កិច្ចការ 13:23-43

កិច្ចការ 13:23-43 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គឺ​ក្នុង​ព្រះ‌រាជវង្ស​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌សង្គ្រោះ​មួយ​អង្គ គឺ​ព្រះ‌យេស៊ូវ ដល់​សាសន៍​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​បាន​សន្យា។ មុន​ពេល​ព្រះ‌អង្គ​យាង​មក លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​អំពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដល់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់។ កាល​លោក​យ៉ូហាន​បាន​បង្ហើយ​ការ‌ងារ​របស់​លោកចប់​សព្វ​គ្រប់ លោក​មាន​ប្រសាសន៍​ថា "តើ​អ្នក​រាល់​គ្នា​ស្មាន​ថាខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែមើល៍ ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង"។ បង‌ប្អូន​ជា​កូន​ចៅ​នៃ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ និង​អស់​អ្នក​ក្នុង​ចំណោម​អ្នក​រាល់​គ្នាដែល​កោត​ខ្លាច​ព្រះ​អើយ ទ្រង់​បាន​ចាត់​ព្រះ‌បន្ទូល​ពី​ការ​សង្គ្រោះ​នេះ មក​ឲ្យ​យើង​រាល់​គ្នា​ហើយ។ ដ្បិត​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​ពួក​មេ​គ្រប់​គ្រង​របស់​គេ មិន​បាន​ស្គាល់​ព្រះ‌អង្គទេ ក៏​មិន​បាន​យល់​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​អាន​រាល់​ថ្ងៃ​សប្ប័ទ​ដែរ គេ​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​បាន​សម្រេច ដោយ​កាត់​ទោស​ព្រះ‌អង្គ។ ទោះ​បី​គេ​រក​ហេតុ​នឹង​សម្លាប់​ព្រះ‌អង្គ​មិន​បាន​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត់​យក​ព្រះ‌អង្គទៅ​សម្លាប់​ដែរ។ កាល​គេ​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​សេចក្តី ដែល​បាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​ស្រេច​ហើយ គេ​ក៏​យក​ព្រះ‌អង្គ​ចុះ​ពី​ឈើ​ឆ្កាង មក​បញ្ចុះ​ក្នុង​ផ្នូរ។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រះ‌អង្គ​បាន​លេច​ឲ្យ​អស់​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ព្រះ‌អង្គ​បាន​ឃើញ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​ដល់​ប្រជាជន។ យើង​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្តី​ដែល​ព្រះ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង ព្រះ‌អង្គ​បាន​សម្រេច​ដល់​យើង​រាល់​គ្នា ដែល​ជា​ពូជ‌ពង្ស​របស់​ពួក​លោក ដោយ​ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្តី​ចែង​ទុក​មក នៅ​ក្នុង​ទំនុក​តម្កើង​ទី​ពីរ​ថា៖ "អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ" ។ ឯ​ការ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ប្រគល់​ព្រះ​ពរ​ដ៏​បរិសុទ្ធ និង​ប្រាកដ​របស់​ដាវីឌ ឲ្យ​អ្នក​រាល់​គ្នា" ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ក្នុង​ទំនុក‌តម្កើង​មួយ​ទៀត​ថា "ព្រះ‌អង្គ​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​សេចក្ដី​ពុក​រលួយ​ឡើយ" ។ រីឯ​ព្រះ‌បាទ​ដាវីឌ ក្រោយ​ពី​ស្ដេច​បាន​បម្រើ​គោល​បំណង​របស់​ព្រះ ដល់​មនុស្ស​ជំនាន់​របស់​ខ្លួន​រួច​មក ទ្រង់​ក៏​ផ្ទំលក់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​ទ្រង់​ជា​មួយ​បុព្វ‌បុរស ហើយ​ក៏​ឃើញ​សេចក្តី​ពុក​រលួយ​ដែរ តែ​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​មិន​ឃើញ​សេចក្ដី​ពុក​រលួយ​ឡើយ។ ដូច្នេះ បង‌ប្អូន​អើយ សូម​ជ្រាប​ថា ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នេះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប តាម​រយៈ​ព្រះ‌អង្គ​នេះ​ឯង ហើយ​ដោយ​សារ​ព្រះ‌អង្គ អស់​អ្នក​ដែល​ជឿនឹង​មាន​សេរីភាព រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​មាន​សេរីភាព​បាន ដោយ​សារ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ។ ដូច្នេះ ត្រូវ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្តី​ដែល​ពួក​ហោរា​បាន​ថ្លែង​ទុក​មក​ថា៖ "មើល៍ ពួក​អ្នក​ដែល​មើល​ងាយ​អើយ! ចូរ​ងឿង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​យើង​ធ្វើ​ការមួយ​នៅ​ជំនាន់​អ្នក​រាល់​គ្នា ជា​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ ទោះ​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ដោយ" »។ ពេល​លោក​ប៉ុល និង​លោក​បាណា‌បាស​កំពុង​ដើរ​ចេញ​ពី​សាលា​ប្រជុំ ប្រជាជន​បាន​សុំ​ឲ្យ​លោក​មាន​ប្រសាសន៍​អំពី​សេចក្តី​ទាំង​នេះ​ម្ដង​ទៀត នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ។ ពេល​ចប់​ការ​ប្រជុំ​ហើយ មាន​ពួក​សាសន៍​យូដា និង​ពួក​អ្នក​ចូល​សាសនាយូដាដែល​គោរពកោត​ខ្លាច​ព្រះ​ជា​ច្រើន បាន​ដើរ​តាម​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​លោក​បាន​ទូន្មាន​គេ​ឲ្យ​បន្ត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:23-43 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌យេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ មុន​នឹង​ព្រះ‌យេស៊ូ​យាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ពេល​លោក​យ៉ូហាន​បំពេញ​មុខងារ​របស់​លោក​ចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថា: “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក​ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ បើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង”។ បងប្អូន​ជា​ពូជ‌ពង្ស​លោក​អប្រាហាំ និង​បងប្អូន​ដែល​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​ព្រះអង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ* ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះអង្គ​ដែរ។ កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះអង្គ ពី​ស្រុក​កាលី‌ឡេ​ទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទៀត​ផង។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បងប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ព្រះអង្គ​បាន​ធ្វើ​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះអង្គ​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង ទី​ពីរ​ថា: ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​មក នៅ​ថ្ងៃ​នេះ ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថា: អ្វីៗ​ដ៏វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​បាន​សន្យា​ថា​នឹង​ឲ្យ​ដាវីឌ យើង​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​ក្នុង​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ថា: ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​សព​អ្នក​បម្រើ ដ៏វិសុទ្ធ​របស់​ព្រះអង្គ រលួយ​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​បម្រើ​ព្រះ‌ជាម្ចាស់ តាម​គម្រោង‌ការ​ព្រះអង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះ‌បាទ​ដាវីឌ​ក្នុង​ផ្នូរ​ជា​មួយ​ព្រះ‌អយ្យ‌កោ ហើយ​សព​របស់​ស្ដេច​ក៏​បាន​រលួយ​អស់​ដែរ។ រីឯ​ព្រះ‌យេស៊ូ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​សព​របស់​ព្រះអង្គ​ពុំ​បាន​រលួយ​ទេ។ ដូច្នេះ បងប្អូន​អើយ! សូម​បងប្អូន​ជ្រាប​ឲ្យ​ច្បាស់​ថា ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​បងប្អូន​រួច​ពី​បាប តាម​រយៈ​ព្រះ‌យេស៊ូ ដូច​យើង​បាន​ជម្រាប​មក​ស្រាប់។ បងប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត* រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មាន ដោយ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​អស់​អ្នក​ជឿ​បាន​សុចរិត តាម​រយៈ​ព្រះ‌យេស៊ូ។ ហេតុ​នេះ​សូម​បងប្អូន​ប្រយ័ត្ន ក្រែង​ត្រូវ​តាម​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក​ថា: “មនុស្ស​ដែល​ចេះ​តែ​មើល‌ងាយ​គេ​អើយ! ចូរ​នាំ​គ្នា​មើល ហើយ​ងឿង‌ឆ្ងល់ រួច​វិនាស​បាត់​ទៅ​ចុះ! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​ជំនាន់ របស់​អ្នក​រាល់​គ្នា ជា​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​មិន​ជឿ ទោះ​បី​ជា​គេ​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា ក៏​ដោយ” »។ ពេល​លោក​ប៉ូល និង​លោក​បារណា‌បាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​សប្ប័ទ*​ខាង​មុខ​ទៀត។ លុះ​អង្គ​ប្រជុំ​បែក​គ្នា​ហើយ មាន​សាសន៍​យូដា និង​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​នាក់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ទៅ​តាម​លោក​ប៉ូល និង​លោក​បារណា‌បាស។ លោក​ទាំង​ពីរ​បាន​សន្ទនា​ជា​មួយ​ពួក​គេ ហើយ​ក្រើន​រំឭក​គេ​ឲ្យ​នៅ​ខ្ជាប់​ខ្ជួន​នឹង​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជានិច្ច។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:23-43 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​ពី​ព្រះ‌វង្សា​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ដល់​សាសន៍​អ៊ីស្រាអែល តាម​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌យេស៊ូវ តែ​មុន​ដែល​ទ្រង់​យាង​មក នោះ​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ កាល​លោក​យ៉ូហាន​កំពុង​តែ​ធ្វើ​សំរេច​ការ‌ងារ នោះ​លោក​មាន​ប្រសាសន៍​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​ជា​អ្នក​ណា ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែ​មើល ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង។ ឱ​បង​ប្អូន ជា​កូន​ចៅ​ពូជ​អ័ប្រា‌ហាំ នឹង​អស់​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​ពី​សេចក្ដី​សង្គ្រោះ​នេះ មក​ដល់​អ្នក​រាល់​គ្នា ដ្បិត​ដោយ​ព្រោះ​ពួក​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​មេ​របស់​គេ​មិន​បាន​ស្គាល់​ទ្រង់​ទេ ក៏​មិន​បាន​យល់​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​មើល​រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ បាន​ជា​គេ​ធ្វើ​សំរេច​តាម​សេចក្ដី​ទំនាយ​នោះ​ឯង ដោយ​គេ​បាន​កាត់​ទោស​ដល់​ទ្រង់ ហើយ​ទោះ​បើ​គេ​រក​ហេតុ​អ្វី​នឹង​សំឡាប់​ទ្រង់​មិន​បាន​ក៏​ដោយ គង់​តែ​គេ​សូម​អង្វរ​ដល់​លោក​ពីឡាត់ ឲ្យ​បាន​សំឡាប់​ទ្រង់​ដែរ ក្រោយ​ដែល​គេ​ធ្វើ​សំរេច​គ្រប់​សេចក្ដី ដែល​ចែង​ទុក​ពី​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ទ្រង់​ចុះ​ពី​ឈើ​ឆ្កាង​មក​បញ្ចុះ​ក្នុង​ផ្នូរ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ទ្រង់​លេច​មក ឲ្យ​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់ បាន​ឃើញ​ជា​យូរ​ថ្ងៃ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់​ដល់​ពួក​ជន​ទាំង‌ឡាយ។ យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្ដី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ទំនុក​ដំកើង​បទ​ទី​២​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ហើយ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​មិន​ឲ្យ​ទ្រង់​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក‌រលួយ​ទៀត​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា «អញ​នឹង​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​ឲ្យ​ដល់​ដាវីឌ ដល់​ឯង​រាល់​គ្នា​ដែរ» ហេតុ​ដូច្នេះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ក្នុង​បទ​១​ទៀត​ថា «ទ្រង់​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​នៃ​ទ្រង់ ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ» រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ តែ​ព្រះ‌អង្គ​នោះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​មិន​បាន​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ ដូច្នេះ អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ សូម​ជ្រាប​ថា ដែល​មាន​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​បាប បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​គឺ​ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង មួយ​ទៀត ដោយ‌សារ​ទ្រង់ អស់​អ្នក​ណា​ដែល​ជឿ បាន​រាប់​ជា​សុចរិត រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ​បាន​ឡើយ ដូច្នេះ ត្រូវ​ប្រយ័ត ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ថា «នែ អស់​អ្នក​ដែល​មើល‌ងាយ​អើយ ចូរ​ភាំង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​អញ​ធ្វើ​ការ​១​នៅ​ជំនាន់​ឯង​រាល់​គ្នា គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ឡើយ ទោះ​បើ​មាន​គេ​ប្រាប់​មក​ឯង​រាល់​គ្នា​ក៏​ដោយ»។ កាល​ពួក​សាសន៍​យូដា បាន​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ហើយ នោះ​ពួក​សាសន៍​ដទៃ ក៏​សូម​ឲ្យ​ប៉ុល​អធិប្បាយ តាម​សេចក្ដី​ទាំង​នោះ នៅ​ថ្ងៃ​ឈប់​សំរាក​មួយ​ក្រោយ​ទៀត កាល​ពួក​អ្នក​ប្រជុំ​នោះ​បាន​បែក​ចេញ​ពី​គ្នា​ទៅ នោះ​មាន​ពួក​សាសន៍​យូដា នឹង​ពួក​ចូល​សាសន៍​ជា​ច្រើន​ដែល​មក​ថ្វាយ‌បង្គំ គេ​ដើរ​តាម​ប៉ុល នឹង​បា‌ណា‌បាស ដែល​ទូន្មាន​ឲ្យ​គេ​កាន់​ខ្ជាប់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ។

ចែក​រំលែក
អាន កិច្ចការ 13