កិច្ចការ 14:1-7

កិច្ចការ 14:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្រុង​អ៊ីកូ‌នាម លោក​ប៉ុល និង​លោក​បាណាបាស​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា ហើយ​មាន​ប្រសាសន៍ រហូត​ដល់​ពួក​សាសន៍​យូដា និង​សាសន៍​ក្រិក​ជា​ច្រើន​បាន​ជឿ។ ប៉ុន្តែ ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់ ហើយ​ចាក់​រុក​ពួក​សាសន៍​ដទៃឲ្យ​គេ​ទាស់​នឹងពួក​បង‌ប្អូន។ ដូច្នេះ លោក​ប៉ុល និង​លោក​បា‌ណា‌បាសក៏​ស្នាក់​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ ហើយ​មាន​ប្រសាសន៍​យ៉ាង​ក្លៀវ​ក្លា​អំពី​ព្រះ‌អម្ចាស់ ដែល​ទ្រង់​ធ្វើ​បន្ទាល់​អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ដោយ​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផ្សេងៗកើត​ឡើង​ដោយ​សារ​ដៃ​លោក​ទាំង​ពីរ។ ប៉ុន្តែ មនុស្ស​នៅ​ទី​ក្រុង​នោះ បាន​បែក​បាក់​គ្នា ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក។ កាល​ពួក​សាសន៍​ដទៃ និង​ពួក​សាសន៍​យូដា សម​គំនិត​គ្នា​ជាមួយពួក​មេ​ដឹក​នាំ​របស់​គេចង់​ធ្វើ​បាប ហើយ​ចង់​គប់​លោក​ទាំង​ពីរ​នឹង​ដុំថ្ម ពួកលោក​ក៏​បាន​ដឹង ហើយ​រត់​ភៀស​ខ្លួន​ទៅ​ទីក្រុង​នានា​នៅ​ស្រុក​លូ‌កៅ‌នា គឺ​ក្រុង​លីស្រ្តា និងក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ​វិញ ហើយ​បន្ត​ប្រកាស​ដំណឹង​ល្អ​នៅទីនោះ។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ក្រុង​អ៊ីកូ‌នាម​ក៏​កើត​មាន​ដូច្នោះ​ដែរ។ លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​របស់​ជន‌ជាតិ​យូដា ហើយ​មាន​ប្រសាសន៍​រហូត​ដល់​ជន‌ជាតិ​យូដា និង​ជន‌ជាតិ​ក្រិក​ដ៏​ច្រើន​លើស‌លុប​នាំ​គ្នា​ជឿ។ ប៉ុន្តែ ជន‌ជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះ‌ញង់​សាសន៍​ដទៃ និង​ជំរុញ​គេ​ឲ្យ​មាន​ចិត្ត​ប៉ុន‌ប៉ង​ធ្វើ​បាប​ពួក​បងប្អូន​ទៀត​ផង។ លោក​ប៉ូល និង​លោក​បារណា‌បាស ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូ‌នាម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់‌អាច ដោយ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដែល​ព្រះអង្គ​បាន​បញ្ជាក់​ព្រះ‌បន្ទូល​អំពី​ព្រះ‌គុណ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​លោក​ទាំង​ពីរ​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ផ្សេងៗ។ មនុស្ស‌ម្នា​នៅ​ក្រុង​នោះ​បាន​បាក់​បែក​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា អ្នក​ខ្លះ​ទៀត​កាន់​ខាង​ក្រុម​សាវ័ក*។ សាសន៍​ដទៃ និង​សាសន៍​យូដា បាន​សម​គំនិត​គ្នា​ជា​មួយ​ពួក​មេ​ដឹក​នាំ​របស់​គេ ចង់​ធ្វើ​បាប និង​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ទាំង​ពីរ។ លោក​ប៉ូល និង​លោក​បារណា‌បាស យល់​ថា​សភាព‌ការណ៍​មិន​ស្រួល ក៏​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​លូកៅ‌នា គឺ​ទៅ​ក្រុង​លីស្ដ្រា និង​ក្រុង​ឌើបេ ព្រម​ទាំង​តំបន់​ដែល​នៅ​ជុំ‌វិញ ហើយ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​នៅ​ទី​នោះ។

ចែក​រំលែក
អាន កិច្ចការ 14

កិច្ចការ 14:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​នៅ​ក្រុង​អ៊ីកូនាម ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​សាសន៍​យូដា បាន​អធិប្បាយ​នាំ​ឲ្យ​ទាំង​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​យ៉ាង​សន្ធឹក​បាន​ជឿ ប៉ុន្តែ ឯ​ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ គេ​ញុះ‌ញង់ ហើយ​ចាក់‌រុក​ពួក​សាសន៍​ដទៃ ឲ្យ​គេ​ទាស់​នឹង​ពួក​ជំនុំ​វិញ ចំណែក​ប៉ុល នឹង​បា‌ណា‌បាស ក៏​នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ គេ​អធិប្បាយ​យ៉ាង​ក្លៀវ‌ក្លា​ដោយ​នូវ​ព្រះ‌អម្ចាស់ ហើយ​ទ្រង់​ក៏​ធ្វើ​បន្ទាល់ អំពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌គុណ​ទ្រង់ ដោយ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​មាន​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​កើត​មក ដោយ‌សារ​ដៃ​អ្នក​ទាំង​២​នោះ ឯ​មនុស្ស​ទាំង‌ឡាយ​នៅ​ទី​ក្រុង​នោះ គេ​បែក​បាក់​គ្នា អ្នក​ខ្លះ​កាន់​ខាង​សាសន៍​យូដា ខ្លះ​ខាង​ពួក​សាវក តែ​កាល​ពួក​សាសន៍​ដទៃ នឹង​ពួក​សាសន៍​យូដា ព្រម​ទាំង​ពួក​នាម៉ឺន​របស់​គេ បាន​លើក​ព្រួត​គ្នា​នឹង​ទៅ​ត្មះ‌តិះដៀល ហើយ​ចោល​នឹង​ថ្ម នោះ​អ្នក​ទាំង​២​បាន​ដឹង ហើយ​ក៏​រត់​ទៅ​ឯ​ទី​ក្រុង​នៅ​ស្រុក​លូកៅនា​វិញ គឺ​លីស្ត្រា នឹង​ឌើបេ ហើយ​នឹង​ស្រុក​នៅ​ជុំ‌វិញ ក៏​ប្រកាស​ប្រាប់​ដំណឹង​ល្អ​នៅ​កន្លែង​ទាំង​នោះ។

ចែក​រំលែក
អាន កិច្ចការ 14