កិច្ចការ 15:22-30

កិច្ចការ 15:22-30 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ពួក​សាវក និង​ពួក​ចាស់​ទុំ ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​មូល​បាន​យល់​ព្រម ដោយ​សម្រេច​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ជា‌មួយ​លោក​ប៉ុល និង​លោក​បា‌ណា‌បាស។ គេ​បាន​ចាត់​យូដាស ដែល​ហៅ​ថា បាសា‌បាស និង​ស៊ីឡាស ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​ពួក​បង‌ប្អូន ឲ្យ​នាំ​យក​សំបុត្រ ដែលមាន​សេចក្ដីដូច​តទៅ៖ «យើង​ខ្ញុំ ជា​សាវក ជា​ចាស់​ទុំ និងជា​ពួក​បង‌ប្អូន សូម​ជម្រាប​សួរ​ដល់​ពួក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា។ ដោយ​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត​ដោយ​ពាក្យ​សម្ដី បណ្ដាល​ឲ្យអ្នក​រាល់​គ្នា​វិល​វល់​គំនិត តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​ថា​នឹងជ្រើស​រើស​អ្នក​ខ្លះ ចាត់​មក​ជួប​អ្នក​រាល់​គ្នា ជា‌មួយ​លោក​បា‌ណា‌បាស និង​លោក​ប៉ុល ជា​ស្ងួន‌ភ្ងា​របស់​យើង ជា​អ្នក​ដែល​បាន​ប្រថុយ​ជីវិត ដោយ​ព្រោះ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​នៃ​យើង។ ហេតុ​នេះ យើង​ខ្ញុំ​បាន​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​មក ដើម្បី​ជម្រាប​អ្នក​រាល់​គ្នា​ពីសេចក្ដី​ដដែល​នេះ ដោយ​ផ្ទាល់​មាត់។ ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ទាំង​នេះ​ដែល​ត្រូវ​ប្រតិបត្តិតាមនោះ​ឡើយ គឺ​ឲ្យ​ចៀស​វាង​តែ​ម្ហូប​អាហារ​ដែល​បាន​សែន​ដល់​រូប​ព្រះ ឈាម សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​អំពើ​សហាយ​ស្មន់។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ចៀស​វាង​របស់​ទាំង​នេះបាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ»។ ដូច្នេះ កាល​ក្រុម​ជំនុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ គេ​បាន​ចុះ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ហើយ​ក្រោយ​ពី​បាន​ប្រមូល​ក្រុមជំនុំមក​ជួប​ជុំ​គ្នា​ហើយ គេ​ក៏​ប្រគល់​សំបុត្រ​នោះ​ជូន។

ចែក​រំលែក
អាន កិច្ចការ 15

កិច្ចការ 15:22-30 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ក្រុម​សាវ័ក ក្រុម​ព្រឹទ្ធា‌ចារ្យ និង​ក្រុម‌ជំនុំ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បងប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បងប្អូន​គោរព ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសា‌បាស និង​លោក​ស៊ីឡាស។ ក្រុម‌ជំនុំ​បាន​ប្រគល់​សំបុត្រ​មួយ​ឲ្យ​លោក​ទាំង​ពីរ​នាំ​យក​ទៅ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖ «យើង​ខ្ញុំ ជា​សាវ័ក ជា​ព្រឹទ្ធា‌ចារ្យ និង​ជា​បងប្អូន សូម​ជម្រាប​សួរ​មក​បងប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា។ យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បងប្អូន​ជ្រួល‌ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បងប្អូន បណ្ដាល​ឲ្យ​បងប្អូន​មាន​កង្វល់​ក្នុង​ចិត្ត។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ចាត់​ឲ្យ​មក​ជួប​បងប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​ដែល​បាន​សុខ​ចិត្ត​បូជា​ជីវិត​របស់​ខ្លួន​បម្រើ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង។ ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បងប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។ ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​វិន័យ*​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំបាច់ មក​បង្ខំ​បងប្អូន​ឲ្យ​ប្រតិបត្តិ​តាម​ឡើយ យើង​គ្រាន់​តែ​សុំ​ឲ្យ​បងប្អូន​ចៀស‌វាង​កុំ​ប្រព្រឹត្ត​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់-ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀបការ។ ប្រសិន​បើ​បងប្អូន​ប្រតិបត្តិ​ដូច្នេះ​បាន នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។ ពួក​អ្នក​តំណាង​ក៏​លា​គេ ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។

ចែក​រំលែក
អាន កិច្ចការ 15

កិច្ចការ 15:22-30 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ពួក​សាវក​នឹង​ពួក​ចាស់‌ទុំ ព្រម​ទាំង​ពួក​ជំនុំ​គ្រប់​គ្នា​ក៏​យល់​ព្រម​ថា គួរ​នឹង​រើស​យក​អ្នក​ខ្លះ​ក្នុង​ពួក​គេ គឺ​យូដាស ដែល​ហៅ​ថា បាសា‌បាស​១ នឹង​ស៊ីឡាស​១ ជា​ពួក​អ្នក​មុខ​ក្នុង​ពួក​ជំនុំ ដើម្បី​នឹង​ចាត់​ឲ្យ​ទៅ​ឯ​អាន់‌ទី‌យ៉ូក ជា​មួយ​នឹង​ប៉ុល ហើយ​នឹង​បា‌ណា‌បាស គេ​ក៏​ធ្វើ​សំបុត្រ​ផ្ញើ​ដោយ‌សារ​អ្នក​ទាំង​នោះ បែប​ដូច្នេះ​ថា សំបុត្រ​យើង​ខ្ញុំ ជា​ពួក​សាវក ពួក​ចាស់‌ទុំ នឹង​ពួក​បង​ប្អូន​ទាំង​អស់​គ្នា ផ្ញើ​មក​ជំរាប​សួរ​ដល់​ពួក​បង​ប្អូន​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទី‌យ៉ូក ស្រុក​ស៊ីរី នឹង​ស្រុក​គីលីគា ឲ្យ​បាន​ជ្រាប ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត ហើយ​ឲ្យ​វល់​គំនិត ដោយ​ពាក្យ​សំដី​ដែល​គេ​ថា ត្រូវ​តែ​កាត់​ស្បែក ហើយ​កាន់​តាម​ក្រិត្យ‌វិន័យ​ផង តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ ដូច្នេះ យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​យល់​ឃើញ​ថា គួរ​នឹង​រើស​អ្នក​ខ្លះ ចាត់​មក​ឯ​អ្នក​រាល់​គ្នា ជា​មួយ​នឹង​បា‌ណា‌បាស ហើយ​នឹង​ប៉ុល ជា​សំឡាញ់​ស្ងួន‌ភ្ងា​នៃ​យើង​ខ្ញុំ ដែល​បាន​ប្រថុយ​ជីវិត ដោយ​យល់​ដល់​ព្រះ‌នាម​នៃ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​នៃ​យើង​រាល់​គ្នា ដូច្នេះ យើង​ខ្ញុំ​បាន​ចាត់​យូដាស នឹង​ស៊ីឡាស​មក ឲ្យ​ជំរាប​ដល់​អ្នក​រាល់​គ្នា​ផ្ទាល់​មាត់ ពី​សេចក្ដី​នោះ​ឯង ពី​ព្រោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នឹង​យើង​ខ្ញុំ​រាល់​គ្នា បាន​យល់​ឃើញ​ថា មិន​គួរ​គប្បី​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្ដី​ទាំង​នេះ​ដែល​ត្រូវ​តែ​កាន់​នោះ​ឡើយ គឺ​ឲ្យ​ចៀស​វាង​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​រូប​ព្រះ​១ ឈាម​១ សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ នឹង​សេចក្ដី​កំផិត​១ បើ​អ្នក​រាល់​គ្នា​ចៀស​វាង​ពី​របស់​ទាំង​នេះ នោះ​បាន​ល្អ​ហើយ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។ កាល​ពួក​ជំនុំ​បាន​ឲ្យ​អ្នក​ទាំង​នោះ​ទៅ​ហើយ នោះ​គេ​ទៅ​ដល់​អាន់‌ទី‌យ៉ូក ក៏​ប្រជុំ​ពួក​សិស្ស​ទាំង​ប៉ុន្មាន ហើយ​ប្រគល់​សំបុត្រ​នោះ​ដល់​ពួក​ជំនុំ

ចែក​រំលែក
អាន កិច្ចការ 15