កិច្ចការ 13:13-52

កិច្ចការ 13:13-52 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក លោក​ប៉ុល និង​គូ‌កន​របស់​លោកបាន​ចុះ​សំពៅ​ចេញ​ពីក្រុង​ប៉ាផុស មក​ដល់​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាម‌ភីលា។ ឯ​លោក​យ៉ូហាន បានចាក​ចេញ​ពីពួក​គេ ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ តែ​លោក​ប៉ុល និង​លោកបាណា​បាសបាន​បន្ដ​ដំណើរ​ពីក្រុង​ពើកា មក​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌា។ នៅ​ថ្ងៃ​សប្ប័ទ លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ។ ក្រោយ​ពីបាន​អាន​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​រួចហើយ ពួក​មេ​គ្រប់​គ្រង​សាលា​ប្រជុំ ចាត់​មនុស្ស​ឲ្យ​ទៅជម្រាបលោក​ទាំង​ពីរ​ថា៖ «បង‌ប្អូន​អើយ! បើ​បង‌ប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជាជន សូម​មាន​ប្រសាសន៍​ចុះ»។ ដូច្នេះ លោក​ប៉ុល​ក៏​ក្រោក​ឡើង លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​សាសន៍​អ៊ីស្រា‌អែល និង​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ សូម​ស្តាប់​ចុះ ព្រះ​របស់​ប្រជាជនអ៊ីស្រា‌អែល​នេះ បានជ្រើស​រើស​បុព្វ‌បុរស​របស់​យើង ហើយ​បាន​លើក​តម្កើង​ប្រជាជន​នេះ​ជា​ខ្លាំង ក្នុង​កាល​គេ​ស្នាក់​នៅ​ស្រុក​អេស៊ីព្ទ រួច​ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​នោះ ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា។ ព្រះ‌អង្គ​បាន​ទ្រាំទ្រ​គេ រយៈ​ពេល​ប្រមាណ​ជា​សែសិប​ឆ្នាំ​នៅ​ទី​រហោ‌ស្ថាន។ ក្រោយ​ពី​ព្រះ‌អង្គ​បាន​បំផ្លាញ​សាសន៍​ប្រាំពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះ‌អង្គ​ក៏​ប្រទាន​ស្រុក​របស់​គេ​ដល់​បុព្វ‌បុរស​របស់​យើង ទុក​ជា​មត៌ក។ ហេតុ‌ការណ៍ទាំង​អស់នេះ មាន​រយៈ​ពេល​ប្រមាណ​ជា​បួន​រយ​ហាសិប​ឆ្នាំ ហើយ​ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ រហូត​ដល់​គ្រា​ហោរា​សាំយូ‌អែល។ បន្ទាប់​មកទៀត គេបាន​សុំ​ឲ្យ​មាន​ស្តេច ហើយ​ព្រះ‌អង្គ​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ជា​បុរស​ម្នាក់​ក្នុង​កុល​សម្ព័ន្ធ​បេនយ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ អស់​រយៈ​ពេល​សែសិប​ឆ្នាំ។ ក្រោយ​ពី​បានដកព្រះ‌បាទ​សូល​ចេញ ព្រះ‌អង្គបាន​តាំង​ព្រះ‌បាទ​ដាវីឌឡើង​ធ្វើ​ជា​ស្តេច​របស់​គេ។ ព្រះ‌អង្គ​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបាទ​ដាវីឌ​ថា "យើង​រក​បាន​ដាវីឌ កូន​របស់​អ៊ីសាយ ជា​មនុស្ស​ម្នាក់​ត្រូវ​ចិត្ត​យើង ដែល​នឹង​ធ្វើ​តាម​ចិត្ត​យើង​គ្រប់​ជំពូក"។ គឺ​ក្នុង​ព្រះ‌រាជវង្ស​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌សង្គ្រោះ​មួយ​អង្គ គឺ​ព្រះ‌យេស៊ូវ ដល់​សាសន៍​អ៊ីស្រា‌អែល ដូច​ព្រះ‌អង្គ​បាន​សន្យា។ មុន​ពេល​ព្រះ‌អង្គ​យាង​មក លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​អំពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដល់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់។ កាល​លោក​យ៉ូហាន​បាន​បង្ហើយ​ការ‌ងារ​របស់​លោកចប់​សព្វ​គ្រប់ លោក​មាន​ប្រសាសន៍​ថា "តើ​អ្នក​រាល់​គ្នា​ស្មាន​ថាខ្ញុំ​ជា​អ្នក​ណា? ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែមើល៍ ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង"។ បង‌ប្អូន​ជា​កូន​ចៅ​នៃ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ និង​អស់​អ្នក​ក្នុង​ចំណោម​អ្នក​រាល់​គ្នាដែល​កោត​ខ្លាច​ព្រះ​អើយ ទ្រង់​បាន​ចាត់​ព្រះ‌បន្ទូល​ពី​ការ​សង្គ្រោះ​នេះ មក​ឲ្យ​យើង​រាល់​គ្នា​ហើយ។ ដ្បិត​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម និង​ពួក​មេ​គ្រប់​គ្រង​របស់​គេ មិន​បាន​ស្គាល់​ព្រះ‌អង្គទេ ក៏​មិន​បាន​យល់​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​អាន​រាល់​ថ្ងៃ​សប្ប័ទ​ដែរ គេ​បាន​ធ្វើ​ឲ្យ​ទំនាយ​នោះ​បាន​សម្រេច ដោយ​កាត់​ទោស​ព្រះ‌អង្គ។ ទោះ​បី​គេ​រក​ហេតុ​នឹង​សម្លាប់​ព្រះ‌អង្គ​មិន​បាន​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត់​យក​ព្រះ‌អង្គទៅ​សម្លាប់​ដែរ។ កាល​គេ​បាន​ធ្វើ​សម្រេច​គ្រប់​ទាំង​សេចក្តី ដែល​បាន​ចែង​ទុក​អំពី​ព្រះ‌អង្គ​ស្រេច​ហើយ គេ​ក៏​យក​ព្រះ‌អង្គ​ចុះ​ពី​ឈើ​ឆ្កាង មក​បញ្ចុះ​ក្នុង​ផ្នូរ។ ប៉ុន្តែ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រះ‌អង្គ​បាន​លេច​ឲ្យ​អស់​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ព្រះ‌អង្គ​បាន​ឃើញ អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​របស់​ព្រះ‌អង្គ​ដល់​ប្រជាជន។ យើង​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្តី​ដែល​ព្រះ​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង ព្រះ‌អង្គ​បាន​សម្រេច​ដល់​យើង​រាល់​គ្នា ដែល​ជា​ពូជ‌ពង្ស​របស់​ពួក​លោក ដោយ​ទ្រង់​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្តី​ចែង​ទុក​មក នៅ​ក្នុង​ទំនុក​តម្កើង​ទី​ពីរ​ថា៖ "អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ" ។ ឯ​ការ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក​រលួយ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "យើង​នឹង​ប្រគល់​ព្រះ​ពរ​ដ៏​បរិសុទ្ធ និង​ប្រាកដ​របស់​ដាវីឌ ឲ្យ​អ្នក​រាល់​គ្នា" ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ក្នុង​ទំនុក‌តម្កើង​មួយ​ទៀត​ថា "ព្រះ‌អង្គ​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ឃើញ​សេចក្ដី​ពុក​រលួយ​ឡើយ" ។ រីឯ​ព្រះ‌បាទ​ដាវីឌ ក្រោយ​ពី​ស្ដេច​បាន​បម្រើ​គោល​បំណង​របស់​ព្រះ ដល់​មនុស្ស​ជំនាន់​របស់​ខ្លួន​រួច​មក ទ្រង់​ក៏​ផ្ទំលក់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​ទ្រង់​ជា​មួយ​បុព្វ‌បុរស ហើយ​ក៏​ឃើញ​សេចក្តី​ពុក​រលួយ​ដែរ តែ​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​មិន​ឃើញ​សេចក្ដី​ពុក​រលួយ​ឡើយ។ ដូច្នេះ បង‌ប្អូន​អើយ សូម​ជ្រាប​ថា ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នេះ គឺ​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប តាម​រយៈ​ព្រះ‌អង្គ​នេះ​ឯង ហើយ​ដោយ​សារ​ព្រះ‌អង្គ អស់​អ្នក​ដែល​ជឿនឹង​មាន​សេរីភាព រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​មាន​សេរីភាព​បាន ដោយ​សារ​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ។ ដូច្នេះ ត្រូវ​ប្រយ័ត្ន ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្តី​ដែល​ពួក​ហោរា​បាន​ថ្លែង​ទុក​មក​ថា៖ "មើល៍ ពួក​អ្នក​ដែល​មើល​ងាយ​អើយ! ចូរ​ងឿង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​យើង​ធ្វើ​ការមួយ​នៅ​ជំនាន់​អ្នក​រាល់​គ្នា ជា​កិច្ច‌ការ​ដែល​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ ទោះ​បើ​មាន​គេ​ប្រាប់​អ្នក​រាល់​គ្នា​ក៏​ដោយ" »។ ពេល​លោក​ប៉ុល និង​លោក​បាណា‌បាស​កំពុង​ដើរ​ចេញ​ពី​សាលា​ប្រជុំ ប្រជាជន​បាន​សុំ​ឲ្យ​លោក​មាន​ប្រសាសន៍​អំពី​សេចក្តី​ទាំង​នេះ​ម្ដង​ទៀត នៅ​ថ្ងៃ​សប្ប័ទ​ក្រោយ។ ពេល​ចប់​ការ​ប្រជុំ​ហើយ មាន​ពួក​សាសន៍​យូដា និង​ពួក​អ្នក​ចូល​សាសនាយូដាដែល​គោរពកោត​ខ្លាច​ព្រះ​ជា​ច្រើន បាន​ដើរ​តាម​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​លោក​បាន​ទូន្មាន​គេ​ឲ្យ​បន្ត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ។ លុះ​ថ្ងៃ​សប្ប័ទ​មក​ដល់ ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់បាន​មក​ជួប​ជុំ​គ្នា ដើម្បី​ស្តាប់​ព្រះ‌បន្ទូល។ ប៉ុន្ដែ កាល​ពួក​សាសន៍​យូដា​បាន​ឃើញមហាជន​ដូច្នេះ គេ​មាន​ចិត្ត​ច្រណែន ហើយ​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​នឹង​សេចក្តីដែល​លោក​ប៉ុល​មាន​ប្រសាសន៍ ទាំង​ជេរ​ប្រមាថ​លោកទៀត​ផង។ ពេល​នោះ លោក​ប៉ុល និង​លោក​បា‌ណា‌បាស​ក៏​មាន​ប្រសាសន៍​យ៉ាង​ក្លា‌ហាន​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាសព្រះ‌បន្ទូល​ប្រាប់​អ្នក​រាល់​គ្នាជា​មុន ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល ហើយដោយ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់​កល្ប​ជា‌និច្ច ឥឡូវ​នេះ យើង​បែរ​ទៅ​រក​ពួក​សាសន៍​ដទៃ​វិញ។ ដ្បិត​ព្រះ‌អម្ចាស់បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា៖ "យើង​បាន​តាំង​អ្នក​សម្រាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​អ្នក​បាន​នាំ​ការ​សង្គ្រោះ​ដល់​ចុងបំផុត​នៃ​ផែនដី"» ។ កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ គេ​មានចិត្ត​រីក​រាយ ហើយ​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ​បាន​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច ក៏​បាន​ជឿ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ បានឮ​សុស​សាយ ពេញ​តំបន់​នោះ​ទាំង​មូល។ ប៉ុន្តែ ពួក​សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រី​ៗ​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ពួក​អ្នកមុខ​អ្នក​ការ​នៅ​ក្នុង​ទី​ក្រុង​នោះ ដោយ​ញុះ​ញង់​ឲ្យ​បៀត​បៀន​លោក​ប៉ុល និង​លោក​បា‌ណា‌បាស ហើយ​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ស្រុក​របស់​គេ។ ដូច្នេះ លោក​ទាំង​ពីរ​ក៏​រលាស់​ធូលី​ដីចេញ​ពី​ជើង​ទាស់​នឹង​គេ ហើយ​បន្ត​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌នាម។ ពួក​សិស្ស​មាន​ចិត្ត​ពេញ​ដោយ​អំណរ និងដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:13-52 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​ចុះ​សំពៅ​ពី​ក្រុង​ប៉ាផូស​ឆ្ពោះ​ទៅ​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភី‌លា។ ពេល​នោះ លោក​យ៉ូហាន​បាន​បែក​ចេញ​ពី​ពួក​គេ វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ រីឯ​លោក​ប៉ូល និង​មិត្ត‌ភក្ដិ​របស់​លោក បាន​បន្ត​ដំណើរ​ពី​ក្រុង​ពើកា រហូត​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ក្នុង​ស្រុក​ពីស៊ី‌ឌា។ នៅ​ថ្ងៃ​សប្ប័ទ* លោក​ទាំង​ពីរ​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ*។ បន្ទាប់​ពី​បាន​អាន​គម្ពីរ‌វិន័យ* និង​គម្ពីរ​ព្យាការី*​រួច​ហើយ ពួក​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​សុំ​ឲ្យ​គេ​ជម្រាប​ពួក​លោក​ប៉ូល​ថា៖ «បងប្អូន​អើយ! បើ​បងប្អូន​មាន​ពាក្យ​អ្វី​លើក​ទឹក​ចិត្ត​ប្រជា‌ជន សូម​មាន​ប្រសាសន៍​មក​ចុះ»។ លោក​ប៉ូល​ក្រោក​ឡើង​លើក​ដៃ​ធ្វើ​សញ្ញា ហើយ​មាន​ប្រសាសន៍​ថា៖ «សូម​ជម្រាប​បងប្អូន​ជន‌ជាតិ​អ៊ីស្រា‌អែល និង​បងប្អូន​ដែល​ជា​អ្នក​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់ សូម​ជ្រាប! ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ជ្រើស​រើស​បុព្វបុរស​របស់​យើង និង​ប្រទាន​ឲ្យ​ប្រជា‌រាស្ដ្រ​នេះ​បាន​ចម្រើន​ឡើង នៅ​ពេល​គេ​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីប។ បន្ទាប់​មក ព្រះអង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​នោះ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ផ្គត់‌ផ្គង់​គេ​អស់​រយៈ​ពេល​ប្រមាណ​សែ‌សិប​ឆ្នាំ នៅ​វាល​រហោ‌ស្ថាន។ ក្រោយ​ពី​ព្រះអង្គ​រំលាយ​ជាតិ​សាសន៍​ទាំង​ប្រាំ‌ពីរ​នៅ​ស្រុក​កាណាន​រួច​ហើយ ព្រះអង្គ​បាន​ប្រទាន​ទឹក​ដី​នោះ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ធ្វើ​ជា​កម្មសិទ្ធិ។ ហេតុ‌ការណ៍​ទាំង​នោះ​កើត​មាន​ក្នុង​អំឡុង​ពេល​ប្រមាណ​បួន​រយ​ហា‌សិប​ឆ្នាំ។ ក្រោយ​មក ព្រះអង្គ​ប្រទាន​ឲ្យ​មាន​អ្នក​គ្រប់‌គ្រង​រហូត​ដល់​ជំនាន់​ព្យាការី​សាំយូ‌អែល។ បន្ទាប់​មក​ទៀត គេ​បាន​នាំ​គ្នា​ទូល​សូម​ស្ដេច​មួយ​អង្គ ព្រះ‌ជាម្ចាស់​ក៏​ប្រទាន​ព្រះ‌បាទ​សូល ជា​បុត្រ​របស់​លោក​គីស ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន ឲ្យ​គ្រង​រាជ្យ​អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​ពី​បាន​ដក​រាជ្យ​ពី​ព្រះ‌បាទ​សូល ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ។ ព្រះអង្គ​ប្រទាន​សក្ខីភាព​អំពី​ព្រះ‌បាទ​ដាវីឌ​នេះ​ថា: “យើង​រក​បាន​មនុស្ស​ម្នាក់​ជា​ទី​គាប់​ចិត្ត​យើង​ណាស់ គឺ​ដាវីឌ​ជា​បុត្រ​របស់​អ៊ីសាយ ដ្បិត​ដាវីឌ​នឹង​បំពេញ​តាម​បំណង​ទាំង​ប៉ុន្មាន​របស់​យើង”។ ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌យេស៊ូ​កើត​មក និង​ធ្វើ​ជា​ព្រះ‌សង្គ្រោះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ។ មុន​នឹង​ព្រះ‌យេស៊ូ​យាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ពេល​លោក​យ៉ូហាន​បំពេញ​មុខងារ​របស់​លោក​ចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថា: “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក​ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ បើ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង”។ បងប្អូន​ជា​ពូជ‌ពង្ស​លោក​អប្រាហាំ និង​បងប្អូន​ដែល​គោរព​កោតខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ ដ្បិត​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ពួក​មេ​ដឹក​នាំ​របស់​គេ ពុំ​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​ជា​នរណា​ឡើយ។ គេ​បាន​កាត់​ទោស​ព្រះអង្គ ស្រប​នឹង​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក ហើយ​គេ​អាន​រៀង​រាល់​ថ្ងៃ​សប្ប័ទ* ទោះ​បី​គេ​រក​កំហុស​អ្វី​មក​កាត់​ទោស​លោក​មិន​ឃើញ​ក៏​ដោយ ក៏​គេ​នៅ​តែ​សុំ​ឲ្យ​លោក​ពីឡាត​ប្រហារ​ជីវិត​ព្រះអង្គ​ដែរ។ កាល​គេ​បាន​ធ្វើ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​អំពី​ព្រះអង្គ​ចប់​សព្វ​គ្រប់​ហើយ គេ​ក៏​យក​ព្រះ​សព​ព្រះអង្គ​ចុះ​ពី​ឈើ​ឆ្កាង​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ឡើង​វិញ។ ព្រះ‌យេស៊ូ​បាន​បង្ហាញ​ខ្លួន​ឲ្យ​អស់​អ្នក​ដែល​បាន​រួម​ដំណើរ​ជា​មួយ​ព្រះអង្គ ពី​ស្រុក​កាលី‌ឡេ​ទៅ​ក្រុង​យេរូ‌សាឡឹម ឃើញ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ឥឡូវ​នេះ អ្នក​ទាំង​នោះ​ធ្វើ​ជា​បន្ទាល់​របស់​ព្រះអង្គ នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទៀត​ផង។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​សូម​ជូន​ដំណឹង‌ល្អ​នេះ​ប្រាប់​បងប្អូន​ថា ព្រះ‌បន្ទូល​ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើង ព្រះអង្គ​បាន​ធ្វើ​តាម ដើម្បី​ជា​ប្រយោជន៍​ដល់​យើង ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ទាំង​នោះ​ហើយ គឺ​ព្រះអង្គ​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​ចែង​ទុក​ក្នុង​ទំនុកតម្កើង ទី​ពីរ​ថា: ព្រះអង្គ​ជា​បុត្រ​របស់​យើង គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​មក នៅ​ថ្ងៃ​នេះ ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ព្រះ​សព​ព្រះអង្គ​ត្រូវ​រលួយ​ឡើយ ដូច​មាន​ចែង​ទុក​មក​ថា: អ្វីៗ​ដ៏វិសុទ្ធ* និង​ដ៏​ជា​ទី​ទុក​ចិត្ត ដែល​យើង​បាន​សន្យា​ថា​នឹង​ឲ្យ​ដាវីឌ យើង​នឹង​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចែង​ទុក​ក្នុង​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ថា: ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​សព​អ្នក​បម្រើ ដ៏វិសុទ្ធ​របស់​ព្រះអង្គ រលួយ​ឡើយ។ ព្រះ‌បាទ​ដាវីឌ​បាន​បម្រើ​ព្រះ‌ជាម្ចាស់ តាម​គម្រោង‌ការ​ព្រះអង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះ‌បាទ​ដាវីឌ​ក្នុង​ផ្នូរ​ជា​មួយ​ព្រះ‌អយ្យ‌កោ ហើយ​សព​របស់​ស្ដេច​ក៏​បាន​រលួយ​អស់​ដែរ។ រីឯ​ព្រះ‌យេស៊ូ​ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នោះ ព្រះ​សព​របស់​ព្រះអង្គ​ពុំ​បាន​រលួយ​ទេ។ ដូច្នេះ បងប្អូន​អើយ! សូម​បងប្អូន​ជ្រាប​ឲ្យ​ច្បាស់​ថា ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ឲ្យ​បងប្អូន​រួច​ពី​បាប តាម​រយៈ​ព្រះ‌យេស៊ូ ដូច​យើង​បាន​ជម្រាប​មក​ស្រាប់។ បងប្អូន​ពុំ​អាច​ទៅ​ជា​មនុស្ស​សុចរិត* រួច​ផុត​អំពើ​បាប​ទាំង​ប៉ុន្មាន ដោយ​គោរព​តាម​វិន័យ​របស់​លោក​ម៉ូសេ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ‌ជាម្ចាស់​ប្រោស​ឲ្យ​អស់​អ្នក​ជឿ​បាន​សុចរិត តាម​រយៈ​ព្រះ‌យេស៊ូ។ ហេតុ​នេះ​សូម​បងប្អូន​ប្រយ័ត្ន ក្រែង​ត្រូវ​តាម​សេចក្ដី​ដែល​ព្យាការី*​ថ្លែង​ទុក​មក​ថា: “មនុស្ស​ដែល​ចេះ​តែ​មើល‌ងាយ​គេ​អើយ! ចូរ​នាំ​គ្នា​មើល ហើយ​ងឿង‌ឆ្ងល់ រួច​វិនាស​បាត់​ទៅ​ចុះ! ដ្បិត​យើង​នឹង​ធ្វើ​កិច្ចការ​មួយ​នៅ​ជំនាន់ របស់​អ្នក​រាល់​គ្នា ជា​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​មិន​ជឿ ទោះ​បី​ជា​គេ​រៀប​រាប់​ប្រាប់​អ្នក​រាល់​គ្នា ក៏​ដោយ” »។ ពេល​លោក​ប៉ូល និង​លោក​បារណា‌បាស​ចេញ​ពី​សាលា​ប្រជុំ ពួក​គេ​បាន​អញ្ជើញ​លោក​ឲ្យ​មាន​ប្រសាសន៍​អំពី​សេចក្ដី​ទាំង​នេះ នៅ​ថ្ងៃ​សប្ប័ទ*​ខាង​មុខ​ទៀត។ លុះ​អង្គ​ប្រជុំ​បែក​គ្នា​ហើយ មាន​សាសន៍​យូដា និង​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​នាក់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នាំ​គ្នា​ទៅ​តាម​លោក​ប៉ូល និង​លោក​បារណា‌បាស។ លោក​ទាំង​ពីរ​បាន​សន្ទនា​ជា​មួយ​ពួក​គេ ហើយ​ក្រើន​រំឭក​គេ​ឲ្យ​នៅ​ខ្ជាប់​ខ្ជួន​នឹង​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជានិច្ច។ នៅ​ថ្ងៃ​សប្ប័ទ​បន្ទាប់​មក​ទៀត ប្រជា‌ជន​នៅ​ក្រុង​នោះ​បាន​មក​ជួប‌ជុំ ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ស្ទើរ​តែ​ទាំង​អស់​គ្នា។ កាល​ជន‌ជាតិ​យូដា​ឃើញ​មហា‌ជន​ដូច្នោះ គេ​មាន​ចិត្ត​ច្រណែន​ជា​ខ្លាំង ក៏​នាំ​គ្នា​និយាយ​ជំទាស់​នឹង​ពាក្យ​ដែល​លោក​ប៉ូល​មាន​ប្រសាសន៍ ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​លោក​ទៀត​ផង។ លោក​ប៉ូល និង​លោក​បារណា‌បាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់‌អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន។ ប៉ុន្តែ ដោយ​បងប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​នេះ ហើយ​ដោយ​បងប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ ដ្បិត​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ថា: “ យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា និង​ឲ្យ​នាំ​ការ​សង្គ្រោះ​រហូត​ទៅ​ដល់ ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី” »។ កាល​សាសន៍​ដទៃ​ឮ​ដូច្នោះ គេ​មាន​អំណរ​រីក‌រាយ ហើយ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ រីឯ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​តម្រូវ​ឲ្យ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ក៏​នាំ​គ្នា​ជឿ​ដែរ។ ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ឮ​សុស‌សាយ​ក្នុង​ស្រុក​នោះ​ទាំង​មូល។ ប៉ុន្តែ សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់‌ខ្ពស់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ និង​ញុះ‌ញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀត‌បៀន​លោក​ប៉ូល និង​លោក​បារណា‌បាស ព្រម​ទាំង​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​ផង។ លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​លោក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌នាម។ រីឯ​ពួក​សិស្ស*​នៅ​អន់‌ទី‌យ៉ូក​វិញ គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*។

ចែក​រំលែក
អាន កិច្ចការ 13

កិច្ចការ 13:13-52 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុល នឹង​ពួក​គូ‌កន​គាត់ ក៏​ចុះ​សំពៅ​ចេញ​ពី​ប៉ាផុស ទៅ​ដល់​ពើកា នៅ​ស្រុក​ប៉ាម‌ភីលា ឯ​យ៉ូហាន គាត់​បែក​ពី​គេ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ តែ​គេ​ចេញ​ពី​ពើកា ដើរ​កាត់​ទៅ​ឯ​អាន់‌ទី‌យ៉ូក នៅ​ស្រុក​ពីស៊ីឌា ក៏​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក ក្រោយ​ការ​ដែល​អាន​មើល​ក្រិត្យ‌វិន័យ នឹង​គម្ពីរ​ពួក​ហោរា​ហើយ នោះ​មេ​សាលា​ក៏​ប្រើ​មនុស្ស ឲ្យ​ទៅ​ប្រាប់​ថា បង​ប្អូន​អើយ បើ​មាន​សេចក្ដី​អ្វី​នឹង​ទូន្មាន​ដល់​ពួក​ជន នោះ​សូម​បង​ប្អូន​មាន​ប្រសាសន៍​ចុះ។ លំដាប់​នោះ ប៉ុល​ក៏​ក្រោក​ឡើង ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ និយាយ​ថា ពួក​សាសន៍​អ៊ីស្រាអែល នឹង​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ សូម​ស្តាប់​ចុះ ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​យើង​នេះ ទ្រង់​បាន​រើស​ពួក​ឰយុកោ​យើង​រាល់​គ្នា ក៏​លើក​ដំកើង​សាសន៍​យើង ក្នុង​កាល​ដែល​គេ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ រួច​ទ្រង់​នាំ​គេ​ចេញ​ពី​ស្រុក​នោះ ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​ទ្រង់​បាន​ទ្រាំ‌ទ្រ​នឹង​កិរិយា​របស់​គេ នៅ​ទី​រហោ‌ស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ ក្រោយ​ដែល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ទាំង​៧​នគរ​នៅ​ស្រុក​កាណាន នោះ​ក៏​ចែក​ស្រុក​របស់​គេ​ដល់​ពួក​ឰយុកោ​យើង​ដោយ​ចាប់​ឆ្នោត ក្រោយ​ការ​ទាំង​នោះ​មក ទ្រង់​ប្រទាន​ឲ្យ​មាន​ចៅហ្វាយ​ក្នុង​រវាង​ប្រហែល​ជា​៤៥០​ឆ្នាំ ដរាប​ដល់​គ្រា​ហោរា​សាំយូ‌អែល នោះ​គេ​សូម​ឲ្យ​មាន​ស្តេច រួច​ព្រះ​ទ្រង់​តាំង​សូល ជា​បុត្រ​គីស ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ នៅ​រវាង​៤០​ឆ្នាំ កាល​ដក​ស្តេច​នោះ​ចេញ​ហើយ នោះ​ទ្រង់​លើក​ដាវីឌ​តាំង​ឡើង​ជា​ស្តេច​វិញ ក៏​ធ្វើ​បន្ទាល់​ពី​ស្តេច​ដាវីឌ​ថា «អញ​រក​បាន​ដាវីឌ កូន​អ៊ីសាយ ជា​ទី​គាប់​ចិត្ត​ដល់​អញ ដែល​នឹង​ធ្វើ​តាម​ចិត្ត​អញ​គ្រប់​ជំពូក» គឺ​ពី​ព្រះ‌វង្សា​ស្តេច​នោះ​ហើយ ដែល​ព្រះ​បាន​បង្កើត​ព្រះ‌អង្គ​សង្គ្រោះ​១​អង្គ ដល់​សាសន៍​អ៊ីស្រាអែល តាម​សេចក្ដី​សន្យា គឺ​ជា​ព្រះ‌យេស៊ូវ តែ​មុន​ដែល​ទ្រង់​យាង​មក នោះ​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ កាល​លោក​យ៉ូហាន​កំពុង​តែ​ធ្វើ​សំរេច​ការ‌ងារ នោះ​លោក​មាន​ប្រសាសន៍​ថា តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្ញុំ​ជា​អ្នក​ណា ខ្ញុំ​មិន​មែន​ជា​ព្រះ‌អង្គ​នោះ​ទេ តែ​មើល ព្រះ‌អង្គ​នោះ​យាង​មក​ក្រោយ​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ទ្រង់​ផង។ ឱ​បង​ប្អូន ជា​កូន​ចៅ​ពូជ​អ័ប្រា‌ហាំ នឹង​អស់​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​ពី​សេចក្ដី​សង្គ្រោះ​នេះ មក​ដល់​អ្នក​រាល់​គ្នា ដ្បិត​ដោយ​ព្រោះ​ពួក​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​មេ​របស់​គេ​មិន​បាន​ស្គាល់​ទ្រង់​ទេ ក៏​មិន​បាន​យល់​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ដែល​គេ​មើល​រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ បាន​ជា​គេ​ធ្វើ​សំរេច​តាម​សេចក្ដី​ទំនាយ​នោះ​ឯង ដោយ​គេ​បាន​កាត់​ទោស​ដល់​ទ្រង់ ហើយ​ទោះ​បើ​គេ​រក​ហេតុ​អ្វី​នឹង​សំឡាប់​ទ្រង់​មិន​បាន​ក៏​ដោយ គង់​តែ​គេ​សូម​អង្វរ​ដល់​លោក​ពីឡាត់ ឲ្យ​បាន​សំឡាប់​ទ្រង់​ដែរ ក្រោយ​ដែល​គេ​ធ្វើ​សំរេច​គ្រប់​សេចក្ដី ដែល​ចែង​ទុក​ពី​ទ្រង់​រួច​ហើយ នោះ​គេ​ក៏​យក​ទ្រង់​ចុះ​ពី​ឈើ​ឆ្កាង​មក​បញ្ចុះ​ក្នុង​ផ្នូរ តែ​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​ទ្រង់​លេច​មក ឲ្យ​ពួក​អ្នក​ដែល​បាន​ឡើង​ពី​ស្រុក​កាលី‌ឡេ មក​ឯ​ក្រុង​យេរូ‌សាឡិម​ជា​មួយ​នឹង​ទ្រង់ បាន​ឃើញ​ជា​យូរ​ថ្ងៃ អ្នក​ទាំង​នោះ​ជា​ស្មរ​បន្ទាល់​ពី​ទ្រង់​ដល់​ពួក​ជន​ទាំង‌ឡាយ។ យើង​ខ្ញុំ​ក៏​ប្រាប់​ដំណឹង​ល្អ​នេះ ដល់​អ្នក​រាល់​គ្នា គឺ​ជា​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ​យើង​ថា ព្រះ​បាន​ធ្វើ​សំរេច​តាម​សេចក្ដី​សន្យា​ទ្រង់ ដល់​យើង​ជា​ពូជ​នៃ​ពួក​ឰយុកោ​នោះ​ហើយ ដោយ​ទ្រង់​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដូច​មាន​សេចក្ដី​ចែង​ទុក​មក ក្នុង​ទំនុក​ដំកើង​បទ​ទី​២​ថា «ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ» ហើយ​ដែល​ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ដើម្បី​មិន​ឲ្យ​ទ្រង់​ត្រឡប់​ទៅ​ឯ​សេចក្ដី​ពុក‌រលួយ​ទៀត​ឡើយ នោះ​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា «អញ​នឹង​ផ្តល់​សេចក្ដី​មេត្តា‌ករុណា​ស្មោះ‌ត្រង់ ដែល​ឲ្យ​ដល់​ដាវីឌ ដល់​ឯង​រាល់​គ្នា​ដែរ» ហេតុ​ដូច្នេះ​បាន​ជា​ទ្រង់​មាន​បន្ទូល​ក្នុង​បទ​១​ទៀត​ថា «ទ្រង់​មិន​ទុក​ឲ្យ​អ្នក​បរិសុទ្ធ​នៃ​ទ្រង់ ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ» រីឯ​ហ្លួង​ដាវីឌ កាល​ទ្រង់​បាន​ធ្វើ​ការ‌ងារ​ចំពោះ​មនុស្ស​ជំនាន់​ទ្រង់ តាម​ព្រះ‌ហឫទ័យ​ព្រះ រួច​ស្រេច​ហើយ នោះ​ក៏​ផ្ទំ​លក់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ពួក​ឰយុកោ​ទ្រង់ ក៏​ឃើញ​សេចក្ដី​ពុក‌រលួយ​ដែរ តែ​ព្រះ‌អង្គ​នោះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ទ្រង់​មិន​បាន​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ ដូច្នេះ អ្នក​រាល់​គ្នា ជា​បង​ប្អូន​អើយ សូម​ជ្រាប​ថា ដែល​មាន​សេចក្ដី​ប្រោស​ឲ្យ​រួច​ពី​បាប បាន​ប្រកាស​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​គឺ​ដោយ‌សារ​ព្រះ‌អង្គ​នោះ​ឯង មួយ​ទៀត ដោយ‌សារ​ទ្រង់ អស់​អ្នក​ណា​ដែល​ជឿ បាន​រាប់​ជា​សុចរិត រួច​ពី​គ្រប់​ការ​ទាំង​អស់ ដែល​ពុំ​អាច​នឹង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ក្រិត្យ‌វិន័យ​លោក​ម៉ូសេ​បាន​ឡើយ ដូច្នេះ ត្រូវ​ប្រយ័ត ក្រែង​អ្នក​រាល់​គ្នា​កើត​មាន​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ទុក​ថា «នែ អស់​អ្នក​ដែល​មើល‌ងាយ​អើយ ចូរ​ភាំង​ឆ្ងល់ ហើយ​វិនាស​ទៅ​ចុះ ដ្បិត​អញ​ធ្វើ​ការ​១​នៅ​ជំនាន់​ឯង​រាល់​គ្នា គឺ​ជា​ការ​ដែល​ឯង​រាល់​គ្នា​មិន​ព្រម​ជឿ​ឡើយ ទោះ​បើ​មាន​គេ​ប្រាប់​មក​ឯង​រាល់​គ្នា​ក៏​ដោយ»។ កាល​ពួក​សាសន៍​យូដា បាន​ចេញ​ពី​សាលា​ប្រជុំ​ទៅ​ហើយ នោះ​ពួក​សាសន៍​ដទៃ ក៏​សូម​ឲ្យ​ប៉ុល​អធិប្បាយ តាម​សេចក្ដី​ទាំង​នោះ នៅ​ថ្ងៃ​ឈប់​សំរាក​មួយ​ក្រោយ​ទៀត កាល​ពួក​អ្នក​ប្រជុំ​នោះ​បាន​បែក​ចេញ​ពី​គ្នា​ទៅ នោះ​មាន​ពួក​សាសន៍​យូដា នឹង​ពួក​ចូល​សាសន៍​ជា​ច្រើន​ដែល​មក​ថ្វាយ‌បង្គំ គេ​ដើរ​តាម​ប៉ុល នឹង​បា‌ណា‌បាស ដែល​ទូន្មាន​ឲ្យ​គេ​កាន់​ខ្ជាប់​ក្នុង​ព្រះ‌គុណ​នៃ​ព្រះ។ ដល់​ថ្ងៃ​ឈប់​សំរាក​ក្រោយ នោះ​ពួក​អ្នក​ក្រុង​ស្ទើរ​តែ​ទាំង​អស់ ក៏​មក​ប្រជុំ​គ្នា ដើម្បី​នឹង​ស្តាប់​ព្រះ‌បន្ទូល តែ​កាល​ពួក​សាសន៍​យូដា​បាន​ឃើញ​មនុស្ស​ទាំង​ហ្វូង​ដូច្នេះ នោះ​កើត​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ច្រណែន ហើយ​ក៏​ឆ្លើយ​ទទឹង​ទាស់​នឹង​សេចក្ដី ដែល​ប៉ុល​អធិប្បាយ​នោះ ទាំង​ជំនះ ហើយ​ប្រមាថ​ផង ប៉ុន្តែ​ប៉ុល នឹង​បា‌ណា‌បាស​និយាយ​ដោយ​ក្លាហាន​ថា មុខ​គួរ​ឲ្យ​យើង​ខ្ញុំ​ថ្លែង​ប្រាប់​ព្រះ‌បន្ទូល ដល់​អ្នក​រាល់​គ្នា​ជា​មុន​ដំបូង ប៉ុន្តែ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌បន្ទូល​នោះ ហើយ​ជំនុំ‌ជំរះ​កាត់​ទោស​ដល់​ខ្លួន​ឯង​ថា មិន​គួរ​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​នោះ​ទេ ហេតុ​ដូច្នេះ​បាន​ជា​យើង​ខ្ញុំ​បែរ​ទៅ​ឯ​ពួក​សាសន៍​ដទៃ​វិញ ដ្បិត​ព្រះ‌អម្ចាស់ ទ្រង់​បាន​បង្គាប់​មក​យើង​ខ្ញុំ​ដូច្នេះ​ថា «អញ​បាន​តាំង​ឯង​សំរាប់​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ ដើម្បី​ឲ្យ​ឯង​បាន​សំរាប់​ជា​សេចក្ដី​សង្គ្រោះ​ដល់​ចុង​ផែនដី​បំផុត»។ កាល​ពួក​សាសន៍​ដទៃ​បាន​ឮ​ដូច្នេះ នោះ​គេ​មាន​សេចក្ដី​អំណរ ហើយ​ក៏​សរសើរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ចំណែក​អស់​អ្នក​ដែល​ត្រូវ​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច នោះ​ក៏​បាន​ជឿ ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ បាន​ផ្សាយ​សុស​សាយ​ទួទៅ​ពេញ​ក្នុង​ស្រុក​នោះ តែ​ពួក​សាសន៍​យូដា​គេ​ញុះ‌ញង់​ពួក​ស្ត្រី​អ្នក​មុខ​អ្នក​ការ ដែល​មក​ថ្វាយ‌បង្គំ នឹង​ពួក​អ្នក​ធំ​នៅ​ក្នុង​ទី​ក្រុង​នោះ បណ្តាល​ឲ្យ​មាន​សេចក្ដី​បៀត‌បៀន ដល់​ប៉ុល នឹង​បា‌ណា‌បាស ក៏​ដេញ​អ្នក​ទាំង​២​នោះ​ចេញ​ពី​ស្រុក​គេ​ទៅ ដូច្នេះ អ្នក​ទាំង​២​ក៏​រលាស់​ធូលី​ដី ពី​ជើង​ចេញ​ទាស់​នឹង​គេ រួច​ចេញ​ទៅ​ឯ​ក្រុង​អ៊ីកូនាម ឯ​ពួក​សិស្ស គេ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​អំណរ ហើយ​នឹង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ចែក​រំលែក
អាន កិច្ចការ 13