កិច្ចការ 13:46-52
កិច្ចការ 13:46-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ លោកប៉ុល និងលោកបាណាបាសក៏មានប្រសាសន៍យ៉ាងក្លាហានថា៖ «យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលប្រាប់អ្នករាល់គ្នាជាមុន ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបដិសេធមិនព្រមទទួលព្រះបន្ទូល ហើយដោយអ្នករាល់គ្នាយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ច ឥឡូវនេះ យើងបែរទៅរកពួកសាសន៍ដទៃវិញ។ ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា៖ "យើងបានតាំងអ្នកសម្រាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យអ្នកបាននាំការសង្គ្រោះដល់ចុងបំផុតនៃផែនដី"» ។ កាលពួកសាសន៍ដទៃបានឮដូច្នេះ គេមានចិត្តរីករាយ ហើយលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះបានតម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏បានជឿ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់ បានឮសុសសាយ ពេញតំបន់នោះទាំងមូល។ ប៉ុន្តែ ពួកសាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពកោតខ្លាចព្រះ និងពួកអ្នកមុខអ្នកការនៅក្នុងទីក្រុងនោះ ដោយញុះញង់ឲ្យបៀតបៀនលោកប៉ុល និងលោកបាណាបាស ហើយដេញលោកទាំងពីរចេញពីស្រុករបស់គេ។ ដូច្នេះ លោកទាំងពីរក៏រលាស់ធូលីដីចេញពីជើងទាស់នឹងគេ ហើយបន្តដំណើរទៅក្រុងអ៊ីកូនាម។ ពួកសិស្សមានចិត្តពេញដោយអំណរ និងដោយព្រះវិញ្ញាណបរិសុទ្ធ។
កិច្ចការ 13:46-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូល និងលោកបារណាបាសក៏មានប្រសាសន៍ទៅគេ ដោយចិត្តអង់អាចថា៖ «មុនដំបូង យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់បងប្អូន។ ប៉ុន្តែ ដោយបងប្អូនបដិសេធមិនព្រមទទួលព្រះបន្ទូលនេះ ហើយដោយបងប្អូនយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ចទេនោះ យើងខ្ញុំនឹងងាកទៅប្រកាសដល់សាសន៍ដទៃវិញ ដ្បិតព្រះអម្ចាស់បានបង្គាប់មកយើងខ្ញុំថា: “ យើងបានតែងតាំងអ្នកឲ្យធ្វើជាពន្លឺ បំភ្លឺជាតិសាសន៍នានា និងឲ្យនាំការសង្គ្រោះរហូតទៅដល់ ស្រុកដាច់ស្រយាលនៃផែនដី” »។ កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។ រីឯអស់អ្នកដែលព្រះជាម្ចាស់តម្រូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។ ព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយក្នុងស្រុកនោះទាំងមូល។ ប៉ុន្តែ សាសន៍យូដាបានញុះញង់ស្ត្រីៗមានឋានៈខ្ពង់ខ្ពស់ ដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងញុះញង់ពួកនាម៉ឺននៅក្រុងនោះ ឲ្យលើកគ្នាទៅបៀតបៀនលោកប៉ូល និងលោកបារណាបាស ព្រមទាំងដេញលោកទាំងពីរចេញពីដែនដីរបស់គេផង។ លោកប៉ូល និងលោកបារណាបាស ក៏រលាស់ធូលីដីចេញពីជើងរបស់លោក រួចធ្វើដំណើរទៅក្រុងអ៊ីកូនាម។ រីឯពួកសិស្ស*នៅអន់ទីយ៉ូកវិញ គេបានពោរពេញដោយអំណរ និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ*។
កិច្ចការ 13:46-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែប៉ុល នឹងបាណាបាសនិយាយដោយក្លាហានថា មុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូល ដល់អ្នករាល់គ្នាជាមុនដំបូង ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះ ហើយជំនុំជំរះកាត់ទោសដល់ខ្លួនឯងថា មិនគួរនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឯពួកសាសន៍ដទៃវិញ ដ្បិតព្រះអម្ចាស់ ទ្រង់បានបង្គាប់មកយើងខ្ញុំដូច្នេះថា «អញបានតាំងឯងសំរាប់ជាពន្លឺដល់សាសន៍ដទៃ ដើម្បីឲ្យឯងបានសំរាប់ជាសេចក្ដីសង្គ្រោះដល់ចុងផែនដីបំផុត»។ កាលពួកសាសន៍ដទៃបានឮដូច្នេះ នោះគេមានសេចក្ដីអំណរ ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កល្បជានិច្ច នោះក៏បានជឿ ឯព្រះបន្ទូលនៃព្រះអម្ចាស់ បានផ្សាយសុសសាយទួទៅពេញក្នុងស្រុកនោះ តែពួកសាសន៍យូដាគេញុះញង់ពួកស្ត្រីអ្នកមុខអ្នកការ ដែលមកថ្វាយបង្គំ នឹងពួកអ្នកធំនៅក្នុងទីក្រុងនោះ បណ្តាលឲ្យមានសេចក្ដីបៀតបៀន ដល់ប៉ុល នឹងបាណាបាស ក៏ដេញអ្នកទាំង២នោះចេញពីស្រុកគេទៅ ដូច្នេះ អ្នកទាំង២ក៏រលាស់ធូលីដី ពីជើងចេញទាស់នឹងគេ រួចចេញទៅឯក្រុងអ៊ីកូនាម ឯពួកសិស្ស គេមានចិត្តពេញដោយសេចក្ដីអំណរ ហើយនឹងព្រះវិញ្ញាណបរិសុទ្ធ។