កិច្ចការ 13:13-41
កិច្ចការ 13:13-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក លោកប៉ុល និងគូកនរបស់លោកបានចុះសំពៅចេញពីក្រុងប៉ាផុស មកដល់ក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ឯលោកយ៉ូហាន បានចាកចេញពីពួកគេ ត្រឡប់ទៅក្រុងយេរូសាឡិមវិញ តែលោកប៉ុល និងលោកបាណាបាសបានបន្ដដំណើរពីក្រុងពើកា មកដល់ក្រុងអាន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ។ ក្រោយពីបានអានគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរារួចហើយ ពួកមេគ្រប់គ្រងសាលាប្រជុំ ចាត់មនុស្សឲ្យទៅជម្រាបលោកទាំងពីរថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍ចុះ»។ ដូច្នេះ លោកប៉ុលក៏ក្រោកឡើង លើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «បងប្អូនសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចព្រះអើយ សូមស្តាប់ចុះ ព្រះរបស់ប្រជាជនអ៊ីស្រាអែលនេះ បានជ្រើសរើសបុព្វបុរសរបស់យើង ហើយបានលើកតម្កើងប្រជាជននេះជាខ្លាំង ក្នុងកាលគេស្នាក់នៅស្រុកអេស៊ីព្ទ រួចព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា។ ព្រះអង្គបានទ្រាំទ្រគេ រយៈពេលប្រមាណជាសែសិបឆ្នាំនៅទីរហោស្ថាន។ ក្រោយពីព្រះអង្គបានបំផ្លាញសាសន៍ប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គក៏ប្រទានស្រុករបស់គេដល់បុព្វបុរសរបស់យើង ទុកជាមត៌ក។ ហេតុការណ៍ទាំងអស់នេះ មានរយៈពេលប្រមាណជាបួនរយហាសិបឆ្នាំ ហើយក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានពួកចៅហ្វាយ រហូតដល់គ្រាហោរាសាំយូអែល។ បន្ទាប់មកទៀត គេបានសុំឲ្យមានស្តេច ហើយព្រះអង្គក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ជាបុរសម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ អស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានដកព្រះបាទសូលចេញ ព្រះអង្គបានតាំងព្រះបាទដាវីឌឡើងធ្វើជាស្តេចរបស់គេ។ ព្រះអង្គបានធ្វើបន្ទាល់ពីព្រះបាទដាវីឌថា "យើងរកបានដាវីឌ កូនរបស់អ៊ីសាយ ជាមនុស្សម្នាក់ត្រូវចិត្តយើង ដែលនឹងធ្វើតាមចិត្តយើងគ្រប់ជំពូក"។ គឺក្នុងព្រះរាជវង្សស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវ ដល់សាសន៍អ៊ីស្រាអែល ដូចព្រះអង្គបានសន្យា។ មុនពេលព្រះអង្គយាងមក លោកយ៉ូហានបានប្រកាសប្រាប់អំពីពិធីជ្រមុជខាងការប្រែចិត្ត ដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។ កាលលោកយ៉ូហានបានបង្ហើយការងាររបស់លោកចប់សព្វគ្រប់ លោកមានប្រសាសន៍ថា "តើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល៍ ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង"។ បងប្អូនជាកូនចៅនៃពូជពង្សលោកអ័ប្រាហាំ និងអស់អ្នកក្នុងចំណោមអ្នករាល់គ្នាដែលកោតខ្លាចព្រះអើយ ទ្រង់បានចាត់ព្រះបន្ទូលពីការសង្គ្រោះនេះ មកឲ្យយើងរាល់គ្នាហើយ។ ដ្បិតអស់អ្នកដែលនៅក្រុងយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់គេ មិនបានស្គាល់ព្រះអង្គទេ ក៏មិនបានយល់ទំនាយរបស់ពួកហោរា ដែលគេអានរាល់ថ្ងៃសប្ប័ទដែរ គេបានធ្វើឲ្យទំនាយនោះបានសម្រេច ដោយកាត់ទោសព្រះអង្គ។ ទោះបីគេរកហេតុនឹងសម្លាប់ព្រះអង្គមិនបានក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាត់យកព្រះអង្គទៅសម្លាប់ដែរ។ កាលគេបានធ្វើសម្រេចគ្រប់ទាំងសេចក្តី ដែលបានចែងទុកអំពីព្រះអង្គស្រេចហើយ គេក៏យកព្រះអង្គចុះពីឈើឆ្កាង មកបញ្ចុះក្នុងផ្នូរ។ ប៉ុន្តែ ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ព្រះអង្គបានលេចឲ្យអស់អ្នកដែលបានឡើងពីស្រុកកាលីឡេ មកក្រុងយេរូសាឡិមជាមួយព្រះអង្គបានឃើញ អស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះជាស្មរបន្ទាល់របស់ព្រះអង្គដល់ប្រជាជន។ យើងខ្ញុំប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ពីសេចក្តីដែលព្រះបានសន្យាជាមួយបុព្វបុរសរបស់យើង ព្រះអង្គបានសម្រេចដល់យើងរាល់គ្នា ដែលជាពូជពង្សរបស់ពួកលោក ដោយទ្រង់បានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្តីចែងទុកមក នៅក្នុងទំនុកតម្កើងទីពីរថា៖ "អ្នកជាកូនរបស់យើង យើងបានបង្កើតអ្នកនៅថ្ងៃនេះ" ។ ឯការដែលព្រះបានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីកុំឲ្យព្រះអង្គត្រឡប់ទៅឯសេចក្ដីពុករលួយ នោះព្រះអង្គមានព្រះបន្ទូលដូច្នេះថា "យើងនឹងប្រគល់ព្រះពរដ៏បរិសុទ្ធ និងប្រាកដរបស់ដាវីឌ ឲ្យអ្នករាល់គ្នា" ។ ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូល ក្នុងទំនុកតម្កើងមួយទៀតថា "ព្រះអង្គមិនទុកឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញសេចក្ដីពុករលួយឡើយ" ។ រីឯព្រះបាទដាវីឌ ក្រោយពីស្ដេចបានបម្រើគោលបំណងរបស់ព្រះ ដល់មនុស្សជំនាន់របស់ខ្លួនរួចមក ទ្រង់ក៏ផ្ទំលក់ទៅ ហើយគេបានបញ្ចុះសពទ្រង់ជាមួយបុព្វបុរស ហើយក៏ឃើញសេចក្តីពុករលួយដែរ តែព្រះអង្គដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនឃើញសេចក្ដីពុករលួយឡើយ។ ដូច្នេះ បងប្អូនអើយ សូមជ្រាបថា ដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នានេះ គឺការអត់ទោសឲ្យរួចពីបាប តាមរយៈព្រះអង្គនេះឯង ហើយដោយសារព្រះអង្គ អស់អ្នកដែលជឿនឹងមានសេរីភាព រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងមានសេរីភាពបាន ដោយសារក្រឹត្យវិន័យរបស់លោកម៉ូសេ។ ដូច្នេះ ត្រូវប្រយ័ត្ន ក្រែងអ្នករាល់គ្នាកើតមានសេចក្តីដែលពួកហោរាបានថ្លែងទុកមកថា៖ "មើល៍ ពួកអ្នកដែលមើលងាយអើយ! ចូរងឿងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតយើងធ្វើការមួយនៅជំនាន់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនព្រមជឿ ទោះបើមានគេប្រាប់អ្នករាល់គ្នាក៏ដោយ" »។
កិច្ចការ 13:13-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូល និងមិត្តភក្ដិរបស់លោក បានចុះសំពៅពីក្រុងប៉ាផូសឆ្ពោះទៅក្រុងពើកា ក្នុងស្រុកប៉ាមភីលា។ ពេលនោះ លោកយ៉ូហានបានបែកចេញពីពួកគេ វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ។ រីឯលោកប៉ូល និងមិត្តភក្ដិរបស់លោក បានបន្តដំណើរពីក្រុងពើកា រហូតទៅដល់ក្រុងអន់ទីយ៉ូក ក្នុងស្រុកពីស៊ីឌា។ នៅថ្ងៃសប្ប័ទ* លោកទាំងពីរចូលទៅអង្គុយក្នុងសាលាប្រជុំ*។ បន្ទាប់ពីបានអានគម្ពីរវិន័យ* និងគម្ពីរព្យាការី*រួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំសុំឲ្យគេជម្រាបពួកលោកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍មកចុះ»។ លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប! ព្រះរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសបុព្វបុរសរបស់យើង និងប្រទានឲ្យប្រជារាស្ដ្រនេះបានចម្រើនឡើង នៅពេលគេស្នាក់នៅក្នុងស្រុកអេស៊ីប។ បន្ទាប់មក ព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះអង្គបានផ្គត់ផ្គង់គេអស់រយៈពេលប្រមាណសែសិបឆ្នាំ នៅវាលរហោស្ថាន។ ក្រោយពីព្រះអង្គរំលាយជាតិសាសន៍ទាំងប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គបានប្រទានទឹកដីនោះឲ្យប្រជារាស្ត្ររបស់ព្រះអង្គធ្វើជាកម្មសិទ្ធិ។ ហេតុការណ៍ទាំងនោះកើតមានក្នុងអំឡុងពេលប្រមាណបួនរយហាសិបឆ្នាំ។ ក្រោយមក ព្រះអង្គប្រទានឲ្យមានអ្នកគ្រប់គ្រងរហូតដល់ជំនាន់ព្យាការីសាំយូអែល។ បន្ទាប់មកទៀត គេបាននាំគ្នាទូលសូមស្ដេចមួយអង្គ ព្រះជាម្ចាស់ក៏ប្រទានព្រះបាទសូល ជាបុត្ររបស់លោកគីស ក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន ឲ្យគ្រងរាជ្យអស់រយៈពេលសែសិបឆ្នាំ។ ក្រោយពីបានដករាជ្យពីព្រះបាទសូល ព្រះជាម្ចាស់ប្រទានឲ្យព្រះបាទដាវីឌឡើងគ្រងរាជ្យ។ ព្រះអង្គប្រទានសក្ខីភាពអំពីព្រះបាទដាវីឌនេះថា: “យើងរកបានមនុស្សម្នាក់ជាទីគាប់ចិត្តយើងណាស់ គឺដាវីឌជាបុត្ររបស់អ៊ីសាយ ដ្បិតដាវីឌនឹងបំពេញតាមបំណងទាំងប៉ុន្មានរបស់យើង”។ ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ មុននឹងព្រះយេស៊ូយាងមកដល់ លោកយ៉ូហានបានប្រកាសឲ្យជនជាតិអ៊ីស្រាអែលទាំងមូលកែប្រែចិត្តគំនិត ដោយទទួលពិធីជ្រមុជទឹក។ ពេលលោកយ៉ូហានបំពេញមុខងាររបស់លោកចប់សព្វគ្រប់ហើយ លោកមានប្រសាសន៍ថា: “ខ្ញុំនេះមិនមែនជាអ្នកដែលបងប្អូនទន្ទឹងរង់ចាំនោះទេ។ ឥឡូវនេះ មានលោកម្នាក់មកតាមក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ បើខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង”។ បងប្អូនជាពូជពង្សលោកអប្រាហាំ និងបងប្អូនដែលគោរពកោតខ្លាចព្រះជាម្ចាស់អើយ! ព្រះអង្គបានចាត់ព្រះបន្ទូលស្ដីអំពីការសង្គ្រោះ មកឲ្យយើងទាំងអស់គ្នានេះហើយ ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការី*ថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ* ទោះបីគេរកកំហុសអ្វីមកកាត់ទោសលោកមិនឃើញក៏ដោយ ក៏គេនៅតែសុំឲ្យលោកពីឡាតប្រហារជីវិតព្រះអង្គដែរ។ កាលគេបានធ្វើស្របនឹងសេចក្ដីដែលមានចែងទុកអំពីព្រះអង្គចប់សព្វគ្រប់ហើយ គេក៏យកព្រះសពព្រះអង្គចុះពីឈើឆ្កាងទៅបញ្ចុះក្នុងផ្នូរ។ ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ឡើងវិញ។ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យអស់អ្នកដែលបានរួមដំណើរជាមួយព្រះអង្គ ពីស្រុកកាលីឡេទៅក្រុងយេរូសាឡឹម ឃើញអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ អ្នកទាំងនោះធ្វើជាបន្ទាល់របស់ព្រះអង្គ នៅចំពោះមុខប្រជាជនទៀតផង។ រីឯយើងខ្ញុំវិញ យើងខ្ញុំសូមជូនដំណឹងល្អនេះប្រាប់បងប្អូនថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាជាមួយបុព្វបុរសរបស់យើង ព្រះអង្គបានធ្វើតាម ដើម្បីជាប្រយោជន៍ដល់យើង ដែលជាពូជពង្សរបស់លោកទាំងនោះហើយ គឺព្រះអង្គបានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដូចមានចែងទុកក្នុងទំនុកតម្កើង ទីពីរថា: ព្រះអង្គជាបុត្ររបស់យើង គឺយើងដែលបានបង្កើតព្រះអង្គមក នៅថ្ងៃនេះ ។ ព្រះជាម្ចាស់បានប្រោសព្រះយេស៊ូឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីកុំឲ្យព្រះសពព្រះអង្គត្រូវរលួយឡើយ ដូចមានចែងទុកមកថា: អ្វីៗដ៏វិសុទ្ធ* និងដ៏ជាទីទុកចិត្ត ដែលយើងបានសន្យាថានឹងឲ្យដាវីឌ យើងនឹងប្រគល់ឲ្យអ្នករាល់គ្នា ។ ហេតុនេះហើយបានជាមានចែងទុកក្នុងអត្ថបទគម្ពីរមួយទៀតថា: ព្រះអង្គមិនបណ្ដោយឲ្យសពអ្នកបម្រើ ដ៏វិសុទ្ធរបស់ព្រះអង្គ រលួយឡើយ។ ព្រះបាទដាវីឌបានបម្រើព្រះជាម្ចាស់ តាមគម្រោងការព្រះអង្គនៅជំនាន់នោះ រួចសោយទិវង្គតទៅ។ គេបានបញ្ចុះសពព្រះបាទដាវីឌក្នុងផ្នូរជាមួយព្រះអយ្យកោ ហើយសពរបស់ស្ដេចក៏បានរលួយអស់ដែរ។ រីឯព្រះយេស៊ូដែលព្រះជាម្ចាស់បានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញនោះ ព្រះសពរបស់ព្រះអង្គពុំបានរលួយទេ។ ដូច្នេះ បងប្អូនអើយ! សូមបងប្អូនជ្រាបឲ្យច្បាស់ថា ព្រះជាម្ចាស់លើកលែងទោសឲ្យបងប្អូនរួចពីបាប តាមរយៈព្រះយេស៊ូ ដូចយើងបានជម្រាបមកស្រាប់។ បងប្អូនពុំអាចទៅជាមនុស្សសុចរិត* រួចផុតអំពើបាបទាំងប៉ុន្មាន ដោយគោរពតាមវិន័យរបស់លោកម៉ូសេឡើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ប្រោសឲ្យអស់អ្នកជឿបានសុចរិត តាមរយៈព្រះយេស៊ូ។ ហេតុនេះសូមបងប្អូនប្រយ័ត្ន ក្រែងត្រូវតាមសេចក្ដីដែលព្យាការី*ថ្លែងទុកមកថា: “មនុស្សដែលចេះតែមើលងាយគេអើយ! ចូរនាំគ្នាមើល ហើយងឿងឆ្ងល់ រួចវិនាសបាត់ទៅចុះ! ដ្បិតយើងនឹងធ្វើកិច្ចការមួយនៅជំនាន់ របស់អ្នករាល់គ្នា ជាកិច្ចការដែលអ្នករាល់គ្នាមិនជឿ ទោះបីជាគេរៀបរាប់ប្រាប់អ្នករាល់គ្នា ក៏ដោយ” »។
កិច្ចការ 13:13-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុល នឹងពួកគូកនគាត់ ក៏ចុះសំពៅចេញពីប៉ាផុស ទៅដល់ពើកា នៅស្រុកប៉ាមភីលា ឯយ៉ូហាន គាត់បែកពីគេ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក ក្រោយការដែលអានមើលក្រិត្យវិន័យ នឹងគម្ពីរពួកហោរាហើយ នោះមេសាលាក៏ប្រើមនុស្ស ឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្ដីអ្វីនឹងទូន្មានដល់ពួកជន នោះសូមបងប្អូនមានប្រសាសន៍ចុះ។ លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា ហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ ក្រោយដែលទ្រង់បានបំផ្លាញសាសន៍ទាំង៧នគរនៅស្រុកកាណាន នោះក៏ចែកស្រុករបស់គេដល់ពួកឰយុកោយើងដោយចាប់ឆ្នោត ក្រោយការទាំងនោះមក ទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា៤៥០ឆ្នាំ ដរាបដល់គ្រាហោរាសាំយូអែល នោះគេសូមឲ្យមានស្តេច រួចព្រះទ្រង់តាំងសូល ជាបុត្រគីស ក្នុងពូជអំបូរបេនយ៉ាមីន ឲ្យធ្វើជាស្តេចលើគេ នៅរវាង៤០ឆ្នាំ កាលដកស្តេចនោះចេញហើយ នោះទ្រង់លើកដាវីឌតាំងឡើងជាស្តេចវិញ ក៏ធ្វើបន្ទាល់ពីស្តេចដាវីឌថា «អញរកបានដាវីឌ កូនអ៊ីសាយ ជាទីគាប់ចិត្តដល់អញ ដែលនឹងធ្វើតាមចិត្តអញគ្រប់ជំពូក» គឺពីព្រះវង្សាស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះ១អង្គ ដល់សាសន៍អ៊ីស្រាអែល តាមសេចក្ដីសន្យា គឺជាព្រះយេស៊ូវ តែមុនដែលទ្រង់យាងមក នោះលោកយ៉ូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ដល់សាសន៍អ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយ កាលលោកយ៉ូហានកំពុងតែធ្វើសំរេចការងារ នោះលោកមានប្រសាសន៍ថា តើអ្នករាល់គ្នាស្មានថា ខ្ញុំជាអ្នកណា ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង។ ឱបងប្អូន ជាកូនចៅពូជអ័ប្រាហាំ នឹងអស់អ្នកក្នុងពួកអ្នករាល់គ្នា ដែលកោតខ្លាចដល់ព្រះអើយ ទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្ដីសង្គ្រោះនេះ មកដល់អ្នករាល់គ្នា ដ្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡិម ព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេ ក៏មិនបានយល់សេចក្ដីទំនាយរបស់ពួកហោរា ដែលគេមើលរាល់តែថ្ងៃឈប់សំរាកដែរ បានជាគេធ្វើសំរេចតាមសេចក្ដីទំនាយនោះឯង ដោយគេបានកាត់ទោសដល់ទ្រង់ ហើយទោះបើគេរកហេតុអ្វីនឹងសំឡាប់ទ្រង់មិនបានក៏ដោយ គង់តែគេសូមអង្វរដល់លោកពីឡាត់ ឲ្យបានសំឡាប់ទ្រង់ដែរ ក្រោយដែលគេធ្វើសំរេចគ្រប់សេចក្ដី ដែលចែងទុកពីទ្រង់រួចហើយ នោះគេក៏យកទ្រង់ចុះពីឈើឆ្កាងមកបញ្ចុះក្នុងផ្នូរ តែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ហើយទ្រង់លេចមក ឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីឡេ មកឯក្រុងយេរូសាឡិមជាមួយនឹងទ្រង់ បានឃើញជាយូរថ្ងៃ អ្នកទាំងនោះជាស្មរបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយ។ យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា ព្រះបានធ្វើសំរេចតាមសេចក្ដីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដូចមានសេចក្ដីចែងទុកមក ក្នុងទំនុកដំកើងបទទី២ថា «ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ» ហើយដែលព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញ ដើម្បីមិនឲ្យទ្រង់ត្រឡប់ទៅឯសេចក្ដីពុករលួយទៀតឡើយ នោះទ្រង់មានបន្ទូលដូច្នេះថា «អញនឹងផ្តល់សេចក្ដីមេត្តាករុណាស្មោះត្រង់ ដែលឲ្យដល់ដាវីឌ ដល់ឯងរាល់គ្នាដែរ» ហេតុដូច្នេះបានជាទ្រង់មានបន្ទូលក្នុងបទ១ទៀតថា «ទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ ឃើញសេចក្ដីពុករលួយឡើយ» រីឯហ្លួងដាវីឌ កាលទ្រង់បានធ្វើការងារចំពោះមនុស្សជំនាន់ទ្រង់ តាមព្រះហឫទ័យព្រះ រួចស្រេចហើយ នោះក៏ផ្ទំលក់ទៅ ហើយបានប្រមូលទៅមូលនឹងពួកឰយុកោទ្រង់ ក៏ឃើញសេចក្ដីពុករលួយដែរ តែព្រះអង្គនោះ ដែលព្រះបានប្រោសឲ្យរស់ឡើងវិញ ទ្រង់មិនបានឃើញសេចក្ដីពុករលួយឡើយ ដូច្នេះ អ្នករាល់គ្នា ជាបងប្អូនអើយ សូមជ្រាបថា ដែលមានសេចក្ដីប្រោសឲ្យរួចពីបាប បានប្រកាសប្រាប់ដល់អ្នករាល់គ្នា នោះគឺដោយសារព្រះអង្គនោះឯង មួយទៀត ដោយសារទ្រង់ អស់អ្នកណាដែលជឿ បានរាប់ជាសុចរិត រួចពីគ្រប់ការទាំងអស់ ដែលពុំអាចនឹងបានរាប់ជាសុចរិត ដោយសារក្រិត្យវិន័យលោកម៉ូសេបានឡើយ ដូច្នេះ ត្រូវប្រយ័ត ក្រែងអ្នករាល់គ្នាកើតមានសេចក្ដី ដែលពួកហោរាបានទាយទុកថា «នែ អស់អ្នកដែលមើលងាយអើយ ចូរភាំងឆ្ងល់ ហើយវិនាសទៅចុះ ដ្បិតអញធ្វើការ១នៅជំនាន់ឯងរាល់គ្នា គឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយ ទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយ»។