កិច្ចការ 15:1-41
កិច្ចការ 15:1-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ មានអ្នកខ្លះចុះពីស្រុកយូដា មកបង្រៀនពួកបងប្អូនថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានទទួលពិធីកាត់ស្បែក តាមទម្លាប់របស់លោកម៉ូសេទេ អ្នករាល់គ្នាមិនអាចបានសង្គ្រោះឡើយ»។ ក្រោយពីលោកប៉ុល និងលោកបាណាបាស បានប្រកែកជំទាស់ជាមួយពួកគេយ៉ាងខ្លាំងមក ក្រុមជំនុំបានតម្រូវឲ្យលោកប៉ុល លោកបាណាបាស និងបងប្អូនខ្លះទៀត ឡើងទៅជម្រាបពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម អំពីរឿងនេះ។ ដូច្នេះ ក្រោយពីក្រុមជំនុំបានជូនដំណើរអ្នកទាំងនោះចេញទៅ គេបានធ្វើដំណើរឆ្លងកាត់ស្រុកភេនីស និងស្រុកសាម៉ារី ទាំងថ្លែងប្រាប់ពីរឿងដែលសាសន៍ដទៃបានប្រែចិត្តជឿ ហើយក៏នាំឲ្យពួកបងប្អូនទាំងអស់មានអំណរជាខ្លាំង។ ពេលមកដល់ក្រុងយេរូសាឡិមហើយ ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំនាំគ្នាស្វាគមន៍ទទួលពួកលោក ហើយពួកលោកក៏បានប្រកាសពីគ្រប់ទាំងការ ដែលព្រះបានធ្វើជាមួយពួកលោក។ ប៉ុន្ដែ មានពួកអ្នកខ្លះក្នុងពួកផារិស៊ីដែលបានជឿ ក្រោកឡើងពោលថា៖ «ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃ ហើយបង្គាប់ឲ្យកាន់តាមក្រិតវិន័យរបស់លោកម៉ូសេដែរ»។ ពួកសាវក និងពួកចាស់ទុំ ក៏ជួបជុំគ្នាដើម្បីពិចារណារឿងនេះ។ ក្រោយពីមានការជជែកវែកញែកគ្នាជាច្រើនមក លោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ អ្នករាល់គ្នាជ្រាបស្រាប់ហើយថា នៅថ្ងៃដំបូង ព្រះបានរើសខ្ញុំ ក្នុងចំណោមអ្នករាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយបានជឿ។ ព្រះដែលជ្រាបចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចព្រះអង្គបានប្រទានដល់យើងដែរ ព្រះអង្គមិនបានរាប់ពួកយើង និងពួកគេ ខុសពីគ្នាទេ គឺបានសម្អាតចិត្តគេឲ្យបានស្អាតដោយសារជំនឿ។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាសាកល្បងព្រះ ដោយដាក់នឹមនៅកពួកសិស្សដូច្នេះ? សូម្បីតែបុព្វបុរសរបស់យើង ឬយើងផ្ទាល់ក៏ពុំអាចនឹងទ្រាំទ្របានផង ប៉ុន្ដែ យើងជឿថា យើងបានសង្គ្រោះ តាមរយៈព្រះគុណរបស់ព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ»។ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀម ហើយស្តាប់លោកបាណាបាស និងលោកប៉ុល ពេលពួកលោករៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈពួកលោក។ កាលពួកលោកមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏ឆ្លើយឡើងថា៖ «បងប្អូនអ្នករាល់គ្នាអើយ សូមស្តាប់ខ្ញុំសិន លោកស៊ីម៉ូនបានរៀបរាប់អំពីរបៀបដែលព្រះប្រោសពួកសាសន៍ដទៃពីដំបូង ដើម្បីរើសយកប្រជារាស្ត្រមួយពីចំណោមពួកគេ ទុកសម្រាប់ព្រះនាមព្រះអង្គ ហើយទំនាយរបស់ពួកហោរាក៏ត្រូវនឹងដំណើរនោះដែរ ដូចមានសេចក្តីចែងទុកមកថា៖ "ក្រោយការនោះមក យើងនឹងត្រឡប់មកវិញ ហើយយើងនឹងសង់លំនៅរបស់ដាវីឌដែលរលំនោះឡើងវិញ យើងនឹងសង់កន្លែងខូចបង់ ហើយយើងនឹងតាំងឡើងវិញ ដើម្បីឲ្យមនុស្សដែលនៅសល់បានស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះយើងដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលធ្វើការទាំងនេះ ទ្រង់បានជ្រាបតាំងពីអស់កល្បរៀងមក" ។ ដូច្នេះ ខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យពួកសាសន៍ដទៃ ដែលងាកបែរមករកព្រះវិញនោះ មានចិត្តខ្វល់ឡើយ គឺយើងគួរសរសេរទៅប្រាប់គេ ឲ្យចៀសវាងត្រឹមតែម្ហូបអាហារដែលសែនបានដល់រូបព្រះ ដែលនាំឲ្យស្មោកគ្រោក អំពើសហាយស្មន់ សត្វដែលសម្លាប់ដោយច្របាច់ក និងឈាមប៉ុណ្ណោះបានហើយ ព្រោះតាំងពីចាស់បុរាណមក គេប្រកាសពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ ហើយក៏បានអានរាល់ថ្ងៃសប្ប័ទ នៅក្នុងសាលាប្រជុំដែរ»។ ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលបានយល់ព្រម ដោយសម្រេចជ្រើសរើសមនុស្សក្នុងចំណោមពួកគេ ដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូក ជាមួយលោកប៉ុល និងលោកបាណាបាស។ គេបានចាត់យូដាស ដែលហៅថា បាសាបាស និងស៊ីឡាស ជាអ្នកនាំមុខក្នុងចំណោមពួកបងប្អូន ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។ ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្តដោយពាក្យសម្ដី បណ្ដាលឲ្យអ្នករាល់គ្នាវិលវល់គំនិត តែយើងខ្ញុំមិនបានបង្គាប់គេទេ យើងខ្ញុំបានព្រមព្រៀងគ្នាថានឹងជ្រើសរើសអ្នកខ្លះ ចាត់មកជួបអ្នករាល់គ្នា ជាមួយលោកបាណាបាស និងលោកប៉ុល ជាស្ងួនភ្ងារបស់យើង ជាអ្នកដែលបានប្រថុយជីវិត ដោយព្រោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង។ ហេតុនេះ យើងខ្ញុំបានចាត់លោកយូដាស និងលោកស៊ីឡាសមក ដើម្បីជម្រាបអ្នករាល់គ្នាពីសេចក្ដីដដែលនេះ ដោយផ្ទាល់មាត់។ ដ្បិតព្រះវិញ្ញាណបរិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្តីទាំងនេះដែលត្រូវប្រតិបត្តិតាមនោះឡើយ គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។ ដូច្នេះ កាលក្រុមជំនុំបានចាត់អ្នកទាំងនោះឲ្យចេញទៅ គេបានចុះទៅក្រុងអាន់ទីយ៉ូក ហើយក្រោយពីបានប្រមូលក្រុមជំនុំមកជួបជុំគ្នាហើយ គេក៏ប្រគល់សំបុត្រនោះជូន។ លុះគេបានអានសំបុត្រនោះរួចហើយ គេក៏មានចិត្តរីករាយ ព្រោះមានការលើកទឹកចិត្តក្នុងសំបុត្រនោះ។ លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។ ក្រោយពីបាននៅទីនោះជាយូរបន្តិច ពួកបងប្អូនក៏ឲ្យអ្នកទាំងពីរ ត្រឡប់ទៅឯអស់អ្នកដែលបានចាត់ឲ្យមកនោះវិញ ដោយសុខសាន្ត។ [តែលោកស៊ីឡាសពេញចិត្តនៅទីនោះបន្តទៅទៀត។] រីឯលោកប៉ុល និងលោកបាណាបាស ក៏បានស្នាក់នៅក្រុងអាន់ទីយ៉ូក ទាំងបង្រៀន ហើយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយមនុស្សឯទៀតជាច្រើន។ ប៉ុន្មានថ្ងៃក្រោយមក លោកប៉ុលមានប្រសាសន៍ទៅកាន់លោកបាណាបាសថា៖ «ចូរយើងត្រឡប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមទីក្រុងទាំងប៉ុន្មាន ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីឲ្យដឹងថាគេមានសុខទុក្ខយ៉ាងណា»។ លោកបាណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយ។ ប៉ុន្ដែ លោកប៉ុលយល់ថា មិនគួរយកគាត់ទៅជាមួយទេ ព្រោះពេលមុន គាត់បានចាកចោលពួកលោក កាលពីនៅស្រុកប៉ាមភីលា មិនបានទៅធ្វើការជាមួយពួកលោកទេ ។ លោកទាំងពីរមានការខ្វែងគំនិតគ្នាជាខ្លាំង រហូតដល់ពួកលោកបែកផ្លូវគ្នា។ លោកបាណាបាសយកលោកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅកោះគីប្រុស តែលោកប៉ុលជ្រើសរើសយកលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្តាក់ក្នុងព្រះគុណរបស់ព្រះអម្ចាស់។ លោកបានធ្វើដំណើររកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងក្រុមជំនុំទាំងប៉ុន្មានឲ្យបានខ្ជាប់ខ្ជួនឡើង។
កិច្ចការ 15:1-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានអ្នកខ្លះមកពីស្រុកយូដា នាំគ្នាប្រៀនប្រដៅពួកបងប្អូនថា៖ «ប្រសិនបើបងប្អូនមិនទទួលពិធីកាត់ស្បែក* តាមទំនៀមទម្លាប់របស់លោកម៉ូសេទេ បងប្អូនមិនអាចទទួលការសង្គ្រោះបានឡើយ»។ លោកប៉ូល និងលោកបារណាបាស បានប្រកែកជំទាស់នឹងអ្នកទាំងនោះ ព្រមទាំងជជែកវែកញែកជាមួយពួកគេយ៉ាងខ្លាំង។ ពួកបងប្អូនបានសម្រេចចិត្តចាត់លោកប៉ូល និងលោកបារណាបាស ឲ្យទៅក្រុងយេរូសាឡឹម ដោយមានបងប្អូនខ្លះទៀតទៅជាមួយផង ដើម្បីឲ្យទៅជម្រាបក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យ*អំពីរឿងនេះ។ ក្រុមជំនុំ*បានជួយឧបត្ថម្ភពួកលោក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារី ទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្តមករកព្រះជាម្ចាស់។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។ កាលមកដល់ក្រុងយេរូសាឡឹមហើយ ក្រុមជំនុំ ក្រុមសាវ័ក* និងក្រុមព្រឹទ្ធាចារ្យនាំគ្នាទទួលពួកលោក។ ពួកលោកក៏ជម្រាបអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក។ ពេលនោះ មានបងប្អូនខ្លះខាងគណៈផារីស៊ីដែលជឿព្រះអម្ចាស់ ក្រោកឈរឡើង ពោលថា ត្រូវតែធ្វើពិធីកាត់ស្បែកឲ្យសាសន៍ដទៃ ហើយត្រូវបង្គាប់គេឲ្យប្រតិបត្តិតាមវិន័យ*របស់លោកម៉ូសេដែរ។ ក្រុមសាវ័ក និងក្រុមព្រឹទ្ធាចារ្យ ក៏ប្រជុំគ្នា ដើម្បីពិនិត្យពិច័យមើលសំណុំរឿងនេះ។ ពេលនោះ មានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ទើបលោកពេត្រុសក្រោកឈរឡើង ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ បងប្អូនជ្រាបស្រាប់ហើយថា ព្រះជាម្ចាស់បានជ្រើសរើសខ្ញុំ ក្នុងចំណោមបងប្អូនតាំងតែពីថ្ងៃដំបូងមកម៉្លេះ ដើម្បីឲ្យខ្ញុំផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃ ឲ្យគេបានឮ និងបានជឿដែរ។ ព្រះជាម្ចាស់ដែលឈ្វេងយល់ចិត្តគំនិតរបស់មនុស្ស ព្រះអង្គបានបញ្ជាក់ថា ព្រះអង្គយល់ព្រមទទួលពួកគេ ដោយប្រទានព្រះវិញ្ញាណដ៏វិសុទ្ធ*ឲ្យគេ ដូចព្រះអង្គបានប្រទានមកយើងដែរ។ ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺព្រះអង្គបានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។ ឥឡូវនេះ ហេតុដូចម្ដេចបានជាបងប្អូនជំទាស់ នឹងព្រះជាម្ចាស់ដូច្នេះ? នឹមដែលបុព្វបុរសរបស់យើង និងខ្លួនយើងផ្ទាល់ មិនអាចទ្រាំទ្របានផងនោះ ម្ដេចក៏បងប្អូនចង់យកទៅដាក់លើពួកសិស្សដែរ! ទេ មិនបានទេ! ដ្បិតយើងជឿថា ទាំងសាសន៍យើង ទាំងសាសន៍គេ បានទទួលការសង្គ្រោះ ដោយសារព្រះគុណរបស់ព្រះអម្ចាស់យេស៊ូ»។ ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀមស្ងាត់ ស្ដាប់លោកប៉ូល និងលោកបារណាបាស មានប្រសាសន៍រៀបរាប់អំពីទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ ដែលព្រះជាម្ចាស់បានសម្តែង នៅក្នុងចំណោមសាសន៍ដទៃតាមរយៈលោក។ លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ «បងប្អូនអើយ សូមស្ដាប់ខ្ញុំ! លោកស៊ីម៉ូនបានរៀបរាប់ថា កាលពីដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយ ពីចំណោមជាតិសាសន៍នានាឲ្យធ្វើជាប្រជារាស្ដ្ររបស់ព្រះអង្គផ្ទាល់។ រីឯព្រះបន្ទូលដែលពួកព្យាការី*បានថ្លែង ក៏ស្របនឹងសេចក្ដីនេះដែរ ដូចមានចែងទុកមកថា៖ លុះក្រោយមក យើងនឹងវិលត្រឡប់មកវិញ យើងនឹងលើកពន្លារបស់ដាវីឌ ដែលរលំទៅនោះឡើងវិញ យើងនឹងសង់ដំណាក់ដែលបាក់បែកខ្ទេចខ្ទី ឡើងវិញ ពេលនោះ មនុស្សម្នាដែលនៅសល់ នឹងស្វែងរកព្រះអម្ចាស់ ហើយជាតិសាសន៍នានាដែលជាប្រជារាស្ត្រ របស់យើង ក៏នឹងស្វែងរកយើងដែរ។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែល សម្តែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។ ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា មិនគួរធ្វើឲ្យមានឧបសគ្គដល់សាសន៍ដទៃ ដែលបានបែរចិត្តវិលមករកព្រះជាម្ចាស់វិញនោះឡើយ ប៉ុន្តែ គួរយើងសរសេរសំបុត្រទៅប្រាប់គេ កុំឲ្យបរិភោគម្ហូបអាហារដែលបានសែនរូបសំណាក គឺជាម្ហូបអាហារសៅហ្មងនោះជាដាច់ខាត កុំឲ្យរួមរស់ជាមួយគ្នាដោយមិនរៀបការ កុំឲ្យបរិភោគសាច់សត្វដែលគេសម្លាប់ដោយច្របាច់-ក និងកុំឲ្យបរិភោគឈាម ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសវិន័យ*របស់លោកម៉ូសេ ដោយអានគម្ពីររបស់លោករៀងរាល់ថ្ងៃសប្ប័ទ* នៅក្នុងសាលាប្រជុំ*»។ ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និងក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។ ក្រុមជំនុំបានប្រគល់សំបុត្រមួយឲ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាព្រឹទ្ធាចារ្យ និងជាបងប្អូន សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។ យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។ យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួនបម្រើព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើង។ ហេតុនេះ យើងខ្ញុំសុំចាត់លោកយូដាស និងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។ ព្រះវិញ្ញាណដ៏វិសុទ្ធ* និងយើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ*ណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។ ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។ លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។ បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។ [ប៉ុន្តែ លោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។] រីឯលោកប៉ូល និងលោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។ ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។ លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។ លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់ លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងជំនឿក្រុមជំនុំនានាផង។
កិច្ចការ 15:1-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មានមនុស្សខ្លះចុះពីស្រុកយូដា មកបង្រៀនដល់ពួកជំនុំថា បើមិនបានកាត់ស្បែក តាមទំលាប់របស់លោកម៉ូសេ នោះពុំអាចនឹងបានសង្គ្រោះឡើយ ដូច្នេះ កាលប៉ុល នឹងបាណាបាសបានជជែកនឹងគេ ហើយមានសេចក្ដីដេញដោលគ្នាជាខ្លាំងរួចហើយ នោះពួកជំនុំបានដំរូវឲ្យប៉ុល នឹងបាណាបាស ព្រមទាំងអ្នកខ្លះទៀតក្នុងពួកគេ ឡើងទៅឯពួកសាវក នឹងពួកចាស់ទុំ នៅក្រុងយេរូសាឡិម ដើម្បីនឹងសួរបញ្ជាក់ពីដំណើរនោះ ដូច្នេះ ពួកជំនុំក៏ចេញជូនដំណើរអ្នកទាំងនោះទៅ រួចគេដើរកាត់ស្រុកភេនីស នឹងស្រុកសាម៉ារី ទាំងថ្លែងប្រាប់ពីរឿងដែលសាសន៍ដទៃបានប្រែចិត្តជឿ គេក៏នាំឲ្យពួកជំនុំទាំងអស់មានសេចក្ដីអំណរជាខ្លាំង លុះដល់ក្រុងយេរូសាឡិមហើយ នោះពួកជំនុំ ពួកសាវក នឹងពួកចាស់ទុំក៏រាក់ទាក់ទទួលគេ រួចគេថ្លែងប្រាប់ពីគ្រប់ការទាំងអស់ ដែលព្រះបានធ្វើដោយសារខ្លួន នោះមានអ្នកខ្លះក្នុងពួកផារិស៊ីដែលជឿ គេឈរឡើងនិយាយថា ត្រូវតែកាត់ស្បែកឲ្យពួកសាសន៍ដទៃនោះ ហើយបង្គាប់ឲ្យកាន់តាមក្រិត្យវិន័យរបស់លោកម៉ូសេដែរ។ ពួកសាវក នឹងពួកចាស់ទុំ ក៏ប្រជុំគ្នាប្រឹក្សាពីដំណើរនោះ លុះបានជជែកគ្នាជាយូរទៅ នោះពេត្រុសក្រោកឡើងនិយាយថា បងប្អូនអើយ អ្នករាល់គ្នាដឹងហើយថា កាលពីដើម ព្រះបានរើសក្នុងពួកយើងរាល់គ្នា ដើម្បីឲ្យពួកសាសន៍ដទៃបានឮព្រះបន្ទូលនៃដំណឹងល្អ ហើយឲ្យបានជឿដោយសារមាត់ខ្ញុំ នោះព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេ ដោយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចជាដល់យើងរាល់គ្នាដែរ ទ្រង់មិនបានរាប់ពួកយើង នឹងពួកគេខុសពីគ្នាទេ គឺបានសំអាតចិត្តគេ ដោយសារសេចក្ដីជំនឿជឿដែរ ចុះហេតុអ្វីបានជាល្បងព្រះ ដោយបំពាក់នឹមនៅកពួកសិស្សដូច្នេះ ដែលទោះទាំងពួកឰយុកោយើង ឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រទ្រាំបានផង យើងជឿថា បានសង្គ្រោះដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវ ដូចជាគេដែរ ឯពួកជំនុំទាំងអស់គ្នា ក៏នៅស្ងៀមស្តាប់បាណាបាស នឹងប៉ុល ដែលគេរ៉ាយរឿងប្រាប់ពីទីសំគាល់ នឹងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងពួកសាសន៍ដទៃ ដោយសារខ្លួន កាលឈប់អធិប្បាយហើយ នោះយ៉ាកុបឆ្លើយឡើងថា អ្នករាល់គ្នាជាបងប្អូនអើយ សូមស្តាប់ខ្ញុំសិន ស៊ីម៉ូនបានថ្លែងប្រាប់ពីបែបយ៉ាងណា ដែលព្រះទ្រង់ប្រោសដល់ពួកសាសន៍ដទៃជាមុនដំបូង ដើម្បីរើសយករាស្ត្រ១ពួកពីគេ ទុកសំរាប់ព្រះនាមទ្រង់ ហើយសេចក្ដីទំនាយរបស់ពួកហោរា ក៏ត្រូវនឹងដំណើរនោះដែរ ដូចជាមានសេចក្ដីចែងទុកមកថា «ក្រោយនោះ អញនឹងត្រឡប់មក លើកទីលំនៅរបស់ហ្លួងដាវីឌ ដែលរលំនោះឡើង អញនឹងសង់ត្រង់កន្លែងបាក់បែក ហើយដំឡើងឲ្យត្រង់ឡើងវិញ ដើម្បីឲ្យសំណល់មនុស្ស បានស្វះស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះអញនោះផង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះដែលធ្វើការទាំងនោះ» គ្រប់ការដែលព្រះទ្រង់ធ្វើ នោះទ្រង់បានជ្រាប តាំងពីអស់កល្បរៀងមក ដូច្នេះ បើតាមគំនិតខ្ញុំ នោះមិនត្រូវធ្វើឲ្យពួកសាសន៍ដទៃ ដែលងាកបែរមកឯព្រះវិញ មានចិត្តខ្វល់ឡើយ គឺត្រូវសរសេរផ្ញើទៅ ឲ្យគេគ្រាន់តែចៀសវាងចេញពីរូបព្រះ ដែលនាំឲ្យស្មោកគ្រោក១ ពីសេចក្ដីកំផិត១ ពីសត្វដែលសំឡាប់ដោយច្របាច់ក១ ហើយពីឈាម១ប៉ុណ្ណោះ ព្រោះតាំងពីចាស់បុរាណមក មានគេប្រកាសប្រាប់ពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ ហើយគេមើលគម្ពីរលោក នៅអស់ទាំងសាលាប្រជុំ រាល់តែថ្ងៃឈប់សំរាកដែរ។ នោះពួកសាវកនឹងពួកចាស់ទុំ ព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថា គួរនឹងរើសយកអ្នកខ្លះក្នុងពួកគេ គឺយូដាស ដែលហៅថា បាសាបាស១ នឹងស៊ីឡាស១ ជាពួកអ្នកមុខក្នុងពួកជំនុំ ដើម្បីនឹងចាត់ឲ្យទៅឯអាន់ទីយ៉ូក ជាមួយនឹងប៉ុល ហើយនឹងបាណាបាស គេក៏ធ្វើសំបុត្រផ្ញើដោយសារអ្នកទាំងនោះ បែបដូច្នេះថា សំបុត្រយើងខ្ញុំ ជាពួកសាវក ពួកចាស់ទុំ នឹងពួកបងប្អូនទាំងអស់គ្នា ផ្ញើមកជំរាបសួរដល់ពួកបងប្អូនសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី នឹងស្រុកគីលីគា ឲ្យបានជ្រាប ដ្បិតយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្ត ហើយឲ្យវល់គំនិត ដោយពាក្យសំដីដែលគេថា ត្រូវតែកាត់ស្បែក ហើយកាន់តាមក្រិត្យវិន័យផង តែយើងខ្ញុំមិនបានបង្គាប់គេទេ ដូច្នេះ យើងខ្ញុំបានព្រមព្រៀងគ្នាយល់ឃើញថា គួរនឹងរើសអ្នកខ្លះ ចាត់មកឯអ្នករាល់គ្នា ជាមួយនឹងបាណាបាស ហើយនឹងប៉ុល ជាសំឡាញ់ស្ងួនភ្ងានៃយើងខ្ញុំ ដែលបានប្រថុយជីវិត ដោយយល់ដល់ព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា ដូច្នេះ យើងខ្ញុំបានចាត់យូដាស នឹងស៊ីឡាសមក ឲ្យជំរាបដល់អ្នករាល់គ្នាផ្ទាល់មាត់ ពីសេចក្ដីនោះឯង ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ នឹងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្ដីទាំងនេះដែលត្រូវតែកាន់នោះឡើយ គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ នឹងសេចក្ដីកំផិត១ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ។ កាលពួកជំនុំបានឲ្យអ្នកទាំងនោះទៅហើយ នោះគេទៅដល់អាន់ទីយ៉ូក ក៏ប្រជុំពួកសិស្សទាំងប៉ុន្មាន ហើយប្រគល់សំបុត្រនោះដល់ពួកជំនុំ លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ ឯយូដាស នឹងស៊ីឡាស ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង កាលនៅទីនោះជាយូរបន្តិច នោះពួកជំនុំឲ្យគេត្រឡប់ទៅឯពួកសាវកវិញដោយសុខសាន្ត តែស៊ីឡាសគាត់គាប់ចិត្តនៅទីនោះតទៅទៀត ឯប៉ុល នឹងបាណាបាស បានបង្អង់នៅឯក្រុងអាន់ទីយ៉ូកនោះដែរ ទាំងបង្រៀន ហើយប្រកាសប្រាប់ដំណឹងល្អ គឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាមួយនឹងមនុស្សឯទៀតជាច្រើន។ កាលក្រោយបន្តិចថ្ងៃមក នោះប៉ុលនិយាយនឹងបាណាបាសថា ចូរយើងត្រឡប់ទៅសួរពួកបងប្អូន នៅអស់ទាំងក្រុង ជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ផង ដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្តេច ឯបាណាបាស គាត់គិតចង់យកយ៉ូហាន ដែលហៅថា ម៉ាកុស ទៅជាមួយផង តែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេ ពីព្រោះជាន់មុន គាត់បានចាកចោលគេ ពីកាលនៅស្រុកប៉ាមភីលាម្តងហើយ មិនបានទៅធ្វើការជាមួយគ្នាតទៅឡើយ ដូច្នេះ គេមានការណ៍ទាស់ទែងគ្នាជាខ្លាំង ដល់ម៉្លេះបានជាបែកចេញពីគ្នា ឯបាណាបាស គាត់យកម៉ាកុសចុះសំពៅទៅឯកោះគីប្រុស តែប៉ុល គាត់រើសយកស៊ីឡាសវិញ ហើយចេញដំណើរទៅ ដោយមានពួកជំនុំផ្ទុកផ្តាក់ក្នុងព្រះគុណនៃព្រះអម្ចាស់ នោះគាត់ដើរកាត់ស្រុកស៊ីរី នឹងស្រុកគីលីគា ក៏តាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្ជួនឡើង។