កិច្ចការ 13:1-3
កិច្ចការ 13:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងក្រុមជំនុំក្រុងអាន់ទីយ៉ូក មានហោរា និងគ្រូបង្រៀន គឺលោកបាណាបាស លោកស៊ីម្មានដែលហៅថានីគើរ លោកលូគាសអ្នកស្រុកគីរេន លោកម៉ាណាអេន ជាប្អូនចិញ្ចឹមរបស់ព្រះបាទហេរ៉ូឌ ជាអនុរាជ និងលោកសុល។ ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។ ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
កិច្ចការ 13:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្នុងក្រុមជំនុំនៅក្រុងអន់ទីយ៉ូក មានព្យាការី* និងគ្រូអាចារ្យ* គឺមានលោកបារណាបាស លោកស៊ីម្មានហៅនីគើរ លោកលូគាសជាអ្នកស្រុកគីរេន លោកម៉ាណាអេន ដែលត្រូវគេចិញ្ចឹមជាមួយព្រះបាទហេរ៉ូដជាស្ដេចអនុរាជ* កាលនៅពីក្មេង និងលោកសូល។ នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋាន*រួចហើយ គេបានដាក់ដៃ*លើលោកទាំងពីរ ហើយឲ្យលោកចេញទៅ។
កិច្ចការ 13:1-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូក នោះមានគ្រូអធិប្បាយ នឹងគ្រូបង្រៀនខ្លះ គឺបាណាបាស១ ស៊ីម្មានដែលហៅថា នីគើរ១ លូគាស ជាសាសន៍គីរេន១ ម៉ាន៉ាអេន ជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូឌ ស្តេចអនុរាជ១ នឹងសុល១ កំពុងដែលអ្នកទាំងនោះធ្វើការងារ ថ្វាយព្រះអម្ចាស់ទាំងតម នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ថា ចូរញែកបាណាបាស នឹងសុលចេញឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើ ដូច្នេះ ក្រោយដែលបានតម ហើយអធិស្ឋាន ព្រមទាំងដាក់ដៃលើអ្នកទាំង២ នោះក៏បើកឲ្យគេទៅ។