោកប៉ុលជ្រើសរើសយកលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្តាក់ក្នុងព្រះគុណរបស់ព្រះអម្ចាស់។
កិច្ចការ 15:36-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។ លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។ លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់
កិច្ចការ 15:36-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលក្រោយបន្តិចថ្ងៃមក នោះប៉ុលនិយាយនឹងបាណាបាសថា ចូរយើងត្រឡប់ទៅសួរពួកបងប្អូន នៅអស់ទាំងក្រុង ជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ផង ដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្តេច ឯបាណាបាស គាត់គិតចង់យកយ៉ូហាន ដែលហៅថា ម៉ាកុស ទៅជាមួយផង តែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេ ពីព្រោះជាន់មុន គាត់បានចាកចោលគេ ពីកាលនៅស្រុកប៉ាមភីលាម្តងហើយ មិនបានទៅធ្វើការជាមួយគ្នាតទៅឡើយ ដូច្នេះ គេមានការណ៍ទាស់ទែងគ្នាជាខ្លាំង ដល់ម៉្លេះបានជាបែកចេញពីគ្នា ឯបាណាបាស គាត់យកម៉ាកុសចុះសំពៅទៅឯកោះគីប្រុស តែប៉ុល គាត់រើសយកស៊ីឡាសវិញ ហើយចេញដំណើរទៅ ដោយមានពួកជំនុំផ្ទុកផ្តាក់ក្នុងព្រះគុណនៃព្រះអម្ចាស់