កិច្ចការ 14:24-28
កិច្ចការ 14:24-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ពួកលោកធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា រហូតមកដល់ស្រុកប៉ាមភីលា។ កាលបានប្រកាសព្រះបន្ទូលនៅក្រុងពើការួចហើយ ពួកលោកក៏ចុះទៅក្រុងអាតាលា ហើយចុះសំពៅពីទីនោះ ត្រឡប់ទៅក្រុងអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់លោកទាំងពីរ ក្នុងព្រះគុណរបស់ព្រះ សម្រាប់ការងារដែលទើបនឹងធ្វើសម្រេចនេះ។ ពេលទៅដល់ហើយ ពួកលោកក៏ហៅក្រុមជំនុំមកជួបជុំគ្នា ហើយប្រកាសប្រាប់ពីអស់ទាំងការដែលព្រះបានធ្វើ និងពីរបៀបដែលព្រះអង្គបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។ ពួកលោកក៏ស្នាក់នៅទីនោះជាមួយពួកសិស្សជាយូរក្រែល។
កិច្ចការ 14:24-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា មកដល់ស្រុកប៉ាមភីលា។ លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។ នៅទីនោះ លោកនាំគ្នាចុះសំពៅ វិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសម្រេចនេះ។ កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំឲ្យមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវឲ្យសាសន៍ដទៃជឿ។ បន្ទាប់មក លោកទាំងពីរស្នាក់នៅទីនោះជាមួយពួកសិស្សអស់រយៈពេលជាយូរក្រែល។
កិច្ចការ 14:24-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចនាំគ្នាដើរកាត់ស្រុកពីស៊ីឌាទៅ រហូតដល់ស្រុកប៉ាមភីលា ក្រោយដែលអធិប្បាយតាមព្រះបន្ទូល នៅក្រុងពើការួចហើយ នោះក៏ចុះទៅឯអាតាលា ក៏ចុះសំពៅពីទីនោះ ត្រឡប់ទៅឯអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់អ្នកទាំង២ ក្នុងព្រះគុណនៃព្រះ សំរាប់ការដែលទើបនឹងធ្វើសំរេច លុះដល់ហើយ ក៏ប្រមូលពួកជំនុំមក ថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួន ហើយពីទ្រង់បានបើកទ្វារនៃសេចក្ដីជំនឿដល់សាសន៍ដទៃដែរ រួចក៏នៅទីនោះជាមួយនឹងពួកសិស្សជាយូរក្រែល។