កិច្ចការ 15:1-6
កិច្ចការ 15:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ មានអ្នកខ្លះចុះពីស្រុកយូដា មកបង្រៀនពួកបងប្អូនថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានទទួលពិធីកាត់ស្បែក តាមទម្លាប់របស់លោកម៉ូសេទេ អ្នករាល់គ្នាមិនអាចបានសង្គ្រោះឡើយ»។ ក្រោយពីលោកប៉ុល និងលោកបាណាបាស បានប្រកែកជំទាស់ជាមួយពួកគេយ៉ាងខ្លាំងមក ក្រុមជំនុំបានតម្រូវឲ្យលោកប៉ុល លោកបាណាបាស និងបងប្អូនខ្លះទៀត ឡើងទៅជម្រាបពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម អំពីរឿងនេះ។ ដូច្នេះ ក្រោយពីក្រុមជំនុំបានជូនដំណើរអ្នកទាំងនោះចេញទៅ គេបានធ្វើដំណើរឆ្លងកាត់ស្រុកភេនីស និងស្រុកសាម៉ារី ទាំងថ្លែងប្រាប់ពីរឿងដែលសាសន៍ដទៃបានប្រែចិត្តជឿ ហើយក៏នាំឲ្យពួកបងប្អូនទាំងអស់មានអំណរជាខ្លាំង។ ពេលមកដល់ក្រុងយេរូសាឡិមហើយ ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំនាំគ្នាស្វាគមន៍ទទួលពួកលោក ហើយពួកលោកក៏បានប្រកាសពីគ្រប់ទាំងការ ដែលព្រះបានធ្វើជាមួយពួកលោក។ ប៉ុន្ដែ មានពួកអ្នកខ្លះក្នុងពួកផារិស៊ីដែលបានជឿ ក្រោកឡើងពោលថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ឲ្យកាន់តាមក្រិតវិន័យរបស់លោកម៉ូសេដែរ»។ ពួកសាវក និងពួកចាស់ទុំ ក៏ជួបជុំគ្នាដើម្បីពិចារណារឿងនេះ។
កិច្ចការ 15:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែក* តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ លោកប៉ូល និងលោកបារណាបាស បានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណាបាស ឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ*អំពីរឿងនេះ។ ក្រុមជំនុំ*បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។ កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។ ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។ ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។
កិច្ចការ 15:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានមនុស្សខ្លះចុះពីស្រុកយូដា មកបង្រៀនដល់ពួកជំនុំថា បើមិនបានកាត់ស្បែក តាមទំលាប់របស់លោកម៉ូសេ នោះពុំអាចនឹងបានសង្គ្រោះឡើយ ដូច្នេះ កាលប៉ុល នឹងបាណាបាសបានជជែកនឹងគេ ហើយមានសេចក្ដីដេញដោលគ្នាជាខ្លាំងរួចហើយ នោះពួកជំនុំបានដំរូវឲ្យប៉ុល នឹងបាណាបាស ព្រមទាំងអ្នកខ្លះទៀតក្នុងពួកគេ ឡើងទៅឯពួកសាវក នឹងពួកចាស់ទុំ នៅក្រុងយេរូសាឡិម ដើម្បីនឹងសួរបញ្ជាក់ពីដំណើរនោះ ដូច្នេះ ពួកជំនុំក៏ចេញជូនដំណើរអ្នកទាំងនោះទៅ រួចគេដើរកាត់ស្រុកភេនីស នឹងស្រុកសាម៉ារី ទាំងថ្លែងប្រាប់ពីរឿងដែលសាសន៍ដទៃបានប្រែចិត្តជឿ គេក៏នាំឲ្យពួកជំនុំទាំងអស់មានសេចក្ដីអំណរជាខ្លាំង លុះដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំ ពួកសាវក នឹងពួកចាស់ទុំក៏រាក់ទាក់ទទួលគេ រួចគេថ្លែងប្រាប់ពីគ្រប់ការទាំងអស់ ដែលព្រះបានធ្វើដោយសារខ្លួន នោះមានអ្នកខ្លះក្នុងពួកផារិស៊ីដែលជឿ គេឈរឡើងនិយាយថា ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃនោះ ហើយបង្គាប់ឲ្យកាន់តាមក្រិត្យវិន័យរបស់លោកម៉ូសេដែរ។ ពួកសាវក នឹងពួកចាស់ទុំ ក៏ប្រជុំគ្នាប្រឹក្សាពីដំណើរនោះ